35.1 C
Phnom Penh

អ្នក​ឃ្លាំមើល៖ លោក ចេន ហ្ស៊ី ឧកញ៉ា កុក អាន និង​ឧកញ៉ា លី យ៉ុងផាត់ នឹង​ត្រូវ​មាន​ទោស​ប្រហារ​ជីវិត បើ​ជា​ជនជាតិ​ចិន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ឃ្លាំមើល​លើកឡើង​ថា មហាសេដ្ឋី​ចិន​សញ្ជាតិ​ខ្មែរ លោក ចេន ហ្ស៊ី (Chen Zhi) ដែល​មាន​គោរមងារ​ជា​ឧកញ៉ា រួម​ទាំង​ឧកញ៉ា កុក អាន និង​ឧកញ៉ា លី យ៉ុងផាត់ នឹង​ត្រូវ​កាត់ទោស​ប្រហារ​ជីវិត ប្រសិនបើ​ពួកគេ​ជា​ជនជាតិ​ចិន ដែល​ត្រូវ​រក​ឃើញ​ថា​ជា​មេ​ឧក្រិដ្ឋជន​ឆបោក។

អ្នក​ឃ្លាំមើល​សង្គម លោក វ៉ន ចាន់ឡូត បាន​សរសេរ​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​៥ វិច្ឆិកា ថា ឧក្រិដ្ឋជន​កាន់​កិច្ចការ​រដ្ឋ ច្បាស់​ជា​យក​ច្បាប់​ការពារ​ទង្វើ​ឧក្រិដ្ឋ និង​ប្រើ​កងកម្លាំង​ជាតិ​ការពារ​អំពើ​ឧក្រិដ្ឋ​ដែល​ខ្លួន​ប្រព្រឹត្ត ឬ​ជាប់​ពាក់ព័ន្ធ​នឹង​ខ្លួន​ជាមិនខាន។

អ្នក​ឃ្លាំមើល​រូប​នេះ​បញ្ជាក់​ថា លោក ចេន ហ្ស៊ី គឺជា​មេខ្លោង​ឧក្រិដ្ឋជន​ឆបោក​រត់​គេច​ខ្លួន​ពី​ការ​តាម​ចាប់​របស់​រដ្ឋាភិបាល​ចិន តែ​បែរជា​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ទទួល​ដៃ​ដប់​ឱ្យ​ធ្វើ​ជា​ទីប្រឹក្សា​របស់​គាត់​ទៅវិញ ដូច្នេះ​ហើយ​បាន​ជា​ក្រុមហ៊ុន​ធំៗ​របស់​ចិន ឬ​អ្នក​វិនិយោគិន​ល្អៗ​របស់​ចិន មិន​ហ៊ាន​មក​ដាក់​ទុន​វិនិយោគ​នៅ​កម្ពុជា ដោយសារតែ​កម្ពុជា​មាន​ឧក្រិដ្ឋជន​ជា​អ្នក​ធ្វើ​ការងារ​រដ្ឋ។

កាសែត​សិង្ហបុរី CNA បាន​រាយការណ៍​ថា អាជ្ញាធរ​ហុងកុង និង​អាជ្ញាធរ​តៃវ៉ាន់ កាលពី​ថ្ងៃទី​៤ ខែ​វិច្ឆិកា នេះ បាន​បង្កក​ទ្រព្យសម្បត្តិ​ដែល​មាន​តម្លៃ​ជាង ៥០០​លាន​ដុល្លារ​អាមេរិក (៥០២​លាន​ដុល្លារ) ក្រោយ​រក​ឃើញ​ថា​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុម​ឧក្រិដ្ឋជន និង​ជា​កម្មសិទ្ធិ​របស់​សម្ពន្ធ​ក្រុមហ៊ុន Prince Group ដែល​គ្រប់គ្រង​ដោយ​លោក ចេន ហ្ស៊ី (Chen Zhi)។

ប្រភព​ដដែល​ឲ្យ​ដឹង​ថា អាជ្ញាធរ​ក្រុង​ហុងកុង បាន​បង្កក​ទ្រព្យសម្បត្តិ​ក្រុមហ៊ុន Prince Group តម្លៃ ៣៥៤​លាន​ដុល្លារ រួម​មាន​សាច់ប្រាក់ ភាគហ៊ុន និង​មូលនិធិ​ដែល​កាន់កាប់​ដោយ​បុគ្គល និង​អង្គភាព​សាជីវកម្ម​របស់​សម្ពន្ធ​ក្រុមហ៊ុន Prince Group ប៉ុន្តែ​មក​ដល់​ពេលនេះ មិន​ទាន់​មាន​បុគ្គល​ណា​មួយ​ត្រូវ​បាន​ចាប់​ខ្លួន​នៅឡើយ​ទេ។

សហរដ្ឋ​អាមេរិក ក៏បាន​ដាក់​ឈ្មោះ​ក្រុមហ៊ុន​របស់​ហុងកុង យ៉ាងតិច ១៨​ក្រុមហ៊ុន ចូល​ទៅ​ក្នុង​បញ្ជីខ្មៅ​ដែរ ដែល​ជាប់​ទាក់ទង​នឹង​សម្ពន្ធ​ក្រុមហ៊ុន Prince Group ក្នុង​នោះ​ក៏​មាន​ក្រុមហ៊ុន​ហុងកុង ចំនួន​ពីរ​ដែរ គឺ​ក្រុមហ៊ុន Khoon Group និង​ក្រុមហ៊ុន Geotech Holdings។

ចំណែក​ប៉ូលិស​តៃវ៉ាន់ កាលពី​ថ្ងៃទី​៤ ខែ​វិច្ឆិកា នេះ អះអាង​ថា ពួកគេ​បាន​ចាប់​ខ្លួន​មនុស្ស​ចំនួន ២៥​នាក់ និង​រឹបអូស​ទ្រព្យសម្បត្តិ​ចំនួន​ជិត ១៤៨​លាន​ដុល្លារ​អាមេរិក ដែល​ពាក់ព័ន្ធ​នឹង​សម្ពន្ធ​ក្រុមហ៊ុន Prince Group ក្នុង​ករណី​ស្រដៀង​គ្នា​នេះ ខណៈ​ទ្រព្យសម្បត្តិ​ដែល​រឹបអូស​បាន រួម​មាន​រថយន្ត​ទំនើប​ចំនួន ២៦​គ្រឿង អគារ និង​គណនី​ធនាគារ​មួយ​ចំនួន​ទៀត។

ទាក់ទិន​នឹង​បញ្ហា​នេះ កាសែត Asia One បាន​រាយការណ៍​កាលពី​ថ្ងៃទី​៣០ ខែ​តុលា កន្លង​ទៅ​ថ្មីៗ​នេះ​ថា លោក ចេន ហ្ស៊ី (Chen Zhi) ត្រូវ​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​របស់​ប្រទេស​សិង្ហបុរី រយៈពេល ១០​ឆ្នាំ បន្ទាប់ពី​រក​ឃើញ​ថា​បាន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ឆបោក​តាម​អនឡាញ រួម​ទាំង​ការ​លាង​លុយ​កខ្វក់។

អាជ្ញាធរ​សិង្ហបុរី ក៏បាន​រឹបអូស​ផ្ទះ​ប្រណិត​ចំនួន ៦​ខ្នង រថយន្ត​ទំនើបៗ​ចំនួន ១១​គ្រឿង និង​កប៉ាល់​កម្សាន្ត​លំដាប់​ខ្ពស់ ១​គ្រឿង​ផង​ដែរ ដោយសារ​ទ្រព្យសម្បត្តិ​ទាំងនោះ​មាន​ឫសគល់​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ឆបោក​តាម​អនឡាញ រួម​ទាំង​ការ​លាង​លុយ​កខ្វក់។

អាជ្ញាធរ​សិង្ហបុរី បញ្ជាក់​ថា លោក ចេន ហ្ស៊ី (Chen Zhi) ត្រូវ​ប្រឈម​នឹង​ការ​ផាក​ពិន័យ​ជា​ទឹកប្រាក់​ចំនួន ៥០​ម៉ឺន​ដុល្លារ​សិង្ហបុរី បន្ថែម​ពី​លើ​ទ្រព្យសម្បត្តិ​ដែល​ត្រូវ​រឹបអូស ក្រៅពី​ត្រូវ​ជាប់​ពន្ធនាគារ​នោះ ហើយ​ពេលនេះ អាជ្ញាធរ​កំពុង​តាម​រក​ចាប់​ខ្លួន​លោក ចេន ហ្ស៊ី និង​បក្ខពួក​ជាង ៣០​នាក់​ទៀត​ផង​ដែរ (៣៧​នាក់) ដែល​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ឆបោក​ចេញពី​ប្រទេស​កម្ពុជា។

ចំណែក​ចក្រភព​អង់គ្លេស ក៏បាន​បង្កក​អចលនទ្រព្យ​ដែល​មាន​តម្លៃ​ជាង ១០០​លាន​ដុល្លារ​អាមេរិក​របស់​លោក ចេន ហ្ស៊ី នៅ​ភាគ​ឧត្តរ​នៃ​ទីក្រុង​ឡុងដ៍ នៃ​ចក្រភព​អង់គ្លេស ផង​ដែរ។

សព្វថ្ងៃ​នេះ ក្រៅពី​អាជីព​ជា​អ្នក​វិនិយោគ​ដោយ​ប្រើ​សញ្ជាតិ​ខ្មែរ លោក ចេន ហ្ស៊ី (Chen Zhi) ត្រូវ​បាន​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន តែងតាំង​ជា​ទីប្រឹក្សា​ផ្ទាល់ខ្លួន​កាលពី​ថ្ងៃទី​១៩ ខែ​មេសា ឆ្នាំ​២០២៤ បន្ទាប់ពី​ទទួល​បាន​គោរមងារ​ជា​អ្នកឧកញ៉ា​តាម​ការ​ទូល​ថ្វាយ​របស់​លោក ហ៊ុន សែន ទៅ​ព្រះមហាក្សត្រ កាលពី​ថ្ងៃទី​១០ ខែ​កក្កដា ឆ្នាំ​២០២០ កន្លង​ទៅ​នោះ៕

មហាសេដ្ឋី​ចិន​សញ្ជាតិ​ខ្មែរ លោក ចេន ហ្ស៊ី (Chen Zhi) ឧកញ៉ា កុក អាន និង​ឧកញ៉ា លី យ៉ុងផាត់
មហាសេដ្ឋី​ចិន​សញ្ជាតិ​ខ្មែរ លោក ចេន ហ្ស៊ី (Chen Zhi) ឧកញ៉ា កុក អាន និង​ឧកញ៉ា លី យ៉ុងផាត់

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស