31 C
Phnom Penh

នាយករដ្ឋមន្ត្រី​ថ្មី​អង់គ្លេស​សន្យា​នឹង​លោក បៃដិន គាំទ្រ​អ៊ុយក្រែន​ប្រឆាំង​រុស្ស៊ី​និង​ទប់ទល់​ឥទ្ធិពល​ចិន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​ពេល​នេះ មហាអំណាច​អង់គ្លេស មាន​នាយករដ្ឋមន្ត្រី​ថ្មី​ម្នាក់​ទៀត​ហើយ​ដែល​នាំ​ឲ្យ​ចក្រភព​មួយ​នេះ​មាន​នាយករដ្ឋមន្ត្រី​ដល់​ទៅ ៣​រូប​សម្រាប់​ឆ្នាំ​២០២២ នេះ។

លោក Rishi Sunak គឺជា​នាយករដ្ឋមន្ត្រី​ថ្មី​ទី​៣ នៃ​ចក្រភព​អង់គ្លេស ដែល​ទើប​ទទួល​បាន​ការ​គាំទ្រ​ពី​សមាជិក​សភា​មកពី​គណបក្ស​អភិរក្ស​និយម ដែល​កំពុង​កាន់​អំណាច។

អង់គ្លេស​មាន​នាយករដ្ឋមន្ត្រី ២​រូប​ហើយ​នៅ​ក្នុង​រយៈពេល ៣​ឆ្នាំ​ចុងក្រោយ​នេះ។ លោក បូរីស ចនសុន បាន​កាន់​តំណែង​នាយករដ្ឋមន្ត្រី​បាន​ជាង ៣​ឆ្នាំ។ ចំណែក​នាយករដ្ឋមន្ត្រី​អង់គ្លេស ទី​២ គឺ​អ្នកស្រី លី ត្រាស់ កាន់​តំណែង​បាន​តែ ៤៤​ថ្ងៃ​ប៉ុណ្ណោះ។

អ្នក​នយោបាយ ២​រូប​នេះ​ដែល​គេ​ហៅ​ថា​ដេក​មិន​លើក​ជើង​ទ្រ​មេឃ បាន​សម្រេច​លាលែង​ពី​តំណែង​ដូច​គ្នា គឺ​មិន​ចាំបាច់​ឲ្យ​សភា​ដកហូត​អំណាច ឬ​ប្រជាជន​ដេញ​ទម្លាក់​ពី​អំណាច​នោះ​ទេ។ អ្នក​នយោបាយ​អង់គ្លេស​ទាំង ២​រូប​នេះ​សម្រេច​បោះបង់​អំណាច​ក្រោម​សម្ពាធ​នយោបាយ​ផ្ទៃក្នុង​បក្ស​របស់​ខ្លួនឯង​តែប៉ុណ្ណោះ។

នៅ​ពេល​លោក បូរីស ចនសុន លាលែង​ពី​តំណែង បាន​នាំ​ឲ្យ​មេដឹកនាំ​បស្ចិម​ប្រទេស​បារម្ភ​អំពី​ជំហរ​របស់​នាយករដ្ឋមន្ត្រី​ដែល​ត្រូវ​ងើប​ឡើង​ប្រឆាំង​រុស្ស៊ី និង​ឥទ្ធិពល​ចិន។ តែ​នៅ​ពេល​ដែល​អ្នកស្រី លី ត្រាស់ រដ្ឋមន្ត្រី​ការបរទេស​របស់​លោក បូរីស ចនសុន ឡើង​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី មេដឹកនាំ​បស្ចិម​ប្រទេស​មាន​ការ​រីករាយ ព្រោះ​ស្ត្រី​រូប​នេះ​បាន​បង្ហាញ​ជំហរ​របស់​ខ្លួន​រួច​ហើយ​ប្រឆាំង​រុស្ស៊ី និង​ចិន។

តែ​នៅ​ពេល​ដឹង​ថា អ្នកស្រី​លាលែង​ពី​តំណែង បាន​នាំ​ឲ្យ​ក្រុម​បស្ចិម​ប្រទេស ជាពិសេស​សហរដ្ឋ​អាមេរិក បារម្ភ​អំពី​ជំហរ​របស់​មេដឹកនាំ​ថ្មី​របស់​អង់គ្លេស ថា​តើ​ត្រូវ​ប្រកាន់​ជំហរ​ដូចម្ដេច​ចំពោះ​រុស្ស៊ី ឈ្លានពាន​អ៊ុយក្រែន និង​ឥទ្ធិពល​របស់​ចិន។

ទីបំផុត នាយករដ្ឋមន្ត្រី​ថ្មី​ចក្រភព​អង់គ្លេស​វ័យ​ក្មេង លោក Rishi Sunak បាន​សច្ចា​ដើរ​តាម​លោក បូរីស ចនសុន និង​សន្យា​ជាមួយ​លោក ចូ បៃដិន ប្រធានាធិបតី​អាមេរិក ថា​ត្រូវ​រួម​គ្នា​ជួយ​អ៊ុយក្រែន​ប្រឆាំង​រុស្ស៊ី និង​ទប់ស្កាត់​ឥទ្ធិពល​ចិន។

ថ្លែង​នៅ​ខាងមុខ​ការិយាល័យ​នាយករដ្ឋមន្ត្រី​នៅ​ទីក្រុង​ឡុងដ៍ លោក Rishi Sunak បាន​ប្ដេជ្ញា​ដើរ​តាម​គោល​នយោបាយ​ការបរទេស​របស់​លោក បូរីស ចនសុន ដែល​ជួយ​អ៊ុយក្រែន ក្នុង​សង្គ្រាម​ការពារ​ទឹកដី​ពី​ការ​ឈ្លានពាន​របស់​រុស្ស៊ី។ លោក​ថ្លែង​ថា បើ​ទោះជា​ពេលនេះ អង់គ្លេស​ចាត់ទុក​វិបត្តិ​សេដ្ឋកិច្ច​ជា​អាទិភាព​ក៏ដោយ តែ​បញ្ហា​នយោបាយ និង​សន្តិសុខ​ពិភពលោក ក៏​ជា​អាទិភាព​សម្រាប់​អាណត្តិ​របស់​លោក​ផង​ដែរ។

នៅ​ក្នុង​កិច្ច​សន្ទនា​ជាមួយ​លោក ចូ បៃដិន លោក Rishi Sunak បាន​សច្ចា​ចាប់​ដៃ​ជាមួយ​សហរដ្ឋ​អាមេរិក ដើម្បី​បន្ត​គាំទ្រ​ដល់​អ៊ុយក្រែន និង​ទប់ទល់​ជាមួយ​ចិន។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន AFP នៅ​ថ្ងៃ​ពុធ ទី​២៦ តុលា នេះ។

កិច្ច​សន្ទនា​របស់​លោក បៃដិន ធ្វើឡើង​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​បន្ទាប់ពី​លោក Rishi Sunak បាន​ឡើង​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​ទី​៣ នៃ​ចក្រភព​អង់គ្លេស នៅ​ក្នុង​ឆ្នាំ​២០២២ នេះ ជំនួស​លោកស្រី លី ត្រាស់ ដែល​កាន់​តំណែង​បាន​ត្រឹមតែ ៤៤​ថ្ងៃ​ប៉ុណ្ណោះ។

បើ​តាម​សេតវិមាន លោក បៃដិន និង​លោក Rishi Sunak បាន​ធ្វើការ​ផ្ទៀងផ្ទាត់​ឡើងវិញ​អំពី​ទំនាក់ទំនង​ពិសេស​រវាង​សហរដ្ឋ​អាមេរិក និង​ចក្រភព​អង់គ្លេស ដែល​មេដឹកនាំ​ទាំង​ពីរ​សន្យា​ធ្វើការ​រួម​គ្នា​កែលំអ​សន្តិសុខ​ពិភពលោក រួម​ទាំង​បន្ត​ផ្ដល់​ការ​គាំទ្រ​ដល់​អ៊ុយក្រែន ក្នុង​បុព្វហេតុ​ការពារ​ប្រឆាំង​ការ​ឈ្លានពាន​ពី​សំណាក់​មហាអំណាច​រុស្ស៊ី។

បើ​តាម​សេចក្ដី​ថ្លែងការណ៍​របស់​សេតវិមាន លោក Rishi Sunak ក៏​បាន​យល់ព្រម​ជាមួយ​នឹង​លោក បៃដិន ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងឡាយ​បង្ក​ឡើង​ដោយ​ប្រទេស​ចិន ដែល​ទីក្រុង​វ៉ាស៊ីនតោន ចាត់ទុក​ថា​ជា​គូប្រជែង​ភូមិសាស្ត្រ​នយោបាយ​ធំ​បំផុត។

ចក្រភព​អង់គ្លេស គឺជា​សម្ពន្ធមិត្ត​អឺរ៉ុប​ដ៏​សំខាន់​មិន​អាច​ខ្វះ​បាន​របស់​សហរដ្ឋ​អាមេរិក ក្នុង​ការ​ផ្ដល់​ជំនួយ​យោធា​ដល់​អ៊ុយក្រែន ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឈ្លានពាន​ពី​រុស្ស៊ី។

មាន​ការ​កត់សម្គាល់​ថា គណៈរដ្ឋមន្ត្រី​របស់​នាយករដ្ឋមន្ត្រី​អង់គ្លេស​ថ្មី​រូប​នេះ គឺ​រដ្ឋមន្ត្រី​សំខាន់ៗ​ដែល​ជា​រដ្ឋមន្ត្រី​របស់​អ្នកស្រី លី ត្រាស់ ត្រូវ​បាន​លោក​ស្នើ​រក្សា​ទុក​ដដែល។ អ្នក​នយោបាយ​ទាំងនោះ​មាន​ដូចជា រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ លោក Jeremy Hunt រដ្ឋមន្ត្រី​ការបរទេស James Cleverly និង​រដ្ឋមន្ត្រី​ការពារ​ជាតិ Ben Wallace ត្រូវ​បាន​លោក Rishi Sunak រក្សា​ឱ្យ​នៅ​កាន់​តួនាទី​របស់​ពួកគាត់​ដដែល ទោះបីជា​លោក​រដ្ឋមន្ត្រី​ទាំង ៣​រូប​នេះ​បង្ហាញ​ការ​គាំទ្រ​ចំពោះ​ការ​វិលត្រឡប់​មកវិញ​របស់​អតីត​នាយករដ្ឋមន្ត្រី លោក បូរីស ចនសុន ក៏ដោយ។

ក្រោយពី​លោក Rishi Sunak ទទួល​បាន​ការ​យល់ព្រម​ពី​ព្រះមហាក្សត្រ​ឲ្យ​បង្កើត​គណៈរដ្ឋមន្ត្រី​ថ្មី គេ​សង្កេត​ឃើញ​មេដឹកនាំ​ពិភពលោក​ជាច្រើន​បញ្ជូន​សារ​អបអរ​សាទរ​លោក Rishi Sunak ឋានៈ​នាយករដ្ឋមន្ត្រី​អង់គ្លេស ក្នុង​នោះ​នាយករដ្ឋមន្ត្រី​ឥណ្ឌា ណារិនឌ្រា មូឌី មុនគេ​ទាំងអស់ ក្រោយ​មក​មាន​លោក ចូ បៃដិន ប្រធានាធិបតី​អាមេរិក ប្រធាន​ក្រុមប្រឹក្សា​សហភាព​អឺរ៉ុប Charles Michel ប្រធានាធិបតី​អ៊ុយក្រែន វូឡូឌីមៀ ហ្សេឡេនស្គី ហើយ​សូម្បី​មេដឹកនាំ​ចិន ស៊ី ជីនពីង និង​មេដឹកនាំ​រុស្ស៊ី វ៉្លាឌីមៀរ ពូទីន ដែល​លោក Rishi Sunak សន្យា​ជាមួយ​លោក បៃដិន ប្រឆាំង​មេដឹកនាំ​ប្រទេស​មហាអំណាច​ពីរ​នេះ ក៏​ពួកគាត់​បាន​ផ្ញើ​សារ​អបអរ​ផង​ដែរ។

ក្រៅពី​នេះ​មាន​មេដឹកនាំ​នៅ​បណ្ដា​ប្រទេស​ជាច្រើន​នៅ​ទូទាំង​ពិភពលោក ក៏​បញ្ជូន​សារ​សាទរ​លោក Rishi Sunak ដែរ។

តើ​នាយករដ្ឋមន្ត្រី​អង់គ្លេស​វ័យ​ក្មេង​រូប​នេះ​មាន​ជីវប្រវត្តិ​ដូចម្ដេច?

លោក Rishi Sunak ជា​កូន​របស់​គ្រួសារ​អន្តោប្រវេសន៍​ជាតិ​សាសន៍​ឥណ្ឌា។ ឪពុក​ម្ដាយ​របស់​លោក​មក​ដល់​អង់គ្លេស​នៅ​ឆ្នាំ​១៩៦០។ ចំពោះ​លោក​កើត​នៅ​លើ​ទឹកដី​អង់គ្លេស នៅ​ឆ្នាំ​១៩៨០។ ឆ្នាំ​នេះ​លោក​ទើប​មាន​អាយុ ៤២​ឆ្នាំ​ប៉ុណ្ណោះ។

លោក Rishi Sunak បាន​ចូល​រៀន​នៅ​សាកលវិទ្យាល័យ​ល្បីៗ​បំផុត ដូចជា Winchester College – Oxford និង Stanford។

លោក​បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​នាង Akshata Murty កូនស្រី​មហាសេដ្ឋី​កំពូល​ម្នាក់​នៃ​ជនជាតិ​ឥណ្ឌា​ដូច​គ្នា។ លោក Rishi Sunak បាន​ជួប​នាង Akshata Murty នៅ​សាកលវិទ្យាល័យ Oxford។ លោក Rishi Sunak បាន​ចាប់​យក​អាជីព​ការងារ​នៅ​ក្នុង​វិស័យ​ធនាគារ។

បុរស​រូប​នេះ គឺ​អ្នកវិភាគ​សេដ្ឋកិច្ច​វ័យ​ក្មេង​នៅ​អង់គ្លេស។ ការងារ និង​គ្រួសារ​កូន​អ្នក​មាន នាំ​ឲ្យ​ទ្រព្យសម្បត្តិ​ស្ដុកស្ដម្ភ​របស់​លោក Sunak និង​ភរិយា បាន​កើនឡើង​យ៉ាង​លឿន​ដល់​ជាង ៨៤១​លាន​ដុល្លារ។

អ្វី​ដែល​មាន​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង គឺ​មេដឹកនាំ​វ័យ​ក្មេង​នៃ​ចក្រភព​អង់គ្លេស​រូប​នេះ​មាន​ឈាមជ័រ​ជា​ជាតិ​សាសន៍​ឥណ្ឌា។ ដូច​នេះ​ហើយ គេ​កត់សម្គាល់​ឃើញ​ថា ប្រជាជន​ឥណ្ឌា​មួយ​ចំនួន​មាន​មោទកភាព ហើយ​ជាពិសេស​គឺ​នាយករដ្ឋមន្ត្រី​ឥណ្ឌា ណារិនឌ្រា មូឌី ដែល​បាន​បញ្ជូន​សារ​អបអរ​សាទរ​លោក Rishi Sunak មុនគេ​ទាំងអស់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស