35 C
Phnom Penh

សកម្មជន៖ រដ្ឋ​ប្រគល់​កោះកុង​ក្រៅ​ឱ្យ​ឧកញ៉ា លី យ៉ុងផាត់ ជា​ហានិភ័យ​ដ៏​ធំ​ប្រឈម​បាត់បង់​ជីវចម្រុះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សកម្មជន​ចលនា​មាតា​ធម្មជាតិ និង​យុវជន​ស្រឡាញ់​ធនធាន​ធម្មជាតិ ថា​ការ​សម្រេច​របស់​រដ្ឋាភិបាល​កម្ពុជា​ដែល​នឹង​ប្រគល់​កោះកុង​ក្រៅ ដែល​ស្ថិត​នៅ​ក្នុង​ឃុំ​ជ្រោយប្រស់ ស្រុក​កោះកុង ខេត្ត​កោះកុង ឱ្យ​ទៅ​ក្រុមហ៊ុន​ឯកជន​របស់​ឧកញ៉ា លី យ៉ុងផាត់ ធ្វើជា​កម្មសិទ្ធិ គឺជា​ហានិភ័យ​ដ៏​ធំ​មួយ​ដែល​ប្រឈម​នឹង​ការ​បាត់បង់​ជីវចម្រុះ​សម្បូរ​បែប និង​សម្បត្តិ​ធម្មជាតិ​ដ៏​មាន​តម្លៃ​មហាសាល​ជាច្រើន​ទៀត។

សកម្មជន​ចលនា​មាតា​ធម្មជាតិ និង​យុវជន​ស្រឡាញ់​ធនធាន​ធម្មជាតិ​ជាច្រើន​នាក់ បាន​នាំគ្នា​លើក​បដា​ប្រើ​ឃោសនសព្ទ និង​ស្លៀកពាក់​ប្លែកៗ ដូចជា​ពាក់​អាវ​ពោង​ហែល​ទឹក ជាដើម តាម​ទី​សាធារណៈ នៅ​មុខ​វិទ្យាល័យ​សន្ធរមុខ និង​ស្តុប​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ នៅ​ថ្ងៃទី​២៨ ខែ​វិច្ឆិកា ឆ្នាំ​២០២២ នេះ ដោយ​ចែក​ខិត្តប័ណ្ណ PostCard ទេសចរណ៍ និង​ក្រដាស​ព័ត៌មាន​នានា ដោយ​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ និង​យុវជន នាំគ្នា​ចូលរួម​ការពារ​កោះកុង​ក្រៅ ដើម្បី​កុំ​ឱ្យ​មាន​ការ​បំផ្លិចបំផ្លាញ​ធនធាន​ធម្មជាតិ​ពី​ក្រុមហ៊ុន​ឯកជន​នៅ​ពេល​ខាងមុខ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​បាត់បង់​ជីវចម្រុះ​ដ៏​សម្បូរ​បែប​នៅ​លើ​កោះ​នោះ។

សកម្មជន​បរិស្ថាន កញ្ញា ភួន កែវរស្មី បាន​អះអាង​ថា គោលបំណង​នៃ​ការ​ធ្វើ​យុទ្ធនាការ​នេះ គឺ​ចង់​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​នាំគ្នា​ទៅ​លេង​ជា​លក្ខណៈ​ទេសចរ​នៅ​កោះកុង​ក្រៅ នៅ​ពេល​មាន​ពិធីបុណ្យ​ជាតិ​ម្តងៗ ជាពិសេស​អំឡុង​ពេល​បុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិ​ខាងមុខ​នេះ។

សកម្មជន​បរិស្ថាន​រូប​នេះ​បាន​អះអាង​ថា ការ​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​កោះ​នោះ គឺជា​ការ​រួម​ចំណែក​ដ៏​ធំ​ក្នុង​ការ​ការពារ​កោះកុង​ក្រៅ​ពី​ការ​បំផ្លាញ​សម្បត្តិ​ធម្មជាតិ​ខ្មែរ​ពី​កណ្ដាប់ដៃ​ឈ្មួញ​ទុច្ចរិត និង​កណ្ដាប់ដៃ​ឧកញ៉ា ដែល​ប្រើ​រូបភាព​អភិវឌ្ឍន៍​ដើម្បី​បំផ្លាញ​ធនធាន​ធម្មជាតិ​នៅ​ទីនោះ។

សកម្មជន​បរិស្ថាន​រូប​នេះ​បញ្ជាក់​ថា បើ​ប្រជាពលរដ្ឋ​ខ្មែរ​មិន​នាំគ្នា​ចូលរួម​ការពារ​កោះ​ដ៏​ស្រស់​ស្អាត​មួយ​នេះ​ទេ កោះ​នេះ​នឹង​ត្រូវ​រង​នូវ​ការ​បំផ្លាញ​ដូច​ភ្នំ​តាម៉ៅ​ដូច្នោះ​ដែរ។ ដូច្នេះ ការ​ចូលរួម​ការពារ​តាមរយៈ​នៃ​ការ​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​លេង​នៅ​កោះ​នោះ គឺជា​រឿង​ដែល​មិន​អាច​ខ្វះ​បាន ព្រោះ​ថា​ក្នុង​នាម​ជា​ពលរដ្ឋ​ខ្មែរ ជា​ម្ចាស់​ប្រទេស ជា​ម្ចាស់​ទឹកដី មិន​អាច​ទុក​ទ្រព្យសម្បត្តិ​ជាតិ​របស់​ខ្លួន​ឱ្យ​គេ​បំផ្លាញ​តាម​ចិត្ត​នោះ​ឡើយ។

កោះកុង​ក្រៅ​មាន​ទំហំ​ផ្ទៃដី ១០៣​គីឡូម៉ែត្រ​ក្រឡា ទទឹង​ប្រវែង ៧​គីឡូម៉ែត្រ បណ្តោយ ១៩​គីឡូម៉ែត្រ ព្រមទាំង​មាន​ឆ្នេរ ៦​កន្លែង៖

  • ឆ្នេរ​ទី​១ ប្រវែង ១៨០០​ម៉ែត្រ
  • ឆ្នេរ​ទី​២ ប្រវែង ២០៥០​ម៉ែត្រ
  • ឆ្នេរ​ទី​៣ ប្រវែង ៧០០​ម៉ែត្រ
  • ឆ្នេរ​ទី​៤ ប្រវែង ៩០០​ម៉ែត្រ
  • ឆ្នេរ​ទី​៥ ប្រវែង ៧៥០​ម៉ែត្រ
  • និង​ឆ្នេរ​ទី​៦ ប្រវែង ៦៥០​ម៉ែត្រ។

ក្រៅ​ពី​នេះ ក៏​មាន​តំបន់​ទឹកធ្លាក់ ៩​កន្លែង និង​កូនភ្នំ​ជាច្រើន​ដែល​មាន​ចម្ងាយ​ត្រឹមតែ ៣០​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​ក្រុង​ខេមរភូមិន្ទ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃទី​២៣ ខែ​សីហា ឆ្នាំ​២០២២ ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ​បាន​ដាក់​ញត្តិ​មួយ​ទៅ​ក្រសួង​បរិស្ថាន ដើម្បី​ស្នើ​ឱ្យ​ក្រសួង​បង្ហាញ​ជា​សាធារណៈ​នូវ​លទ្ធផល​នៃ​ការ​សិក្សា​ស្រាវជ្រាវ​អំពី​តំបន់​កោះកុង​ក្រៅ និង​ធ្វើ​បច្ចុប្បន្នភាព​នៃ​ការ​ដាក់​តំបន់​មួយ​នេះ​ទៅ​ជា​តំបន់​ឧទ្យាន​ជាតិ​សមុទ្រ ក្រោយពី​មន្ត្រី​ក្រសួង​ចុះ​ស្រាវជ្រាវ​រយៈពេល ៦​ឆ្នាំ​មក​ហើយ ប៉ុន្តែ​មិន​ទាន់​បាន​បង្ហាញ​លទ្ធផល​ការងារ​របស់​ខ្លួន​ជា​សាធារណៈ។

ចំណែក​ក្រុម​សង្គម​ស៊ីវិល និង​សហគមន៍​មួយ​ចំនួន បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​កាលពី​ឆ្នាំ​២០២០ ដោយ​បង្ហាញ​ពី​ការ​ព្រួយបារម្ភ​ជា​ខ្លាំង ក្រោយ​ពេល​រដ្ឋាភិបាល​បាន​ផ្ដល់​សិទ្ធិ​អភិវឌ្ឍន៍​កោះកុង​ក្រៅ​ទាំងមូល​ទៅ​ឱ្យ​ក្រុមហ៊ុន «កោះកុង អេស អ៊ី ហ្ស៊ិត ខូអិលធីឌី (KOH KONG SEZ CO., LTD.)» របស់​ឧកញ៉ា លី យ៉ុងផាត់។

រហូត​មក​ដល់​ពេលនេះ កោះកុង​ក្រៅ​នៅ​មិនទាន់​មាន​សេចក្ដី​ប្រកាស​ណា​មួយ ឬ​អនុក្រឹត្យ​ណា​មួយ​បញ្ជាក់​ថា កោះ​នេះ​ជា​ឧទ្យាន​ជាតិ​សមុទ្រ​នៅឡើយ​ទេ ប៉ុន្តែ​ត្រូវ​គេ​រក​ឃើញ​ថា កោះ​ដែល​ធំ​ជាងគេ​នៅ​កម្ពុជា​មួយ​នេះ ត្រូវ​បាន​រដ្ឋាភិបាល​ប្រគល់​ផ្ដាច់មុខ​ដោយ​ស្ងាត់ៗ​ទៅ​ឱ្យ​ក្រុមហ៊ុន​របស់​លោក លី យ៉ុងផាត់ សមាជិក​ព្រឹទ្ធសភា ធ្វើការ​អភិវឌ្ឍ​តាំងពី​ឆ្នាំ​២០១៩ មក ដោយ​មិន​បាន​ធ្វើការ​វាយតម្លៃ​ផល​ប៉ះពាល់​បរិស្ថាន​ជា​មុន និង​ប្រកាស​ប្រាប់​សាធារណជន​នោះ​ឡើយ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស