34 C
Phnom Penh

បណ្ឌិត យ៉ង សាំងកុមារ គាំទ្រ​យុទ្ធសាស្ត្រ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អំពី​ការ​អភិវឌ្ឍ​វិស័យ​ស្រូវ​អង្ករ​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​ប្រធាន​អង្គការ​សេដាក គាំទ្រ​នូវ​យុទ្ធសាស្ត្រ​របស់​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ស្រូវ​អង្ករ​កម្ពុជា​ឱ្យ​កាន់​តែ​មាន​សក្ដានុពល និង​ដើម្បី​ជួយ​លើក​កម្ពស់​ជីវភាព​របស់​ប្រជាពលរដ្ឋ​ទៅ​ថ្ងៃ​មុខ។

អតីត​ប្រធាន​អង្គការ​សេដាក និង​ជា​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (GDP) បណ្ឌិត យ៉ង សាំងកុមារ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៤ វិច្ឆិកា នេះ​ថា នៅ​ពេល​ដែល​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​ក្រសួង​ពាក់ព័ន្ធ អាច​អនុវត្ត​តាម​គោលការណ៍​របស់​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច កសិករ​កម្ពុជា​ប្រាកដជា​ទទួល​បាន​ផល​ចំណេញ​ច្រើន​ពី​ការ​ប្រកប​របរ​កសិកម្ម​របស់​ខ្លួន ប្រសិនបើ​ក្រសួង​កសិកម្ម​អាច​អនុវត្ត​នូវ​យុទ្ធសាស្ត្រ​ទាំងនេះ​បាន​មែន​នោះ។

បណ្ឌិត យ៉ង សាំងកុមារ អះអាង​ថា ការ​លើកឡើង​ជា​គោលការណ៍​របស់​រដ្ឋាភិបាល​កន្លង​មក​តែងតែ​បរាជ័យ​ក្នុង​ដំណាក់កាល​អនុវត្ត ដូច្នេះ​ជុំវិញ​ការ​ស្ដារ​ឡើងវិញ​នៃ​វិស័យ​កសិកម្ម​នៅ​ពេលនេះ បើ​រដ្ឋាភិបាល​គ្រាន់តែ​និយាយ​ឱ្យ​តែ​ពីរោះ​ស្តាប់ នោះ​វិស័យ​ស្រូវ​អង្ករ​របស់​កម្ពុជា​ក៏​នឹង​ជួប​ឧបសគ្គ​នៅ​ថ្ងៃ​មុខ​ដូច​ពេលនេះ​ដដែល ខណៈ​រដ្ឋាភិបាល​តែង​មាន​ហេតុផល​ការពារ​នូវ​កំហុស​របស់​ខ្លួន​ជានិច្ច ប៉ុន្តែ​អ្នក​ដែល​ខាតបង់ គឺ​នៅតែ​ជា​កសិករ​ដដែល។

ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​រូប​នេះ​ជំរុញ​ឱ្យ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​ក្រសួង​ពាក់ព័ន្ធ លើក​ទឹកចិត្ត​ដល់​ម្ចាស់​រោង​ម៉ាស៊ីន​កិនស្រូវ​ឱ្យ​សហការ​គ្នា ដើម្បី​លើក​កម្ពស់​វិស័យ​ស្រូវ​អង្ករ​របស់​កម្ពុជា​ឈាន​ទៅ​រក​ការ​ជំរុញ​ជីវភាព​របស់​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ឡើង ដើម្បី​កុំ​ឱ្យ​កសិករ​ជួប​វិបត្តិ​ដូច​ពេល​កន្លងមក។

កាលពី​ថ្ងៃទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០២២ រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន បាន​លើកឡើង​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​ការងារ​ឆ្នាំ​២០២២ របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ថា ដើម្បី​អភិវឌ្ឍ​វិស័យ​ស្រូវ​អង្ករ​កម្ពុជា​ឱ្យ​អស់​សក្ដានុពល កម្ពុជា​ត្រូវ​ពង្រឹង​ការ​នាំចេញ​អង្ករ​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ តាមរយៈ​ការ​សហការ​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ប្រកប​ដោយ​តម្លាភាព។ ជាង​នេះ​ទៀត ត្រូវ​បង្កើន​សាមគ្គីភាព​ផ្ទៃក្នុង និង​បង្កើន​អំណាច​ចរចា​ជាមួយ​អ្នក​បញ្ជា​ទិញ និង​ពិនិត្យ​លទ្ធភាព​ក្នុង​ការ​កំណត់​ថ្លៃ​រួម​មួយ​ផង​ដែរ។

លោក អូន ព័ន្ធមុនីរ័ត្ន បញ្ជាក់​ថា កម្ពុជា​ក៏​ត្រូវ​បន្ត​ពង្រឹង​សមត្ថភាព​រោង​ម៉ាស៊ីន​កិនស្រូវ​បន្ថែម​ទៀត។ ក្រៅ​ពី​នេះ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា និង​រោង​ម៉ាស៊ីន​កិនស្រូវ​ទាំងអស់ ត្រូវ​សហការ​ជិតស្និទ្ធ​ឱ្យ​កាន់តែ​ល្អ​ជាង​មុន។ លើស​ពី​នេះ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​ក្រសួង​ពាណិជ្ជកម្ម ត្រូវ​ជំរុញ​ការ​ទិញ​ស្រូវ​ពី​កសិករ​ក្នុង​តម្លៃ​ជាក់លាក់ និង​ត្រូវ​ពង្រឹង​ការ​សម្របសម្រួល​ការ​អនុវត្ត​កសិកម្ម​តាម​កិច្ចសន្យា​រវាង​រោង​ម៉ាស៊ីន​កិនស្រូវ ក្រុមហ៊ុន​នាំចេញ​អង្ករ និង​សហគមន៍​កសិកម្ម​ផង​ដែរ។

រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​រូប​នេះ​បញ្ជាក់​ថា ក្រៅពី​វិធី​ខាង​លើ កម្ពុជា​ត្រូវ​ពន្លឿន​ការ​នាំចេញ​ក្នុង​ក្របខ័ណ្ឌ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា-ចិន និង​កិច្ចព្រមព្រៀង​នៃ​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​ក្នុង​តំបន់​គ្រប់​ជ្រុងជ្រោយ (RCEP) ជាដើម។ បន្ថែម​ពី​នេះ ក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​ផ្គត់ផ្គង់​ដល់​កសិករ និង​សហគមន៍​កសិកម្ម​ក្នុង​កម្រិត​ថ្លៃ​សមរម្យ​ឱ្យ​បាន​ច្បាស់លាស់។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០២២ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម លោក ឌិត ទីណា បាន​លើកឡើង​ក្នុង​កម្មវិធី​មួយ​នៅ​ខេត្ត​កែប ថា កំណែ​ទម្រង់​ក្នុង​វិស័យ​ទាំងមូល​នៃ​វិស័យ​កសិកម្ម ត្រូវ​ធ្វើ​រួម​គ្នា ដោយ​មាន​យុទ្ធសាស្ត្រ​រួម ហើយ​បំបែក​ទៅ​ជា​ការ​ទទួល​ខុសត្រូវ​ផ្សេងៗ​គ្នា ក្នុង​នោះ​កសិករ​ត្រូវ​មាន​ផែនការ​មួយ​ចំនួន​សម្រាប់​ធ្វើ ហើយ​កសិករ​ណា​អាច​ធ្វើ​តាម​ផែនការ​បាន នឹង​មាន​ការ​ធានា​នូវ​តម្លៃ​ផលិត ប៉ុន្តែ​កសិករ​ដែល​នៅតែ​បន្ត​ធ្វើ​តាម​ទម្លាប់​ចាស់ អាច​នឹង​ប្រឈម​ទៅ​នឹង​បញ្ហា​ទីផ្សារ និង​បញ្ហា​ផ្សេងៗ​ដែល​ធ្លាប់​កើតមាន​ដូច​ពេល​កន្លងមក។

ទាក់ទិន​នឹង​បញ្ហា​នេះ ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា បណ្ឌិត សុខ ទូច ធ្លាប់​ព្រមាន​កាលពី​អំឡុង​ឆ្នាំ​២០២០ មុន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា-ចិន​ចូល​ជា​ធរមាន​ថា កម្ពុជា​នឹង​ក្លាយ​ជា​ធុងសំរាម​របស់​ចិន បើ​ក្រសួង​ពាក់ព័ន្ធ​មិន​រួម​គ្នា​ពង្រីក​ទំហំ​ផលិត​ប្រកប​ដោយ​គុណភាព​តប​តាម​ស្តង់ដារ​អន្តរជាតិ រួម​ទាំង​បណ្តុះបណ្តាល​ជំនាញ​ខាង​ធនធាន​មនុស្ស​ទេ​នោះ។

ដោយឡែក​អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត មាស នី ធ្លាប់​បាន​លើកឡើង​កាលពី​ពេល​ថ្មីៗ​នេះ​ថា បើ​វិបត្តិ​នេះ​មិន​ត្រូវ​បាន​ដោះស្រាយ​ទេ ហានិភ័យ​សន្តិសុខ​ស្បៀង​អាច​នឹង​កើតឡើង ហើយ​កសិករ​កាន់តែ​ច្រើន​ឡើងៗ​នឹង​បន្ត​បោះបង់​មុខ​របរ​កសិកម្ម ក្នុង​នោះ​កសិករ​ខ្លះ​នឹង​ត្រូវ​បង្ខំ​ចិត្ត​លក់​ដី​ដើម្បី​សង​បំណុល​ធនាគារ ជាដើម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស