បណ្ដាញសហគមន៍ព្រៃឡង់ខេត្តព្រះវិហារ ជាង ៣០នាក់ អះអាងថា ព្រៃឈើជាង ៥០០ដើមត្រូវបានក្រុមហ៊ុន ម៉ាខល ឡូជីស្ទីក ឬក្រុមហ៊ុន៩៧ កាប់បំផ្លាញនៅក្នុងតំបន់ព្រៃឡង់ដោយគ្មានការទប់ស្កាត់ពីសំណាក់អាជ្ញាធរណាមួយនោះឡើយ។
បណ្ដាញសហគមន៍ព្រៃឡង់ខេត្តព្រះវិហារ បានសរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី២៨ ខែវិច្ឆិកា នេះថា សមាជិកសហគមន៍ព្រៃឡង់ចំនួន ៣៤នាក់ បានចុះស្រាវជ្រាវ និងស៊ើបអង្កេតបទល្មើសព្រៃឈើនៅក្នុងតំបន់ព្រៃឡង់រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងនោះបានប្រទះនូវបទល្មើសព្រៃឈើជាច្រើនដែលប្រព្រឹត្តឡើងដោយក្រុមហ៊ុនរកស៊ីឈើខុសច្បាប់មួយដែលមានឈ្មោះថា ម៉ាខល ឡូជីស្ទីក ឬក្រុមហ៊ុន៩៧។
ប្រភពដដែលអះអាងថា ការចុះស្រាវជ្រាវនេះបានរកឃើញគល់ឈើដែលទើបនឹងកាត់ថ្មីៗចំនួន ៥១០គល់ ដែលជាសុទ្ធតែជាដើមឈើសុក្រំ ដើមឈ្លីក ដើមផ្ចឹក ដើមរាំង ដើមត្រាច ដើមឈើទាល និងដើមផ្ដៀក ជាដើម។
បន្ថែមពីនេះ ពួកគេក៏បានប្រទះឃើញគោយន្តចំនួន ២គ្រឿង និងមនុស្សពីរនាក់ដឹកឈើឃ្លុំចំនួន ៧ដុំស្មើនឹង ៣ម៉ែត្រគូប ដែលជាកម្មកររបស់ក្រុមហ៊ុន ម៉ាខល ឡូជីស្ទីក។ ពួកគេក៏បានប្រទះឃើញឈើឃ្នាប ៧សន្លឹកប្រវែង ៧ម៉ែត្រ និងឈើជាច្រើនសន្លឹកផ្សេងទៀតផងដែរដែលគិតជាសរុប គឺស្មើនឹង ៤ម៉ែត្រគូប។
បណ្ដាញសហគមន៍ព្រៃឡង់ខាងលើបញ្ជាក់ថា ពួកគេក៏បានជួបមនុស្សចំនួន ១៣នាក់ដែលកំពុងតែសែនព្រេនក្នុងរោងចំនួន ៤កន្លែង ដែលស្ថិតនៅចំណុចប្រឡាយធ្លកនៅខាងជើងស្រែក្រូច ក្នុងតំបន់ព្រៃឡង់។ ក្នុងចំណោមអ្នកទាំងនោះមានម្នាក់ជាសន្តិសុខរបស់ក្រុមហ៊ុន ម៉ាខល ឡូជីស្ទីក ដែលមានឈ្មោះថា ទុយ ចាន់សុភុន ដែលមានសម្ភារៈមួយចំនួន ដូចជាវិទ្យុទាក់ទងមួយគ្រឿង ម៉ូតូ ២គ្រឿងរណារយន្ត និងអាវុធកែច្នៃផងដែរ ដើម្បីត្រៀមកាប់ឈើនៅតំបន់នោះ។
ព្រៃឡង់ត្រូវបានរដ្ឋាភិបាលប្រកាសបង្កើតជាដែនជម្រកសត្វព្រៃកាលពីឆ្នាំ២០១៦ មានផ្ទៃដីជាង ៤សែនហិកតារ (៤៣១៦៨៣ហិកតារ) ឋិតក្នុងចន្លោះខេត្តចំនួនបួន គឺខែត្រក្រចេះ ស្ទឹងត្រែង ព្រះវិហារ និងខេត្តកំពង់ធំ ដែលដាក់ឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថានសព្វថ្ងៃនេះ។
ក្រមព្រហ្មទណ្ឌមាត្រា៥២៨ ចែងថា មន្ត្រីរាជការសាធារណៈ មិនប្ដឹងបរិហារ និងមិនអើពើបង្ក្រាបបទល្មើសឋិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំដល់ ៣ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀលដល់ ៦លានរៀល ប៉ុន្តែកន្លងមកត្រូវគេមើលឃើញថា មន្ត្រីដែលអនុវត្តខុសពីមាត្រានេះ មិនទទួលរងទណ្ឌកម្ម ឬពិន័យទេ តែបែរជាត្រូវដំឡើងឋានៈបុណ្យសក្តិទៅវិញ។
ជាក់ស្តែង ឧកញ៉ា លីម ប៊ុណ្ណា ហៅឧកញ៉ា ខ្នា ត្រូវបានតែងតាំងជាជំនួយការលោក ហ៊ុន សែន ក្នុងឋានៈជាប្រធានគណបក្សប្រជាជនកម្ពុជា និងនាយករងការិយាល័យបំភ័ន្តអក្ខរៈនៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ចាប សារ៉ន ក៏ត្រូវបានដំឡើងឋានន្តរស័ក្ដិពីវរសេនីយ៍ឯកទៅជាឧត្តមសេនីយ៍ត្រីផងដែរ បើទោះបីជាពួកគេល្បីល្បាញខាងកាប់ឈើខុសច្បាប់នៅក្នុងតំបន់ព្រៃឡង់រហូតមកក៏ដោយ។
អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) បានចេញរបាយការណ៍មួយកាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ ថា ព្រៃឈើចំនួន ៦២៧១ហិកតារ ត្រូវបានកាប់បំផ្លាញនៅក្នុងដែនជម្រកសត្វព្រៃចំនួនពីរ ក្នុងនោះមានដែនជម្រកសត្វព្រៃព្រៃឡង់ និងដែនជម្រកសត្វព្រៃព្រះរការ ដែលជាការកាប់ឈើខុសច្បាប់យ៉ាងច្រើនសន្ធឹកសន្ធាប់ និងកំពុងប៉ះពាល់ធ្ងន់ធ្ងរដល់សិទ្ធិ និងវប្បធម៌របស់ជនជាតិដើមភាគតិចនៅតំបន់នោះផងដែរ៕