41.3 C
Phnom Penh

លោក ពូទីន ទំនង​មិន​ទៅ​ចូលរួម​ប្រជុំ​នៃ​ក្រុម​មេដឹកនាំ G-20 នោះ​ទេ-តើ​មូលហេតុ​អ្វី?

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​សល់​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ កិច្ចប្រជុំ​នៃ​ថ្នាក់​ដឹកនាំ​ប្រទេស​សេដ្ឋកិច្ច​ជឿនលឿន G-20 នឹង​ចាប់ផ្ដើម​ហើយ។ កិច្ចប្រជុំ​នេះ​ប្រព្រឹត្ត​ទៅ​នៅ​លើ​កោះ​បាលី​នៃ​ប្រទេស​ឥណ្ឌូនេស៊ី នៅ​រវាង​ថ្ងៃទី​១៥ ដល់​ថ្ងៃទី​១៦ ខែ​វិច្ឆិកា។

មេដឹកនាំ ២០​ប្រទេស​ត្រូវ​បាន​ប្រធានាធិបតី​ឥណ្ឌូនេស៊ី អញ្ជើញ​មក​ចូលរួម​កិច្ចប្រជុំ​នេះ ដែល​គេ​ហៅថា​កិច្ចប្រជុំ​កំពូល​នៃ​មេដឹកនាំ G-20។ មេដឹកនាំ​ភាគច្រើន​សម្រេច​ថា​នឹង​មក​ចូលរួម​ប្រជុំ ដែល​ក្នុង​នោះ​អាច​មាន​ទាំង​ប្រធានាធិបតី​អាមេរិក លោក ចូ បៃដិន និង​ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង ប្រធានាធិបតី​បារាំង នាយករដ្ឋមន្ត្រី​ឥណ្ឌា នាយករដ្ឋមន្ត្រី​ជប៉ុន នាយករដ្ឋមន្ត្រី​អង់គ្លេស និង​អធិការបតី​អាល្លឺម៉ង់ ក៏​ត្រូវ​គេ​រំពឹង​ថា​នឹង​មក​ចូលរួម​ផង​ដែរ។

ដោយឡែក​ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន មក​ទល់​ពេលនេះ លោក​មិន​បាន​ឆ្លើយតប​ជា​ផ្លូវការ​តាម​សំណើ​អញ្ជើញ​របស់​ប្រធានាធិបតី​ឥណ្ឌូនេស៊ី នោះ​ទេ។

បើ​តាម​ប្រធានាធិបតី​ឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ គឺ​លោក ពូទីន អាច​មិន​មក​ចូលរួម​នោះ​ទេ។ លោក ចូកូ វីដូដូ បង្ហើប​ដូចនេះ​នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន Financial Times កាលពី​ថ្ងៃ​ចន្ទ ដើម​សប្ដាហ៍​នេះ ក្រោយ​ពេល​លោក​បាន​សន្ទនា​ជាមួយ​លោក ពូទីន កាលពី​សប្ដាហ៍​មុន ដែល​បាន​ធ្វើ​ឱ្យ​រូបលោក​មាន​អារម្មណ៍​ដឹង​ច្បាស់​ថា មេដឹកនាំ​រុស្ស៊ី​រូប​នេះ​នឹង​មិន​មក​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល G-20 នៅ​លើ​កោះ​បាលី​នោះ​ទេ។

ជាមួយ​គ្នា​នេះ ឥណ្ឌូនេស៊ី ក៏​បាន​អញ្ជើញ​ប្រធានាធិបតី​អ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល G-20 នេះ​ដែរ ប៉ុន្តែ​លោក ហ្សេឡេនស្គី អះអាង​ថា​លោក​នឹង​មិន​បាន​មក​ចូលរួម​ដោយ​ផ្ទាល់​នោះ​ទេ ប្រសិនបើ​មាន​វត្តមាន​លោក ពូទីន។

បើ​លោក ពូទីន មិន​ចូលរួម​ប្រជុំ G-20 តើ​មូលហេតុ​អ្វី​ខ្លះ?

ចាប់តាំងពី​រុស្ស៊ី​លើក​ទ័ព​ឈ្លានពាន​អ៊ុយក្រែន នៅ​ថ្ងៃទី​២២ ខែ​កុម្ភៈ មក​នោះ គឺ​ប្រទេស​មហាអំណាច​មួយ​នេះ​បាន​បាក់មុខ​យ៉ាង​ខ្លាំង​នៅ​លើ​វេទិកា​អន្តរជាតិ​ស្ទើរ​គ្រប់​វេទិកា​ទាំងអស់ ជាពិសេស​គឺ​នៅ​ឯ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ។

អ្នក​នយោបាយ​រុស្ស៊ី​ដែល​បាក់មុខ​ជាងគេ គឺ​លោក ពូទីន នេះ​ហើយ​ដែល​ជា​អ្នក​បញ្ជា​ឲ្យ​កងទ័ព​រុស្ស៊ី​ចូល​លុកលុយ​ប្រទេស​អ៊ុយក្រែន ក្រោម​ប្រតិបត្តិការ​ពិសេស​ដែល​លោក​អួត​ថា រុស្ស៊ី​នឹង​វាយ​យក​ប្រទេស​អ៊ុយក្រែន មិន​ឲ្យ​លើស​ពី​មួយ​សប្ដាហ៍​នោះ​ទេ។

ទីបំផុត សង្គ្រាម​នេះ​មាន​រយៈពេល​ជិត ២៦០​ថ្ងៃ​ទៅ​ហើយ ហើយ​កងទ័ព​រុស្ស៊ី ថែមទាំង​បាន​ស្លាប់​យ៉ាង​រង្គាល​នៅ​លើ​សមរភូមិ​ថែមទៀត។ គិត​មក​ទល់​ពេលនេះ យ៉ាងហោចណាស់​ទ័ព​របស់​រុស្ស៊ី​បាន​ស្លាប់​ជាង ៧​ម៉ឺន ៧​ពាន់​នាក់​ហើយ។ ចំណែក​សព្វាវុធ​ធ្ងន់ៗ រុស្ស៊ី​បាត់បង់​ដល់​ទៅ​ជិត ១​ម៉ឺន ៤​ពាន់​គ្រឿង​ឯណោះ។ នេះ​បើ​តាម​របាយការណ៍​របស់​ក្រសួង​ការពារ​ជាតិ​អ៊ុយក្រែន។

អ្វី​ដែល​ធ្វើ​ឲ្យ​លោក ពូទីន បាក់មុខ​ទៀត​នោះ គឺ​កងទ័ព​របស់​លោក​បាក់​ទ័ព ហើយ​ត្រូវ​បាន​កងទ័ព​អ៊ុយក្រែន​វាយ​រុញ​ច្រាន​ដណ្ដើម​យក​ទឹកដី​មក​វិញ​បាន​ភាគច្រើន​នៅ​ភាគ​ខាងត្បូង និង​ភាគ​ខាងកើត​ប្រទេស ដែល​លោក ពូទីន បញ្ជា​ឲ្យ​ទ័ព​រុស្ស៊ី​យក​ឲ្យ​បាន​ដើម្បី​ពុះ​ច្រៀក​ទឹកដី​ទាំងនោះ​មក​នៅ​ក្នុង​ទឹកដី​របស់​រុស្ស៊ី តែ​ទៅ​មិន​រួច​នោះ​ទេ​មក​ដល់​ពេលនេះ។

កត្តា​មួយ​ទៀត គឺ​លោក ពូទីន ខ្លួន​លោក​ផ្ទាល់ ត្រូវ​បាន​លោក បៃដិន និង​មេដឹកនាំ​ពួក​បស្ចិម​ប្រទេស​ដទៃ​ទៀត​ហៅថា​ជា​ឧក្រិដ្ឋជន​សង្គ្រាម និង​ជា​មេដឹកនាំ​ប្រល័យ​ពូជសាសន៍​លើ​ជាតិ​សាសន៍​អ៊ុយក្រែន។ អ្វី​ដែល​ជា​មូលហេតុ​ទៀត​នោះ គឺ​លោក ពូទីន ទំនង​ខ្មាស​មេដឹកនាំ​បស្ចិម​ប្រទេស​ដោយសារតែ​ធ្វើ​សង្គ្រាម​នៅ​លើ​ទឹកដី​អ៊ុយក្រែន មិន​បាន​សម្រេច​ដូច​បំណង ហើយ​ចាញ់​ប្រៀប​ពួក​បស្ចិម​ប្រទេស​ដែល​ជួយ​បញ្ជូន​សព្វាវុធ​ទៅ​ឲ្យ​អ៊ុយក្រែន។

រហូត​ដល់​ដំណាក់កាល​ចុងក្រោយ​នេះ រុស្ស៊ី​ស្នើសុំ​ចរចា​ជាមួយ​អ៊ុយក្រែន និង​សុំ​ចរចា​ជាមួយ​ពួក​បស្ចិម​ប្រទេស ក៏​ពួក​បស្ចិម​ប្រទេស​មិន​ទទួលយក​ការ​ចរចា​នោះ​ដែរ ប៉ុន្តែ​ពួក​បស្ចិម​ប្រទេស​ដាក់​លក្ខខណ្ឌ​ឱ្យ​រុស្ស៊ី ដក​ទ័ព​ទាំងស្រុង​ចេញពី​ទឹកដី​អ៊ុយក្រែន ហើយ​ទទួលស្គាល់​ខ្សែបន្ទាត់​ព្រំដែន​របស់​អ៊ុយក្រែន ដូច​ឆ្នាំ​១៩៩១ ដែល​ក្នុង​នោះ​តំបន់​គ្រីមៀ គឺជា​ទឹកដី​របស់​អ៊ុយក្រែន។

ចំណុច​មួយ​ទៀត គឺ​ការ​បង្ក​សង្គ្រាម​ពី​មហាអំណាច​រុស្ស៊ី​នេះ​ហើយ​ដែល​នាំ​ឲ្យ​ពិភពលោក​ធ្លាក់​ក្នុង​វិបត្តិ​ថាមពល និង​ស្បៀងអាហារ ហើយ​ចុងក្រោយ​នេះ ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង ដែល​ជា​សម្ពន្ធភាព​នឹង​លោក ពូទីន បាន​ព្រមាន​លោក ពូទីន កុំ​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​ទោះ​សង្គ្រាម​ធ្ងន់ធ្ងរ​ក៏ដោយ។

លោក ស៊ី ជីនពីង បាន​ថ្លែង​ដូចនេះ​ខណៈ​លោក​បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​អធិការបតី​អាល្លឺម៉ង់ លោក អូឡាហ្វ សូលស៍ (Olaf Scholz) ក្នុង​ទីក្រុង​ប៉េកាំង កាលពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មក​នេះ។

កត្តា​ទាំងអស់​នេះ​ក៏​ជា​ផ្នែក​មួយ​មិន​បាន​លើក​ទឹកចិត្ត​ឱ្យ​លោក ពូទីន ចង់​ឬ​ក៏​មាន​ឆន្ទៈ​មក​ចូលរួម​ប្រជុំ​ជាមួយ​នឹង​មេដឹកនាំ​នៃ​បណ្ដា​ប្រទេស G-20 នោះ​ទេ។ កិច្ចប្រជុំ​នេះ​អាច​មាន​ត្រឹមតែ​រដ្ឋមន្ត្រី​ការបរទេស​របស់​វិមាន​ក្រឹមឡាំង តែប៉ុណ្ណោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស