31.7 C
Phnom Penh

មន្ត្រី​ជាន់ខ្ពស់​កម្ពុជា​ថា​អាជ្ញាធរ​ថៃ មួលបង្កាច់​និង​ប្រឌិត​រឿង​ទម្លាក់​កំហុស​លើ​ឧកញ៉ា កុក អាន និង​ឧកញ៉ា លី យ៉ុងផាត់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ចាត់ទុក​ការ​ចោទប្រកាន់ និង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ផ្សេងៗ​ទៅ​លើ​សមាជិក​ព្រឹទ្ធសភា​ខ្មែរ លោក កុក អាន និង​លោក លី យ៉ុងផាត់ ពី​សំណាក់​អាជ្ញាធរ​ថៃ គឺ​មាន​ចេតនា​មួលបង្កាច់ និង​ប្រឌិត​រឿង​ដើម្បី​ទម្លាក់​កំហុស​ដោយ​គ្មាន​ការពិត។

អតីត​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន និង​ជា​សមាជិក​ក្រុម​ឧត្ដមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ លោក ខៀវ កាញារីទ្ធ សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១០ វិច្ឆិកា ថា បន្ទាប់ពី​អាជ្ញាធរ​ថៃ ព្យាយាម​មួលបង្កាច់​ឧកញ៉ា កុក អាន និង​សាច់ញាតិ​របស់​គាត់​រួច​មក ពេលនេះ​ពួកគេ​ចេញ​បញ្ជា​ឱ្យ​ចាប់​ខ្លួន​ឧកញ៉ា លី យ៉ុងផាត និង​កូនប្រុស​របស់​គាត់ គឺ​លោក ឈូក សុផាផា (Chokchai Suphapa) តែម្តង។

លោក​បន្ត​ថា លើស​ពី​នេះ អាជ្ញាធរ​ថៃ ក៏បាន​រឹបអូស​ផ្ទះសម្បែង និង​គណនី​ធនាគារ​ដែល​ឧកញ៉ា លី យ៉ុងផាត់ មាន​នៅ​ប្រទេស​ថៃ ផង​ដែរ ក្រោម​បទចោទប្រកាន់​ជាច្រើន​ករណី។

លោក ខៀវ កាញារីទ្ធ លើកឡើង​ថា នៅ​ពេល​អាជ្ញាធរ​ថៃ បន្ត​បង្ក​រឿង​ទៅ​លើ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា បែប​នេះ ធ្វើ​ឱ្យ​លោក​នឹកឃើញ​ពី​គំនិត​អាក្រក់​របស់​ពួកគេ​កាលពី​អំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៨០ ដែល​អាជ្ញាធរ​ថៃ បាន​ធ្វើ​រឿង​ដ៏​អាក្រក់​មក​លើ​អ្នក​ដែល​គាំទ្រ​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា ដូច​ពេលនេះ​ដែរ។

លោក​បន្ត​ថា នៅ​ពេល​នោះ អ្នក​ដែល​ចេញ​មុខ​គាំទ្រ​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា កម្រ​នឹង​ធ្វើ​ដំណើរ​តាម​យន្តហោះ​ឆ្លងកាត់​ប្រទេស​ថៃ ណាស់ គឺ​ពួកគេ​ធ្វើ​ដំណើរ​ទៅ​ចុះចត​នៅ​អាកាសយានដ្ឋាន​តាន់សឺនញ៉ិត នៅ​ក្រុង​ព្រៃនគរ រួច​ទើប​បន្ត​ជើងយន្តហោះ​មក​កាន់​ប្រទេស​កម្ពុជា។

មន្ត្រី​រដ្ឋាភិបាល​កម្ពុជា រូប​នេះ​បញ្ជាក់​ថា ពេល​ដែល​លោក​សាកសួរ​អ្នក​ទាំងនោះ ទើប​ដឹង​ថា​ពួកគេ​មិន​ហ៊ាន​ឆ្លងកាត់​ប្រទេស​ថៃ ទេ ព្រោះ​គ្មាន​សុវត្ថិភាព ព្រោះ​ថា​អ្នក​ណា​ដែល​វាយប្រហារ​ថៃ ពី​បញ្ហា​ផ្សេងៗ នឹង​ក្លាយ​ជា​មុខសញ្ញា​ដែល​ថៃ អាច​ប្រើ​ល្បិច​លួច​បង្កប់​គ្រឿងញៀន​ពេល​ពួកគេ​ឆ្លងកាត់​អាកាសយានដ្ឋាន ដនមឿង ក្នុង​ទីក្រុង​បាងកក ដើម្បី​មាន​លេស​ចាប់​ខ្លួន​អ្នក​ទាំងនោះ​តែម្តង។

កាលពី​ថ្ងៃទី​០៩ ខែ​វិច្ឆិកា កាសែត​ថៃ ខៅស៊ុត (Khaosod) ចុះផ្សាយ​ថា តុលាការ​ប្រទេស​ថៃ បាន​ចេញ​ដីកា​ចាប់​ខ្លួន​ឧកញ៉ា លី យ៉ុងផាត់ ដែល​ជា​សមាជិក​ព្រឹទ្ធសភា​កម្ពុជា និង​បក្ខពួក​ចំនួន ៥​នាក់ ក្រោម​ការ​ចោទប្រកាន់​ពី​បទ​ឃុបឃិត​គ្នា និង​លាង​លុយ​កខ្វក់។

ប្រភព​ដដែល​បញ្ជាក់​ថា ភស្តុតាង​ដែល​បាន​រក​ឃើញ​បង្ហាញ​យ៉ាង​ច្បាស់​ថា អ្នក​ទាំងនោះ​មាន​ការ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ឆបោក​តាម​អនឡាញ ខណៈ​ទ្រព្យសម្បត្តិ​ចំនួន ៣៦​ទីតាំង ត្រូវ​បាន​រឹបអូស រួម​ទាំង​អាផាតមិន ខុនដូរ ចំនួន​៣ នៅ​ក្នុង​រាជធានី​បាងកក និង​ដី​ដែល​មាន​តម្លៃ​ជាង ៤០០​លាន​បាត​ផង​ដែរ។

យ៉ាងណាក៏ដោយ អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក ជា ធីរិទ្ធ ចាត់ទុក​ដីកា​របស់​តុលាការ​ថៃ ដែល​បង្គាប់​ឱ្យ​ចាប់​ខ្លួន​ឧកញ៉ា លី យ៉ុងផាត ថា​ជា​ល្បែង​នយោបាយ​ប្រជាភិថុតិ។

ជុំវិញ​បញ្ហា​នេះ កាលពី​ថ្ងៃទី​២៣ ខែ​តុលា ឆ្នាំ​២០២៥ អង្គភាព​ប្រឆាំង​ការ​លាង​លុយ​ថៃ (AMLO) បាន​បង្កក​ទ្រព្យសកម្ម​របស់​ឧកញ៉ា លី យ៉ុងផាត់ ដែល​ជា​ម្ចាស់​ក្រុមហ៊ុន L.Y.P Group ចំនួន ៧០​លាន​បាត ដែល​ស្មើ​នឹង​ប្រមាណ​ជិត ២​លាន​ដុល្លារ​អាមេរិក (១ ៩១៥ ០០០​ដុល្លារ) ពាក់ព័ន្ធ​នឹង​ក្រុម​ក្លែង​បន្លំ​ឆបោក (Scammer Gang)។

កាលពី​ថ្ងៃទី​៨ ខែ​កក្កដា ឆ្នាំ​២០២៥ ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន បាន​អះអាង​ថា ប្រតិបត្តិការ​របស់​អាជ្ញាធរ​ថៃ ក្នុង​ការ​បំបែក​សម្បុក​ឧក្រិដ្ឋជន​អនឡាញ គឺជា​ការ​ចូលរួម​ចំណែក​ដើម្បី​កាត់បន្ថយ​បទល្មើស​អនឡាញ​ដែល​បាន​ហូរ​ចូល​ទឹកដី​កម្ពុជា រហូត​មក​នោះ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស