33 C
Phnom Penh

សហគមន៍​ពូនង​បារម្ភ​ខ្លាច​កម្មករ​ក្រុមហ៊ុន​ចិន​ស៊ីវហ្គិច​លួច​ចូល​កាប់​ព្រៃ​របស់​សហគមន៍

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រជា​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ពូនង រស់នៅ​ឃុំ​ក្បាលរមាស ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង បារម្ភ​ខ្លាច​ក្រុមហ៊ុន​ចិន ស៊ីវហ្គិច អ៊ិនវេសមិន (Saiv Gek Investment Co., Ltd) បញ្ជូន​កម្មករ​លួច​ចូល​កាប់​ព្រៃ​សហគមន៍​របស់​ពួកគេ ដោយសារ​អ្នក​ភូមិ​រវល់​ធ្វើ​ស្រែ​ចម្ការ​មិន​មាន​ពេលវេលា​គ្រប់គ្រាន់​ដើម្បី​ថែរក្សា​ព្រៃ​សហគមន៍​នៅ​ទីនោះ។

ប្រធាន​សហគមន៍​ភូមិ​ក្បាលរមាសចាស់ អ្នកស្រី ស្រាំង ឡាញ់ បាន​ប្រាប់​សារព័ត៌មាន ឌឹ ខេមបូឌា ដេលី ថា សហគមន៍​បាន​ដាក់​លិខិត​ជាច្រើនលើក​ច្រើនសា​ប្តឹង​ទៅ​អាជ្ញាធរ​អំពី​ករណី​នេះ ប៉ុន្តែ​មិន​ដែល​ឃើញ​មាន​វិធានការ​ក្តៅ​ណា​មួយ​ទៅ​លើ​ក្រុមហ៊ុន​មួយ​នេះ​ទេ។

អ្នកស្រី​ព្រមាន​ក្រុមហ៊ុន ស៊ីវហ្គិច ថា មិន​ត្រូវ​លួច​ចូល​កាប់​ព្រៃឈើ​សហគមន៍​បន្ត​ទៀត​នោះ​ទេ បើ​មិន​ដូច្នោះ​ទេ នោះ​សហគមន៍​នឹង​ចាប់​រឹបអូស​វត្ថុ​តាង​ទាំងអស់​ដើម្បី​រក្សា​ទុក​នៅ​ក្នុង​សហគមន៍​របស់​អ្នកស្រី។ អ្នកស្រី​ក៏​បាន​អំពាវនាវ​ដល់​សមត្ថកិច្ច​ជំនាញ​ទាំងនោះ ធ្វើ​យ៉ាង​ណា​ដើម្បី​ទប់ស្កាត់​ក្រុមហ៊ុន​មួយ​នេះ​កុំ​ឲ្យ​ដើរ​លួច​កាប់​ព្រៃឈើ​សហគមន៍​បន្ត​ទៀត។

ប្រជា​សហគមន៍​ម្នាក់​ទៀត លោក ធី ប្រាប់​ឲ្យ​ដឹង​ដែរ​ថា កម្មករ​ក្រុមហ៊ុន ស៊ីវហ្គិច ពិត​ជា​បាន​លួច​ចូល​កាប់​ព្រៃឈើ​ក្នុង​សហគមន៍​អស់​ជាច្រើន​ដើម ហើយ​ឈើ​ទាំងនោះ​ត្រូវ​បាន​កាប់​ផ្ដួល​រំលំ​បម្រុង​ដឹក​យក​ទៅ​ទុក​នៅ​ក្នុង​ក្រុមហ៊ុន ស៊ីវហ្គិច។

លោក​បន្ត​ទៀត​ថា ក្រុមហ៊ុន​មួយ​នេះ​ប្រមូល​ប្រកាប់​ឈើ​ក្នុង​ព្រៃ​សហគមន៍​ប្រភេទ​សុក្រំ និង​ឈ្លិក ដែល​មាន​មុខកាត់​ចាប់ពី ៣​តឹក​ឡើង​ទៅ។

កាលពី​ថ្ងៃទី​១៣ ខែ​មីនា ឆ្នាំ​២០១៩ លោក ហ៊ុន សែន បាន​ចេញ​អនុក្រឹត្យ​អនុបយោគ​ដី​ទំហំ ៧៣៩៧​ហិកតារ​សម្រាប់​វិនិយោគ​ឱ្យ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ដាំ​ដើម​អាកាស្យា ម៉ៃសាក់ និង​ប្រភេទ​ឈើ​ផ្សេងៗ​ទៀត។ ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច ស៊ីវហ្គិច វិនិយោគ​ដាំ​ដំណាំ​ឧស្សាហកម្ម​កៅស៊ូ​ទទួល​សិទ្ធិ​វិនិយោគ​បន្ត​ពី​ក្រុមហ៊ុន អាន ម៉ារ៉ាឌី កាលពី​ឆ្នាំ​២០១០ ក្នុង​រយៈពេល ៩០​ឆ្នាំ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស