27 C
Phnom Penh

លោក កឹម សុខា ជួប​ពិភាក្សា​បញ្ហា​ប្រជាធិបតេយ្យ​ជាមួយ​ឯកអគ្គរដ្ឋទូត​ថ្មី​សហព័ន្ធ​អាល្លឺម៉ង់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​មិន​ទាន់​មាន​សេរីភាព​ពេញលេញ​ឡើងវិញ លោក កឹម សុខា ជួប​ពិភាក្សា​ការងារ​មួយ​ចំនួន​ជុំវិញ​ព្រឹត្តិការណ៍​ដែល​កំពុង​កើតឡើង​ថ្មីៗ​នៅ​កម្ពុជា​ជាមួយ​ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សហព័ន្ធ​អាល្លឺម៉ង់ ប្រចាំ​នៅ​កម្ពុជា។

មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​កំពុង​រង​នូវ​ការ​រឹតត្បិត​សេរីភាព លោក កឹម សុខា បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​១ ខែ​វិច្ឆិកា ឆ្នាំ​២០២២ នេះ​ថា ចូល​ខែ​ថ្មី​ចុង​ឆ្នាំ​២០២២ នេះ លោក​បាន​ជួប​ជាមួយ​ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សហព័ន្ធ​អាល្លឺម៉ង់ ប្រចាំ​នៅ​កម្ពុជា លោក Stefan Messerer នៅ​ឯ​ស្ថានទូត​សហព័ន្ធ​អាល្លឺម៉ង់ ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ពិភាក្សា​ការងារ​មួយ​ចំនួន​ជុំវិញ​ព្រឹត្តិការណ៍​ដែល​កំពុង​កើតឡើង​ថ្មីៗ​នៅ​កម្ពុជា​នៅ​ពេលនេះ។

មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​កំពុង​តស៊ូ​ដើម្បី​សេរីភាព និង​យុត្តិធម៌​សង្គម លោក កឹម សុខា បញ្ជាក់​ថា សហព័ន្ធ​អាល្លឺម៉ង់ គឺជា​សមាជិក​សហភាព​អឺរ៉ុប​ដែល​តែង​ផ្តល់​នូវ​ការ​គាំទ្រ​ដល់​តម្លៃ​នៃ​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​ជានិច្ច ជាពិសេស​ប្រទេស​នេះ​គឺជា​មិត្ត​របស់​កម្ពុជា​ថែម​ទៀត។

កាលពី​ថ្ងៃទី​១ ខែ​វិច្ឆិកា ឆ្នាំ​២០២២ ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សហព័ន្ធ​អាល្លឺម៉ង់ ប្រចាំ​នៅ​កម្ពុជា លោក Stefan Messerer បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម​ធ្វីតធឺ​របស់​លោក​ថា លោក​បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ជា​លើកដំបូង​អំឡុង​ពេល​ដែល​លោក​ទៅ​បំពេញ​តួនាទី​ជា​ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​ថ្មី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​នា​ពេលនេះ។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន​កាលពី​ថ្ងៃទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧ ពី​បទ ឃុបឃិត​ជាមួយ​រដ្ឋ​បរទេស ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា ប៉ុន្តែ​សំណុំរឿង​របស់​លោក​ត្រូវ​គេ​ចាត់ទុក​ថា​ជា​ករណី​ដែល​មាន​រយៈពេល​វែង​ជាងគេ​បំផុត​នៅ​កម្ពុជា​ដែល​បាន​អូស​បន្លាយ​អស់​រយៈពេល​ជាង ៥​ឆ្នាំ។

ខណៈ​នេះ លោក កឹម សុខា កំពុងតែ​ស្ថិត​ក្នុង​ការ​រង់ចាំ​ការ​សម្រេច​របស់​សាលាដំបូង​ក្រុង​ភ្នំពេញ​នៅ​ថ្ងៃទី​២១ ខែ​ធ្នូ ឆ្នាំ​២០២២ ខាងមុខ បន្ទាប់ពី​តុលាការ​សម្រេច​បិទ​បញ្ចប់​ការ​សាកសួរ​លើ​អង្គហេតុ​នានា​កាលពី​ថ្ងៃទី​១៩ ខែ​តុលា ឆ្នាំ​២០២២ កន្លងទៅ​នេះ។

ជុំវិញ​បទ​ចោទប្រកាន់​លើ​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា អស់​រយៈពេល​ជាង ៥​ឆ្នាំ​មក​នេះ ប្រទេស​លោក​សេរី​ដែល​ជា​មិត្ត​របស់​កម្ពុជា មិន​បាន​ចាត់ទុក​លោក កឹម សុខា ជា​ជនសង្ស័យ ឬ​ជា​ជន​ជាប់ចោទ​ដូច​ការ​ចោទប្រកាន់​របស់​រដ្ឋាភិបាល​កម្ពុជា​ឡើយ។ ជាង​នេះ​ទៀត ពួកគេ​បាន​នាំគ្នា​ជំរុញ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន បើក​លំហ​សេរីភាព​ឱ្យ​លោក កឹម សុខា ជា​បន្តបន្ទាប់ ព្រោះ​ថា​ប្រទេស​លោក​សេរី​ទាំងនោះ​ជឿ​ថា ករណី​របស់​លោក កឹម សុខា ជា​រឿង​នយោបាយ​ប៉ុណ្ណោះ។

ជាក់ស្តែង រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក លោក អេថូនី ប្ល៊ីងឃិន (Anthony Blinken) ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា អ្នកស្រី Carmen Moreno អនុប្រធាន​សហភាព​អឺរ៉ុប​ដែល​តំណាង​ឱ្យ​រដ្ឋ​សមាជិក​ទាំង ២៧​រដ្ឋ​ក្នុង​សហគមន៍​អឺរ៉ុប លោក ចូសឹប បូរ៉ែល (Josep Borrell) និង​បណ្តា​ឯកអគ្គរដ្ឋទូត និង​ឯកអគ្គរាជទូត​នៃ​បណ្តា​ប្រទេស​ដែល​ជា​មិត្ត​របស់​កម្ពុជា​ដទៃ​ទៀត តែងតែ​ទទូច​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ទម្លាក់​ចោល​បទ​ចោទប្រកាន់​លើ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ដើម្បី​ឱ្យ​លោក​មាន​សិទ្ធិ​ពេញលេញ​ក្នុង​ការ​ចូលរួម​កិច្ចការ​នយោបាយ​ដោយ​សេរី ជាពិសេស​គឺ​អាច​ចូលរួម​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣ នា​ពេល​ខាងមុខ​នេះ​ឡើងវិញ​គ្រប់ៗ​គ្នា៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស