29.6 C
Phnom Penh

ពលរដ្ឋ​ឃុំ​ស្រែសំបូរ​ថា​ក្រុមហ៊ុន​ឧកញ៉ា ជា ពៅ បន្ត​កាប់​ឈើ​យ៉ាង​អនាធិបតេយ្យ​ក្នុង​ខេត្ត​ស្ទឹងត្រែង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលរដ្ឋ​ឃុំ​ស្រែសំបូរ ស្រុក​សៀមប៉ាង ខេត្ត​ស្ទឹងត្រែង អះអាង​ថា ក្រុមហ៊ុន សៀវម៉ុន (ខេមបូឌា) របស់​លោក​ឧកញ៉ា ជា ពៅ ហៅ​ហួ នៅតែ​បន្ត​កាប់​ឈើ​ពី​ខាង​ក្រៅ ដើម្បី​ដឹក​ចូល​ក្រុមហ៊ុន​របស់​ខ្លួន​ដដែល ដោយ​គ្មាន​សមត្ថកិច្ច​ជំនាញ​ណា​មួយ​ហ៊ាន​ចុះ​ទប់ស្កាត់​នោះ​ឡើយ។

ពលរដ្ឋ​ម្នាក់​រស់នៅ​ឃុំ​ស្រែសំបូរ ប្រាប់​សារព័ត៌មាន ឌឹ ខេមបូឌា ដេលី ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ថា ក្រុមហ៊ុន សៀវម៉ុន (ខេមបូឌា) អេហ្គ្រីខលឈ័រ ខមប្រេអេនស៊ីវ ឌីវេឡុបមេន ឯ.ក (SIEMON (CAMBODIA) AGRICULTURE COMPREHENSIVE DEVELOPMENT Co.,Ltd) ដែល​ជា​របស់​លោក​ឧកញ៉ា ជា ពៅ នៅតែ​កាប់​ឈើ​ពី​ខាង​ក្រៅ​យក​មក​ដាក់​នៅ​ក្នុង​ក្រុមហ៊ុន​របស់​ខ្លួន​ដដែល។

លោក​បន្ត​ថា ក្រុមហ៊ុន​មួយ​នេះ​បាន​ផ្លាស់ប្ដូរ​រូបភាព​ឈប់​ដឹក​ឈើ​តាម​រថយន្ត​អារ៉ែវ​កែច្នៃ មក​ដឹក​តាម​គោយន្ត​វិញ​ម្តង។ ពួកគេ​បាន​ដឹក​ឈើ​ចេញពី​ព្រៃ​ការពារ និង​ព្រៃ​អភិរក្ស​មួយ​ចំនួន​នៅ​ក្នុង​ស្រុក​សៀមប៉ាង នៃ​ខេត្ត​ស្ទឹងត្រែង។

បុរស​ដដែល​បន្ត​ថា ពលរដ្ឋ​នៅ​ឃុំ​នេះ​មិន​ហ៊ាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ជំនាញ​ឡើយ ដោយសារ​ពួកគេ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន។ លោក​អំពាវនាវ​ឲ្យ​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល ធ្វើ​យ៉ាងណា​ទប់ស្កាត់​ក្រុមហ៊ុន​មួយ​នេះ​កុំ​ឲ្យ​ដើរ​កាប់​ឈើ​យ៉ាង​អនាធិបតេយ្យ​ដូច្នេះ​ទៀត។

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក លោក ប៊ី វាន្នី បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​ក្រុមហ៊ុន​មួយ​នេះ​នៅតែ​ដំណើរការ​ល្អ ដោយសារ​គ្មាន​សមត្ថកិច្ច​ចុះ​បង្ក្រាប។ លោក​សម្ដែង​ក្តី​អស់សង្ឃឹម​ទៅ​លើ​មន្ត្រី​ជំនាញ​នៅ​តំបន់​នោះ ព្រោះ​ពួកគេ​មិន​អើពើ​ចំពោះ​បញ្ហា​ទាំងនេះ​ទេ។ លោក​បន្ត​ថា ពួកគេ​ហាក់​កំពុង​ត្រូវ​ដង​ត្រូវ​ផ្លែ​គ្នា​ជាមួយ​អាជ្ញាធរ​នៅ​តំបន់​នោះ។

លោក​បន្ត​ទៀត លោក​តែងតែ​ទទួល​បាន​នូវ​ព័ត៌មាន​អំពី​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​ខេត្ត​ស្ទឹងត្រែង ហើយ​ពលរដ្ឋ​តែងតែ​ផ្ដល់​ដំណឹង​ទៅ​មន្ត្រី​ជំនាញ​ទាំងនោះ ប៉ុន្តែ​មន្ត្រី​ទាំងនោះ​ហាក់​គ្មាន​ឆន្ទៈ​ក្នុង​ការ​បង្ក្រាប ឬ​ទប់ស្កាត់​ឡើយ។

សារព័ត៌មាន ឌឹ ខេមបូឌា ដេលី នៅ​មិនទាន់​អាច​សុំ​ការ​ឆ្លើយ​បំភ្លឺ​ពី​មន្ត្រី​ជំនាញ​ខេត្ត​ស្ទឹងត្រែង និង​លោក​ឧកញ៉ា ជា ពៅ បាន​នៅឡើយ​នោះ​ទេ​រហូត​មក​ដល់​ម៉ោង​ចេញ​ផ្សាយ​នេះ។

ប្រភព​ពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ស្រុក​សៀមប៉ាង បាន​ឲ្យ​ដឹង​ថា ឧកញ៉ា ជា ពៅ មិន​បាន​ដាំ​ដើមឈើ​នៅ​ទីនោះ​ទេ ហើយ​ផ្តល់​សិទ្ធិ​ទៅ​ឲ្យ​ឈ្មោះ ស្នា ជា​ប្អូន​របស់​ឧកញ៉ា ម៉ឹក សុផាន់ណារ៉េត ហៅ​ឧកញ៉ា​ជ័យ ជា​អ្នក​ដាំ​ដើមឈើ ប៉ុន្តែ​ជាក់ស្តែង ឈ្មោះ ស្នា និង​ឧកញ៉ា ម៉ឹក សុផាន់ណារ៉េត ហៅ​ឧកញ៉ា​ជ័យ ព្រមទាំង​ឧកញ៉ា ជា ពៅ បាន​សម្រុក​កាប់​ឈើ​នៅ​ស្រុក​សៀមប៉ាង ខេត្ត​ស្ទឹងត្រែង ចូល​ទៅ​ខេត្ត​កំពង់ធំ យ៉ាង​គគ្រឹកគគ្រេង​ទាំង​យប់​ទាំង​ថ្ងៃ។

តំបន់​ដែល​ត្រូវ​ដាំ​ដើមឈើ​នោះ គេ​ទើប​ឈូស​ឆាយ​បាន​ប្រមាណ ១​ពាន់​ហិកតារ​ប៉ុណ្ណោះ ហើយ​មិន​ឃើញ​មាន​ដាំ​ដើមឈើ​អ្វី​ទេ ប៉ុន្តែ​ឧកញ៉ា ជា ពៅ បាន​កាប់​ឈើ និង​ដឹកជញ្ជូន​ឈើ​ទាំងនោះ​យ៉ាង​ពេញ​បន្ទុក។

បើ​តាម​ចំណារ​របស់​លោក ហ៊ុន សែន ក្នុង​លិខិត​អនុញ្ញាត​លេខ​៤៥១ សជណ.កស ចុះ​ថ្ងៃទី​០៨ ខែ​មិថុនា ឆ្នាំ​២០១៧ របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី និង​លិខិត​លេខ​៥០៦៩ កសក ចុះ​ថ្ងៃទី​២៥ ខែ​ឧសភា ឆ្នាំ​២០១៨ របស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​អនុញ្ញាត​ឲ្យ​មាន​ការ​ឈូស​ឆាយ​សម្អាត​ដី និង​ប្រមូល​ផល​ឈើ និង​អនុផល​ព្រៃឈើ​តែ​ក្នុង​អនុ​តំបន់​១ និង​អនុ​តំបន់​៦B នៃ​ស្ថានីយ​ដាំ​ឈើ​សៀមប៉ាង តែប៉ុណ្ណោះ ដើម្បី​រៀបចំ​ដី​សម្រាប់​ដាំ​ដើមឈើ​ឡើងវិញ​តាម​ផែនការ​មេ​របស់​ក្រុមហ៊ុន។

រដ្ឋាភិបាល​បាន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន សៀវម៉ុន (SIEMON (CAMBODIA) AGRICULTURE COMPREHENSIVE DEVELOPMENT Co.,Ltd) បង្កើត​ស្ថានីយ​ដាំ​ឈើ​សហការ​ដៃគូ​សៀមប៉ាង សម្រាប់​ធ្វើ​ការ​អភិវឌ្ឍ ស្ដារ និង​ដាំដុះ​ព្រៃឈើ​ឡើងវិញ​លើ​ផ្ទៃដី​ទំហំ ២៦៩៩០​ហិកតារ និង​រៀបចំ​បង្កើត​ថ្នាល​បណ្ដុះ​កូនឈើ​ទំហំ ៣០០​ហិកតារ​ដែល​មាន​ទីតាំង​នៅ​ឃុំ​ស្រែសំបូរ ស្រុក​សៀមប៉ាង ខេត្ត​ស្ទឹងត្រែង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស