31 C
Phnom Penh

មន្ត្រី​អាដហុក៖ តុលាការ​កំពូល​មិន​មាន​ឆន្ទៈ​​ផ្ដល់​យុត្តិធម៌​ដល់​អ្នក​ការពារ​សិទ្ធិមនុស្ស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ការពារ​សិទ្ធិមនុស្ស​អាដហុក អះអាង​ថា តុលាការ​កំពូល​មិន​មាន​ឆន្ទៈ​ក្នុង​ការ​ផ្ដល់​យុត្តិធម៌​ដល់​អ្នក​ការពារ​សិទ្ធិមនុស្ស ក្រោយពី​តុលាការ​មួយ​នេះ​បដិសេធ​ទម្លាក់​បទ​ចោទប្រកាន់​លើ​ពួកគាត់​ទាំង ៥​រូប ក្រោម​បទ​ចោទប្រកាន់ «សូកប៉ាន់​សាក្សី និង​សមគំនិត​សូកប៉ាន់​សាក្សី» ដែល​តុលាការ​ថ្នាក់​ក្រោម​សម្រេច​ផ្ដន្ទាទោស​ឱ្យ​ពួកគាត់​ជាប់​ពន្ធនាគារ​ម្នាក់ៗ ៥​ឆ្នាំ​ទុក​ជា​បាន​ការ​ដដែល។

ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​តុលាការ​កំពូល លោក និល ណុន បាន​ប្រកាស​សាលដីកា​បណ្ដឹង​សាទុក្ខ​មន្ត្រី និង​អតីត​មន្ត្រី​ការពារ​សិទ្ធិមនុស្ស ៥​រូប​នៅ​ថ្ងៃ​សុក្រ ទី​១៨ វិច្ឆិកា នេះ បន្ទាប់ពី​បើក​សវនាការ​កាលពី​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា ឆ្នាំ​២០២២។

ការ​ប្រកាស​សាលដីកា​នៅ​ថ្ងៃ​នេះ លោក និល ណុន បាន​សម្រេច​បដិសេធ​ទម្លាក់​បទ​ចោទប្រកាន់​លើ​មន្ត្រី និង​អតីត​មន្ត្រី​ការពារ​សិទ្ធិមនុស្ស ៥​រូប​ដូច​ការ​សម្រេច​របស់​សាលា​ឧទ្ធរណ៍​រាជធានី​ភ្នំពេញ​ដែរ។

ប្រាប់​អ្នក​ក្រុម​អ្នក​សារព័ត៌មាន​នៅ​ខាងមុខ​តុលាការ​កំពូល បន្ទាប់ពី​ស្ដាប់​ការ​ប្រកាស​សាលដីកា​មន្ត្រី​ការពារ​សិទ្ធិមនុស្ស លោក យី សុខសាន្ត បាន​បង្ហាញ​ការ​សោកស្ដាយ​ដែល​តុលាការ​កំពូល​មិន​ទម្លាក់​ចោល​បទ​ចោទប្រកាន់​លើ​ពួកគាត់​ទាំង ៥​រូប។ លោក​បន្ត​ថា ការ​មិន​ទម្លាក់​នេះ បង្ហាញ​ឲ្យ​ឃើញ​ថា តុលាការ​កំពូល​មិន​មាន​ឆន្ទៈ​ក្នុង​ការ​ផ្ដល់​យុត្តិធម៌​ដល់​ពួកគាត់​ដែល​ជា​អ្នក​ការពារ​សិទ្ធិមនុស្ស។

ចំណែក​អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា ចាត់ទុក​ការ​សម្រេច​របស់​តុលាការ​ជាន់​ខ្ពស់​ថា​ជា​រឿង​អយុត្តិធម៌ និង​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ថា អ្នក​ការពារ​សិទ្ធិមនុស្ស​នៅតែ​រង​ការ​ធ្វើ​ទុក្ខបុកម្នេញ និង​បំបាក់​ស្មារតី​អ្នក​ធ្វើ​ការងារ​សង្គម ដើម្បី​បម្រើ​ផល​ប្រយោជន៍​ពលរដ្ឋ​ក្នុង​ការ​ពង្រឹង​វិស័យ​សិទ្ធិមនុស្ស​នៅ​កម្ពុជា។

លោក​បន្ត​ថា ការ​តម្កល់​នេះ​វា​ក៏​បង្ហាញ​ឲ្យ​ឃើញ​ដែរ​ថា តុលាការ​នៅ​កម្ពុជា​មាន​រហូត​ដល់ ៣​ថ្នាក់​ក៏​ពិត​មែន ប៉ុន្តែ​នៅ​មិន​អាច​រក​យុត្តិធម៌​ឲ្យ​អ្នក​ការពារ​សិទ្ធិមនុស្ស​បាន ទោះបីជា​មន្ត្រី​សិទ្ធិមនុស្ស​មាន​ភស្តុតាង​បញ្ជាក់​ច្បាស់លាស់​ក៏ដោយ។

ចំណែក​ជន​ដែល​ចោទប្រកាន់​មក​លើ​មន្ត្រី​សិទ្ធិមនុស្ស​ទាំង ៥​រូប​មាន​តែ​លិខិត ៤​សន្លឹក ហើយ​មិន​ដែល​ចូល​ខ្លួន​បំភ្លឺ​នៅ​តុលាការ​ទាល់តែសោះ តែ​បែរ​ជា​តុលាការ​យក​រឿង​នេះ​មក​ពិចារណា និង​ចោទប្រកាន់​លើ​អ្នក​ការពារ​សិទ្ធិមនុស្ស​ទៅវិញ។

លោក ស៊ឹង សែនករុណា ចាត់ទុក​ការ​បដិសេធ​នេះ​មិន​បាន​ចំណេញ​អ្វី​នោះ​ឡើយ ប៉ុន្តែ​ផ្ទុយទៅវិញ វា​បង្ហាញ​ពី​ភាព​អាម៉ាស់​នៃ​ប្រព័ន្ធ​យុត្តិធម៌ និង​ធ្វើ​ឲ្យ​សហគមន៍​ជាតិ និង​អន្តរជាតិ​បាត់បង់​ជំនឿ​បន្ថែម​ទៀត។

អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក បញ្ជាក់​ថា ទោះបីជា​តុលាការ​កំពូល​មិន​ព្រម​ទម្លាក់​ចោល​បទ​ចោទប្រកាន់​លើ​មន្ត្រី​ទាំង ៥​រូប ហើយ​សាលក្រម​សំណុំរឿង​នេះ​នឹង​ត្រូវ​ចូល​ជា​ស្ថាពរ​ក្ដី ប៉ុន្តែ​ពួកគាត់​នៅតែ​មិន​បោះបង់​បេសកកម្ម និង​ការងារ​ការពារ​សិទ្ធិមនុស្ស ដើម្បី​ជួយ​ដល់​សង្គម​ជាតិ និង​អ្នក​រងគ្រោះ​ឡើយ។

បើ​តាម​អង្គការ​គម្រោង​យុត្តិធម៌​ពិភពលោក (World Justice Project) បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ​កាលពី​ថ្ងៃទី​២៦ ខែ​តុលា ឆ្នាំ​២០២២ បាន​ដាក់​ចំណាត់ថ្នាក់​កម្ពុជា​នៅ​ជិត​បាត​តារាង ដោយ​ស្ថិត​នៅ​លេខ​រៀង​១៣៩ ក្នុង​ចំណោម​ប្រទេស​១៤០ លើ​ពិភពលោក ដែល​បាន​ធ្វើការ​វាយតម្លៃ។

របាយការណ៍​ដដែល​បន្ត​ថា មូលហេតុ​ចម្បង​ដែល​ទាញ​ទម្លាក់​នីតិរដ្ឋ​នៅ​កម្ពុជា​ឲ្យ​ធ្លាក់​ចុះ​ដល់​បាត​តារាង​នេះ ដោយសារតែ​អំណាច​នយោបាយ​ជ្រៀតជ្រែក​ស្ថាប័ន​រដ្ឋសភា និង​តុលាការ ដែល​ជា​សសរស្ដម្ភ​កំពូល​របស់​ជាតិ​នោះ បាន​បាត់បង់​ប្រព័ន្ធ​ត្រួតពិនិត្យ​អំណាច​តាម​បែប​ប្រជាធិបតេយ្យ មាន​កម្សោយ​លើ​ការ​ទប់ស្កាត់​អំពើពុករលួយ និង​ការ​រំលោភ​សិទ្ធិមនុស្ស រួម​ទាំង​អយុត្តិធម៌​សង្គម ជាដើម។

បុគ្គលិក និង​អតីត​បុគ្គលិក​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ៥​រូប​នោះ​រួម​មាន លោក នី សុខា លោក យី សុខសាន្ត និង​លោកស្រី លឹម មុន្នី និង​អតីត​មន្ត្រី​អាដហុក​ចំនួន ២​រូប​ទៀត គឺ​លោក ណៃ វ៉ង់ដា និង​លោក នី ចរិយា។

ពួកគាត់​ទាំង ៥​រូប​ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ម្នាក់ៗ​ចំនួន ៥​ឆ្នាំ ក្រោម​បទ​ចោទប្រកាន់ «សូកប៉ាន់​សាក្សី និង​សមគំនិត​សូកប៉ាន់​សាក្សី» ប៉ុន្តែ​តុលាការ​សម្រេច​ឲ្យ​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​រយៈពេល ១៤​ខែ ហើយ​ទោស​ដែល​នៅ​សល់​ត្រូវ​ព្យួរ។

ពួកគាត់​ទាំង ៥​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាលពី​ខែ​មេសា ឆ្នាំ​២០១៦ ដោយ​រង​ការ​ចោទ​ថា​បាន​ផ្ដល់​ប្រាក់​ជាង ២០០​ដុល្លារ​ទៅ​ឲ្យ​អ្នកនាង ខុម ចាន់តារាទី ហៅ​ស្រីមុំ ក្នុង​នាម​ជនរងគ្រោះ​ដែល​រត់​មក​រក​អាដហុក​ឲ្យ​ជួយ​ពេល​នោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស