34 C
Phnom Penh

លោក ទៀ បាញ់ គ្រោង​ផ្ទេរ​តំណែង​ប្រធាន​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​ទៅ​ឥណ្ឌូនេស៊ី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា និង​ជា​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន លោក ទៀ បាញ់ នឹង​ធ្វើ​ពិធី​ផ្ទេរ​តំណែង​ជា​ប្រធាន​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន ទៅ​ឱ្យ​រដ្ឋមន្ត្រី​ការពារ​ជាតិ​នៃ​សាធារណរដ្ឋ​ឥណ្ឌូនេស៊ី លោក ប្រាបូវ ស៊ូប៊ីយ៉ានតូ ដែល​នឹង​ធ្វើ​ជា​ប្រធាន​ប្តូរ​វេន​សម្រាប់​ឆ្នាំ​២០២៣ នៅ​ចុង​ខែ​វិច្ឆិកា។

ក្រសួង​ការពារ​ជាតិ​កម្ពុជា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន នៅ​ថ្ងៃទី​១៥ ខែ​វិច្ឆិកា ឆ្នាំ​២០២២ នេះ​ថា ខ្លួន​នឹង​រៀបចំ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​កិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ដទៃ​ទៀត​ចាប់ពី​ថ្ងៃ​ទី​២១ ដល់​ថ្ងៃទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០២២ នេះ ស្ថិត​នៅ​ក្នុង​ខេត្ត​សៀមរាប ហើយ​ចុងបញ្ចប់​នៃ​កិច្ចប្រជុំ​នេះ លោក ទៀ បាញ់ នឹង​ធ្វើ​ពិធី​ផ្ទេរ​តំណែង​ជា​ប្រធាន​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន ឱ្យ​ទៅ​រដ្ឋមន្ត្រី​ការពារ​ជាតិ​នៃ​សាធារណរដ្ឋ​ឥណ្ឌូនេស៊ី លោក ប្រាបូវ ស៊ូប៊ីយ៉ានតូ ផង​ដែរ។

ប្រភព​ដដែល​លើកឡើង​ថា កិច្ចប្រជុំ​ចង្អៀត​នៃ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន នឹង​ផ្ដោត​ជា​សំខាន់​លើ​ការ​ផ្លាស់ប្ដូរ​ទស្សនៈ​ស្ដីពី «ការ​លើក​កម្ពស់​កិច្ច​សហប្រតិបត្តិការ​ការពារ​ជាតិ ដើម្បី​ពង្រឹង​សាមគ្គីភាព​សម្រាប់​សន្តិសុខ​ប្រកប​ដោយ​ភាព​សុខដុម»

បន្ទាប់ពី​កិច្ចប្រជុំ​ចង្អៀត​នេះ ក៏​នឹង​មាន​កិច្ចប្រជុំ​ក្រៅ​ផ្លូវការ​ជាមួយ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន-សហរដ្ឋ​អាមេរិក និង​កិច្ចប្រជុំ​ក្រៅ​ផ្លូវការ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន-ឥណ្ឌា ដែល​នឹង​ត្រូវ​បាន​រៀបចំ​ជា​បន្តបន្ទាប់​គ្នា​ថែម​ទៀត។

ការ​ប្រគល់​ភារកិច្ច​នេះ ធ្វើឡើង​បន្ទាប់ពី​ប្រធាន​អាស៊ាន លោក ហ៊ុន សែន ទើប​តែ​ប្រគល់​ញញួរ​អាស៊ាន​ឱ្យ​ទៅ​ប្រធានាធិបតី​ឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ កាលពី​ថ្ងៃ​អាទិត្យ​សប្តាហ៍​កន្លងទៅ​នេះ។

កាលពី​ចុង​ខែ​មិថុនា ឆ្នាំ​២០២២ រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន លោក ទៀ បាញ់ បាន​ដឹកនាំ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​ម្តង​រួច​មក​ហើយ ហើយ​ក្នុង​កិច្ចប្រជុំ​នោះ តំណាង​របប​សឹក​ភូមា ក៏​បាន​ចូលរួម​ដោយ​ផ្ទាល់​ផង​ដែរ ដែល​មាន​គណៈប្រតិភូ​ចំនួន ៨​នាក់ ដឹកនាំ​ដោយ​រដ្ឋមន្ត្រី​ការពារ​ជាតិ​នៃ​របប​សឹក​ភូមា លោក យ៉ា ទុន អូ (Mya Tun Oo)។

ទាក់ទិន​នឹង​បញ្ហា​នេះ លោក ទៀ បាញ់ ធ្លាប់​បាន​លើកឡើង​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​លើក​ទី​១៦ កាលពី​ថ្ងៃទី​២២ ខែ​មិថុនា ឆ្នាំ​២០២២ ថា សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ ឬ​អាស៊ាន គឺ​មាន​ប្រទេស​ជា​សមាជិក ១០​ប្រទេស ក្នុង​នោះ​ក៏​មាន​ប្រទេស​ភូមា ជា​សមាជិក​ដែរ ដូច្នេះ​កម្ពុជា​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ចប្រជុំ​នេះ គឺ​បំពេញ​តួនាទី​ដោយ​គ្មាន​ការ​រើសអើង​ចំពោះ​បុគ្គល​ណា​មួយ ឬ​ប្រទេស​ជា​សមាជិក​ណា​ឡើយ ជាពិសេស​ត្រូវ​ធានា​រក្សា​ឲ្យ​បាន​ម៉ឺងម៉ាត់​បំផុត ស្រប​តាម​ទស្សនទាន​របស់​អាស៊ាន គឺ​សាមគ្គីភាព ដើម្បី​សន្តិសុខ​ប្រកប​ដោយ​សុខដុម។

អនុប្រធាន​វេទិកា​ពលរដ្ឋ លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៥ វិច្ឆិកា នេះ​ថា កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​នៅ​ពេលនេះ​គ្មាន​ន័យ​អ្វី​ទាំងអស់ ព្រោះ​លោក ទៀ បាញ់ បាន​ធ្វើ​ឲ្យ​ខូច​គោលជំហរ​អាស៊ាន​រួច​ទៅ​ហើយ​ក្នុង​កិច្ចប្រជុំ​ដែល​គាត់​បាន​ដឹកនាំ​កាលពី​ចុង​ខែ​មិថុនា កន្លងទៅ ដែល​អនុញ្ញាត​ឱ្យ​តំណាង​របប​សឹក​ភូមា​ចូលរួម​កិច្ចប្រជុំ​នៅ​ពេល​នោះ ស្រប​ពេល​ដែល​កិច្ចព្រមព្រៀង​ឯកច្ឆន្ទ​ទាំង ៥​ចំណុច​របស់​អាស៊ាន​ដែល​ដាក់​ចេញ​មក របប​សឹក​ភូមា​មិន​បាន​អនុវត្ត​សូម្បី​តែ​មួយ​ចំណុច​ផង​នោះ។

លោក ម៉ែន ណាត បញ្ជាក់​ថា ជុំវិញ​កិច្ចការ​អាស៊ាន​ដែល​កម្ពុជា​បាន​ដឹកនាំ​នៅ​អាណត្តិ​ទី​៣ ក្នុង​ឆ្នាំ​២០២២ នេះ គឺ​កម្ពុជា​បាន​ធ្វើ​ឱ្យ​ខូច​គោលជំហរ​របស់​អាស៊ាន​គ្រប់​ផ្នែក​ទាំងអស់ ជាពិសេស​គឺ​លោក ហ៊ុន សែន ដែល​បាន​ចាប់ផ្តើម​ចូល​ទៅ​ដោះស្រាយ​វិបត្តិ​នៅ​ភូមា ដោយ​ទម្លាក់​ចោល​គោលការណ៍​កុងសង់ស៊ីស​ទាំង ៥​ចំណុច​ដែល​អាស៊ាន​បាន​សម្រេច​កាលពី​ចុង​ឆ្នាំ​២០២១ កន្លង​ទៅ​នោះ ដែល​វា​ជា​មូលហេតុ​ដំបូង​ដែល​ធ្វើ​ឱ្យ​កិច្ចការ​អាស៊ាន​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​នៅ​ភូមា ត្រូវ​ជាប់​គាំង​រហូត​ដល់​ពេលនេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស