32 C
Phnom Penh

HRW៖ សហជីព​ស្និទ្ធ​ថៅកែ​រស់​បាន​ស្រួល ឯ​សហជីព​ការពារ​សិទ្ធិ​កម្មករ​រង​ការ​ធ្វើ​ទុក្ខបុកម្នេញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ រក​ឃើញ​ថា សហជីព​ដែល​ស្និទ្ធ​ជាមួយ​ថៅកែ ពួកគេ​រស់​បាន​ស្រួល ដែល​ផ្ទុយ​ពី​សហជីព​ការពារ​សិទ្ធិ​កម្មករ តែង​ត្រូវ​បាន​អាជ្ញាធរ និង​ក្រុមហ៊ុន​ប្រើ​ប្រព័ន្ធ​តុលាការ​ដើម្បី​ធ្វើ​ទុក្ខបុកម្នេញ​នៅ​ពេល​ធ្វើ​សកម្មភាព​ទាមទារ​ការ​គោរព​ច្បាប់​ការងារ។

ការ​រក​ឃើញ​នេះ ធ្វើឡើង​ក្នុង​របាយការណ៍​ចងក្រង​មួយ​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ Human Rights Watch ដែល​មាន​ចំណងជើង​ថា «មាន​តែ​សហជីព មី​កញ្ចប់ឬ​សហជីព​ស្និទ្ធ​នឹង​ថៅកែ​ទេ អាច​បន្ត​រស់រាន​បាន» ដែល​ចេញ​ផ្សាយ​នា​ថ្ងៃទី​២១ ខែ​វិច្ឆិកា ឆ្នាំ​២០២២ ឲ្យ​ដឹង​ថា ការ​បណ្តេញ​ចេញ និង​ការ​កាត់​រំសាយ​ការងារ​ទ្រង់ទ្រាយ​ធំ​ចំនួន ៥​ករណី​ដែល​មិន​យុត្តិធម៌​សំដៅ​ចំពោះ​មេដឹកនាំ​សហជីព និង​សមាជិក​សកម្មជន ដែល​នេះ​វា​បាន​បន្ថែម​បញ្ហា​ដែល​កម្ពុជា​មាន​មក​ជា​យូរ​ហើយ​ទាក់ទិន​ការ​បំពាន​លើ​ការងារ​សហជីព។

ការ​បណ្ដេញ​ចេញ​នេះ ក្រោយពី​ពួកគេ​បាន​ចូល​ជា​សមាជិក​សហជីព​ឯករាជ្យ​នៅ​តាម​បណ្តា​រោងចក្រ បន​កាស៊ីណូ និង​ទីកន្លែង​ពាណិជ្ជកម្ម​ផ្សេងៗ​ទៀត។ ក្រោយ​ពី​បណ្ដេញ និង​ការ​រំសាយ​ទាំង​អយុត្តិធម៌​ហើយ នៅ​ពេល​ធ្វើ​កូដកម្ម​អហិង្សា ត្រូវ​បាន​រារាំង​ដោយ​ការ​ប្រើប្រាស់​វិធាន​ផ្សេងៗ​ដើម្បី​ទប់ស្កាត់។

ជាក់ស្ដែង ក្រុមហ៊ុន​ល្បែង​កាស៊ីណូ​ណាហ្គា​វើលដ៍ (Naga World) នៅ​ភ្នំពេញ​បាន​រំសាយ​បុគ្គលិក​របស់​ខ្លួន​យ៉ាង​ច្រើន​ក្រោម​ការ​ប្រើប្រាស់​វិធាន​សុខាភិបាល ទាក់ទង​នឹង​ការ​រីក​រាលដាល​ជំងឺ​កូវីដ-១៩ ដើម្បី​រារាំង​កម្មករ​កុំ​ឲ្យ​អាច​អនុវត្ត​សិទ្ធិ​ធ្វើ​កូដកម្ម​របស់​ខ្លួន ក្នុង​នោះ​អាជ្ញាធរ​ហាក់​មាន​ការ​ព្រងើយ និង​ចាត់ទុក​កូដកម្ម​ជា​អំពើ “ខុស​ច្បាប់” ហើយ​ប៉ូលិស និង​ភ្នាក់ងារ​សន្តិសុខ​គ្មាន​ឯកសណ្ឋាន និង​កម្លាំង​សន្តិសុខ​ផ្សេងៗ​ទៀត បាន​ប្រើប្រាស់​កម្លាំង​មិន​សមាមាត្រ​ក្នុង​ការ​បង្ក្រាប​កូដករ និង​ប្រើប្រាស់​កម្លាំង​រុញ និង​ចាប់​កូដករ​រុញ​ចូល​រថយន្តក្រុង ហើយ​ដឹក​ទៅ​កាន់​ទីកន្លែង​មួយ​នៅ​ជាយ​រាជធានី​ភ្នំពេញ។

ក្នុង​នោះ មេដឹកនាំ និង​សមាជិក​សហជីព​ត្រូវ​បាន​ចាប់ និង​ឃុំ​ខ្លួន​មុន​កាត់​ក្តី ខណៈ​ពេល​ដែល​ដោះលែង​វិញ បទ​ចោទប្រកាន់​ក៏​មិន​ត្រូវ​ទម្លាក់​ចោល​ដែរ ហើយ​ករណី​នេះ​ធ្វើ​ឲ្យ​ពួកគេ​ប្រឈម​នឹង​ការ​ចាប់​ខ្លួន​ជា​ថ្មី​ទៀត បើ​ពួកគេ​ចេញ​ធ្វើ​សកម្មភាព​ទាមទារ​ដំណោះស្រាយ​វិវាទ​ការងារ​នោះ។

ការ​ធ្វើ​ទុក្ខបុកម្នេញ​នេះ ធ្វើឡើង​ចំពោះតែ​សហជីព​ដែល​ការពារ​សិទ្ធិ​កម្មករ​តែប៉ុណ្ណោះ ប៉ុន្តែ​សម្រាប់​សហជីព​ការពារ​ថៅកែ​ក្រុមហ៊ុន និង​រដ្ឋាភិបាល​វិញ ពួកគេ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ចងក្រង និង​ចុះឈ្មោះ​ណាស់ ហេតុ​ដូច្នេះ​ទើប​គេ​បាន​ប្រៀប​ប្រដូច​ដំណើរការ​ចងក្រង និង​ចុះឈ្មោះ​សហជីព​របស់​ពួកគេ​ដូចជា​ការ​ចំណាយ​ពេល​ត្រឹមតែ ២​នាទី​ក្នុង​ការ​ឆុង​មី​មួយ​កញ្ចប់​ប៉ុណ្ណោះ។

HRW អះអាង​ថា ការ​ធ្វើ​ទុក្ខបុកម្នេញ​នេះ ដោយសារតែ​សហជីព​ឯករាជ្យ​បាន​ធ្វើ​កូដកម្ម ពួកគេ​តែងតែ​រិះគន់​រដ្ឋាភិបាល ឬ​និយោជក អាជ្ញាធរ​កម្ពុជា​ដែល​ជា​ហេតុ​នាំ​ឲ្យ​មាន​ការ​ចាប់​ខ្លួន និង​ឃុំឃាំង​មុន​ការ​កាត់​ក្តី ដោយ​ការ​គំរាម​បង្ក​របួស​ស្នាម សម្លាប់ និង​ចាប់​បញ្ជូន​ទៅ​កាត់ទោស និង​ទម្រង់​ផ្សេងៗ​ទៀត​នៃ​ការ​គំរាមកំហែង។

HRW ចាត់ទុក​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​ថ្នាក់​ដឹកនាំ និង​សកម្មជន​សហជីព​ជា​ការ​សងសឹក​របស់​រដ្ឋាភិបាល និង​របស់​និយោជក ផ្ទុយ​ពី​សហជីព​ដែល​មាន​ទំនោរ​ទៅ​រក​គណបក្ស​កាន់​អំណាច​ដែល​មាន​លោក ហ៊ុន សែន ឬ​ក្រុម​ថៅកែ។

ករណី​នេះ វា​បាន​បង្ក​នូវ​ការ​គំរាម​ដល់​ស្ថិរភាព​នៃ​សហជីព​ឯករាជ្យ​មួយ​ផ្នែក​ត្រូវ​ប្រឈម​ឧបសគ្គ​រដ្ឋបាល និង​ច្បាប់​ដែល​រារាំង​ពួកគាត់​ពី​ការ​អនុវត្ត​ការងារ​ពេញលេញ និង​មួយ​ផ្នែក​ទៀត​ត្រូវ​រង​នូវ​ការ​ធ្វើ​ទុក្ខបុកម្នេញ​ដល់​សមាជិក​របស់​គេ ខណៈ​សេរីភាព​សមាគម រួម​មាន​សិទ្ធិ​ធ្វើ​កូដកម្ម និង​ការ​ចរចា​រួម​នៃ​សហជីព​ឯករាជ្យ​ដូច​មាន​ចែង​ក្នុង​កាតព្វកិច្ច​របស់​កម្ពុជា​ក្រោម​ច្បាប់​អន្តរជាតិ កំពុង​រង​នូវ​ការ​វាយប្រហារ។

HRW អះអាង​ថា រដ្ឋាភិបាល​កម្ពុជា​ខកខាន​មិន​បាន​ចាត់​វិធានការ​គ្រប់គ្រាន់​ក្នុង​ការ​ដោះស្រាយ​ការ​រំលោភ​សិទ្ធិ​ការងារ​ដ៏​ធ្ងន់ធ្ងរ​ទាំងនេះ ទើប​មាន​ការ​ចោទ​សួរ​យ៉ាង​ច្រើន​ពី​សំណាក់​សហគមន៍​អន្តរជាតិ។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​មួយ​នេះ​បាន​ផ្ដល់​អនុសាសន៍​ទៅ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ចំនួន ៣​ចំណុច ក្នុង​នោះ​បញ្ឈប់​ការ​ចេញ​សារាចរ​ណែនាំ​ដែល​មាន​ការ​បកស្រាយ​មិន​ត្រឹមត្រូវ​លើ​ច្បាប់​ស្ដីពី​ការងារ ដែល​នេះ​ជា​ការ​បដិសេធ​ទាំងស្រុង​នូវ​សិទ្ធិ​របស់​កម្មករ ជាដើម។

ក្រៅពី​ក្រសួង​ការងារ HRW ក៏​ឲ្យ​ក្រសួង​មហាផ្ទៃ និង​ក្រសួង​យុត្តិធម៌ ត្រូវ​បញ្ឈប់​ការ​ប្រើប្រាស់​ដីកា​តុលាការ និង​ការ​ចាប់​ខ្លួន ឃុំឃាំង និង​ការ​កាត់​ក្តី​ព្រហ្មទណ្ឌ​ដល់​មេដឹកនាំ​សហជីព និង​សមាជិក​សកម្មជន ដើម្បី​ដាក់​កំហិត​សិទ្ធិ​ធ្វើ​កូដកម្ម និង​សេរីភាព​សមាគម។ លើស​ពី​នេះ ក៏​ជំរុញ​រដ្ឋាភិបាល​ត្រូវ​ធ្វើ​វិសោធនកម្ម ឬ​លុប​ចោល​ដោយ​មាន​ការ​ពិគ្រោះ​យោបល់​ជាមួយ​សង្គម​ស៊ីវិល គ្រប់​ច្បាប់​ទាំងអស់​ដែល​មាន​លក្ខណៈ​ដាក់​កម្រិត​សេរីភាព​បញ្ចេញមតិ ការ​ជួបជុំ​ដោយ​សន្តិវិធី និង​សេរីភាព​បង្កើត​សមាគម​ដែល​ជំទាស់​ទៅ​នឹង​កាតព្វកិច្ច​សិទ្ធិមនុស្ស​ជា​អន្តរជាតិ​របស់​កម្ពុជា ដែល​រួម​មាន​ទាំង​ច្បាប់​ស្ដីពី​សហជីព ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល ច្បាប់​ទាក់ទង​នឹង​សុខភាព​សាធារណៈ​ដ៏​ចម្រូងចម្រាស​ផង​ដែរ។

HRW ជំរុញ​ឲ្យ​អង្គការ​ពលកម្ម​អន្តរជាតិ​មាន​ការិយាល័យ​តំណាង​ថ្នាក់​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក​នៃ​ក្រុម​ការងារ​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា ថ្កោលទោស​ជា​សាធារណៈ​ចំពោះ​កម្ពុជា​ដែល​បន្ត​មិន​អនុលោម​អនុសញ្ញា​អង្គការ​ពលកម្ម​អន្តរជាតិ ក្នុង​ការ​ការពារ​សេរីភាព​បង្កើត​សមាគម។

HRW យល់​ថា ការ​ដាក់​សម្ពាធ​ឱ្យ​អង្គការ​ពលកម្ម​អន្តរជាតិ​នូវ​តួនាទី​ជា​ភាគី​ទី​៣ ក្នុង​ការ​សង្កេត​លើ​ការ​ដោះស្រាយ​វិវាទ​ការងារ ដើម្បី​ធានា​លើ​ភាព​យុត្តិធម៌ និង​ដំណោះស្រាយ​ទាន់​ពេលវេលា​ចំពោះ​វិវាទ​ការងារ។

ការ​ជំរុញ​នេះ បើ​រដ្ឋាភិបាល​កម្ពុជា​បន្ត​មិន​អនុលោម​តាម​អនុសញ្ញា​អង្គការ​ពលកម្ម​អន្តរជាតិ​ស្ដីពី​ការ​ការពារ​សេរីភាព​សមាគម រួម​មាន​ការ​ពិនិត្យ​ឡើងវិញ​ជា​សាធារណៈ​ទៅ​លើ​ច្បាប់​ស្ដីពី​ការងារ​របស់​កម្ពុជា និង​បទប្បញ្ញត្តិ​ផ្សេងៗ​ដែល​អង្គការ​ពលកម្ម​អន្តរជាតិ​ធ្លាប់​បាន​ផ្តល់​អនុសាសន៍​កែលំអ ជាដើម​នោះ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស