26.3 C
Phnom Penh

ប្រធាន​ចារកម្ម​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់ ត្រូវ​បាន​សម្លាប់ និង​ស្ថានការណ៍​ថ្មីៗ​ទាក់ទង​នឹង​សង្គ្រាម​នៅ​អ៊ីរ៉ង់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធាន​ចារកម្ម​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់ ត្រូវ​បាន​សម្លាប់​ក្នុង​ការ​វាយប្រហារ​តាម​អាកាស​ដោយ​កង​យន្តហោះ​ចម្បាំង​សហរដ្ឋ​អាមេរិក និង​អ៊ីស្រាអែល ខណៈ​សង្គ្រាម​ចូល​ដល់​សប្ដាហ៍​ទី​៦។

កងកម្លាំង​ឆ្មាំ​បដិវត្តន៍​នៃ​ប្រទេស​អ៊ីរ៉ង់ បាន​ប្រកាស​ថា ការ​វាយប្រហារ​តាម​ផ្លូវ​អាកាស​នៅ​ថ្ងៃទី​៦ ខែ​មេសា បាន​សម្លាប់​ប្រមុខ​ចារកម្ម​ប្រចាំ​កងកម្លាំង​របស់​ខ្លួន។

កង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់ បាន​ប្រកាស​នៅ​លើ​បណ្ដាញ Telegram អំពី​ដំណឹង​មរណភាព​ឧត្ដមសេនីយ៍ Majid Khademi ដែល​ជា​ប្រធាន​អង្គភាព​ចារកម្ម​នៃ​កង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់។ នេះ​បើ​តាម​ការ​ស្រង់​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន រ៉យទ័រ (Reuters)។

ជាមួយ​គ្នា​នេះ រដ្ឋមន្ត្រី​ការពារ​ជាតិ​អ៊ីស្រាអែល លោក Israel Katz បាន​ឱ្យ​ដឹង​ថា លោក Khademi ត្រូវ​បាន​សម្លាប់​ក្នុង​ការ​វាយប្រហារ​លើ​រដ្ឋធានី​តេហេរ៉ង់ ដែល​បណ្តា​ថ្នាក់ដឹកនាំ​អ៊ីរ៉ង់ កំពុង​រស់នៅ​ក្រោម​ការ​លាក់​ខ្លួន​ពី​ការ​វាយប្រហារ​ដោយ​កងទ័ព​អាកាស​អ៊ីស្រាអែល នៅ​បន្ត​លាក់​ខ្លួន​ក្នុង​ទី​សុវត្ថិភាព តែ​អ៊ីស្រាអែល នៅតែ​បន្ត​តាម​បាញ់​សម្លាប់​ពួកគេ​ម្តង​មួយៗ។

នៅ​ទីក្រុង​តែលអាវីវ ពលរដ្ឋ​អ៊ីស្រាអែល ក៏បាន​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​មេដឹកនាំ​របស់​គេ​ដែរ ដោយសារតែ​ពលរដ្ឋ​ត្រូវ​រត់​ចូល​ជ្រក​ក្នុង​ទីតាំង​ការពារ​គ្រាប់​ក្រោម​ដី​សឹងតែ​រាល់​ថ្ងៃ​ពី​ការ​បាញ់​កាំជ្រួច​ផង​ដែរ​នោះ។

ចាប់តាំងពី​សង្គ្រាម​នៅ​ថ្ងៃទី​២៨ ខែ​កុម្ភៈ ថ្នាក់ដឹកនាំ​របស់​អ៊ីរ៉ង់ រួម​ទាំង​ឧត្ដមសេនីយ៍ ត្រូវ​បាន​សម្លាប់​ជា​បន្តបន្ទាប់ ក្រោម​ការ​វាយប្រហារ​តាម​ផ្លូវ​អាកាស​ពី​សហរដ្ឋ​អាមេរិក និង​អ៊ីស្រាអែល ក្នុង​នោះ​រួម​មាន​ទាំង​មេដឹកនាំ​កំពូល លោក Ayatollah Ali Khamenei ប្រធាន​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ លោក Ali Larijani លេខាធិការ​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​អ៊ីរ៉ង់ មេបញ្ជាការ​កង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់ គឺ​ឧត្ដមសេនីយ៍ Mohammad Pakpour និង​រដ្ឋមន្ត្រី​ការពារ​ជាតិ លោក Aziz Nasirzadeh រួម​ទាំង​ឧត្ដមសេនីយ៍​ជាច្រើន​ទៀត​មាន​ជិត ៥០​នាក់។

ជាមួយ​គ្នា​នេះ ប្រតិបត្តិការ​ពិសេស​មួយ​សង្គ្រោះ​ពីឡុត​អាមេរិក​ម្នាក់​ដែល​បាត់​ខ្លួន បាន​ជោគជ័យ​ពី​ការ​ប្រយុទ្ធ​គ្នា​ដ៏​ក្តៅ​គគុក​រវាង​កុម្ម៉ង់ដូ​អាមេរិក និង​កងកម្លាំង​អ៊ីរ៉ង់ កាលពី​ថ្ងៃ​អាទិត្យ​ចុង​សប្ដាហ៍​នេះ។

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​ប្រកាស​ថា ពីឡុត​អាមេរិក​ម្នាក់​ដែល​បាត់​ខ្លួន​ក្រោយ​យន្តហោះ​ចម្បាំង F-15E មួយ​គ្រឿង​ត្រូវ​បាន​បាញ់​ទម្លាក់​នៅ​លើ​ប្រទេស​អ៊ីរ៉ង់ ត្រូវ​បាន​ជួយ​សង្គ្រោះ​ចេញពី​ទឹកដី​អ៊ីរ៉ង់ ដោយ​ជោគជ័យ​ហើយ។

វរសេនីយ៍ឯក​ម្នាក់​នេះ គឺជា​អាកាសយានិក​ម្នាក់​ក្នុង​ចំណោម​អាកាសយានិក​អាមេរិកាំង​ពីរ​នាក់​នៃ​យន្តហោះ​ចម្បាំង F-15E ដែល​ត្រូវ​បាន​ទ័ព​អ៊ីរ៉ង់ បាញ់​ទម្លាក់។

តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន​អាមេរិកាំង​មួយ​ចំនួន ដូចជា NPR, CNN, The Hill, NBC, CNBC នៅ​ថ្ងៃទី​៦ មេសា នេះ កងទ័ព​អ៊ីរ៉ង់ ក៏បាន​បាញ់​ទម្លាក់​យន្តហោះ​ចម្បាំង​អាមេរិកាំង ច្រើន​គ្រឿង​ណាស់​ដែរ​ក្នុង​ប្រតិបត្តិការ​សង្គ្រោះ​អាកាសយានិក​នោះ ដែល​យន្តហោះ​មួយ​គ្រឿងៗ​តម្លៃ​យ៉ាងតិច ១០០​លាន​ដុល្លារ។

ប្រភព​ព័ត៌មាន​បាន​បញ្ជាក់​អំពី​យន្តហោះ​ដឹកជញ្ជូន​យោធា C-130 ចំនួន ២​គ្រឿង និង​ឧទ្ធម្ភាគចក្រ Black Hawk ចំនួន ២​គ្រឿង​នៃ​កងទ័ព​សហរដ្ឋ​អាមេរិក ត្រូវ​បាន​កងកម្លាំង​អ៊ីរ៉ង់ កម្ទេច​ចោល។

ទន្ទឹម​នឹង​នេះ កងទ័ព​អ៊ីរ៉ង់ ក៏បាន​បញ្ជាក់​ថា ដ្រូន​អ៊ីស្រាអែល ប្រភេទ Hermes-900 និង​ដ្រូន​អាមេរិកាំង MQ-9 ក៏​ត្រូវ​បាន​បាញ់​ទម្លាក់​នៅ​ក្នុង​ខេត្ត Isfahan ផង​ដែរ ខណៈ​យន្តហោះ​ចម្បាំង A-10 មួយ​គ្រឿង​ដែល​ជួយ​គាំទ្រ​ប្រតិបត្តិការ​នោះ រង​ការ​បាញ់​ប្រហារ​ដូច​គ្នា បាន​ធ្លាក់​នៅ​ប្រទេស​គុយវ៉ែត ប៉ុន្តែ​ពីឡុត​ផ្តាច់​កៅអី​ចេញពី​យន្តហោះ​ទាន់​ពេលវេលា ហើយ​ក្រោយ​មក​ត្រូវ​បាន​ជួយ​សង្គ្រោះ​ដោយ​សុវត្ថិភាព។

លោក ត្រាំ អះអាង​ថា ពុំ​មាន​ទាហាន​អាមេរិក​ណា​ម្នាក់​បាន​បាត់បង់​ជីវិត ឬ​រង​របួស​ធ្ងន់ធ្ងរ​ក្នុង​ប្រតិបត្តិការ​សង្គ្រោះ​នោះ​ឡើយ លើកលែង​ពីឡុត​ម្នាក់​នោះ​រង​របួស។

សារព័ត៌មាន​អាមេរិកាំង​បាន​ផ្សាយ​រាល់​ថ្ងៃ​អំពី​ទាហាន​អាមេរិកាំង​ស្លាប់ និង​របួស ថា​ចាប់ពី​ដើម​ខែ​មេសា មក ទាហាន ១៣​នាក់​ស្លាប់ របួស ៣៦០​នាក់ រីឯ​ប្រភព​ខ្លះ​ថា​ទាហាន​របួស​ពី ៣៦៥ ទៅ ៧០០​នាក់។

អនុរដ្ឋមន្ត្រី​ការបរទេស​អ៊ីរ៉ង់ លោក Kazem Gharibabadi នៅ​ថ្ងៃ​ចន្ទ​នេះ បាន​និយាយ​ថា ការ​គំរាមកំហែង​ពី​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ ដែល​ថា​នឹង​វាយប្រហារ​រោងចក្រ​ផលិត​ថាមពល និង​ស្ពាន​នានា​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់ គឺ​អាច​ត្រូវ​ចាត់ទុក​ជា​ឧក្រិដ្ឋកម្ម​សង្គ្រាម។

លោក Gharibabadi បាន​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម X ថា ការ​គំរាម​របស់​លោក​ប្រធានាធិបតី​អាមេរិក ថា​កម្ទេច​ទីតាំង​ថាមពល​រោងចក្រ​អគ្គិសនី និង​ហេដ្ឋារចនាសម្ព័ន្ធ​អ៊ីរ៉ង់ ប្រៀប​បាន​នឹង​ការ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្គ្រាម និង​ឧក្រិដ្ឋកម្ម​លើ​មនុស្ស​ជាតិ។

តំណាងរាស្ត្រ​អាមេរិកាំង Seth Moulton និង​សេដ្ឋវិទូ​អាមេរិកាំង ជា​បេក្ខជន​ទទួល​រង្វាន់​ណូបែល​ផ្នែក​សេដ្ឋកិច្ច សាស្ត្រាចារ្យ Paul Krugman និយាយ​ប្រាប់​ទូរទស្សន៍ MSNOW កាលពី​ថ្ងៃ​អាទិត្យ ទី​៥ ខែ​មេសា ដូច​គ្នា​ថា អ្វី​ដែល​លោក​ប្រធានាធិបតី​អាមេរិកាំង​និយាយ​ចេញពី​មាត់​លោក គឺ​បង្ហាញ​អំពី​ចេតនា​ដឹកនាំ​ការ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្គ្រាម ហើយ​ស្នើ​ឲ្យ​សភា​លើកយក​កំណែ​ទម្រង់​រដ្ឋធម្មនុញ្ញ​មាត្រា​២៥ លែង​ឲ្យ​លោក ដូណាល់ ត្រាំ ដឹកនាំ​ប្រទេស។

កាលពី​សប្តាហ៍​មុន រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ បាន​បញ្ឈប់​មុខតំណែង​មុខនាទី​នាយទាហាន​ថ្នាក់​ឧត្ដមសេនីយ៍ ឧត្ដមនាវី មេបញ្ជាការ​កងទ័ព​ជិត ១០​រូប ពីព្រោះ​ជំទាស់​នឹង​បទបញ្ជា​ខុស​រដ្ឋធម្មនុញ្ញ និង​ខុស​ច្បាប់​អន្តរជាតិ។

កាលពី​ថ្ងៃ​អាទិត្យ លោក ដូណាល់ ត្រាំ បាន​គំរាម​កម្ទេច​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល និង​ថាមពល​របស់​អ៊ីរ៉ង់ ឱ្យ​ខ្ទេច​គ្មាន​សល់ ដោយ​ទាមទារ​ឱ្យ​ទីក្រុង​តេហេរ៉ង់ ឱនក្បាល​ទទួលយក​ការ​ទាមទារ​របស់​លោក គឺ​ត្រូវ​បើក​ច្រក​សមុទ្រ​ហ័រមូស (Hormuz) ឡើងវិញ។

លោក ត្រាំ ប្រកាស​ថា​លោក​បាន​ទុក​ពេល​ឱ្យ​អ៊ីរ៉ង់ ដល់​ត្រឹម​ម៉ោង ៨​យប់​ថ្ងៃ​ចន្ទ ម៉ោង​នៅ​សហរដ្ឋ​អាមេរិក ឬ​ត្រូវ​ម៉ោង ៧​ព្រឹក​ថ្ងៃ​អង្គារ ហើយ​បើ​គ្មាន​កិច្ចព្រមព្រៀង​ទេ​នោះ លោក ត្រាំ ថា​អ៊ីរ៉ង់​នឹង​រង​ការ​វាយ​កម្ទេច​ដូច​នៅ​ឋាននរក។

មន្ត្រី​ជាន់ខ្ពស់​ក្រុង​តេហេរ៉ង់ ប្រាប់​ក្រុង​វ៉ាស៊ីនតុន ថា អ៊ីរ៉ង់​មិនមែន​គ្រាន់តែ​ជា​ប្រទេស​មួយ​នោះ​ទេ អ៊ីរ៉ង់ ជា​អរិយធម៌​មាន​អាយុ​ជាង ៣​ពាន់​ឆ្នាំ។ ច្រក​សមុទ្រ​ហ័រមូស បិទ​ចំពោះ​តែ​ប្រទេស​ឈ្លានពាន​ប៉ុណ្ណោះ មិន​បិទ​សម្រាប់​ប្រទេស​ដទៃ​ទេ។

នៅ​ថ្ងៃ​ចន្ទ ទី​៦ ខែ​មេសា នេះ អ៊ីរ៉ង់​ត្រៀម​នឹង​ឆ្លើយតប​សំណូមពរ​ក្រុង​វ៉ាស៊ីនតុន វិញ ដែល​ស្នើ​ឲ្យ​មាន​បទ​ឈប់​បាញ់​គ្នា ៤៥​ថ្ងៃ ហើយ​បដិសេធ​មិន​បើក​ច្រក​ហ័រមូស តាម​ការ​គំរាម​ពី​ក្រុង​វ៉ាស៊ីនតុន ឡើយ៕

© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស