ក្រោយពីបិទបញ្ចប់ជំនួបកំពូលទ្វេភាគីកាលពីថ្ងៃចន្ទ ទី១៤ វិច្ឆិកា រវាងលោក ចូ បៃដិន និងលោក ស៊ី ជីនពីង នៅឯកោះបាលី ប្រទេសឥណ្ឌូនេស៊ី មុនពេលដែលជំនួបកំពូលនៃមេដឹកនាំប្រទេស G-20 ត្រូវចាប់ផ្តើម អ្នកសារព័ត៌មានបានធ្វើកត់ត្រាទុកភ្លាមៗនូវពាក្យសម្ដីរបស់លោក ស៊ី ដែលយល់ព្រមបញ្ជូនសារប្រាប់ទៅសមមិត្ត វ៉ា្លឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ី ឱ្យបញ្ឈប់ការគំរាមបង្កសង្គ្រាមនុយក្លេអ៊ែរវាយប្រហារលើទឹកដីអ៊ុយក្រែន។
បើតាមដំណឹងពីសេតវិមាននៃសហរដ្ឋអាមេរិក ឲ្យដឹងថា គឺលោក ចូ បៃដិន បានជួបផ្ទាល់ជាមួយលោក ស៊ី ជីនពីង ដើម្បីស្វែងរកដំណោះស្រាយមកបន្ធូរបន្ថយភាពតានតឹងទាំងឡាយដោយសារតែការប្រជែងគ្នារវាងមហាអំណាចទាំងពីរនាពេលកន្លងមក មានទាំងជម្លោះសេដ្ឋកិច្ច ការប្រជែងភូមិសាស្ត្រ និងយុទ្ធសាស្ត្រនយោបាយសកល ប៉ុន្តែក្នុងជំនួបនេះ លោក បៃដិន ផ្ដើមលើកឡើងអំពីលោក ពូទីន មិត្តភ័ក្ដិរបស់លោក ស៊ី ដែលតែងគំរាមបង្កសង្គ្រាមនុយក្លេអ៊ែរ និងករណីកូរ៉េខាងជើង ពង្រីកអំណាចក្បាលគ្រាប់នុយក្លេអ៊ែរ ដែលជាការប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខឧបទ្វីបកូរ៉េ។
តាមសេចក្ដីថ្លែងការណ៍របស់សេតវិមាន លោក Jake Sullivan ទីប្រឹក្សាសន្តិសុខជាតិអាមេរិក ដែលអមដំណើរដោយលោក បៃដិន ទៅចូលប្រជុំទាំងនៅវេទិកាអាស៊ាន-អាមេរិកនៅកម្ពុជា និងវេទិកានៃមេដឹកនាំប្រទេសសេដ្ឋកិច្ចជឿនលឿន G-20 នៅប្រទេសឥណ្ឌូនេស៊ី បញ្ជាក់ថា ភាគីអាមេរិកមិនបានសង្កេតឃើញថា ប្រទេសចិនបានជួយផ្គត់ផ្គង់អាវុធទៅឲ្យរុស្ស៊ី ឬក៏ជួយរុស្ស៊ីដោយប្រការណាមួយក្នុងលក្ខណៈអន្តរាគមន៍ជួយរុស្ស៊ីនោះទេ។ ដូចនេះហើយ លោក ចូ បៃដិន បាននិយាយថា លោកសប្បាយចិត្តព្រោះឃើញថា ចិនមិនបានជួយរុស្ស៊ី នោះទេ ជាពិសេសសព្វាវុធ។ ជំនួបរបស់លោក បៃដិន និងលោក ស៊ី ជីនពីង គឺជាជំនួបទ្វេភាគីខាងក្រៅវេទិកា G-20។
ក្រោយពីជំនួបនេះ សេតវិមានកត់សម្គាល់ឃើញចំណុចវិជ្ជមានជាច្រើនដែលមេដឹកនាំទាំងពីរអាចសន្ទនាគ្នាដោយមានការចុះសម្រុងនឹងគ្នា។
ចំណុចវិជ្ជមានចំនួនពីរនោះ គឺនៅពេលលោក បៃដិន ស្នើឲ្យចិន ជួយស្ដារសណ្ដាប់ធ្នាប់ពិភពលោក គឺលោក ស៊ី យល់ព្រម ហើយតាំងចិត្តជួយពង្រឹងច្បាប់ទម្លាប់អន្តរជាតិ និងសន្តិសុខសកលទៀតផង។ នៅចុងបញ្ចប់ លោក ស៊ី ជីនពីង ក៏សម្រេចបញ្ចេញជំហររបស់លោកថា លោកសូមជំទាស់ដាច់ខាតទៅនឹងការគំរាមបង្កសង្គ្រាមនុយក្លេអ៊ែរ ទាំងនៅលើទឹកដីអ៊ុយក្រែន និងនៅទីណាទាំងអស់នៃពិភពលោក។
លោក ស៊ី បានប្រាប់លោក ពូទីន ថា កាលដែលលោកជួបជាមួយអធិការបតីអាល្លឺម៉ង់ កាលពីដើមខែនេះនៅក្រុងប៉េកាំង ក៏លោកបានជំទាស់រុស្ស៊ីរួចទៅហើយដែលចង់ផ្ដើមបញ្ចប់សង្គ្រាមលើទឹកដីអ៊ុយក្រែន ដោយការទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ។
បើតាមលោក ស៊ី គេមិនត្រូវធ្វើដូចក្នុងសម័យសង្គ្រាមលោកលើកទី២ នោះទេ។ លោក ស៊ី ថាពេលវេលាគឺខុសគ្នាទាំងស្រុង ព្រោះពេលនេះពិភពលោកមានច្បាប់ទម្លាប់ត្រឹមត្រូវ គឺចាំបាច់ត្រូវបញ្ចៀសសង្គ្រាមបែបនេះ។
គេនៅចាំបានថា នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ១៩៤៥ សហរដ្ឋអាមេរិកបានទម្លាក់គ្រាប់បែកប៉ារ៉ាម៉ាណូដែលសព្វថ្ងៃគេហៅគ្រាប់បែកនុយក្លេអ៊ែរ គឺចំនួន ២គ្រាប់ទៅលើប្រទេសជប៉ុន គឺមួយគ្រាប់នៅទីក្រុងហ៊ីរ៉ូសេម៉ា និងមួយគ្រាប់ទៀតនៅទីក្រុងណាកាសាគី ដែលបណ្ដាលឱ្យប្រជាជនជប៉ុនស្លាប់ និងរងបួសរាប់សែននាក់។
ហេតុការណ៍នេះហើយដែលនាំឲ្យជប៉ុន យល់ព្រមចុះចាញ់សង្គ្រាមនឹងអាមេរិក ហើយបិទបញ្ចប់សង្គ្រាមលោកលើកទី២ ជាស្ថាពរនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥។
មេដឹកនាំទាំងពីរ គឺលោក បៃដិន និងលោក ស៊ី បានញញឹមនៅពេលចាប់ដៃស្វាគមន៍គ្នាយ៉ាងកក់ក្ដៅនៅពីមុខទង់ជាតិសហរដ្ឋអាមេរិក និងចិន ក្នុងសាលប្រជុំនៃសណ្ឋាគារ Mulia នៅលើកោះបាលី។
លោក បៃដិន និយាយថា៖ «ក្នុងនាមជាមេដឹកនាំនៃប្រទេសទាំងពីរ ខ្ញុំគិតថាយើងមានកាតព្វកិច្ចរួមនៅក្នុងការបង្ហាញថា ប្រទេសចិន និងសហរដ្ឋអាមេរិកអាចគ្រប់គ្រងទស្សនៈផ្ទុយគ្នា ហើយបង្ការការប្រកួតប្រជែងមិនឱ្យក្លាយទៅជាជម្លោះ គឺត្រូវស្វែងរកវិធីធ្វើការជាមួយគ្នាលើបញ្ហាបន្ទាន់នានានៅលើពិភពលោក ដែលតម្រូវឱ្យមានកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរទៅវិញទៅមក»។
ឆ្លើយតបនឹងលោក បៃដិន លោក ស៊ី បង្ហាញអារម្មណ៍រីករាយដែលលោកថាទំនាក់ទំនងរវាងប្រទេសចិន និងសហរដ្ឋអាមេរិក គឺជាកម្លាំងធំមួយជួយសន្តិភាពពិភពលោក។
លោក ស៊ី បញ្ជាក់ថា៖ «ប្រទេសយើងទាំងពីរចាំបាច់ត្រូវត្រួសត្រាយផ្លូវត្រឹមត្រូវសម្រាប់ទំនាក់ទំនងរវាងប្រទេសចិន និងសហរដ្ឋអាមេរិក ហើយចាំបាច់ត្រូវស្វែងរកទិសដៅត្រឹមត្រូវឆ្ពោះទៅមុខសម្រាប់ទំនាក់ទំនងទ្វេភាគី និងលើកកម្ពស់ទំនាក់ទំនងនេះឲ្យបានល្អនឹងគ្នាទៅមុខទៀត»។
ជំហររបស់មេដឹកនាំចិន ដែលបង្ហាញដូចនេះ បាននាំឲ្យអ្នកសារព័ត៌មានធ្វើការអង្កេតដោយបានហៅរដ្ឋាភិបាលក្រុងប៉េកាំង ថាចាប់ផ្ដើមឲ្យសញ្ញាងាកចេញពីរបបលោក ពូទីន។
តែយ៉ាងណាក៏ដោយ ជំនួបរវាងលោក បៃដិន និងលោក ស៊ី ជីនពីង នៅលើកោះបាលី នៃប្រទេសឥណ្ឌូនេស៊ី ក្នុងអំឡុងជំនួបមេដឹកនាំប្រទេសសេដ្ឋកិច្ចជឿនលឿន G-20 ធ្វើឡើងខណៈលោក ពូទីន អវត្តមាន ដែលគេថាលោក ពូទីន មិនទៅចូលរួមប្រជុំនៅទីនោះដោយសារមិនចង់បាក់មុខនៅលើវេទិកានេះទេ ព្រោះមិនចង់ស្ដាប់មេដឹកនាំ G-20 ថ្កោលទោសរុស្ស៊ីឈ្លានពានអ៊ុយក្រែន ហើយកំពុងតែចាញ់សង្គ្រាមផងនោះ។
ប៉ុន្តែអ្នកសង្កេតការណ៍នៅតែមិនទាន់ទុកចិត្តលើជំហររបស់លោក ស៊ី ទាំងស្រុងនោះទេ ទោះជាលោក ស៊ី សម្រេចបញ្ជូនសារប្រឆាំងលោក ពូទីន ដែលចង់បង្កសង្គ្រាមនុយក្លេអ៊ែរក៏ដោយនោះ៕