អតីតសមាជិកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ អរព្រះគុណដល់ព្រះករុណាព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលតែងតាំងលោកជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីលោកមានឱកាសក្នុងការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា។
យោងតាមទំព័រហ្វេសប៊ុករបស់លោក យ៉ង សាំងកុមារ នៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ នេះ បានសរសេរថា លោកក្រាបថ្វាយបង្គំអរព្រះគុណដល់ព្រះករុណាព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ដែលបានតែងតាំងលោកជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ទន្ទឹមនោះ លោក យ៉ង សាំងកុមារ ក៏បានអរគុណដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលផ្ដល់ឱកាស និងទំនុកចិត្តដល់លោកក្នុងការចូលរួមការងារជាមួយលោក ឌិត ទីណា រដ្ឋមន្ត្រីកសិកម្មថ្មី ដើម្បីអភិវឌ្ឍវិស័យកសិកម្មកម្ពុជា ដោយចាប់ផ្ដើមពីការកសាងសង្វាក់ផលិតកម្ម និងទីផ្សារស្រូវអង្ករ។
អតីតសមាជិកគណបក្សប្រជាធិបតេយ្យមូលដ្ឋានរូបនេះរំពឹងថា មុខតំណែងដែលផ្ដល់ដោយបក្សកាន់អំណាចនៅពេលនេះ គឺជាមធ្យោបាយដើម្បីឱ្យលោកសម្រេចគោលដៅជួយកសិករ និងការកែទម្រង់វិស័យកសិកម្មកម្ពុជាផងដែរ។ លោក យ៉ង សាំងកុមារ អាចនឹងចូលបម្រើការងារក្នុងឋានៈជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងកសិកម្មនៅសប្ដាហ៍ក្រោយ។
កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ ប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បានស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីជួយអភិវឌ្ឍវិស័យកសិកម្មដល់រដ្ឋាភិបាល។ ក្រោយជួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ បណ្ឌិត យ៉ង សាំងកុមារ ក៏ត្រូវបានតែងតាំងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទភ្លាមៗតែម្តង។
មុនពេលចុះចូលជាមួយបក្សកាន់អំណាច បណ្ឌិត យ៉ង សាំងកុមារ បានអះអាងកាលពីថ្ងៃទី២៨ ខែវិច្ឆិកា ថា បើរដ្ឋាភិបាលអាចអនុវត្តនូវលក្ខខណ្ឌទាំង ១២ខ របស់លោកឱ្យបានត្រឹមត្រូវ គឺអាចជួយកសិករបានជាង ១លានគ្រួសារឱ្យមានជីវភាពល្អប្រសើរក្នុងដំណាក់កាលដំបូង ហើយផែនការកសាងសង្វាក់ផលិតកម្មនេះ គឺត្រូវប្រើពេលរៀបចំយ៉ាងតិច ៥ឆ្នាំដើម្បីធានានូវការអនុវត្តឱ្យបានទូទាំងប្រទេស។
កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ គណបក្សប្រជាធិបតេយ្យមូលដ្ឋានបានចេញសេចក្តីថ្លែងការណ៍ថា បណ្ឌិត យ៉ង សាំងកុមារ បានទទួលឋានៈ តួនាទី ស័ក្តិសមនឹងសមត្ថភាពរបស់គាត់។
ប្រភពដដែលលើកឡើងថា ខ្លួនសង្ឃឹមថារាជរដ្ឋាភិបាលកម្ពុជានឹងផ្តល់អំណាច ធនធាន និងសិទ្ធិគ្រប់គ្រាន់ ដើម្បីឱ្យបណ្ឌិត យ៉ង សាំងកុមារ អាចបំពេញភារកិច្ចបម្រើកសិករខ្មែរទៅតាមគម្រោងដែលគាត់បានបង្ហាញនាពេលកន្លងមក។
នាយកបេសកកម្មក្រៅប្រទេសនៃវិទ្យាស្ថានស្រាវជ្រាវគោលនយោបាយក្នុងសហរដ្ឋអាមេរិក លោក មាជ សុវណ្ណារ៉ា បានប្រាប់សារព័ត៌ មាន The Cambodia Daily កន្លងមកថា ប្រសិនបើការចុះចូលជាមួយបក្សកាន់អំណាចរបស់បណ្ឌិត យ៉ង សាំងកុមារ អាចធ្វើឱ្យការចំណាយលើការផលិតរបស់កសិករចុះថោក និងជួយឱ្យកសិផលឡើងថ្លៃ នោះគឺជារឿងល្អ ប៉ុន្តែបើផ្អែកលើស្ថានភាពជាក់ស្តែងនៅកម្ពុជាសព្វថ្ងៃនេះ ក្រុមឧកញ៉ាដែលរកប្រយោជន៍ឱ្យបក្សកាន់អំណាច គឺមានច្រើនណាស់ដែលកំពុងកេងចំណេញលើកសិករ ដូច្នេះពួកគេនឹងមិនឯកភាពនូវផែនការរបស់បណ្ឌិត យ៉ង សាំងកុមារ ឡើយ៕