42.2 C
Phnom Penh

អាមេរិក​ទំនង​សម្រេច​បញ្ជូន​ប្រព័ន្ធ​មីស៊ីល Patriot ទៅ​ឱ្យ​អ៊ុយក្រែន តើ​អ្នក​គិត​ថា​រុស្ស៊ី​ហ៊ាន​វាយ​ប្រហារ​លើ​ផល​ប្រយោជន៍​អាមេរិក​ដែរ​ឬ​ទេ?

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មក​ដល់​ពេលនេះ សង្គ្រាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន​ចូល​ដល់​ខែ​ទី​១០ ហើយ។ អំឡុង ១០​ខែ​នេះ រុស្ស៊ី​បាន​ប្រើប្រាស់​ប្រព័ន្ធ​មីស៊ីល​បាញ់​ស្រោច​ចូល​ទៅ​ទឹកដី​អ៊ុយក្រែន ដោយ​មិន​រើស​គោលដៅ​សូម្បីតែ​គោលដៅ​របស់​សហគមន៍​ស៊ីវិល ក៏​គ្រាប់​មីស៊ីល​របស់​រុស្ស៊ី​បាញ់​ទម្លាក់​ឱ្យ​ត្រូវ​ផង​ដែរ។

ទីបំផុត ការ​បំផ្លាញ​រោងចក្រ​អគ្គិសនី រោងចក្រ​ទឹក​ស្អាត​ដែល​តម្រូវការ​ជា​ចាំបាច់​របស់​ប្រជាជន​អ៊ុយក្រែន​នៅ​រដូវ​ត្រជាក់​នេះ ក៏​មីស៊ីល​របស់​រុស្ស៊ី យន្តហោះ​ចម្បាំង​របស់​រុស្ស៊ី បាញ់​កម្ទេច​ផង​ដែរ។

សហរដ្ឋ​អាមេរិក​បាន​ហៅ​សង្គ្រាម​ដែល​រុស្ស៊ី​បាញ់​ប្រហារ​ដោយ​គ្រាប់​មីស៊ីល​ស្រោច​លើ​ទឹកដី​អ៊ុយក្រែន​ចុងក្រោយ​នេះ គឺជា​ដំណាក់កាល​ដែល​អ៊ុយក្រែន​ត្រូវការ​បន្ទាន់​ប្រព័ន្ធ​ការពារ​ដែនអាកាស ដើម្បី​បាញ់​ទម្លាក់​គ្រាប់​មីស៊ីល និង​បាញ់​ទម្លាក់​យន្តហោះ​ចម្បាំង​របស់​រុស្ស៊ី។

សហរដ្ឋ​អាមេរិក​ត្រូវ​បាន​ប្រទេស​សមាជិក​អង្គការ​ណាតូ​គាប​សង្កត់​ឱ្យ​បញ្ជូន​ប្រព័ន្ធ​មីស៊ីល​ទាំងឡាយ​ណា​ដែល​មាន​វង់​ប្រតិបត្តិការ​ឆ្ងាយ និង​មីស៊ីល​ការពារ​ដែនអាកាស​មាន​ដូចជា​មីស៊ីល​ផាទ្រីយ៉ូត ដែល​ជា​មីស៊ីល​មាន​មុខងារ​ដើម្បី​បាញ់​ទម្លាក់​យន្តហោះ និង​បាញ់​ស្កាត់​គ្រាប់​មីស៊ីល ហើយ​និង​មីស៊ីល ATACM ដែល​មាន​វង់​ប្រតិបត្តិការ​ឆ្ងាយ​អាច​បាញ់​បាន​ពី ៣០០​គីឡូម៉ែត្រ​ទៅ ៥០០​គីឡូម៉ែត្រ​ទៅ​ឱ្យ​អ៊ុយក្រែន ប្រយោជន៍​ឱ្យ​អ៊ុយក្រែន​មាន​តុល្យភាព​នៃ​ការ​ប្រើប្រាស់​អាវុធ​បែប​នេះ​ឆ្លើយតប​នឹង​សព្វាវុធ​របស់​រុស្ស៊ី។

ឥឡូវ​នេះ បើ​យោង​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន CNN និង​សារព័ត៌មាន​ជាច្រើន​ទៀត​បាន​ចុះផ្សាយ​ថា រដ្ឋការ​របស់​លោក ចូ បៃដិន កំពុងតែ​រៀបចំ​អនុម័ត​បញ្ជូន​ប្រព័ន្ធ​មីស៊ីល​ផាទ្រីយ៉ូត​ទៅ​ជួយ​កងទ័ព​អ៊ុយក្រែន។ បើ​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន CNN ការ​បញ្ជូន​ប្រព័ន្ធ​ផាទ្រីយ៉ូត​ទៅ​ឱ្យ​អ៊ុយក្រែន គឺ​លោក​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក LYOUD AUSTIN បាន​ចុះហត្ថលេខា​រួច​ទៅ​ហើយ​ដែល​នៅតែ​រង់ចាំ​ការ​ចុះហត្ថលេខា​របស់​លោក ចូ បៃដិន តែប៉ុណ្ណោះ។

គេ​ពុំ​ដឹង​ថា​អាមេរិក​បញ្ជូន​អាវុធ​ប្រភេទ​នេះ​ចំនួន​ប៉ុន្មាន​គ្រឿង​នោះ​ទេ ប៉ុន្តែ​អាវុធ​ប្រភេទ​នេះ​ត្រូវ​បាន​ដាក់​ពង្រាយ​រួច​ទៅ​ហើយ​នៅ​តាម​ព្រំដែន​ប៉ូឡូញ ជាប់​នឹង​អ៊ុយក្រែន ដែល​ជា​អាវុធ​របស់​អាល្លឺម៉ង់ និង​អាមេរិក។ ប៉ូឡូញ​ប្រកាស​ទទួល​យក​ផាទ្រីយ៉ូត​របស់​អាល្លឺម៉ង់​ទៅ​ដាក់​ពង្រាយ​លើ​ទឹកដី​របស់​ខ្លួន គឺជា​ប្រយោជន៍​ដើម្បី​ឱ្យ​ប៉ូឡូញ​មាន​អានុភាព​នៃ​ការ​ការពារ​ដែនអាកាស​របស់​ប៉ូឡូញ​ករណី​មាន​ហេតុការណ៍​បាញ់​ប្រហារ​ដោយ​គ្រាប់​មីស៊ីល ឬ​ក៏​យន្តហោះ​ចម្បាំង​របស់​រុស្ស៊ី​ដែល​ហោះ​ចូល​ដែនអាកាស​របស់​ប៉ូឡូញ។

ប៉ុន្តែ​ប៉ូឡូញ​ប្រកាស​ថា ប្រព័ន្ធ​មីស៊ីល​ផាទ្រីយ៉ូត​បើ​ទោះជា​នៅ​លើ​ទឹកដី​ព្រំដែន​ប៉ូឡូញ​ក៏ដោយ ក៏​វា​អាច​បាញ់​ទម្លាក់​គ្រាប់​មីស៊ីល ឬ​យន្តហោះ​រុស្ស៊ី​ដែល​ហោះ​នៅ​លើ​ទឹកដី​អ៊ុយក្រែន​បាន​ផង​ដែរ។

ការ​ព្រមាន​របស់​ប៉ូឡូញ​ដូចនេះ គឺ​ប៉ូឡូញ​បាន​ប្រាប់​ទៅ​អាល្លឺម៉ង់​ថា ការពិត​ប៉ូឡូញ​មិន​ចង់​ទទួល​យក​ប្រព័ន្ធ​មីស៊ីល​នេះ​ទេ ព្រោះ​ប៉ូឡូញ​មាន​ប្រព័ន្ធ​មីស៊ីល​នេះ​របស់​អាមេរិក​រួច​ទៅ​ហើយ តែ​ប៉ូឡូញ​ទទួល​យក​មីស៊ីល​នេះ​ដើម្បី​ករណី​ពិសេស​ដែល​អ៊ុយក្រែន​ត្រូវការ​ចាំបាច់​បំផុត​ពី​ប៉ូឡូញ។

នៅ​ពេលនេះ ប៉ូឡូញ​ក៏​ប្រាប់​ទៅ​អាមេរិក និង​អង្គការ​ណាតូ ឱ្យ​ជួយ​អ៊ុយក្រែន គឺ​ប្រព័ន្ធ​មីស៊ីល​ដូចនេះ​ទើប​អ៊ុយក្រែន​មាន​តុល្យភាព​នៃ​ការ​បាញ់​ស្កាត់​គ្រាប់​មីស៊ីល​របស់​រុស្ស៊ី ឬ​ក៏​យន្តហោះ​ចម្បាំង​របស់​រុស្ស៊ី។

លោក Lyoud Austin រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក​បាន​ថ្លែង​ថា ការ​បញ្ជូន​ប្រព័ន្ធ​មីស៊ីល​ផាទ្រីយ៉ូត​ទៅ​ឱ្យ​អ៊ុយក្រែន គឺ​ដើម្បី​ការពារ​ផល​ប្រយោជន៍ និង​អាយុជីវិត​ជនស៊ីវិល​របស់​ប្រជាជន​អ៊ុយក្រែន ព្រោះ​ពេលនេះ​រុស្ស៊ី​បាញ់​ប្រហារ​លើ​ទឹកដី​អ៊ុយក្រែន​គ្មាន​រើស​គោលដៅ​នោះ​ទេ។ បែប​នេះ​ដែល​សហរដ្ឋ​អាមេរិក​ប្រកាស​ថា ឆាប់ៗ​នេះ​ប្រព័ន្ធ​មីស៊ីល​ផាទ្រីយ៉ូត នឹង​ត្រូវ​បញ្ជូន​ទៅ​ឱ្យ​អ៊ុយក្រែន។ នៅ​ពេល​ទទួល​ដំណឹង​នេះ​ភ្លាម វិមាន​ក្រឹមឡាំង​ប្រតិកម្ម​ភ្លាមៗ​តែម្ដង។

គេ​សង្កេត​ឃើញ​ប្រតិកម្ម​ចេញពី​អតីត​ប្រធានាធិបតី ឌីមីទ្រី មិនដ្វេដេវ ដែល​បច្ចុប្បន្ន​ជា​នាយករង​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​រុស្ស៊ី និង​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​រុស្ស៊ី ដូចជា​អ្នកស្រី ម៉ារីយ៉ា ហ្សាការ៉ុវ៉ា និង​អ្នក​នាំពាក្យ​វិមាន​ក្រឹមឡាំង គឺ​លោក ឌីមីទ្រី ផេសស្កូវ បាន​បញ្ចេញ​ប្រតិកម្ម​ព្រមាន​ធ្ងន់​ថា បើ​ផាទ្រីយ៉ូត​ធ្លាក់​ដល់​ដៃ​អ៊ុយក្រែន គឺ​វា​បង្ហាញ​ភាព​ស្រប​ច្បាប់​សម្រាប់​រុស្ស៊ី​ដើម្បី​បាញ់​ប្រហារ​គោលដៅ​ទាំងឡាយ​ណា​ដែល​រុស្ស៊ី​អាច​ធ្វើ​ទៅ​បាន ហើយ​រឿង​នេះ​បង្ហាញ​អំពី​អាមេរិក​បង្ខំ​ឱ្យ​ក្រុង​មូស្គូ ធ្លាក់​ចូល​ក្នុង​ជម្លោះ​ផ្ទាល់​ជាមួយ​នឹង​ក្រុង​វ៉ាស៊ីនតុន​ហើយ​នៅ​ពេលនេះ។

ក្រុម​អ្នក​នាំពាក្យ​វិមាន​ក្រឹមឡាំង ព្រមាន​ទៀត​ថា បើ​ប្រព័ន្ធ​មីស៊ីល​នេះ​មក​ដល់​ទឹកដី​អ៊ុយក្រែន​មែន ក៏​រុញ​រុស្ស៊ី​បញ្ចេញ​សព្វាវុធ​គ្រប់​បែប​យ៉ាង​ទាំងអស់​ដើម្បី​បាញ់​ប្រហារ​ទៅ​លើ​ទឹកដី​អ៊ុយក្រែន និង​ផល​ប្រយោជន៍​អាមេរិក​លើ​ទឹកដី​អ៊ុយក្រែន។ តែ​យ៉ាងណា នៅ​ពេល​អាមេរិក​មិន​ទាន់​បញ្ជូន​ប្រព័ន្ធ​មីស៊ីល NASAM ទៅ​ឱ្យ​អ៊ុយក្រែន ក៏​រុស្ស៊ី​ព្រមាន​ដូចនេះ​ដែរ តែ​ទីបំផុត​រុស្ស៊ី​មិន​ឃើញ​បើក​ប្រតិបត្តិការ​វាយ​ប្រហារ​លើ​ផល​ប្រយោជន៍​អាមេរិក​នៅ​អឺរ៉ុប ឬ​នៅ​លើ​ទឹកដី​អាមេរិក​ផ្ទាល់​នោះ​ទេ។

តើ​អ្នក​គិត​ថា​រុស្ស៊ី​ហ៊ាន​វាយប្រហារ​លើ​ផល​ប្រយោជន៍​អាមេរិក​ដែរ​ឬ​ទេ បើ​អាមេរិក​បញ្ជូន​ផាទ្រីយ៉ូត​ទៅ​ឱ្យ​អ៊ុយក្រែន​ឆាប់ៗ​នេះ?៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស