មេដឹកនាំណាតូ (NATO) ថាប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) កំពុងតែប្រើប្រាស់រដូវត្រជាក់ជាអាវុធមុតស្រួចយកឈ្នះសង្គ្រាមលើទឹកដីអ៊ុយក្រែន តែលោកថាអ៊ុយក្រែនកំពុងក្លាយជាសមាជិកណាតូហើយនៅពេលនេះ។
អគ្គលេខាធិការអង្គការយោធាណាតូ បានធ្វើការវាយប្រហារទៅលើប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន ថាកំពុងតែប្រើប្រាស់រដូវរងាឆ្នាំនេះ គឺជាអាវុធនៃសង្គ្រាមដើម្បីយកប្រៀប និងយកឈ្នះសង្គ្រាមលើទឹកដីអ៊ុយក្រែន ខណៈលោករំឭកថា ណាតូតាំងចិត្តរួចស្រេចហើយនឹងអនុញ្ញាតឲ្យអ៊ុយក្រែនក្លាយជាសមាជិករបស់ខ្លួនបណ្ដើរៗហើយនៅពេលនេះ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី៣០ វិច្ឆិកា នេះ។
ការវាយប្រហាររបស់រុស្ស៊ី បង្កទុក្ខវេទនាដល់ពលរដ្ឋអ៊ុយក្រែនខ្វះប្រភពទឹក និងភ្លើង បានជំរុញឱ្យអង្គការណាតូកាន់តែប្ដេជ្ញាចិត្តជួយអ៊ុយក្រែន ដើម្បីប្រឆាំងនឹងរុស្ស៊ីដល់ទីបំផុត។
អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានថ្លែងចេញពីវេទិកានៃប្រទេសរ៉ូម៉ានី កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ថា គេមិនត្រូវឱ្យលោក ពូទីន ឈ្នះសង្គ្រាមនោះឡើយ។ លោកបានថ្លែងថា៖ «ប្រសិនបើគេអនុញ្ញាតឱ្យ ពូទីន ឈ្នះសង្គ្រាមនោះ យើងទាំងអស់គ្នានឹងចំណាយតម្លៃខ្ពស់ជាងនេះជាច្រើនឆ្នាំទៅមុខថែមទៀត ដោយសារតែពេលនោះ មេរៀនដែលលោកប្រធានាធិបតី ពូទីន និងមេដឹកនាំផ្ដាច់ការផ្សេងទៀតបានរៀននោះ គឺថាពួកគេអាចសម្រេចបាននូវគោលដៅរបស់ពួកគេដោយការប្រើកម្លាំងដ៏ឃោរឃៅដូចនេះ។ ដូច្នេះ ពួកគេត្រូវហ៊ានប្រើកម្លាំងបន្ថែមទៀត នោះវានឹងធ្វើឱ្យពិភពលោកកាន់តែជួបប្រទះនឹងគ្រោះថ្នាក់ថែមទៀត។ ដូច្នេះវាស្ថិតនៅក្នុងផលប្រយោជន៍សន្តិសុខរយៈពេលវែងរបស់យើងផ្ទាល់ ដើម្បីជួយគាំទ្រអ៊ុយក្រែន»។
រុស្ស៊ីបានបន្តការបាញ់ផ្លោងមីស៊ីល និងប្រើដ្រូនអត្តឃាតវាយប្រហារលើបណ្តាទីក្រុងអ៊ុយក្រែន សឹងរាល់ថ្ងៃ។ ការវាយប្រហារបានបាញ់តម្រង់លើគោលដៅហេដ្ឋារចនាសម្ព័ន្ធ ថាមពលភ្លើង និងទឹកដែលបណ្ដាលឱ្យពលរដ្ឋអ៊ុយក្រែន ប្រឈមនឹងការគ្មានអគ្គិសនី និងការដាច់ទឹក ខណៈរដូវរងាចូលមកដល់ហើយនេះ។
លោកអគ្គលេខាធិការណាតូបានថ្លែងដូចនេះនៅពេលលោកធ្វើសេចក្ដីថ្លែងការណ៍នៅក្នុងកិច្ចប្រជុំនៃរដ្ឋមន្ត្រីការបរទេសនៃសមាជិកណាតូរយៈពេលពីរថ្ងៃនៅទីក្រុង Bucharest នៃប្រទេសរ៉ូម៉ានី ដែលនៅទីនោះ ថ្នាក់រដ្ឋមន្ត្រីការបរទេសណាតូទាំងអស់ត្រូវបានអនុញ្ញាតឲ្យមកចូលរួមប្រជុំ ហើយក្នុងនោះមានរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន ឌីម៉េត្រូ កូឡេបា មានវត្តមានផងដែរ។
ភ្លាមៗនៅចំពោះមុខកិច្ចប្រជុំនោះ លោក Antony Blinken រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកបានប្រកាសកញ្ចប់ថវិកាជំនួយ ៥៣លានដុល្លារជាជំនួយ ដើម្បីផ្គត់ផ្គង់ថាមពល និងម៉ាស៊ីនភ្លើងទៅឲ្យប្រជាជនអ៊ុយក្រែន ដើម្បីជួយដល់ប្រជាជនក្នុងពេលដែលចរន្តអគ្គិសនីត្រូវបានកម្ទេចដោយមីស៊ីលរបស់រុស្ស៊ី។
ការប្រកាសជំនួយរបស់សហរដ្ឋអាមេរិកដូចនេះ បានផ្ដើមឱ្យសមាជិកណាតូដទៃទៀតភ្ញាក់ផ្អើល ហើយក៏បង្ហាញឆន្ទៈរឹងមាំជាមួយនឹងសហរដ្ឋអាមេរិកក្នុងការជួយផ្ដល់អាវុធ និងផ្ដល់ម៉ាស៊ីនភ្លើង ថាមពលប្រេងឥន្ធនៈផ្សេងៗទៅឲ្យអ៊ុយក្រែន។
លោក Jens Stoltenberg បានថ្លែងប្រាប់អ្នកសារព័ត៌មានថា សហរដ្ឋអាមេរិកដើរតួនាទីយ៉ាងសកម្មនៅពេលនេះ គឺចង់ប្រាប់ទៅសមាជិករបស់ខ្លួនថា មិនត្រូវឲ្យរបបរបស់លោក ពូទីន ប្រើប្រាស់រដូវត្រជាក់នេះជាអាវុធដើម្បីយកឈ្នះសង្គ្រាមនៅលើទឹកដីអ៊ុយក្រែន បានដាច់ខាត។ លោកបន្ថែមថា ប្រទេសអ៊ុយក្រែន កំពុងតែក្លាយជាសមាជិកអង្គការណាតូចាប់ពីពេលនេះទៅរួចទៅហើយ។
លោកបានថ្លែងទៀតថា រុស្ស៊ីគឺលោក ពូទីន គិតថាការកម្ទេចហេដ្ឋារចនាសម្ព័ន្ធថាមពលអគ្គិសនីដោយគ្រាប់មីស៊ីលរុស្ស៊ីចុងក្រោយនេះ រុស្ស៊ីគេគិតថារដូវត្រជាក់នេះគឺកងទ័ពរបស់ខ្លួនពិតជាអាចវាយយកទីតាំងច្រើនថែមទៀតពីទឹកដីអ៊ុយក្រែន ប៉ុន្តែលោកថា រុស្ស៊ីក៏កំពុងតែស្ថិតនៅលើស្ថានភាពមួយដែលមើលស្រាលកម្លាំងសាមគ្គីភាពរបស់ណាតូទៅវិញទេ។
លោកថា ណាតូនៅពេលនេះ កំពុងតែរួមកម្លាំងគ្នាទាញយកអ៊ុយក្រែនជាសមាជិករបស់ខ្លួនដោយចាប់ផ្ដើមជំនួយទាំងសព្វាវុធ ហិរញ្ញវត្ថុ និងមនុស្សធម៌កាន់តែច្រើនឱ្យប្រជាជនអ៊ុយក្រែន។
លោកបន្តថា អ៊ុយក្រែនបានព្យាយាមសុំជាសមាជិកណាតូតាំងពីឆ្នាំ២០០៨ មកនោះ ហើយមកដល់ពេលនេះ រុស្ស៊ីឈ្លានពានអ៊ុយក្រែនយកលេសថាអ៊ុយក្រែនចង់ក្លាយជាសមាជិកណាតូ គឺការឈ្លានពានរបស់រុស្ស៊ីនេះ គឺស្ដែងឱ្យឃើញថា ណាតូចាំបាច់ត្រូវតែយកអ៊ុយក្រែនជាសមាជិករបស់ខ្លួន។ មកដល់ពេលនេះ ១៥ប្រទេសហើយបានចុះញត្តិគាំទ្រយកអ៊ុយក្រែនជាសមាជិកណាតូ ហើយឆាប់ៗនេះ ប្រទេសផ្សេងទៀតក៏នឹងយល់ព្រមតាមផងដែរ។
មូលហេតុគឺដើម្បីប្រាប់ទៅរុស្ស៊ីថា ការឈ្លានពានរបស់រុស្ស៊ីលើទឹកដីអ៊ុយក្រែន នេះ នាំឲ្យណាតូឆក់យកឱកាសនេះយកអ៊ុយក្រែនជាសមាជិករបស់ខ្លួន។
ថ្លែងប្រាប់អ្នកសារព័ត៌មាននៅខាងក្រៅកិច្ចប្រជុំប្រទេសជាសមាជិកណាតូ គឺលោក ឌីមេទ្រី គូឡេបា រដ្ឋមន្ត្រីការបរទេសនៃប្រទេសអ៊ុយក្រែន បានថ្លែងថា លោកសប្បាយចិត្តណាស់នៅពេលដែលអ៊ុយក្រែនទទួលសញ្ញាឲ្យក្លាយជាសមាជិកណាតូនៅពេលខាងមុខនេះ ហើយលោកគិតថាជំនួយរបស់សមាជិកណាតូដែលផ្ដល់ឱ្យអ៊ុយក្រែន ទាំងសព្វាវុធធុនធ្ងន់ និងជំនួយផ្សេងៗទៀត គឺអ៊ុយក្រែនពិតណាស់នឹងមានតុល្យភាពក្នុងការធ្វើសង្គ្រាមនឹងរុស្ស៊ីនៅរដូវត្រជាក់នេះ។
យ៉ាងណា ប្រទេសចំនួនពីរដែលគេគិតថាអាចជាឧបសគ្គរាំងស្ទះមិនឲ្យអ៊ុយក្រែនជាសមាជិកណាតូ គឺប្រទេសតួកគី និងហុងគ្រី ដែលបច្ចុប្បន្នប្រទេសពីរនេះកំពុងតែរារាំងមិនឲ្យហ្វាំងឡង់ និងស៊ុយអែត ក្លាយជាសមាជិកណាតូនោះទេ។
ប៉ុន្តែលោកអគ្គលេខាធិការណាតូ ព្រមានថា ប្រទេសដែលជាឧបសគ្គរារាំងសមាជិកថ្មីរបស់ណាតូ គួរតែដឹងថាខ្លួនជាសំឡេងភាគតិចបំផុតមិនសមប្រើប្រាស់សិទ្ធិវេតូដូចនេះនៅក្នុងកាលៈទេសៈនេះនោះទេ។
គេរំពឹងថា នៅឆ្នាំ២០២៣ ហ្វាំងឡង់ និងស៊ុយអែត នឹងក្លាយជាសមាជិកណាតូទី៣១ និង៣២ ហើយអ៊ុយក្រែន នឹងក្លាយជាសមាជិកណាតូផងដែរ គឺទី៣៣៕