33 C
Phnom Penh

ក្រសួង​កសិកម្ម​កំណត់​តម្លៃ​ស្រូវ​ផ្កា​រំដួល​លេខ​១ ត្រឹម​១០៤០​រៀល​ក្នុង​១​គីឡូក្រាម​សម្រាប់​ខេត្ត​បាត់ដំបង​និង​បន្ទាយមានជ័យ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម លោក ឌិត ទីណា អះអាង​ថា ក្រោយពី​សិក្សា​តម្លៃ​ស្រូវ​ដែល​ធ្លាក់​ចុះ​រួចរាល់ លោក​បាន​ដាក់​ចេញ​នូវ​គោលការណ៍​ដែល​មាន​ស្ថិរភាព​មួយ​សម្រាប់​តម្លៃ​ស្រូវ​ផ្កា​រំដួល​កម្រិត​លេខ​១ ដោយ​កំណត់​តម្លៃ​ខ្ពស់​បំផុត​ត្រឹម ៩​បាត ដែល​ស្មើ​នឹង ១០៤០​រៀល​ក្នុង​មួយ​គីឡូក្រាម​សម្រាប់​ស្រូវ​នៅ​ក្នុង​ខេត្ត​បាត់ដំបង និង​ខេត្ត​បន្ទាយមានជ័យ។

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក ឌិត ទីណា បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៧ វិច្ឆិកា នេះ​ថា គោលការណ៍​ទិញ​ស្រូវ​នៅ​ខេត្ត​បន្ទាយមានជ័យ នឹង​ត្រូវ​អនុវត្ត​ដូច​គ្នា​ទៅ​នឹង​ខេត្ត​បាត់ដំបង ដែរ ដែល​ត្រូវ​កំណត់​តម្លៃ ១០៤០​រៀល​ក្នុង​មួយ​គីឡូក្រាម។

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​រូប​នេះ​បញ្ជាក់​ថា នៅ​ថ្ងៃទី​១៧ ខែ​វិច្ឆិកា នេះ អង្ករ​កម្ពុជា​ពូជ “ផ្កា​រំដួល” ទទួល​បាន​ជ័យលាភី​លេខ​១ សម្រាប់​ឆ្នាំ​២០២២ នេះ​ជា “អង្ករ​ល្អ​ដាច់​គេ” លំដាប់​ថ្នាក់​ពិភពលោក​នៅ​ក្នុង​ការ​ប្រកួតប្រជែង​នៃ​វេទិកា​ស្រូវ​អង្ករ​ពិភពលោក នៅ​ខេត្ត​ភូកេត ប្រទេស​ថៃ ហើយ​នេះ​គឺជា​លើក​ទី​៥ ហើយ​ដែល​អង្ករ​កម្ពុជា​បាន​ទទួល​ជ័យលាភី​នេះ និង​នាំមក​នូវ​មោទកភាព​សម្រាប់​កម្ពុជា។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​ពលរដ្ឋ​ក្នុង​ខេត្ត​បាត់ដំបង និង​ខេត្ត​បន្ទាយមានជ័យ ត្អូញត្អែរ​ពី​តម្លៃ​ស្រូវ​ធ្លាក់​ចុះ​អំឡុង​ពេល​ដែល​ពួកគាត់​ប្រមូល​ផល​ស្រូវ​ក្នុង​រដូវវស្សា​នេះ។

កាលពី​ថ្ងៃទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០២២ នេះ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ថា ក្រសួង​បាន​សហការ​ជាមួយ​រដ្ឋបាល​ឃុំ ដើម្បី​ផ្សព្វផ្សាយ​ពី​តម្លៃ​ស្រូវ​រួច​ហើយ គឺ ១០៤០​រៀល បន្ទាប់ពី​ក្រសួង​បាន​ជួប​ប្រជុំ​ពិភាក្សា​ជាមួយ​ពលរដ្ឋ និង​អ្នក​ពាក់ព័ន្ធ​រួច​មក។

កាលពី​ថ្ងៃទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០២២ ពលរដ្ឋ​ដែល​រស់នៅ​ភូមិ​ប្រី ឃុំ​ទ្រាស ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ ដែល​កំពុង​ប្រមូល​ផល​ស្រូវ​ប្រភេទ​ស្រូវ​ផ្កា​រំដួល ត្អូញត្អែរ​ថា ស្រូវ​ដែល​ពួកគាត់​ធ្វើ​បាន​មាន​តម្លៃ​ថោក​ត្រឹម​តែ ៧០០​រៀល​ទៅ ៨០០​រៀល​ប៉ុណ្ណោះ ដូច្នេះ​ពួកគាត់​នឹង​មិន​អាច​ចំណេញ​ពី​ការ​ធ្វើ​ស្រែ​បាន​ឡើយ។

នៅ​ថ្ងៃទី​១៧ ខែ​វិច្ឆិកា ឆ្នាំ​២០២២ នេះ អភិបាល​ខេត្ត​បន្ទាយមានជ័យ លោក អ៊ុំ រាត្រី អះអាង​ថា ស្រូវ​ដែល​កសិករ​កំពុង​ប្រមូល​ផល​នៅ​ពេលនេះ​មាន​ប្រមាណ ១០​ម៉ឺន​ហិកតារ ប៉ុន្តែ​ពេលនេះ​កសិករ​បាន​ប្រមូល​ផល​អស់​ប្រមាណ ២​ម៉ឺន​ហិកតារ​ហើយ ខណៈ ៧-៨​ម៉ឺន​ហិកតារ​ទៀត​កំពុង​ចុះ​ច្រូត​ជាបន្តបន្ទាប់។

អតីត​ប្រធាន​អង្គការ​សេដាក និង​ជា​ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (GDP) បណ្ឌិត យ៉ង សាំងកុមារ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៧ វិច្ឆិកា នេះ​ថា តាមរយៈ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​កសិកម្ម ចំពោះ​ការ​ធានា​តម្លៃ​ស្រូវ​របស់​ពលរដ្ឋ​នៅ​ពេលនេះ បង្ហាញ​ថា រដ្ឋាភិបាល​មិន​មាន​គោល​នយោបាយ និង​វិធានការ​ជាក់លាក់​ក្នុង​ការ​ជួយ​ដោះស្រាយ​បញ្ហា​ទីផ្សារ និង​តម្លៃ​ស្រូវ​ក្រៅពី​ការ​កំណត់​តម្លៃ​អប្បបរមា ១០៤០​រៀល​ក្នុង​មួយ​គីឡូក្រាម ដើម្បី​ដោះ​ទាល់​នៅ​ពេលនេះ​ទេ។

បណ្ឌិត យ៉ង សាំងកុមារ លើកឡើង​ថា អ្វី​ដែល​សំខាន់​បំផុត​នៅ​ពេលនេះ គឺ​រដ្ឋាភិបាល​គួរតែ​ទម្លាក់​ទុន​ដល់​រោង​ម៉ាស៊ីន​កិន​ស្រូវ​ឯកជន និង​សហគមន៍​នានា ដើម្បី​ធ្វើការ​ទិញ​ស្រូវ​ស្តុក​ទុក ហើយ​រដ្ឋាភិបាល​ក៏​ត្រូវ​តែ​ទិញ​ស្រូវ​ស្តុក​ទុក​ដែរ ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ចូលរួម​រក្សា​ស្ថិរភាព​តម្លៃ​ស្រូវ និង​ធានា​នូវ​ការ​ស្តុក​ស្រូវ​សម្រាប់​សន្តិសុខ​ស្បៀង​របស់​ជាតិ​ទាំងមូល​ថែម​ទៀត។

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ក្រៅ​រដ្ឋាភិបាល​រូប​នេះ​បញ្ជាក់​ថា ចំពោះ​ដំណោះស្រាយ​វែង​ឆ្ងាយ រដ្ឋាភិបាល​ត្រូវតែ​កសាង​នូវ​សង្វាក់​ផលិតកម្ម​ស្រូវ​អង្ករ​ឱ្យ​បាន​ច្រើន​តាម​តម្រូវការ​របស់​ពលរដ្ឋ ដើម្បី​ជា​ផល​ប្រយោជន៍​របស់​កសិករ​ផង និង​ជា​ផល​ប្រយោជន៍​របស់​ភាគី​ពាក់ព័ន្ធ​ផង ព្រមទាំង​ដើម្បី​សេដ្ឋកិច្ច​ជាតិ​ទាំងមូល​ថែម​ទៀត។

កាលពី​ខែ​តុលា រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធមុន្នីរ័ត្ន អះអាង​ថា វិស័យ​កសិកម្ម​នៅ​កម្ពុជា​កំពុង​ប្រឈម​នឹង​បញ្ហា​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​ផលិតភាព​ក្នុង​ការ​ផលិត​ក្នុង​វិស័យ​នេះ នៅ​មាន​កម្រិត​ទាប ត្បិត​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​គាំទ្រ​ដល់​ការ​នាំចេញ​នូវ​ផលិតផល​កសិកម្ម​នៅ​មាន​ភាព​ទន់​ខ្សោយ ដែល​មិន​អាច​ឆ្លើយតប​នឹង​លក្ខខណ្ឌ​តម្រូវ​ក្នុង​ការ​បញ្ជា​ទិញ​របស់​បរទេស​បាន។

ក្រុម​អ្នក​ឃ្លាំមើល​សង្គម លើកឡើង​ថា ទីផ្សារ​កសិកម្ម​របស់​កម្ពុជា​បច្ចុប្បន្ន​នេះ​ត្រូវ​ប្រទេស​វៀតណាម គ្រប់គ្រង​ទាំងស្រុង ក្នុង​នោះ​ផលិតផល​កសិកម្ម​ដែល​កសិករ​ផលិត​បាន ដូចជា​ដំណាំ​ស្រូវ ដំឡូងមី ស្វាយចន្ទី និង​ជ័រកៅស៊ូ ជាដើម ត្រូវ​ពឹង​ផ្អែក​លើ​ទីផ្សារ​វៀតណាម​គ្រប់​ពេល​ទាំងអស់ ជាពិសេស​តម្លៃ​នៃ​កសិផល​ខ្មែរ​ទាំងនោះ​ត្រូវ​ឈ្មួញ​វៀតណាម កំណត់​ស្រេច​តែ​នឹង​ចិត្ត​រហូត​មក។

យ៉ាងណាក៏ដោយ កាលពី​ថ្ងៃទី​២៤ ខែ​វិច្ឆិកា ឆ្នាំ​២០២១ មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន បាន​ជំរុញ​ឱ្យ​ប្រទេស​វៀតណាម រៀបចំ​កិច្ចព្រមព្រៀង​ជាមួយ​កម្ពុជា​លើ​វិស័យ​កសិកម្ម​ឱ្យ​កាន់តែ​ច្រើន​ឡើង​បន្ថែម​ទៀត​រវាង​ប្រទេស​ទាំង​ពីរ ដើម្បី​ឱ្យ​វិស័យ​នេះ​កាន់តែ​រីក​ធំធាត់​ជាង​ពេល​បច្ចុប្បន្ន​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស