28 C
Phnom Penh

មន្ត្រី​ការបរទេស​ថា​កម្ពុជា​ជោគជ័យ​ក្នុង​ការ​បញ្ចូល​ប្រទេស​ចំនួន​៧​ជា​សមាជិក TAC

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​នាំពាក្យ​កិច្ចប្រជុំ​អាស៊ាន អះអាង​ថា វា​ជា​មោទកភាព និង​ជា​សមិទ្ធផល​ដ៏​ធំ​មួយ​សម្រាប់​កម្ពុជា​ក្នុង​រយៈពេល​ត្រឹម​តែ​មួយ​ឆ្នាំ​ដែល​ខ្លួន​ធ្វើ​ជា​ប្រធាន​អាស៊ាន អាច​បញ្ចូល​ប្រទេស​ចំនួន ៧ បន្ថែម​ទៀត​ជា​សមាជិក​សន្ធិសញ្ញា​មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ដែល​ហៅ​កាត់​ថា TAC។

រដ្ឋលេខាធិការ​ក្រសួង​ការបរទេស និង​ជា​អ្នក​នាំពាក្យ​កិច្ចប្រជុំ​អាស៊ាន លោក គង់ ភោគ បាន​លើកឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​ប្រចាំ​ថ្ងៃ​ស្ដីពី​លទ្ធផល​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤០ និង​លើក​ទី​៤១ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នានា​នៅ​ថ្ងៃទី​១០ ខែ​វិច្ឆិកា ឆ្នាំ​២០២២ ថា នេះ​គឺជា​មោទកភាព​មួយ​ដែល​កម្ពុជា​អាច​បញ្ចូល​ដៃគូ​ច្រើន​បែប​នេះ​ក្នុង​រយៈពេល​មួយ​ឆ្នាំ ព្រោះ​ថា​ការ​បញ្ចូល​ប្រទេស​នីមួយៗ​ចូល​ជា​សមាជិក​ក្នុង​សន្ធិសញ្ញា​នេះ គឺជា​រឿង​ដែល​មិន​ចេះ​តែ​កើតមាន​ញឹកញាប់​នោះ​ទេ។

មន្ត្រី​ជាន់ខ្ពស់​កម្ពុជា​រូប​នេះ​អះអាង​ថា រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន លោក ឌីមីត្រូ គូលេបា នឹង​ចុះហត្ថលេខា​លើ​លិខិតុបករណ៍​ចូល​ជា​សមាជិក TAC នៅ​ថ្ងៃទី​១០ ខែ​វិច្ឆិកា នា​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤០ និង​ទី​៤១ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៅ​ពេលនេះ ហើយ​អ៊ុយក្រែន នឹង​ក្លាយ​ជា​សមាជិក​ទី​៥០ របស់ TAC និង​ជា​ប្រទេស​ទី​៧ ដែល​ចូល​ជា​សមាជិក​របស់ TAC ក្នុង​អាណត្តិ​ដឹកនាំ​អាស៊ាន​របស់​កម្ពុជា ខណៈ​ប្រទេស​ជា​សមាជិក​ថ្មី ៦​ផ្សេង​ទៀត បាន​ចុះហត្ថលេខា​កាលពី​អំឡុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​លើក​ទី​៥៥ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​កាលពី​ខែ​សីហា ឆ្នាំ​២០២២ កន្លងទៅ។

លោក គង់ ភោគ បញ្ជាក់​ថា នៅ​ថ្ងៃ​ដំបូង​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន ក្រៅពី​ការ​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា TAC ទទួល​អ៊ុយក្រែន​ជា​សមាជិក​ថ្មី កម្ពុជា​ក៏​មាន​កិច្ចប្រជុំ​សំខាន់ៗ​ចំនួន ៧ ផ្សេង​ទៀត​ផង​ដែរ ដូចជា​កិច្ចប្រជុំ​ក្រុមប្រឹក្សា​នយោបាយ សន្តិសុខ និង​ក្រុមប្រឹក្សា​សម្របសម្រួល​អាស៊ាន​ជាដើម។

សន្ធិសញ្ញា​មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​នៅ​អាស៊ី​អាគ្នេយ៍ (TAC) ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​១៩៧៦ ដោយ​ភ្ជាប់​នូវ​គោលការណ៍​សកល​នៃ​ការ​រួម​រស់​ដោយ​សន្តិភាព និង​កិច្ច​សហប្រតិបត្តិការ​មិត្តភាព​ក្នុង​ចំណោម​រដ្ឋ​នានា​នៅ​អាស៊ី​អាគ្នេយ៍។ សន្ធិសញ្ញា​មិត្តភាព​នេះ គឺជា​ច្បាប់​សម្រាប់​ទំនាក់ទំនង​អន្តរ​រដ្ឋ​នៅ​ក្នុង​តំបន់ និង​ទៅ​លើ​កិច្ចការ​ផ្សេងៗ​ទៀត។

សន្ធិសញ្ញា​នេះ​ត្រូវ​បាន​ធ្វើ​វិសោធនកម្ម​ចំនួន​បី​ដង គឺ​នៅ​ឆ្នាំ​១៩៨៧ ១៩៩៨ និង​ឆ្នាំ​២០១០ ដើម្បី​អនុញ្ញាត​ឱ្យ​ចូល​ជា​សមាជិក​ដោយ​រដ្ឋ​នៅ​ក្រៅ​អាស៊ី​អាគ្នេយ៍ ក៏ដូចជា​សម្រាប់​អង្គការ​ក្នុង​តំបន់​ដែល​សមាជិក​របស់​ពួកគេ​ជា​រដ្ឋ​អធិបតេយ្យ ក្នុង​ចំណោម​ប្រទេស​ដទៃ​ទៀត។ គិត​ត្រឹម​ខែ​សីហា ឆ្នាំ​២០២២ មាន​ភាគី​ជាប់​កិច្ចសន្យា​ខ្ពស់​ចំនួន ៤៩ របស់ TAC។

កិច្ចប្រជុំ​កំពូល​អាស៊ាន​បាន​ចាប់ផ្តើម​ដំណើរការ​នៅ​ថ្ងៃទី​១០ ខែ​វិច្ឆិកា ឆ្នាំ​២០២២ នេះ បន្ទាប់ពី​មេដឹកនាំ​អាស៊ាន​នានា​បាន​ទៅ​ដល់​កម្ពុជា​ជា​បន្តបន្ទាប់ ក្នុង​នោះ​រួម​មាន​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សិង្ហបុរី លោក Vivian Balakrishnan នាយករដ្ឋមន្ត្រី​ថៃ លោក ប្រាយុទ្ធ ចាន់អូចា។

នាយករដ្ឋមន្ត្រី​ប្រជាមានិត​ឡាវ លោក ផនខាំ វីផាវ៉ាន់ ប្រធានាធិបតី​ឥណ្ឌូនេស៊ី លោក Joko Widodo ប្រធានាធិបតី​ហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូស ជេអរ (Ferdinand Marcos Jr) ព្រះមហាក្សត្រ​នៃ​ប្រ៊ុយណេ​ដារូស្សាឡាម ព្រះចៅ​ស៊ុលតង់ នាយករដ្ឋមន្ត្រី​ចិន លោក លី ខឺឈាង រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី លោក ស៊ែហ្គេយ៍ ឡាវរ៉ូវ (Sergey Lavrov) រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន លោក ឌីមីត្រូ គូលេបា (Dmytro Kuleba) អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក អាន់តូនីញូ ហ្គូតេរ៉េស (António Guterres) និង​លោក ចូ បៃដិន ប្រធានាធិបតី​អាមេរិក ដែល​មក​ដល់​ប្រទេស​កម្ពុជា​នៅ​ថ្ងៃទី​១២ ខែ​វិច្ឆិកា។

ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ បាន​លើកឡើង​ជុំវិញ​កិច្ចប្រជុំ​អាស៊ាន​លើក​ទី​៤០ និង​លើក​ទី​៤១ កាលពី​ពេល​ថ្មីៗ​នេះ​ថា កិច្ចប្រជុំ​នេះ​នឹង​មិន​ទទួល​បាន​លទ្ធផល​ជា​ផ្លែផ្កា​អ្វី​ប្លែក​ពី​កម្ពុជា​ដឹកនាំ​អាស៊ាន​កាលពី​ឆ្នាំ​២០០២ និង​ឆ្នាំ​២០១២ នោះ​ទេ ព្រោះ​ថា​ប្រសិនបើ​លោក ហ៊ុន សែន ប្រើ​តួនាទី​របស់​ខ្លួន​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​អនុវត្ត​តាម​គោលការណ៍​អាស៊ាន នឹង​នាំ​ឱ្យ​ប៉ះពាល់​ផល​ប្រយោជន៍​ចិន​ជាមិនខាន ដូច្នេះ​កម្ពុជា​នឹង​មិន​ធ្វើ​ឱ្យ​ខូច​ប្រយោជន៍​ចិន​ជាដាច់ខាត។

លោក គឹម សុខ បញ្ជាក់​ថា រយៈពេល​មួយ​ឆ្នាំ​ដែល​កម្ពុជា​ដឹកនាំ​អាស៊ាន​នេះ លោក ហ៊ុន សែន បាន​ធ្វើ​ឱ្យ​ច្របូកច្របល់​គោលការណ៍​អាស៊ាន​យ៉ាង​ធ្ងន់ធ្ងរ ក្នុង​ចេតនា​បំបែកបំបាក់​អាស៊ាន​តាមរយៈ​ផែនការ​ដែល​ព្យាយាម​ទាញ​អាស៊ាន​ឱ្យ​អនុវត្ត​តាម​ផែនការ​របស់​គាត់ ដែល​បាន​ទៅ​ដោះស្រាយ​វិបត្តិ​នៅ​ប្រទេស​ភូមា កាលពី​ដើម​ខែ​មករា ឆ្នាំ​២០២២ កន្លងទៅ​នោះ។

ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា កម្ពុជា​បាន​ព្យាយាម​បង្ហាញ​ពី​ស្នាដៃ​នៃ​ការ​ដឹកនាំ​អាស៊ាន​របស់​ខ្លួន​ក្នុង​រយៈពេល ១​ឆ្នាំ​មក​នេះ ដែល​ទទួល​បាន​ប្រទេស​ចំនួន ៧ ជា​សមាជិក TAC ប៉ុន្តែ​បញ្ហា​ចាស់​ថ្មី​ជាច្រើន​ទៀត ដូចជា​វិបត្តិ​នៅ​ភូមា បញ្ហា​ក្រុម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង COC ដែល​បាន​ជាប់​គាំង​តាំងពី​កម្ពុជា​ដឹកនាំ​អាស៊ាន​កាលពី​ឆ្នាំ​២០១២ នៅតែ​បន្ត​អូស​បន្លាយ​រហូត​ដល់​ពេល​នេះ​ដដែល៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស