28.4 C
Phnom Penh

មេដឹកនាំ​អាស៊ាន​យល់ព្រម​ជា​គោលការណ៍​ឱ្យ​ទីម័រឡេស្តេ​ចូល​ជា​សមាជិក​អាស៊ាន​ទី​១១

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេដឹកនាំ​អាស៊ាន​យល់ព្រម​គ្នា​ជា​គោលការណ៍​សម្រេច​ឱ្យ​ទីម័រឡេស្តេ ចូល​ជា​សមាជិក​អាស៊ាន​ទី​១១ នា​ឱកាស​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤០ និង​៤១ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ។

បើ​តាម​សេចក្តី​ថ្លែងការណ៍​រួម​របស់​មេដឹកនាំ​អាស៊ាន ក្រោយ​កិច្ចប្រជុំ​ពិភាក្សា​លើ​សំណើ​សុំ​ចូល​ជា​សមាជិក​អាស៊ាន​របស់​ទីម័រឡេស្តេ នៅ​ព្រឹក​ថ្ងៃទី​១១ ខែ​វិច្ឆិកា នា​សណ្ឋាគារ​សុខា នា​ឱកាស​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ ដោយ​ពិចារណា​លើ​លទ្ធផល​នៃ​បេសកកម្ម​ស្វែងរក​ការពិត​របស់​សសរស្ដម្ភ​សហគមន៍​សន្តិសុខ-នយោបាយ​អាស៊ាន សហគមន៍​សេដ្ឋកិច្ច​អាស៊ាន និង​សហគមន៍​សង្គម-វប្បធម៌​អាស៊ាន ក្នុង​នោះ​ប្រមុខ​ដឹកនាំ​អាស៊ាន​បាន​ឯកភាព​គ្នា​ថា អនុញ្ញាត​ឱ្យ​ទីម័រឡេស្តេ ចូលរួម​ជា​សមាជិក​អាស៊ាន​ទី​១១។

សេចក្តី​ថ្លែងការណ៍​រួម​របស់​មេដឹកនាំ​អាស៊ាន​បាន​បន្ត​ទៀត​ថា ផ្ដល់​ឋានៈ​ជា​ប្រទេស​សង្កេតការណ៍​ដល់​ទីម័រឡេស្តេ និង​អនុញ្ញាត​ឱ្យ​ទីម័រឡេស្តេ ចូលរួម​ក្នុង​កិច្ចប្រជុំ​អាស៊ាន​ទាំងអស់ រួម​បញ្ចូល​ទាំង​សម័យ​ប្រជុំ​ពេញអង្គ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន។ បន្ថែម​ពី​នេះ អាស៊ាន​ក៏​បង្កើត​ជា​ផែនទី​បង្ហាញ​ផ្លូវ​ផ្អែក​លើ​លក្ខណៈ​វិនិច្ឆ័យ​អព្យាក្រឹត​សម្រាប់​ការ​ចូល​ជា​សមាជិក​ពេញ​សិទ្ធិ​របស់​ទីម័រឡេស្តេ រួម​ទាំង​ផ្អែក​លើ​សមិទ្ធផល​សំខាន់​នានា​ដែល​កំណត់​ដោយ​របាយការណ៍​នៃ​បេសកកម្ម​ស្វែងរក​ការពិត​នៃ​សសរស្ដម្ភ​ទាំង​៣ របស់​អាស៊ាន និង​បាន​ប្រគល់​ភារកិច្ច​ជូន​ក្រុមប្រឹក្សា​សម្របសម្រួល​អាស៊ាន​ក្នុង​ការ​បង្កើត​ផែនទី​បង្ហាញ​ផ្លូវ​នេះ ហើយ​ត្រូវ​ដាក់​ជូន​ថ្នាក់​ដឹកនាំ​អាស៊ាន​ទាំងអស់​ឱ្យ​អនុម័ត​ក្នុង​ឱកាស​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤២។

ប្រទេស​សមាជិក​អាស៊ាន​ទាំងអស់ និង​ដៃគូ​ខាង​ក្រៅ ត្រូវ​ផ្តល់​ការ​គាំទ្រ​ដោយ​ពេញលេញ​ចំពោះ​ទីម័រឡេស្តេ ក្នុង​ការ​ឈាន​ទៅ​សម្រេច​បាន​នូវ​សមិទ្ធផល​ដែល​បាន​កំណត់​ទាំងនោះ តាមរយៈ​ការ​កសាង​សមត្ថភាព និង​ផ្តល់​ការ​គាំទ្រ​ចាំបាច់​នានា​ផ្សេង​ទៀត​សម្រាប់​ការ​ចូល​ជា​សមាជិក​អាស៊ាន​ពេញ​សិទ្ធិ​របស់​ទីម័រឡេស្តេ។ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​រួម​របស់​មេដឹកនាំ​អាស៊ាន។

សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណារ៉ា បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា ការ​ជ្រោមជ្រែង​របស់​កម្ពុជា​ក្នុង​ការ​ជំរុញ​ឲ្យ​ទីម័រឡេស្តេ ចូល​ជា​សមាជិក​អាស៊ាន គឺជា​ចំណុច​សំខាន់។ លោក​ថា កម្ពុជា​ទទួល​បាន​ជោគជ័យ ព្រមទាំង​ទទួល​បាន​ការ​គាំទ្រ​លើ​ឆាក​អន្តរជាតិ​តាម​ការ​ជួយ​ជំរុញ​របស់​កម្ពុជា អំឡុង​ពេល​ធ្វើ​ជា​ប្រធាន​អាស៊ាន។

ក្រោយ​ទទួល​បាន​ឯករាជ្យ​ពី​ឥណ្ឌូនេស៊ី នៅ​ឆ្នាំ​២០០២ ទីម័រឡេស្តេ ដែល​មាន​ឈ្មោះ​ជា​ផ្លូវការ​ថា សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ទីម័រឡេស្តេ បាន​ដាក់​ពាក្យ​ចូល​ជា​សមាជិក​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ (អាស៊ាន) ជា​ផ្លូវការ​នៅ​ថ្ងៃទី​៤ ខែ​មីនា ឆ្នាំ​២០១១៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស