40.3 C
Phnom Penh

អាមេរិក៖ វត្តមាន​កងទ័ព​ចិន​លើ​មូលដ្ឋាន​រាម​គំរាម​កំហែង​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​អាមេរិក​និង​សម្ពន្ធមិត្ត​ក្នុង​តំបន់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋមន្ត្រី​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក បង្ហាញ​ការ​ព្រួយបារម្ភ​អំពី​វត្តមាន​កងទ័ព​ចិន​លើ​មូលដ្ឋាន​ទ័ព​ជើងទឹក​រាម​របស់​កម្ពុជា ដោយ​ចាត់ទុក​ថា​ជា​ការ​គំរាមកំហែង​ធ្ងន់ធ្ងរ​ដល់​ផលប្រយោជន៍ សន្តិសុខ​សហរដ្ឋ​អាមេរិក និង​សន្តិសុខ​សម្ពន្ធមិត្ត​របស់​ខ្លួន​នៅ​ក្នុង​តំបន់។

រដ្ឋមន្ត្រី​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក លោក ឡយ អូសស្ទីន បាន​លើកឡើង​ក្នុង​កិច្ច​ពិភាក្សា​អំឡុង​ពេល​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា លោក ទៀ បាញ់ កាលពី​ថ្ងៃទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០២២ នេះ​ថា សហរដ្ឋ​អាមេរិក​នឹង​គាំទ្រ​ជំហរ​របស់​អាស៊ាន ហើយ​នៅ​តែ​ខិតខំ​ចង​សម្ពន្ធមិត្ត​នៅ​ក្នុង​តំបន់​បន្ត​ទៀត។ បន្ថែម​ពី​នេះ សហរដ្ឋ​អាមេរិក​នៅតែ​បន្ត​គាំទ្រ​ចំពោះ​ការ​ខិតខំ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​មាន​បំណង​រក្សា​សន្តិភាព​របស់​ខ្លួន​ផង​ដែរ។

រដ្ឋមន្ត្រី​ការពារ​ជាតិ​រូប​នេះ​យល់ស្រប​នឹង​រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា លោក ទៀ បាញ់ ដែល​លើកឡើង​ថា ទំនាក់ទំនង​ក្រសួង​ការពារ​ជាតិ​ប្រទេស​ទាំង​ពីរ​បាន​ចុះថយ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ។ លោក​ថា ការ​ថយ​ចុះ​ទំនាក់ទំនង​នេះ មិនមែន​ដោយសារតែ​បញ្ហា​សិទ្ធិមនុស្ស​តែ​ម្យ៉ាង​ទេ ប៉ុន្តែ​ជាពិសេស គឺ​ដោយសារតែ​ខ្វះខាត​តម្លាភាព​ដែល​ជា​កត្តា​សំខាន់​បំផុត​ជុំវិញ​ទំនាក់ទំនង​នេះ​តែម្តង។

រដ្ឋមន្ត្រី​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​រូប​នេះ​បញ្ជាក់​ថា បើ​ទោះបីជា​ទំនាក់ទំនង​ក្រសួង​ការពារ​ជាតិ​កម្ពុជា និង​សហរដ្ឋ​អាមេរិក មិន​ទាន់​យល់​គ្នា​ច្បាស់ និង​មិន​ទាន់​ចុះសម្រុង​គ្នា ប៉ុន្តែ​មិនមែន​ជា​បញ្ហា​អ្វី​ធំដុំ​នោះ​ទេ ព្រោះ​ថា​ក្រសួង​ការពារ​ជាតិ​នៃ​ប្រទេស​ទាំង​ពីរ​នៅតែ​អាច​ពិភាក្សា​គ្នា​រក​ដំណោះស្រាយ​ចំពោះ​បញ្ហា​នេះ​បាន​ដដែល។

ការ​សម្ដែង​ក្តី​ព្រួយបារម្ភ​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​កម្ពុជា​រង​នូវ​ការ​សង្ស័យ​ជុំវិញ​ការ​ផ្តល់​មូលដ្ឋាន​ទ័ព​ជើងទឹក​រាម ឱ្យ​កងទ័ព​ចិន​ឈរជើង ដែល​រហូត​ដល់​ពេលនេះ​កម្ពុជា​នៅ​មិន​ទាន់​មាន​ការ​បញ្ជាក់​ឱ្យ​បាន​ច្បាស់លាស់​ណា​មួយ​នៅឡើយ​ទេ។

ចាប់ពី​ថ្ងៃទី​២១ ដល់​ថ្ងៃទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០២២ កម្ពុជា​បាន​រៀបចំ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន និង​កិច្ចប្រជុំ​ក្រៅ​ផ្លូវការ​ពីរ​ផ្សេង​ទៀត គឺ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន-សហរដ្ឋ​អាមេរិក និង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន-ឥណ្ឌា ដែល​ក្នុង​នោះ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា លោក ទៀ បាញ់ បញ្ជាក់​ថា ទំនាក់ទំនង​យោធា​កម្ពុជា និង​យោធា​សហរដ្ឋ​អាមេរិក​បាន​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​លំបាក​មួយ​សព្វថ្ងៃ​នេះ។

លោក ទៀ បាញ់ បញ្ជាក់​ថា ផ្ទុយទៅវិញ ប្រសិនបើ​ភាគី​ទាំង​សងខាង​យល់​ឃើញ​ថា​កិច្ច​សហប្រតិបត្តិការ​រវាង​កងទ័ព​ទាំង​ពីរ​មាន​សារសំខាន់ ប្រទេស​ទាំង​ពីរ​ត្រូវតែ​ស្វែងរក​មធ្យោបាយ​ដ៏​ល្អ​បំផុត​សម្រាប់​ការ​យោគយល់​គ្នា និង​គោរព​ផលប្រយោជន៍​គ្នា​ទៅវិញ​ទៅមក។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០២២ សេតវិមាន​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ថា លោក ចូ បៃដិន បាន​សម្ដែង​នូវ​ការ​ព្រួយ​កង្វល់​អំពី​ស្ថានភាព​នៅ​មូលដ្ឋាន​ទ័ព​ជើងទឹក​រាម​យ៉ាង​ខ្លាំង ដែល​រហូត​ដល់​ពេលនេះ កម្ពុជា​នៅតែ​ត្រូវ​បាន​សង្ស័យ​ពី​ការ​ឃុបឃិត​លួច​ផ្តល់​មូលដ្ឋាន​ទ័ព​ជើងទឹក​រាម​របស់​ខ្លួន​ឱ្យ​កងទ័ព​ជើងទឹក​ចិន the People’s Republic of China (PRC) ធ្វើជា​កន្លែង​ឈរជើង​នៅឡើយ។

សេតវិមាន​បញ្ជាក់​ថា លោក ចូ បៃដិន ក៏​បាន​រំលឹក​ឡើងវិញ​នូវ​ការ​ប្ដេជ្ញាចិត្ត​របស់​សហរដ្ឋ​អាមេរិក​ផង​ដែរ​ថា អាមេរិក​ប្រកាន់​ជំហរ​ឥត​ងាករេ​ចំពោះ​ប្រជាពលរដ្ឋ​កម្ពុជា​សម្រាប់​បំណង​ប្រាថ្នា​របស់​ពួកគេ​ដែល​ចង់​បាន​ប្រជាធិបតេយ្យ និង​ឯករាជភាព​ជាតិ​របស់​ខ្លួន។

យ៉ាងណាក៏ដោយ កាលពី​ថ្ងៃទី​១ ខែ​កញ្ញា ឆ្នាំ​២០២២ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា លោក ទៀ បាញ់ បាន​អះអាង​ក្នុង​ពិធី​ទទួល​រថយន្ត​ទំនើប ១៥០​គ្រឿង​ដែល​ជា​ជំនួយ​របស់​ក្រសួង​ការពារ​ជាតិ​ចិន ផ្តល់​ឲ្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា​ថា រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សហរដ្ឋ​អាមេរិក​បាន​ចោទប្រកាន់​មក​លើ​កម្ពុជា​ជា​បន្តបន្ទាប់​ថា កម្ពុជា​បាន​អនុញ្ញាត​ឲ្យ​ចិន​តាំង​មូលដ្ឋាន​កងទ័ព​ជើងទឹក​នៅ​តំបន់​រាម​នោះ គឺ​គ្មាន​ចង់​បាន​អ្វី​ពី​ការ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​នោះ​ទេ។

ជុំវិញ​បញ្ហា​នេះ កាលពី​ថ្ងៃទី​១១ ខែ​ឧសភា ឆ្នាំ​២០២២ សភា​ជាន់ខ្ពស់​របស់​សហរដ្ឋ​អាមេរិក​បាន​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​មួយ ដែល​បាន​កំណត់​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​រក្សា​អព្យាក្រឹត​ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ និង​តាម​គោលការណ៍​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ ដើម្បី​ធានា​នូវ​ភាព​ជាក់ច្បាស់​ពី​មូលដ្ឋាន​ទ័ព​ជើងទឹក​រាម ដែល​គេ​សង្ស័យ​ពី​វត្តមាន​កងទ័ព​ចិន​នៅ​លើ​ទឹកដី​របស់​ខ្លួន​រហូត​មក៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស