34 C
Phnom Penh

សកម្មភាព​ដឹក​ឈើ​តាម​ម៉ូតូ​ទៅ​លក់​នៅ​វៀតណាម​នៅតែ​បន្ត​កើតមាន​ដោយ​គ្មាន​សមត្ថកិច្ច​ទប់ស្កាត់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលរដ្ឋ​ដែល​រស់នៅ​ឃុំ​ប៉កញ៉ៃ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី អះអាង​ថា សកម្មភាព​ដឹកជញ្ជូន​ឈើ​តាម​ម៉ូតូ​យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម តាម​បន្ទាត់​ព្រំដែន​ច្រក​របៀង​ភ្នំ​ក្រហម ស្ថិត​នៅ​ភូមិ​ឡំ ឃុំ​ប៉ក់ញ៉ៃ ស្រុក​អូរយ៉ាដាវ នៅតែ​បន្ត​ដឹកជញ្ជូន​ដោយ​គ្មាន​សមត្ថកិច្ច​ទប់ស្កាត់។

ពលរដ្ឋ​ម្នាក់​ឈ្មោះ ជឿន រស់នៅ​ឃុំ​ប៉ក់ញ៉ៃ ខេត្ត​រតនគិរី បាន​អះអាង​ថា សកម្មភាព​ដឹកជញ្ជូន​ឈើ​យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម នៅតែ​បន្ត​កើតមាន​នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា-វៀតណាម។ លោក​ថា សកម្មភាព​ទាំងនេះ​លោក​មិន​ឃើញ​មាន​ស្ថាប័ន ឬ​សមត្ថកិច្ច​ជំនាញ​ណា​មួយ​ហ៊ាន​ចេញ​មុខ​ទប់ស្កាត់ ឬ​បង្ក្រាប​នោះ​ឡើយ គឺ​មាន​តែ​ការ​ឃុបឃិត​គ្នា​រត់ពន្ធ​ឈើ​ដឹក​ចេញពី​កម្ពុជា​ទៅ​លក់​នៅ​ប្រទេស​វៀតណាម ប៉ុណ្ណោះ។

ពលរដ្ឋ​ម្នាក់​រស់នៅ​ស្រុក​អណ្ដូងមាស សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់ The Cambodia Daily ថា នៅ​រៀង​រាល់​ល្ងាច លោក​តែង​ឃើញ​ម៉ូតូ​កែច្នៃ​របស់​អ្នក​ដឹក​ឈើ​យក​មក​ដាក់​ខាងក្រោយ​សាលាស្រុក​អណ្ដូងមាស រង់ចាំ​ថៅកែ​វៀតណាម​ទូទាត់​លុយ​ជាមួយ​ពួកគេ រួច​ហើយ​ទើប​ដឹក​បន្ត​តាម​រថយន្ត​សាំងយ៉ុង​ឆ្ពោះ​ទៅ​ប្រទេស​វៀតណាម។

ពលរដ្ឋ​រស់នៅ​ឃុំ​ប៉ក់ញ៉ៃ បាន​អះអាង​ថា ក្រុម​ឈ្មួញ​ទាំងនោះ​បាន​សម្រុក​ចូល​ទៅ​កាប់​ព្រៃ​សហគមន៍​នៅ​ភូមិ​ឡំ និង​ព្រៃ​កន្ទុយ​នាគ (ឧទ្យាន​ជាតិ​វីរៈ​ជ័យ) នៃ​ស្រុក​តាវែង និង​ស្រុក​អណ្ដូងមាស ហើយ​ឈើ​ទាំងនោះ​ត្រូវ​បាន​គេ​ដឹកជញ្ជូន​យក​ទៅ​លក់​ជា​រៀងរាល់​យប់​តាម​ច្រក​របៀង​ភ្នំ​ក្រហម ឬ​ហៅ​បាន​ថា ប៉ុស្តិ៍​លេខ​១៩។

ពលរដ្ឋ​ដដែល​បន្ត​ថា ដើម្បី​ដឹកជញ្ជូន​ឈើ​ទាំងនោះ​បាន ក្រុម​ឈ្មួញ​ទាំងនោះ​ត្រូវ​បង់​ប្រាក់​ទៅ​សមត្ថកិច្ច​ឈរ​ជើង​យាមកាម​នៅ​ទីនោះ​ជា​មុន​សិន ទើប​អាច​ដឹក​យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម ដោយ​រលូន​បាន។

កាលពី​ខែ​កញ្ញា អង្គការ​គំនិត​ផ្ដួចផ្ដើម​សកល​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​ឆ្លងដែន គ្លូប៊ល អ៊ីននីហ្សីអេធីវ បាន​ចេញ​របាយការណ៍​ស្រាវជ្រាវ​មួយ​ដោយ​បាន​រំលេច​អំពី​ដំណើរការ​នៃ​គ្រួសារ​លោក ហ៊ុន សែន ក្នុង​ការ​គ្រប់គ្រង​លើ​ក្រុម​ឧកញ៉ា ដែល​ជា​ឈ្មួញ​រកស៊ី​ព្រៃឈើ ហើយ​ក៏​បាន​បង្ហាញ​ពី​អំពើពុករលួយ​ជា​ប្រព័ន្ធ​ក្នុង​ការ​បង់​ប្រាក់ ដើម្បី​ដឹកជញ្ជូន​ឈើ​ខុស​ច្បាប់​ចេញពី​ប្រទេស​កម្ពុជា ទៅ​លក់​នៅ​ប្រទេស​វៀតណាម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស