41.3 C
Phnom Penh

លោក កឹម សុខា ថ្វាយ​ព្រះពរ​ព្រះមហាក្សត្រ​ខ្មែរ​ក្នុង​ខួប​១៨​ឆ្នាំ​នៃ​ការ​គ្រងរាជ្យ​សម្បត្តិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​តស៊ូ​ដើម្បី​សេរីភាព និង​យុត្តិធម៌​សង្គម បាន​ថ្វាយ​ព្រះពរ​ព្រះមហាក្សត្រ​ខ្មែរ ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ខួប ១៨​ឆ្នាំ​នៃ​ការ​គ្រង​ព្រះ​បរម​សិរី​រាជសម្បត្តិ ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​សៅរ៍ ទី​២៩ តុលា នេះ។

មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​មិន​ទាន់​មាន​សេរីភាព លោក កឹម សុខា បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៨ ខែ​តុលា ឆ្នាំ​២០២២ នេះ​ថា ក្នុង​ឱកាស​ដ៏​មហា​នក្ខត្តឫក្ស​នៃ​ព្រះ​រាជពិធី​បុណ្យ​ខួប​លើក​ទី​១៨ ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី​២៩ ខែ​តុលា ឆ្នាំ​២០២២ នេះ លោក​សូម​ក្រាប​បង្គំ​ថ្វាយ​ព្រះពរ​សព្ទសាធុការ​ពរជ័យ បវរ​សួស្តី​មហា​ប្រសើរ​គ្រប់​ប្រការ ថ្វាយ​ចំពោះ​ព្រះករុណា ព្រះបាទ​សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​ខ្មែរ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​ទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ដើម្បី​រក្សា​នូវ​សុខ​សន្តិភាព​សម្រាប់​ទឹកដី​កម្ពុជរដ្ឋ​ទាំងមូល។

លោក កឹម សុខា បួងសួង​សុំ​ឱ្យ​ព្រះករុណា​ព្រះមហាក្សត្រ ព្រះបាទ​សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ទទួល​បាន​នូវ​ព្រះ​ពុទ្ធពរ​ទាំង​បួន​ប្រការ និង​មាន​ព្រះ​បញ្ញា​ឈ្លាសវៃ ដើម្បី​គង់​ជា​ម្លប់​ដ៏​ត្រជាក់​ផ្តល់​នូវ​ភាព​សុខដុមរមនា​ដល់​ប្រជារាស្ត្រ​ខ្មែរ​គ្រប់ៗ​គ្នា។

ការ​ថ្វាយ​សារ​ជូនពរ​នេះ ធ្វើឡើង​ដើម្បី​អបអរ​សាទរ​ខួប ១៨​ឆ្នាំ​នៃ​ការ​គ្រង​ព្រះ​បរម​សិរី​រាជសម្បត្តិ ព្រះបាទ​សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ហើយ​ក៏​ស្រប​ពេល​ដែល​មេដឹកនាំ​នយោបាយ​ខ្មែរ​ផ្សេង​ទៀត​កំពុង​យក​ព្រះអង្គ​ធ្វើជា​ផ្ទាំង​ស៊ីប​ដើម្បី​ទាញ​យក​ផលប្រយោជន៍​នយោបាយ​របស់​ពួកគេ​រៀងៗ​ខ្លួន​ដែរ។

ព្រះករុណា​សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី បាន​ប្រសូត​នៅ​ថ្ងៃទី​១៥ ខែ​ឧសភា ឆ្នាំ​១៩៥៣ នៅ​ទីក្រុង​ភ្នំពេញ និង​ត្រូវ​បាន​ក្រុមប្រឹក្សា​រាជសម្បត្តិ​ជ្រើសតាំង​ជា​ឯកច្ឆន្ទ​ឱ្យ​ឡើង​សោយរាជ្យ​ជា​ព្រះមហាក្សត្រ​ខ្មែរ​ជំនួស​ព្រះបាទ នរោត្តម សីហនុ ដែល​ជា​ព្រះបិតា នៅ​ថ្ងៃទី​១៤ ខែ​តុលា ឆ្នាំ​២០០៤ ប៉ុន្តែ​រហូត​ដល់​ថ្ងៃទី​២៩ ខែ​តុលា ឆ្នាំ​២០០៤ ទើប​ព្រះករុណា​សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ត្រូវ​បាន​ប្រកាស​ឱ្យ​ឡើង​សោយរាជ្យ​សម្បត្តិ​ជា​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជា​ផ្លូវការ​បន្ត​ពី​ព្រះបិតា​របស់​ព្រះអង្គ។

រយៈពេល​នៃ​ការ​គ្រងរាជ្យ​របស់​ព្រះអង្គ​អស់ ១៨​ឆ្នាំ​មក​នេះ ត្រូវ​គេ​លើកឡើង​ថា ព្រះអង្គ​បាន​រង​នូវ​ការ​ប្រមាថ និង​រំលោភ​បំពាន​ពី​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន យ៉ាង​ធ្ងន់ធ្ងរ ដោយ​ការ​បំបិទ​សិទ្ធិ​ដែល​ជា​ព្រះរាជ​តួនាទី​របស់​ទ្រង់​គ្រប់​បែប​យ៉ាង ជាពិសេស​ការ​គំរាមកំហែង​ព្រះអង្គ​នៅ​ផ្ទៃក្នុង​នៃ​ព្រះបរមរាជវាំង​ឱ្យ​ឡាយព្រះហស្តលេខា​លើ​សន្ធិសញ្ញា​ខុស​ច្បាប់​ដែល​ខ្លួន​បាន​ឃុបឃិត​ជាមួយ​វៀតណាម និង​ឡាយព្រះហស្តលេខា​លើ​ការ​កែប្រែ​រដ្ឋធម្មនុញ្ញ​នានា​ក្នុង​រយៈពេល​ចុងក្រោយ​នេះ ដែល​គេ​ឃើញ​ថា លោក ហ៊ុន សែន ប្រើ​អំណាច​របស់​ខ្លួន​លើស​ដែន​កំណត់​លប់​លើ​អំណាច និង​ព្រះរាជ​តួនាទី​របស់​ព្រះមហាក្សត្រ។

អ្នកវិភាគ​នយោបាយ និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ ធ្លាប់​បាន​លើកឡើង​កាលពី​ពេល​ថ្មីៗ​នេះ​ថា ក្នុង​នាម​ជា​អ្នក​នយោបាយ ត្រូវ​គោរព​ក្រមសីលធម៌​របស់​ខ្លួន​ឲ្យ​បាន​ខ្ជាប់ខ្លួន​ជានិច្ច និង​ចៀសវាង​បំផុត​នូវ​ការ​ប្រមាថ​ព្រះមហាក្សត្រ ដែល​ត្រូវ​រក្សា​គុណធម៌​សម្រាប់​ខ្លួន​ផង និង​សង្គម​ជាតិ​ផង​ដែរ នោះ​សង្គម​ជាតិ​ដែល​ពួកគេ​ដឹកនាំ​ក្លាយ​ទៅ​ជា​សង្គម​ដែល​ពោរពេញ​ដោយ​គុណធម៌ ហើយ​ក៏​នឹង​ក្លាយ​ជា​សង្គម​ដែល​មាន​ភាព​យុត្តិធម៌​ពិតប្រាកដ​ដែរ។

បណ្ឌិត ឡៅ ម៉ុងហៃ លើកឡើង​ថា អ្នក​ដឹកនាំ​នយោបាយ​ទាំងនោះ​មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុង​ការ​បញ្ចេញមតិ​យោបល់ តែ​សិទ្ធិ​នោះ​មិន​ត្រូវ​រំលោភ​លើ​ព្រះរាជ​តួនាទី និង​ព្រះរាជកិច្ច​របស់​ព្រះអង្គ​ឡើយ ព្រោះ​ថា​ក្នុង​រដ្ឋធម្មនុញ្ញ​បាន​ចែង​យ៉ាង​ច្បាស់​ពី​តួនាទី​របស់​ព្រះអង្គ​ក្នុង​ការ​ធានា​នូវ​អំណាច​សាធារណៈ ដើម្បី​សម្របសម្រួល​ជម្លោះ​អ្នក​នយោបាយ​ទាំងនោះ​ក្នុង​គោលដៅ​បញ្ចៀស​នូវ​វិបត្តិ​ដែល​កើត​មាន​ដល់​សង្គម​ជាតិ​ទាំងមូល​ដូច​សព្វថ្ងៃ​នេះ។

មាត្រា​៧ នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា​បាន​ចែង​ច្បាស់​ថា ព្រះមហាក្សត្រ​ទ្រង់​គ្រងរាជ្យ​សម្បត្តិ ប៉ុន្តែ​ទ្រង់​មិន​កាន់​អំណាច​ឡើយ ហើយ​ទ្រង់​នឹង​គង់​ជា​ប្រមុខ​រដ្ឋ​អស់​មួយ​ជីវិត ប៉ុន្តែ​អង្គ​ព្រះមហាក្សត្រ​មិន​អាច​ត្រូវ​បាន​នរណា​រំលោភ​បំពាន​បាន​ឡើយ។

ព្រះអង្គ​គឺជា​និមិត្តរូប​នៃ​ឯកភាព​ជាតិ និង​និរន្តរភាព​ជាតិ ធានា​ឯករាជ្យ​ជាតិ អធិបតេយ្យ និង​បូរណភាព​ទឹកដី​នៃ​ប្រទេស​កម្ពុជា និង​ធានា​នូវ​ការ​គោរព​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ និង​ការ​គោរព​សន្ធិសញ្ញា​អន្តរជាតិ​នានា​ផង​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស