26.3 C
Phnom Penh

លោក ដូណាល់ ត្រាំ ពន្យារ​ពេល​វាយប្រហារ​លើ​រោងចក្រ​ថាមពល​របស់​អ៊ីរ៉ង់ រហូត​ដល់​ថ្ងៃទី​៦ មេសា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៦ ខែ​មីនា ឆ្នាំ​២០២៦ ថា លោក​បាន​សម្រេច​ផ្អាក​ការ​វាយប្រហារ​លើ​រោងចក្រ​ថាមពល​របស់​អ៊ីរ៉ង់ រយៈពេល ១០​ថ្ងៃ​បន្ថែម​ទៀត គឺ​រហូត​ដល់​ថ្ងៃទី​៦ ខែ​មេសា ដោយ​អះអាង​ថា​កិច្ចចរចា​ជាមួយ​អ៊ីរ៉ង់ កំពុង​ប្រព្រឹត្ត​ទៅ​យ៉ាង​ល្អ​ប្រសើរ។

តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន Aljazeera សង្គ្រាម​ដែល​អូស​បន្លាយ​ពេល​ជិត ៤​សប្ដាហ៍​មក​នេះ បាន​រាលដាល​នៅ​ទូទាំង​តំបន់​មជ្ឈិមបូព៌ា ដោយ​សម្លាប់​មនុស្ស​រាប់​ពាន់​នាក់ និង​កំពុង​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច​ពិភពលោក​ជាមួយ​តម្លៃ​ថាមពល​ឡើង​ថ្លៃ ដែល​កំពុង​បង្ក​ការ​ព្រួយបារម្ភ​ពី​ការ​កើន​ឡើង​អតិផរណា​ជា​សកល។

ជាមួយ​គ្នា​នេះ លោក ត្រាំ ក៏បាន​លើកឡើង​អំឡុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នៅ​ឯ​សេតវិមាន កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា អាមេរិក​នឹង​បង្កើន​ការ​វាយប្រហារ​លើ​អ៊ីរ៉ង់ ប្រសិនបើ​ទីក្រុង​តេហេរ៉ង់ មិន​ព្រម​ចុះ​កិច្ចព្រមព្រៀង​បញ្ចប់​សង្គ្រាម។

ក្រោយ​មក លោក ត្រាំ ក៏បាន​បង្ហោះ​សារ​មួយ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម Truth Social ដោយ​បាន​ប្រកាស​ពី​ការ​ផ្អាក​ការ​វាយប្រហារ​លើ​រោងចក្រ​ថាមពល​អ៊ីរ៉ង់ រយៈពេល ១០​ថ្ងៃ​បន្ថែម​ទៀត ពោល​រហូត​ដល់​ថ្ងៃទី​៦ ខែ​មេសា ឆ្នាំ​២០២៦។

បើ​តាម​លោក ត្រាំ កិច្ចចរចា​ជាមួយ​អ៊ីរ៉ង់ កំពុង​ប្រព្រឹត្ត​ទៅ​យ៉ាង​ល្អ។ លោក ត្រាំ សង្ឃឹម​ថា​អ៊ីរ៉ង់ នឹង​ព្រម​តាម​សំណើ ១៥​ចំណុច​របស់​សហរដ្ឋ​អាមេរិក តែ​ភាគី​អ៊ីរ៉ង់ នៅតែ​អះអាង​ថា​មិន​បាន​ចូលរួម​ក្នុង​កិច្ចចរចា​ជាមួយ​អាមេរិក​នោះ​ទេ បើ​ទោះជា​ទទួលស្គាល់​ថា​កំពុង​ពិនិត្យ​លើ​សំណើ ១៥​ចំណុច​របស់​លោក ត្រាំ ដែល​ផ្ញើ​តាមរយៈ​ប្រទេស​ប៉ាគីស្ថាន ក៏ដោយ។

កាលពី​ថ្ងៃទី​២៣ ខែ​មីនា លោក ត្រាំ បាន​ប្រកាស​ម្ដង​រួច​មក​ហើយ​ពី​ការ​ផ្អាក​ការ​វាយប្រហារ​លើ​រោងចក្រ​ថាមពល​អ៊ីរ៉ង់ រយៈពេល ៥​ថ្ងៃ ហើយ​ឥឡូវ​ពន្យារ​ពេល ១០​ថ្ងៃ​បន្ថែម​ទៀត។

យ៉ាងណា លោក ត្រាំ បាន​ព្រមាន​ប្រទេស​អ៊ីរ៉ង់ ឱ្យ​យកចិត្ត​ទុកដាក់​ចំពោះ​កិច្ចព្រមព្រៀង​បញ្ចប់​សង្គ្រាម​ជិត ៤​សប្តាហ៍​នេះ។ លោក ត្រាំ បញ្ជាក់​ថា អ៊ីរ៉ង់​ត្រូវ​បាន​កម្ទេច​ខាង​យោធា ដោយ​គ្មាន​ឱកាស​ងើប​ឡើងវិញ​ទេ ហើយ​កំពុង​អង្វរ​សុំ​កិច្ចព្រមព្រៀង​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក។

លោក​ព្រមាន​ថា អ៊ីរ៉ង់​គួរតែ​យកចិត្ត​ទុកដាក់ ហើយ​ឆ្លើយតប​ឱ្យ​បាន​ឆាប់ មុន​ពេល​វា​យឺត​ពេល ព្រោះ​នៅ​ពេល​រឿង​នោះ​កើតឡើង នឹង​គ្មាន​ការ​ថយក្រោយ​ទេ ហើយ​វា​នឹង​មិន​ល្អ​មើល​ឡើយ។

ផ្ទុយទៅវិញ រដ្ឋមន្ត្រី​ការបរទេស​អ៊ីរ៉ង់ លោក Abbas Araqchi បាន​ច្រានចោល​ការ​ព្រមាន​ដូចនេះ។ ប្រមុខ​ការទូត​អ៊ីរ៉ង់ បញ្ជាក់​ថា ការ​បោះ​សារ​ឆ្លងឆ្លើយ​គ្នា​មិនមែន​ជា​ការ​ចរចា​នោះ​ទេ។

អ្នក​ការទូត​អ៊ីរ៉ង់ រូប​នេះ​ជឿ​ថា គោលនយោបាយ​របស់​ប្រទេស​អ៊ីរ៉ង់ គឺ​ត្រូវ​បន្ត​ការ​តស៊ូ និង​ការពារ​ប្រទេស ហើយ​គ្មាន​បំណង​ចរចា​ដែល​គ្រាន់តែ​ជា​ការ​បោក​បញ្ឆោត​នោះ​ទេ។

សំណើ ១៥​ចំណុច​របស់​អាមេរិក មាន​ដូចជា ការ​ទាមទារ​ឱ្យ​អ៊ីរ៉ង់ រំសាយ​កម្មវិធី​នុយក្លេអ៊ែរ កម្រិត​មីស៊ីល និង​ប្រគល់​ការ​គ្រប់គ្រង​ច្រក​សមុទ្រ​ហ័រមូស (Hormuz) ឱ្យ​អាមេរិក តែ​អ៊ីរ៉ង់ ច្រានចោល​ដាច់ខាត​ការ​បង្ខំ​ឱ្យ​អ៊ីរ៉ង់ ចាញ់​សង្គ្រាម។

យ៉ាងណា ការ​ព្រមាន​របស់​លោក ត្រាំ ដូចនេះ ក៏​ស្រប​នឹង​ការ​បញ្ចេញ​ព័ត៌មាន​តាមរយៈ​កាសែត​អាមេរិក Wall Street Journal នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៦ ខែ​មីនា ឆ្នាំ​២០២៦ ដោយ​បាន​រាយការណ៍​ថា សហរដ្ឋ​អាមេរិក​កំពុង​ពិចារណា​លើ​ការ​បញ្ជូន​កងទ័ព​ថ្មើរជើង​បន្ថែម ១​ម៉ឺន​នាក់ ទៅ​កាន់​តំបន់​មជ្ឈិមបូព៌ា នៅ​ចំពោះ​ការ​បញ្ជូន​សារ​ឆ្លើយឆ្លង​គ្នា​ជាមួយ​អ៊ីរ៉ង់។

ក្រុម​មន្ត្រី​ក្រសួង​ការពារ​ជាតិ​អាមេរិក ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់ Wall Street Journal ថា ចំនួន​ទ័ព​បន្ថែម​នេះ​នឹង​រាប់​បញ្ចូល​ទាំង​កងទ័ព​ថ្មើរជើង និង​រថពាសដែក​បន្ថែម​ពី​លើ​កងពល​ឆត្រ​យោង​លេខ​៨២ ដែល​ត្រូវ​បាន​ដាក់​ពង្រាយ​រួច​ទៅ​ហើយ​ទៅ​កាន់​តំបន់​មជ្ឈិមបូព៌ា។

ការ​បញ្ជូន​កងទ័ព​បន្ថែម​នេះ​ដែរ មាន​គោលបំណង​ផ្ដល់​ឱ្យ​លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ នូវ​ជម្រើស​យោធា​បន្ថែម​ទៀត គឺជា​ការ​វាយលុក​ចាប់​យក​ទឹកដី​ណា​មួយ​របស់​អ៊ីរ៉ង់។

តាម​ក្រុម​អ្នកជំនាញ ការ​ដាក់​ពង្រាយ​កងទ័ព​ឆត្រ​យោង​ទី​៨២ គឺ​មាន​គោលដៅ​លើ​ផលប្រយោជន៍​យុទ្ធសាស្ត្រ ដូចជា​ត្រៀម​វាយ​កាន់កាប់​កោះ Kharg ដែន​កោះ​ប្រទេស​អ៊ីរ៉ង់ ស្ថិត​ក្នុង​តំបន់​ឈូងសមុទ្រ​ពែក្ស។

សង្គ្រាម​ទ័ព​អាកាស និង​ទ័ព​ជើងទឹក​ដែល​អន្តរាគមន៍​រួម​គ្នា​រវាង​អាមេរិក និង​អ៊ីស្រាអែល វាយប្រហារ​អ៊ីរ៉ង់ បាន​ចូល​ដល់​ថ្ងៃទី​២៨ ហើយ ទាំង​អាមេរិក និង​អ៊ីស្រាអែល បាន​ប្រកាស​កាលពី​សប្ដាហ៍​មុន​ថា សង្គ្រាម​នេះ​នឹង​បិទ​បញ្ចប់​ត្រឹម​រយៈពេល ៦​សប្ដាហ៍៕

© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស