ក្រសួងកសិកម្ម ច្រានចោលការបង្ហោះព័ត៌មាននៅលើបណ្ដាញសង្គមមួយចំនួនដែលរិះគន់ថា ក្រសួងមិនបានអើពើរកដំណោះស្រាយជូនកសិករ។ ក្រសួងមួយនេះអំពាវនាវឱ្យពលរដ្ឋក្នុងបណ្ដាញសង្គម បញ្ឈប់បង្ហោះព័ត៌មានមិនពិត បង្កការព្រួយបារម្ភដល់កសិករដែលមិនទាន់ប្រមូលផល ឱ្យប្រញាប់ប្រមូលស្រូវរបស់ពួកគេទាំងមិនទាន់គ្រប់គុណភាពដើម្បីលក់ បណ្ដាលឱ្យតម្លៃស្រូវធ្លាក់ចុះថែមទៀត។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឲ្យដឹងថា ក្រសួងបានដឹងរួចហើយអំពីការធ្លាក់ចុះនៃតម្លៃស្រូវនៅពេលនេះ ប៉ុន្តែក្រសួងក៏បានបញ្ជូនក្រុមការងារគោលដៅចុះទៅមូលដ្ឋានខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ដើម្បីពិនិត្យបញ្ហាជាក់ស្ដែង និងរកដំណោះស្រាយឱ្យបានសមស្របនៅនឹងកន្លែងជូនប្រជាកសិករ ក្នុងពេលប្រមូលផលស្រូវនៅពេលនេះហើយដែរ។
ក្រសួងកសិកម្មអះអាងថា ពេញមួយខែវិច្ឆិកា រហូតដល់ពាក់កណ្តាលខែធ្នូ គឺជាពេលវេលាប្រមូលផលស្រូវរដូវវស្សា ជាពិសេសប្រភេទពូជស្រូវផ្ការំដួល ដែលជាហេតុធ្វើឱ្យរោងម៉ាស៊ីនកិនស្រូវកំពុងកកស្ទះ និងជះឥទ្ធិពលដល់ថ្លៃស្រូវដូចកាលពីឆ្នាំកន្លងទៅដែរ។
ប្រភពដដែលបញ្ជាក់ថា នៅពេលនេះរោងម៉ាស៊ីនកិនស្រូវជាច្រើននៅក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ កំពុងមមាញឹកក្នុងការប្រមូលទិញស្រូវយកទៅសម្ងួត និងកិនបញ្ចេញទៅជាអង្ករទៅតាមសមត្ថភាព និងលទ្ធភាពរៀងៗខ្លួនរបស់ពួកគេ ខណៈក្រសួងក៏បានចាត់តាំងក្រុមការងារនៃអគ្គនាយកដ្ឋានកសិកម្ម ដើម្បីពិនិត្យជាក់ស្តែងនៅក្នុងមូលដ្ឋាននៃខេត្តទាំងពីររួចរាល់ហើយនៅពេលនេះ។
កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ គណនីហ្វេសប៊ុកមួយឈ្មោះ ញៀប ស្រីហ៊ុម (Sreyhom Nhieb) បានបង្ហោះវីដេអូប្រជាកសិករដែលកំពុងប្រមូលផលស្រូវប្រភេទស្រូវផ្ការំដួល ដែលស្ថិតក្នុងភូមិប្រី ឃុំទ្រាស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដោយរៀបរាប់ថា អ្នកស្រែមិនដឹងជាទៅពឹងអ្នកណានោះទេ ព្រោះស្រូវដែលពួកគាត់ធ្វើបានមានតម្លៃថោក ១គីឡូត្រឹមតែ ១ពាន់រៀល ប៉ុន្តែពេលនេះចុះមកនៅត្រឹមតែ ៧០០រៀលទៅ ៨០០រៀលថែមទៀត ដូច្នេះពួកគាត់នឹងមិនអាចចំណេញពីការធ្វើស្រែបានទេ ខណៈជីមួយការុងក្នុងទម្ងន់ ៥០គីឡូក្រាមមានតម្លៃដល់ទៅជាង ១០ម៉ឺនរៀលឯណោះ។
ទាក់ទិននឹងបញ្ហានេះ អតីតប្រធានអង្គការសេដាក និងជាប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) បណ្ឌិត យ៉ង សាំងកុមារ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៦ វិច្ឆិកា នេះថា តម្លៃស្រូវធ្លាក់ចុះនៅរដូវប្រមូលផល គឺជាបញ្ហាដែលកើតឡើងដដែលៗជារៀងរាល់ឆ្នាំ ប៉ុន្តែរដ្ឋាភិបាលនៅតែមិនទាន់មានវិធានការជាក់លាក់ណាមួយក្នុងការដោះស្រាយបញ្ហានេះនៅឡើយ ខណៈរដ្ឋមន្ត្រីដែលទើបនឹងកាន់តំណែងថ្មី ក៏នៅតែមិនទាន់មានដំណោះស្រាយចំពោះបញ្ហានេះដែរ។
បណ្ឌិត យ៉ង សាំងកុមារ លើកឡើងថា តម្លៃស្រូវ ៧០០រៀល ឬ ៨០០រៀលក្នុងមួយគីឡូក្រាមមិនអាចឱ្យកសិករចំណេញបានទេ ខណៈថ្លៃចំណាយលើជី លើថ្នាំសម្លាប់សត្វល្អិត និងលើពូជស្រូវ ជាដើម នៅតែមានតម្លៃខ្ពស់ ប៉ុន្តែកសិករនៅតែអាចនឹងបង្ខំចិត្តលក់ទាំងខាត ព្រោះកសិករខ្លះប្រញាប់ប្រមូលលុយសងថ្លៃជី និងថ្នាំ ជាដើម ដែលពួកគាត់ជំពាក់ឈ្មួញកន្លងមក។
អតីតប្រធានអង្គការសេដាករូបនេះបញ្ជាក់ថា ដើម្បីជួយកសិករឱ្យចៀសផុតពីបញ្ហានេះ រដ្ឋាភិបាលត្រូវធានានូវការកាត់បន្ថយថ្លៃចំណាយរបស់ពួកគាត់ និងបង្កើតឱ្យមានសហគមន៍កសិកម្មដើម្បីរៀបចំឲ្យមានកន្លែងសម្ងួត និងស្តុកស្រូវនៅគ្រប់ឃុំផលិតស្រូវ និងជួយឲ្យសហគមន៍មានដើមទុនសម្រាប់កសិករចំណាយពេលច្រូត ដែលជាមូលហេតុជួយកសិករមិនឱ្យពួកគាត់បង្ខំចិត្តលក់ស្រូវដំណាលគ្នាជាមួយតម្លៃចុះថោកដូចដែលកំពុងកើតមាននៅពេលនេះ។
ទាក់ទិននឹងបញ្ហានេះ ប្រជាពលរដ្ឋ រួមទាំងមជ្ឈដ្ឋាននានាក៏កំពុងរង់ចាំមើលវិធានការរបស់រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា ដែលទើបនឹងកាន់តំណែងថ្មីជំនួសលោក វេង សាខុន ផងដែរ ថាតើរដ្ឋមន្ត្រីរូបនេះអាចធ្វើឱ្យវិស័យកសិកម្មមានភាពប្រសើរឡើង ឬអន់ថយជាងពេលដែលលោក វេង សាខុន នៅដឹកនាំ ខណៈបញ្ហាកំពុងតែចាប់ផ្តើមកម្រើកឡើងវិញបណ្តើរៗហើយនៅពេលនេះ៕