នៅខែវិច្ឆិកា ខាងមុខនេះ មេដឹកនាំកំពូលៗរបស់អាស៊ានដែលមានឋានៈជាប្រមុខរដ្ឋ និងជាប្រមុខរដ្ឋាភិបាល ត្រូវជួបប្រជុំគ្នានៅកម្ពុជា ដែលកម្ពុជាឆ្នាំនេះជាប្រធានកិច្ចប្រជុំអាស៊ាន។
នៅក្នុងតំបន់ប្រជាជាតិអាស៊ីអាគ្នេយ៍ វិបត្តិដែលធ្វើឱ្យប្រជាជាតិមួយនេះខ្មាសពិភពលោក គឺការដែលពួកយោធាភូមាធ្វើរដ្ឋប្រហារទម្លាក់អំណាចរបស់រដ្ឋាភិបាលប្រជាធិបតេយ្យដឹកនាំដោយគណបក្សសម្ព័ន្ធជាតិប្រជាធិបតេយ្យ ដែលមានអ្នកស្រី អ៊ុងសាន ស៊ូជី ជាមេដឹកនាំ។
ឥឡូវស្ត្រីជើងឯកប្រជាធិបតេយ្យពិភពលោកម្នាក់នេះ កំពុងត្រូវឃុំខ្លួននៅក្នុងគុករបស់ពួកយោធា ដោយរងនូវបណ្តឹង ១០សំណុំរឿង ដែលនាំឱ្យអ្នកស្រីអាចមានទោសដល់ទៅ ១០០ឆ្នាំ ប៉ុន្តែមិនមែនមានតែអ្នកស្រី អ៊ុងសាន ស៊ូជី នោះទេដែលត្រូវពួកយោធាចាប់ឃុំខ្លួន គឺមានទាំងប្រធានាធិបតី មានទាំងសមាជិកសភា និងសមាជិករដ្ឋាភិបាលប្រជាធិបតេយ្យដល់ទៅ ៣០០នាក់ឯណោះ។
ក្នុងស្ថានភាពអន្តរកាលនេះ ពិភពលោកបើទោះជាកំពុងជាប់ដៃនឹងសង្គ្រាមលើទឹកដីអ៊ុយក្រែន ដែលជាសង្គ្រាមឈ្លានពានដោយរបបផ្ដាច់ការមួយនៅវិមានក្រឹមឡាំង ក៏ដោយនោះ ក៏ពិភពលោកមិនទាន់ស្ងប់ស្ងាត់ និងបោះបង់ចោលប្រជាជនភូមា ដែលរងទុក្ខទោសនៅក្រោមរបបរដ្ឋប្រហារនោះទេ។
សម្ពាធរបស់ពិភពលោក ទាំងពួកបស្ចិមប្រទេស ទាំងប្រទេសនៅសមាគមអាស៊ានមួយចំនួន នៅតែសង្កត់ធ្ងន់ទៅលើរបបសឹកឲ្យស្ដារប្រជាធិបតេយ្យឡើងវិញ។
នៅដំណាក់កាលចុងក្រោយនេះ សង្គ្រាមស៊ីវិលផ្ទុះពេញទំហឹងនៅក្នុងប្រទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍មួយនេះ។ កាលពីថ្ងៃទី២៣ ខែតុលា កងទ័ពនៃរបបសឹកបានបើកប្រតិបត្តិការវាយប្រហារពីទ័ពអាកាស ដោយបាញ់ទៅលើក្រុមជនជាតិដើមភាគតិចនៅតំបន់កាឈីន ដែលពួកគេកំពុងបង្កើតកម្លាំងទ័ពក្នុងតំបន់របស់ពួកគេប្រឆាំងនឹងរបបសឹក។ ពេលនោះ កម្លាំងរបស់របបសឹក បានបើកការបាញ់រះពីលើអាកាស ក្រោមការបញ្ជារបស់មេរដ្ឋប្រហារ មីន អ៊ុងឡាំង បណ្ដាលឱ្យមនុស្សស្លាប់យ៉ាងតិច ៨០នាក់ និងរបួសជាង ១០០នាក់។ នេះបើយោងតាមសារព័ត៌មានភូមា Myanmar Now ចុះផ្សាយឱ្យដឹងនៅថ្ងៃទី២៥ តុលា។
សហរដ្ឋអាមេរិក សហភាពអឺរ៉ុប អង្គការសហប្រជាជាតិ និងបណ្ដាប្រទេសអាស៊ានមួយចំនួនបានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសរបបសឹកយ៉ាងធ្ងន់ធ្ងរ ប៉ុន្តែអាស៊ានខ្លួនឯងទាំងមូលដែលនៅក្រោមការដឹកនាំរបស់កម្ពុជា ដូចជាពុំទាន់ឃើញចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសចំពោះរបបសឹកភូមា ដែលបាញ់រះជនស៊ីវិលយ៉ាងសាហាវដូចនេះទេ។
រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី សិង្ហបុរី ហ្វីលីពីន ឥណ្ឌូនេស៊ី សុទ្ធតែបង្ហាញទស្សនៈថ្កោលទោសចំពោះដំណឹងដែលថា ជនស៊ីវិលត្រូវបានសម្លាប់យ៉ាងរង្គាលដោយកងទ័ព មីន អ៊ុងឡាំង។
ក្នុងស្ថានភាពបែបនេះ គេចេះតែសម្លឹងមើលថា តើកម្ពុជាជាប្រធានអាស៊ានឆ្នាំនេះបានធ្វើអ្វីខ្លះក្នុងការធ្វើឱ្យជឿនលឿនសំដៅកាត់បន្ថយហិង្សា និងរកដំណោះស្រាយអំពីវិបត្តិនៅភូមា?
មកដល់ពេលនេះជាង ១០ខែមកហើយ អ្វីដែលនាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន អះអាង គឺគ្មានឃើញលទ្ធផលដុំកំភួនអ្វីនោះទេ។ នេះជាចំណោទដែលគេថា សមត្ថភាព និងភាពវាងវៃ ឬក៏ឆន្ទៈរបស់កម្ពុជាជាប្រធានអាស៊ានឆ្នាំ២០២២ នៅរួញតូចខ្លាំងណាស់។
ឥឡូវនេះ ប្រធានាធិបតីនៃប្រទេសហ្វីលីពីន លោក ហ្វឺដឺណង់ ម៉ាកូស បានសន្យាថា នៅពេលដែលលោកមកចូលរួមកិច្ចប្រជុំអាស៊ាន គឺនៅខែវិច្ឆិកា ខាងមុខនេះ លោកសុំដើរតួនាទីជាអ្នកសម្របសម្រួលបញ្ហាវិបត្តិនៅប្រទេសភូមា និងបញ្ហាផ្សេងៗទៀតក្នុងតំបន់។
បណ្ដាញផ្សាយព័ត៌មានមួយរបស់ហ្វីលីពីន បានចុះផ្សាយថា លោក ម៉ាកូស បានបង្ហាញឆន្ទៈថា ក្នុងពេលដែលមេដឹកនាំអាស៊ានជួបប្រជុំគ្នា គឺលោកចង់បង្ហាញតួនាទីរបស់លោកជាអ្នកសម្របសម្រួល ហើយចង់រុញឱ្យអាស៊ានបង្ហាញឆន្ទៈឱ្យច្បាស់ថា តើការដោះស្រាយវិបត្តិប្រទេសភូមា ដោយវិធានការណាខ្លះ ហើយដោះស្រាយវិបត្តិក្នុងតំបន់ដោយវិធីណាខ្លះ?
លោកថា អាស៊ានមាន ១០ប្រទេស ត្រូវតែក្លាយជាកម្លាំងតែមួយ ខណៈលោកចង់ឱ្យប្រទេសខ្លះដែលស្ទាក់ស្ទើររុញរា គឺត្រូវបង្ហាញឆន្ទៈឱ្យច្បាស់ ថាតើទុកវិបត្តិភូមាដល់ពេលណាទៀត។
លោក ម៉ាកូស បានឱ្យដឹងទៀតថា សមាគមអាស៊ានមានគោលនយោបាយជាសហគមន៍មួយរួចទៅហើយ គឺមានន័យថា បើប្រទេសណាមួយបង្កអសន្តិសុខក្នុងតំបន់ ឬប្រទេសណាមួយធ្វើឱ្យវិបត្តិក្នុងតំបន់ធ្វើឱ្យខូចមុខមាត់របស់សមាគម គឺប្រទេសនោះពិតជាបានរំលោភលើគោលការណ៍អាស៊ានស្តីអំពីការជួយការពារសន្តិភាព សន្តិសុខក្នុងតំបន់ សេរីភាព សិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅក្នុងតំបន់។
លោកថា ហ្វីលីពីនជាប្រជាជាតិមួយក្នុងតំបន់ គឺចង់ឃើញវិបត្តិនៅភូមាឆាប់ដោះស្រាយឱ្យបានយ៉ាងឆាប់បំផុត ដោយមិនត្រូវទុកឱ្យរបបមួយខុសច្បាប់កាន់អំណាចទៅមុខទៀតនោះទេ។ លោកថា អាស៊ានការពិតជាកម្លាំងសន្តិសុខក្នុងតំបន់ដ៏រឹងមាំ។
លោកបញ្ជាក់ទៀតថា ជម្លោះដែនដីនៅសមុទ្រចិនខាងត្បូង បញ្ហាតៃវ៉ាន់ បញ្ហាកូរ៉េខាងជើង គឺអាស៊ានត្រូវតែចូលពាក់ព័ន្ធ ព្រោះអាស៊ានមានតួនាទីសំខាន់ណាស់ចំពោះបញ្ហាទាំងនេះ។ ដូច្នេះ មុននឹងឈានទៅដល់ការដោះស្រាយបញ្ហាផ្សេងៗទៀតដែលនៅក្រៅរង្វង់អាស៊ាន គឺអាស៊ានត្រូវមើលឥរិយាបថរបស់របបសឹកភូមាឡើងវិញជាបន្ទាន់។ អាស៊ានត្រូវមើលវិបត្តិសហគមន៍រ៉ូហ៊ីនយ៉ានៅភូមាឡើងវិញជាបន្ទាន់។
សម្រាប់ហ្វីលីពីន មានបំណងឱ្យអាស៊ានមានវិធានការជាក់ស្ដែង គឺមិនត្រូវនិយាយឱ្យតែចេញពីមាត់នោះទេ។
និយាយអំពីប្រទេសភូមា នេះ គឺកម្ពុជាជាប្រធានអាស៊ានមានភារកិច្ច និងសកម្មភាពច្រើនជាងគេទាំងអស់ តែអ្នកសង្កេតការណ៍មើលឃើញថា កម្ពុជាដើរតួនាទីជាប្រធានអាស៊ានជិត ១០ខែទៅហើយ គ្មានបានធ្វើអ្វីឱ្យរីកចម្រើនបន្តិចណាសោះចំពោះវិបត្តិនៅប្រទេសភូមា ដែលមើលទៅខុសពីអ្វីដែលមេដឹកនាំកម្ពុជា លោក ហ៊ុន សែន ធ្លាប់បានសន្យាថា នឹងធ្វើឲ្យមានការសម្របសម្រួលរុញភូមាដើរលើផ្លូវប្រជាធិបតេយ្យឡើងវិញ។
តែយ៉ាងណា ប្រទេសម៉ាឡេស៊ីឯណោះវិញតាមរយៈរដ្ឋមន្ត្រីការបរទេសរបស់ប្រទេសនេះ បានសន្យាថា នឹងបញ្ចុះបញ្ចូលសហគមន៍អន្តរជាតិផ្សេងៗទៀតឱ្យជួយរៀបចំសំណុំរឿងឧក្រិដ្ឋកម្មនៃរបបសឹកភូមា ដែលវាយប្រហារទៅលើជនស៊ីវិលស្លាប់រហូតដល់ទៅ ៨០នាក់នោះ ដោយការបាញ់ប្រហារពីលើអាកាសកាលពីថ្ងៃទី២៣ ខែតុលា ដែលគេត្រូវតែភ្ជាប់សំណុំរឿងនេះបន្ថែមទៀតក្នុងករណីឧក្រិដ្ឋកម្មសង្គ្រាមប្រឆាំងមនុស្សជាតិ។
បើយោងតាមសមាគមជំនួយអ្នកទោសនយោបាយភូមា គឺជនស៊ីវិលស្លាប់នៅក្រោមកណ្ដាប់ដៃរបស់របបសឹកកើនឡើងដល់ ២៣៧៧នាក់ និងជាង ១ម៉ឺននាក់ទៀតកំពុងជាប់នៅក្នុងការឃុំខ្លួន។ ប្រជាជនច្រើនលាននាក់ក្លាយជាជនភៀសខ្លួន ខណៈសង្គ្រាមស៊ីវិលបានផ្ទុះទូទាំងប្រទេសទៅហើយនោះ៕