26 C
Phnom Penh

កិច្ចប្រជុំ G20 បិទ​បញ្ចប់​ដោយ​ថ្លែងការណ៍​ថ្កោលទោស​រុស្ស៊ី ខណៈ​មីស៊ីល​មួយ​គ្រាប់​ធ្លាក់​ចូល​ទឹកដី​ប៉ូឡូញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កិច្ចប្រជុំ​កំពូល​របស់​មេដឹកនាំ​ប្រទេស​សេដ្ឋកិច្ច​ជឿនលឿន G-20 បាន​បិទ​បញ្ចប់​នៅ​ថ្ងៃ​ពុធ​នេះ ដោយ​ការ​ចេញ​សេចក្ដី​ថ្លែងការណ៍​ថ្កោលទោស​រុស្ស៊ី វាយប្រហារ​ដោយ​គ្រាប់​មីស៊ីល​ទៅ​លើ​ប្រទេស​អ៊ុយក្រែន កាលពី​យប់​ទៀបភ្លឺ ដែល​យ៉ាងតិច​មីស៊ីល​ជាង ៩០​គ្រាប់​បាន​ធ្លាក់​នៅ​ទូទាំង​ប្រទេស​អ៊ុយក្រែន ហើយ​យ៉ាង​ហោច​មួយ​គ្រាប់​បាន​ធ្លាក់​ចូល​ទឹកដី​ប៉ូឡូញ បណ្ដាល​ឱ្យ​មនុស្ស ២​នាក់​ស្លាប់។

នៅ​ក្នុង​ការ​បិទ​បញ្ចប់​ជំនួប​កំពូល​នៃ​ប្រទេស G-20 ប្រធានាធិបតី​ឥណ្ឌូនេស៊ី បាន​ផ្ទេរ​សិទ្ធិ​ជា​ប្រធាន​វេន​ប្រចាំ​ឆ្នាំ​២០២៣ ឱ្យ​ទៅ​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ឥណ្ឌា។ សេចក្ដី​ថ្លែងការណ៍​បាន​សម្ដែង​ការ​ព្រួយបារម្ភ​អំពី​ប្រតិកម្ម​របស់​ប្រទេស​ប៉ូឡូញ ដែល​គិត​ថា​សង្គ្រាម​កំពុង​រអិល​ធ្លាក់​ចូល​ទៅ​ប្រទេស​ប៉ូឡូញ ដែល​ជា​សមាជិក​ណាតូ។

ប្រធានាធិបតី​ឥណ្ឌូនេស៊ី លោក ចូកូ វិដូដូ បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា សេចក្ដី​ថ្លែងការណ៍​រួម​របស់​មេដឹកនាំ G-20 ដែល​ពុំ​មាន​តំណាង​រុស្ស៊ី បាន​ថ្កោលទោស​រុស្ស៊ី ហើយ​បាន​ទាមទារ​ឲ្យ​បញ្ចប់​សង្គ្រាម​នៅ​លើ​ទឹកដី​អ៊ុយក្រែន​ជាបន្ទាន់។

បើ​តាម​លោក ចូកូ វិដូដូ របៀបវារៈ​អំពី​សង្គ្រាម​រុស្ស៊ី និង​អ៊ុយក្រែន បាន​ពិភាក្សា​គ្នា​យ៉ាង​តឹងតែង ហើយ​ទីបំផុត ទើប​សម្រេច​ថា​ត្រូវ​មាន​សេចក្ដី​ថ្លែងការណ៍​រួម​ដែល​គ្រប់​ភាគី​ទាំងអស់​សុំ​កាត់បន្ថយ​ឲ្យ​ខ្លាំង​បំផុត​នៃ​ស្ថានភាព​សង្គ្រាម ហើយ​ឈាន​ទៅ​រក​ការ​បិទ​បញ្ចប់​ទាំងស្រុង។ លោក​ឱ្យ​ដឹង​ថា គ្រាប់​មីស៊ីល​ធ្លាក់​ចូល​ទឹកដី​អ៊ុយក្រែន គឺជា​រឿង​សោកស្ដាយ​ដែល​មិន​ត្រូវ​ឲ្យ​មាន​ជា​លើក​ទី​២ នោះ​ទេ។

ជាមួយ​គ្នា​នេះ ប្រធានាធិបតី​បារាំង លោក Emmanuel Macron បាន​ថ្លែង​ថា ឧបទ្ទវហេតុ​នេះ​គេ​មិន​ត្រូវ​ប្រញាប់​សន្និដ្ឋាន​ថា វា​ធ្លាក់​មក​ពីណា​នោះ​ទេ។ លោក​ថា គេ​ត្រូវ​ប្រុងប្រយ័ត្ន​រឿង​នេះ។ តែ​ជាមួយ​គ្នា​នេះ សេចក្ដី​ថ្លែងការណ៍​របស់​ក្រុម​មេដឹកនាំ​ប្រទេស G-20 បាន​ទាមទារ​ថា ការ​គំរាម​បង្ក​សង្គ្រាម​នុយក្លេអ៊ែរ ត្រូវតែ​បញ្ឈប់​ជាបន្ទាន់ ហើយ​ត្រូវ​បើក​ឲ្យ​មាន​ការ​ដឹក​គ្រាប់ធញ្ញជាតិ​ឡើងវិញ​ចេញពី​កំពង់ផែ​នៅ​សមុទ្រ​ខ្មៅ។

បើ​តាម​សារព័ត៌មាន Business Insider ក្រោយពី​ទទួល​ដំណឹង​ថា​មាន​គ្រប់​មីស៊ីល​មួយ​គ្រាប់​ផលិត​នៅ​រុស្ស៊ី បាន​ធ្លាក់​ចូល​ព្រំដែន​នៃ​ប្រទេស​ប៉ូឡូញ សមាជិក​របស់​អង្គការ​ណាតូ លោក​ប្រធានាធិបតី​អាមេរិក ចូ បៃដិន បាន​កោះ​ប្រជុំ G-7 នៃ​មេដឹកនាំ​ណាតូ តែ​លើកលែង​ប្រទេស​ជប៉ុន ដោយ​ពិភាក្សា​គ្នា​ជាបន្ទាន់ ដើម្បី​ឆ្លើយតប​មីស៊ីល​មួយ​គ្រាប់​ដែល​បាន​បាញ់​ធ្លាក់​ចូល​ទឹកដី​ប៉ូឡូញ ដែល​ជា​សមាជិក​ណាតូ។

ក្រុម​មេដឹកនាំ G-7 ដាក់​ការ​ព្រួយបារម្ភ តែ​ព្រមាន​រុស្ស៊ី កុំ​ឲ្យ​មាន​ចេតនា​បាញ់​មក​លើ​សមាជិក​ណាតូ​ឲ្យ​សោះ ទោះជា​មួយ​គ្រាប់​មីស៊ីល​នេះ​ត្រូវ​ចាត់ទុក​ថា​មិន​ដឹង​បាញ់​ចេញពី​ភាគី​ណា​ក៏ដោយ​នោះ។

លោក​ប្រធានាធិបតី​តួកគី Recep Tayyip Erdogan បាន​ស្នើសុំ​នូវ​ភាព​អត់ធ្មត់​ឲ្យ​បាន​ខ្ពស់​បំផុត។ លោក​សន្យា​ថា​នឹង​ប្រាប់​ទៅ​រុស្ស៊ី កុំ​ឲ្យ​មាន​ឧបទ្ទវហេតុ​នេះ​កើតឡើង​ទៀត។

រុស្ស៊ី​បាន​បាញ់​មីស៊ីល​ប្រហែល​ជាង ៩០​គ្រាប់ ដោយ​បាញ់​មក​លើ​ប្រទេស​អ៊ុយក្រែន។ នេះ​បើ​តាម​ប្រធានាធិបតី​អ៊ុយក្រែន លោក ហ្សេឡេនស្គី ដែល​បាន​ថ្លែង​ប្រាប់​ទៅ​ក្រុម​មេដឹកនាំ G-20 និង​ក្រុម​មេដឹកនាំ​ណាតូ។

លោក ហ្សេឡេនស្គី បាន​ស្នើ​ឱ្យ​មាន​ការ​ចាត់ការ​ប្រឆាំង​នឹង​រុស្ស៊ី។ តែ​យ៉ាងណាក៏ដោយ រដ្ឋាភិបាល​ប៉ូឡូញ បាន​សម្រេច​បញ្ចេញ​សញ្ញា​អាសន្ន​ព្រមាន​ទុក​ជា​មុន​ថា ប៉ូឡូញ​នឹង​បាញ់​តបត បើ​មីស៊ីល​នោះ​ពិត​ជា​រក​ឃើញ​ថា​បាន​បាញ់​ចេញពី​កងទ័ព​រុស្ស៊ី ទោះជា​បាញ់​ចេញពី​ប្រទេស​ណា​ក៏ដោយ។

ក្នុង​ស្ថានភាព​នេះ យន្តហោះ​ចម្បាំង​របស់​កងកម្លាំង​អាកាស​ប៉ូឡូញ ត្រូវ​គេ​រាយការណ៍​ថា​បាន​ត្រៀម​រួច​ជា​ស្រេច​នៅ​ក្នុង​លទ្ធភាព​វាយលុក​តបត​ទៅវិញ បើសិនជា​មាន​សញ្ញា​ភ្លើង​បៃតង​បញ្ជា​ឱ្យ​ធ្វើ​ការ​តបត​ដាក់​ទៅ​លើ​រុស្ស៊ី​វិញ​នោះ។

ការ​ត្រៀម​វាយប្រហារ​នេះ គឺ​នៅ​បន្ទាប់ពី​មាន​សេចក្ដី​រាយការណ៍​មក​ថា​គ្រាប់​មីស៊ីល​មួយ​គ្រាប់​បាន​ធ្លាក់​ចំ​តំបន់​កសិដ្ឋាន​មួយ​ក្នុង​ទីក្រុង Przewodów ខាង​ក្នុង​ទឹកដី​ប៉ូឡូញ កាលពី​ថ្ងៃទី​១៥ ខែ​វិច្ឆិកា គឺជា​គ្រាប់​មីស៊ីល​របស់​រុស្ស៊ី។ ក្នុង​ហេតុការណ៍​នេះ មនុស្ស​ពីរ​នាក់​បាន​ស្លាប់ ដែល​ពួកគេ​រស់នៅ​ក្នុង​តំបន់​កសិដ្ឋាន​នេះ។ ប្រទេស​ប៉ូឡូញ គឺជា​សមាជិក​របស់​អង្គការ​ណាតូ។

មាត្រា​៥ នៃ​ធម្មនុញ្ញ​អង្គការ​ណាតូ ចែង​ថា ការ​វាយប្រហារ​ណា​មួយ​ទៅ​លើ​សមាជិក​អង្គការ​ណាតូ គឺជា​ការ​វាយប្រហារ​ទៅ​លើ​អង្គការ​ណាតូ​ទាំងមូល។

ការ​ចោទប្រកាន់​មក​លើ​រុស្ស៊ី ខណៈ​សកម្មភាព​របស់​កងទ័ព​រុស្ស៊ី ធ្វើការ​បាញ់​ស្រោច​គ្រាប់​មីស៊ីល​ជាង ៩០​គ្រាប់​ទៅ​លើ​បណ្តា​ទីក្រុង​អ៊ុយក្រែន ជាពិសេស​លើ​ទីតាំង​នៃ​មជ្ឈមណ្ឌល​ថាមពល​អគ្គិសនី​ដែល​ជា​ការ​វាយប្រហារ​ប៉ុនប៉ង​ផ្តាច់​ភ្លើង និង​ទឹក​ក្នុង​រដូវរងា​នា​ពេលនេះ។

យោង​តាម​អាជ្ញាធរ​អ៊ុយក្រែន ឲ្យ​ដឹង​ថា ក្នុង​ចំណោម​មីស៊ីល​ជាង ៩០​គ្រាប់​របស់​រុស្ស៊ី​នោះ គឺ​ប្រមាណ​ជាង ៧០​គ្រាប់​ត្រូវ​បាន​ប្រព័ន្ធ​ការពារ​ដែន​អាកាស​អ៊ុយក្រែន​បាញ់​ទម្លាក់។ ការ​បាញ់​ប្រហារ​ដោយ​គ្រាប់​មីស៊ីល​របស់​រុស្ស៊ី​នោះ បាន​ផ្ដោត​ខ្លាំង​ទៅ​លើ​រដ្ឋធានី​គៀវ ហើយ​ចំពោះ​ក្រុង Lviv ដែល​ស្ថិត​នៅ​ភាគ​ខាងលិច​ក្បែរ​ព្រំដែន​ប៉ូឡូញ ក៏​រង​ការ​វាយប្រហារ​ធ្ងន់ធ្ងរ​ដែរ។

ហេតុការណ៍​នេះ បាន​បង្ខំ​ឱ្យ​ប៉ូឡូញ​ត្រូវ​កោះ​ប្រជុំ​ក្រុមប្រឹក្សា​សន្តិសុខ និង​ការពារ​ជាតិ។ ចំណែក​រដ្ឋមន្ត្រី​ការពារ​ជាតិ​នៃ​ក្រុម​ណាតូ នឹង​ជួប​ប្រជុំ​គ្នា​ដើម្បី​សិក្សា​ហេតុការណ៍​នេះ ដោយ​សម្រេច​យក​មាត្រា​៤ នៃ​ធម្មនុញ្ញ​របស់​ណាតូ មក​ធ្វើការ​ពិភាក្សា ដែល​មាត្រា​នេះ​កំណត់​ឲ្យ​មាន​ការ​សិក្សា​ឲ្យ​បាន​ហ្មត់ចត់​មុន​នឹង​អនុវត្ត​តាម​មាត្រា​៥។

ប្រធាន​ការិយាល័យ​សន្តិសុខ​ជាតិ​របស់​ប្រទេស​ប៉ូឡូញ លោក Jacek Siewiera បាន​និយាយ​ថា ប៉ូឡូញ​ត្រូវ​រង់ចាំ​ការ​ពន្យល់​លម្អិត​អំពី​ស្ថានភាព​នេះ​ក្រោយពី​មាន​ការ​ស៊ើបអង្កេត​ហ្មត់ចត់​ហើយ​នោះ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស