29.3 C
Phnom Penh

ចិន​យល់ព្រម​បញ្ជូន​សារ​ប្រាប់​សមមិត្ត ពូទីន ឱ្យ​បញ្ឈប់​ការ​គំរាម​បង្ក​សង្គ្រាម​នុយក្លេអ៊ែរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រោយពី​បិទ​បញ្ចប់​ជំនួប​កំពូល​ទ្វេភាគី​កាលពី​ថ្ងៃ​ចន្ទ ទី​១៤ វិច្ឆិកា រវាង​លោក ចូ បៃដិន និង​លោក ស៊ី ជីនពីង នៅ​ឯ​កោះ​បាលី ប្រទេស​ឥណ្ឌូនេស៊ី មុន​ពេល​ដែល​ជំនួប​កំពូល​នៃ​មេដឹកនាំ​ប្រទេស G-20 ត្រូវ​ចាប់ផ្តើម អ្នក​សារព័ត៌មាន​បាន​ធ្វើ​កត់ត្រា​ទុក​ភ្លាមៗ​នូវ​ពាក្យ​សម្ដី​របស់​លោក ស៊ី ដែល​យល់ព្រម​បញ្ជូន​សារ​ប្រាប់​ទៅ​សមមិត្ត វ៉ា្លឌីមៀរ ពូទីន ប្រធានាធិបតី​រុស្ស៊ី ឱ្យ​បញ្ឈប់​ការ​គំរាម​បង្ក​សង្គ្រាម​នុយក្លេអ៊ែរ​វាយប្រហារ​លើ​ទឹកដី​អ៊ុយក្រែន។

បើ​តាម​ដំណឹង​ពី​សេតវិមាន​នៃ​សហរដ្ឋ​អាមេរិក ឲ្យ​ដឹង​ថា គឺ​លោក ចូ បៃដិន បាន​ជួប​ផ្ទាល់​ជាមួយ​លោក ស៊ី ជីនពីង ដើម្បី​ស្វែងរក​ដំណោះស្រាយ​មក​បន្ធូរបន្ថយ​ភាព​តានតឹង​ទាំងឡាយ​ដោយសារ​តែ​ការ​ប្រជែង​គ្នា​រវាង​មហាអំណាច​ទាំង​ពីរ​នា​ពេល​កន្លង​មក មាន​ទាំង​ជម្លោះ​សេដ្ឋកិច្ច ការ​ប្រជែង​ភូមិសាស្ត្រ និង​យុទ្ធសាស្ត្រ​នយោបាយ​សកល ប៉ុន្តែ​ក្នុង​ជំនួប​នេះ លោក បៃដិន ផ្ដើម​លើកឡើង​អំពី​លោក ពូទីន មិត្តភ័ក្ដិ​របស់​លោក ស៊ី ដែល​តែង​គំរាម​បង្ក​សង្គ្រាម​នុយក្លេអ៊ែរ និង​ករណី​កូរ៉េខាងជើង ពង្រីក​អំណាច​ក្បាល​គ្រាប់​នុយក្លេអ៊ែរ ដែល​ជា​ការ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​ឧបទ្វីប​កូរ៉េ។

តាម​សេចក្ដី​ថ្លែងការណ៍​របស់​សេតវិមាន លោក Jake Sullivan ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក ដែល​អម​ដំណើរ​ដោយ​លោក បៃដិន ទៅ​ចូល​ប្រជុំ​ទាំង​នៅ​វេទិកា​អាស៊ាន-អាមេរិក​នៅ​កម្ពុជា និង​វេទិកា​នៃ​មេដឹកនាំ​ប្រទេស​សេដ្ឋកិច្ច​ជឿនលឿន G-20 នៅ​ប្រទេស​ឥណ្ឌូនេស៊ី បញ្ជាក់​ថា ភាគី​អាមេរិក​មិន​បាន​សង្កេត​ឃើញ​ថា ប្រទេស​ចិន​បាន​ជួយ​ផ្គត់ផ្គង់​អាវុធ​ទៅ​ឲ្យ​រុស្ស៊ី ឬ​ក៏​ជួយ​រុស្ស៊ី​ដោយ​ប្រការ​ណា​មួយ​ក្នុង​លក្ខណៈ​អន្តរាគមន៍​ជួយ​រុស្ស៊ី​នោះ​ទេ។ ដូចនេះ​ហើយ លោក ចូ បៃដិន បាន​និយាយ​ថា លោក​សប្បាយ​ចិត្ត​ព្រោះ​ឃើញ​ថា ចិន​មិន​បាន​ជួយ​រុស្ស៊ី នោះ​ទេ ជាពិសេស​សព្វាវុធ។ ជំនួប​របស់​លោក បៃដិន និង​លោក ស៊ី ជីនពីង គឺជា​ជំនួប​ទ្វេភាគី​ខាងក្រៅ​វេទិកា G-20។

ក្រោយពី​ជំនួប​នេះ សេតវិមាន​កត់សម្គាល់​ឃើញ​ចំណុច​វិជ្ជមាន​ជាច្រើន​ដែល​មេដឹកនាំ​ទាំង​ពីរ​អាច​សន្ទនា​គ្នា​ដោយ​មាន​ការ​ចុះ​សម្រុង​នឹង​គ្នា។

ចំណុច​វិជ្ជមាន​ចំនួន​ពីរ​នោះ គឺ​នៅ​ពេល​លោក បៃដិន ស្នើ​ឲ្យ​ចិន ជួយ​ស្ដារ​សណ្ដាប់ធ្នាប់​ពិភពលោក គឺ​លោក ស៊ី យល់ព្រម ហើយ​តាំងចិត្ត​ជួយ​ពង្រឹង​ច្បាប់​ទម្លាប់​អន្តរជាតិ និង​សន្តិសុខ​សកល​ទៀត​ផង។ នៅ​ចុងបញ្ចប់ លោក ស៊ី ជីនពីង ក៏​សម្រេច​បញ្ចេញ​ជំហរ​របស់​លោក​ថា លោក​សូម​ជំទាស់​ដាច់ខាត​ទៅ​នឹង​ការ​គំរាម​បង្ក​សង្គ្រាម​នុយក្លេអ៊ែរ ទាំង​នៅ​លើ​ទឹកដី​អ៊ុយក្រែន និង​នៅ​ទីណា​ទាំងអស់​នៃ​ពិភពលោក។

លោក ស៊ី បាន​ប្រាប់​លោក ពូទីន ថា កាល​ដែល​លោក​ជួប​ជាមួយ​អធិការបតី​អាល្លឺម៉ង់ កាលពី​ដើម​ខែ​នេះ​នៅ​ក្រុង​ប៉េកាំង ក៏​លោក​បាន​ជំទាស់​រុស្ស៊ី​រួច​ទៅ​ហើយ​ដែល​ចង់​ផ្ដើម​បញ្ចប់​សង្គ្រាម​លើ​ទឹកដី​អ៊ុយក្រែន ដោយ​ការ​ទម្លាក់​គ្រាប់បែក​នុយក្លេអ៊ែរ។

បើ​តាម​លោក ស៊ី គេ​មិន​ត្រូវ​ធ្វើ​ដូច​ក្នុង​សម័យ​សង្គ្រាម​លោក​លើក​ទី​២ នោះ​ទេ។ លោក ស៊ី ថា​ពេលវេលា​គឺ​ខុស​គ្នា​ទាំងស្រុង ព្រោះ​ពេលនេះ​ពិភពលោក​មាន​ច្បាប់​ទម្លាប់​ត្រឹមត្រូវ គឺ​ចាំបាច់​ត្រូវ​បញ្ចៀស​សង្គ្រាម​បែប​នេះ។

គេ​នៅ​ចាំ​បាន​ថា នៅ​ថ្ងៃទី​០៦ ខែ​សីហា ឆ្នាំ​១៩៤៥ សហរដ្ឋ​អាមេរិក​បាន​ទម្លាក់​គ្រាប់បែក​ប៉ារ៉ាម៉ាណូ​ដែល​សព្វថ្ងៃ​គេ​ហៅ​គ្រាប់បែក​នុយក្លេអ៊ែរ គឺ​ចំនួន ២​គ្រាប់​ទៅ​លើ​ប្រទេស​ជប៉ុន គឺ​មួយ​គ្រាប់​នៅ​ទីក្រុង​ហ៊ីរ៉ូសេម៉ា និង​មួយ​គ្រាប់​ទៀត​នៅ​ទីក្រុង​ណាកាសាគី ដែល​បណ្ដាល​ឱ្យ​ប្រជាជន​ជប៉ុន​ស្លាប់ និង​រង​បួស​រាប់​សែន​នាក់។

ហេតុការណ៍​នេះ​ហើយ​ដែល​នាំ​ឲ្យ​ជប៉ុន យល់ព្រម​ចុះចាញ់​សង្គ្រាម​នឹង​អាមេរិក ហើយ​បិទ​បញ្ចប់​សង្គ្រាម​លោក​លើក​ទី​២ ជា​ស្ថាពរ​នៅ​ថ្ងៃទី​២ ខែ​កញ្ញា ឆ្នាំ​១៩៤៥។

មេដឹកនាំ​ទាំង​ពីរ គឺ​លោក បៃដិន និង​លោក ស៊ី បាន​ញញឹម​នៅ​ពេល​ចាប់​ដៃ​ស្វាគមន៍​គ្នា​យ៉ាង​កក់ក្ដៅ​នៅ​ពី​មុខ​ទង់ជាតិ​សហរដ្ឋ​អាមេរិក និង​ចិន ក្នុង​សាល​ប្រជុំ​នៃ​សណ្ឋាគារ Mulia នៅ​លើ​កោះ​បាលី។

លោក បៃដិន និយាយ​ថា៖ «ក្នុង​នាម​ជា​មេដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ ខ្ញុំ​គិត​ថា​យើង​មាន​កាតព្វកិច្ច​រួម​នៅ​ក្នុង​ការ​បង្ហាញ​ថា ប្រទេស​ចិន និង​សហរដ្ឋ​អាមេរិក​អាច​គ្រប់គ្រង​ទស្សនៈ​ផ្ទុយ​គ្នា ហើយ​បង្ការ​ការ​ប្រកួតប្រជែង​មិន​ឱ្យ​ក្លាយ​ទៅ​ជា​ជម្លោះ គឺ​ត្រូវ​ស្វែងរក​វិធី​ធ្វើការ​ជាមួយ​គ្នា​លើ​បញ្ហា​បន្ទាន់​នានា​នៅ​លើ​ពិភពលោក ដែល​តម្រូវ​ឱ្យ​មាន​កិច្ច​សហប្រតិបត្តិការ​នៃ​ប្រទេស​ទាំង​ពីរ​ទៅវិញ​ទៅមក»

ឆ្លើយតប​នឹង​លោក បៃដិន លោក ស៊ី បង្ហាញ​អារម្មណ៍​រីករាយ​ដែល​លោក​ថា​ទំនាក់ទំនង​រវាង​ប្រទេស​ចិន និង​សហរដ្ឋ​អាមេរិក គឺជា​កម្លាំង​ធំ​មួយ​ជួយ​សន្តិភាព​ពិភពលោក។

លោក ស៊ី បញ្ជាក់​ថា៖ «ប្រទេស​យើង​ទាំង​ពីរ​ចាំបាច់​ត្រូវ​ត្រួសត្រាយ​ផ្លូវ​ត្រឹមត្រូវ​សម្រាប់​ទំនាក់ទំនង​រវាង​ប្រទេស​ចិន និង​សហរដ្ឋ​អាមេរិក ហើយ​ចាំបាច់​ត្រូវ​ស្វែងរក​ទិសដៅ​ត្រឹមត្រូវ​ឆ្ពោះ​ទៅ​មុខ​សម្រាប់​ទំនាក់ទំនង​ទ្វេភាគី និង​លើក​កម្ពស់​ទំនាក់ទំនង​នេះ​ឲ្យ​បាន​ល្អ​នឹង​គ្នា​ទៅ​មុខ​ទៀត»

ជំហរ​របស់​មេដឹកនាំ​ចិន ដែល​បង្ហាញ​ដូចនេះ បាន​នាំ​ឲ្យ​អ្នក​សារព័ត៌មាន​ធ្វើការ​អង្កេត​ដោយ​បាន​ហៅ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ថា​ចាប់ផ្ដើម​ឲ្យ​សញ្ញា​ងាក​ចេញពី​របប​លោក ពូទីន។

តែ​យ៉ាងណាក៏ដោយ ជំនួប​រវាង​លោក បៃដិន និង​លោក ស៊ី ជីនពីង នៅ​លើ​កោះ​បាលី នៃ​ប្រទេស​ឥណ្ឌូនេស៊ី ក្នុង​អំឡុង​ជំនួប​មេដឹកនាំ​ប្រទេស​សេដ្ឋកិច្ច​ជឿនលឿន G-20 ធ្វើឡើង​ខណៈ​លោក ពូទីន អវត្តមាន ដែល​គេ​ថា​លោក ពូទីន មិន​ទៅ​ចូលរួម​ប្រជុំ​នៅ​ទីនោះ​ដោយសារ​មិន​ចង់​បាក់​មុខ​នៅ​លើ​វេទិកា​នេះ​ទេ ព្រោះ​មិន​ចង់​ស្ដាប់​មេដឹកនាំ G-20 ថ្កោលទោស​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន ហើយ​កំពុងតែ​ចាញ់​សង្គ្រាម​ផង​នោះ។

ប៉ុន្តែ​អ្នក​សង្កេតការណ៍​នៅតែ​មិនទាន់​ទុកចិត្ត​លើ​ជំហរ​របស់​លោក ស៊ី ទាំងស្រុង​នោះ​ទេ ទោះ​ជា​លោក ស៊ី សម្រេច​បញ្ជូន​សារ​ប្រឆាំង​លោក ពូទីន ដែល​ចង់​បង្ក​សង្គ្រាម​នុយក្លេអ៊ែរ​ក៏ដោយ​នោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស