រដ្ឋមន្ត្រីក្រសួងកសិកម្ម សម្ដែងនូវមោទកភាពដែលកម្ពុជាទទួលបានសិទ្ធិនាំចេញផ្លែមៀនស្រស់ទៅកាន់ទីផ្សារចិន គឺជាការបោះជំហានទៅមុខយ៉ាងវែងសម្រាប់កម្ពុជា លើវិស័យអភិវឌ្ឍកសិកម្មដើម្បីរួមចំណែកដល់ការអភិវឌ្ឍវិស័យកសិកម្មរបស់កម្ពុជាទៅថ្ងៃអនាគត។
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា បានលើកឡើងក្នុងពិធីសម្ពោធនាំចេញផ្លែមៀនទៅកាន់ប្រទេសចិន នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ នេះថា ការទទួលបានសិទ្ធិនាំចេញផ្លែមៀនស្រស់របស់កម្ពុជាជាផ្លូវការទៅកាន់ប្រទេសចិន គឺជាការបោះជំហានទៅមុខយ៉ាងវែងសម្រាប់កម្ពុជា លើវិស័យអភិវឌ្ឍកសិកម្ម ក្រោយការចរចាលក្ខខណ្ឌអនាម័យ។
លោក ឌិត ទីណា លើកឡើងថា ការសម្រេចបាននូវការនាំចេញផ្លែមៀនស្រស់របស់កម្ពុជានៅពេលនេះ គឺជាជោគជ័យថ្មីមួយដែលកើតចេញពីកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-ចិន ដែលនឹងចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍវិស័យកសិកម្ម តាមរយៈនៃការជួយបង្កើនផលិតកម្ម ការទាក់ទាញវិនិយោគទុនចិនក្នុងវិស័យផលិតកម្មកសិកម្មរបស់កម្ពុជាទៅថ្ងៃមុខ។
រដ្ឋមន្ត្រីក្រសួងកសិកម្មរូបនេះបញ្ជាក់ថា សមិទ្ធផលដ៏ធំធេងនេះនឹងជំរុញឱ្យកម្ពុជាបោះជំហានទៅរកការអភិវឌ្ឍក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធវេចខ្ចប់ និងកែច្នៃសម្រាប់បម្រើឱ្យការនាំចេញដែលអាចបង្កើតការងារ និងបង្កើនប្រាក់ចំណូលរបស់កសិករកាន់តែខ្ពស់ក្នុងការការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា។
កាលពីដើមឆ្នាំ២០១៩ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចាប់ផ្តើមទំនាក់ទំនងចរចាលក្ខខណ្ឌតម្រូវភូតគាមអនាម័យបើកទីផ្សារជាមួយអគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន (GACC) ដើម្បីជំរុញការនាំចេញផ្លែមៀនស្រស់កម្ពុជាទៅកាន់ប្រទេសចិន ប៉ុន្តែកម្ពុជាត្រូវរង់ចាំរហូតដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ ទើបទទួលបានការឯកភាព និងចុះហត្ថលេខាលើពិធីសារស្ដីពីលក្ខខណ្ឌអនាម័យសម្រាប់ការនាំចេញផ្លែមៀននេះ។
ចម្ការមៀនដែលទទួលបានការអនុម័តចុះបញ្ជីជាផ្លូវការនាំចេញទៅកាន់ទីផ្សារចិន មានចំនួន ៧៤កន្លែង គឺនៅខេត្តប៉ៃលិន ចំនួន ៤០ចម្ការ បាត់ដំបងចំនួន ២៨ចម្ការ និងបន្ទាយមានជ័យ ចំនួន ៦ចម្ការ។ ដោយឡែករោងចក្រវេចខ្ចប់មានចំនួន ៨កន្លែងផងដែរ រួមមាននៅខេត្តកណ្តាល ១កន្លែង ខេត្តបាត់ដំបង ៣កន្លែង ខេត្តប៉ៃលិន ២កន្លែង និងខេត្តព្រះសីហនុ ២កន្លែង។
អតីតប្រធានអង្គការសេដាក និងជាប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៧ តុលា នេះថា ដើម្បីធានានូវការនាំចេញផលិតផលកសិកម្មរបស់កម្ពុជាទៅកាន់ទីផ្សារចិន កម្ពុជាត្រូវកំណត់នូវផលិតផលសក្ដានុពលផ្សេងទៀតដែលទីផ្សារចិនត្រូវការ។ ជាងនេះទៀត កម្ពុជាក៏ត្រូវពង្រឹងនូវគុណភាពនៃផលិតផលរបស់ខ្លួនឱ្យត្រឹមត្រូវតាមស្តង់ដាររបស់ចិនផងដែរ។
បណ្ឌិត យ៉ង សាំងកុមារ លើកឡើងថា ក្រសួងកសិកម្មក៏ត្រូវសិក្សាលើថ្លៃដើមក្នុងការផលិតរបស់កសិករថែមទៀត ដើម្បីជួយជ្រោមជ្រែងឱ្យពួកគាត់អាចទទួលបានផលចំណេញខ្ពស់តាមរយៈនៃការកាត់បន្ថយថ្លៃដើមផលិត រហូតឈានដល់ការវេចខ្ចប់ ដែលបង្កលក្ខណៈងាយស្រួលសម្រាប់កសិករក្នុងការជំរុញការនាំចេញឱ្យបានកាន់តែច្រើនបន្ថែមទៀត។
អតីតប្រធានអង្គការសេដាករូបនេះជំរុញឱ្យក្រសួងកសិកម្ម ប្រមូលចងក្រងកសិករទាំងនោះដើម្បីកំណត់ឱ្យបានច្បាស់លាស់ក្នុងទំហំផលិតផលរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សាររបស់ចិន។
លោកបន្តថា ក្រសួងក៏ត្រូវរៀបចំឥណទានកសិករសម្រាប់ជួយពួកគេឱ្យមានទុនគ្រប់គ្រាន់ក្នុងការផលិតដែលមានការប្រាក់ទាប នោះវិស័យកសិកម្មនឹងរីកលូតលាស់ទៅមុខជាមិនខាន។
កាលពីអំឡុងខែសីហា ឆ្នាំ២០២១ កន្លងទៅ ម្ចាស់ចម្ការផ្លែមៀនម្នាក់ត្រូវបានសាលាដំបូងខេត្តបាត់ដំបង សម្រេចឲ្យជាប់ពន្ធនាគារ ១០ខែ ដោយចោទប្រកាន់ពីបទ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ បន្ទាប់ពីម្ចាស់ចម្ការរូបនោះបានរិះគន់អាជ្ញាធរថាមិនជួយរកទីផ្សារផ្លែមៀនឱ្យកសិករតាមបណ្តាខេត្តបណ្តោយព្រំដែនខ្មែរ-ថៃ ដែលបានកកស្ទះលក់មិនចេញរាប់ម៉ឺនតោននៅពេលនោះ៕