រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង អំពាវនាវឲ្យពលរដ្ឋចូលរួមដាំដើមឈើ និងរួមគ្នាការពារព្រៃឈើនៅកម្ពុជា ឲ្យបានគង់វង្សបន្តទៅទៀត។ លោកលើកឡើងបែបនេះនៅក្នុងកម្មវិធីក្រុងពាលីបញ្ចុះបឋមសិលាសាងសង់វិមានឯករាជ្យនៅសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២។
លោក ស ខេង ក៏បានរៀបរាប់ពីរបៀបក្រុមឈ្មួញរកស៊ីឈើក្រញូងខុសច្បាប់ពីប្រទេសថៃ ឡាវ និងកម្ពុជា នាំយកទៅលក់នៅប្រទេសវៀតណាម និងប្រទេសចិន ព្រមទាំងកែច្នៃជាវត្ថុផ្សេងៗសម្រាប់តុបតែងនៅក្នុងផ្ទះ។
លោកបន្តថា ពលរដ្ឋខ្លះមិនស្គាល់ប្រភេទឈើក្រញូងនោះទេ ក៏ប៉ុន្តែឈ្មួញរកស៊ីឈើទាំងអស់នោះជាអ្នកប្រាប់ឲ្យស្គាល់ និងបញ្ជាឲ្យពលរដ្ឋកាប់ ហើយរឿងទាំងអស់នេះអាចកើតឡើងទៅបាន គឺអាជ្ញាធរនៅតាមបន្ទាត់ព្រំដែនជាអ្នកបើកផ្លូវឲ្យគ្នាទៅវិញទៅមក ទើបអាចមានការកាប់ឈើ និងដឹកឈើចេញពីប្រទេសមួយទៅប្រទេសមួយបាន។
ជុំវិញការលើកឡើងរបស់លោក ស ខេង នេះ សកម្មជនព្រៃឈើ លោក ហេង ស្រស់ បានប្រាប់សារព័ត៌មាន The Cambodia Daily ថាវាជាកម្សោយក្នុងការអនុវត្តច្បាប់រវាងប្រទេសទាំងអស់នេះ ហើយមន្ត្រីអាជ្ញាធរទាំងអស់នោះជាអ្នកជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ។
លោកអះអាងថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃគួរទៅហាមប្រាមចំពោះមន្ត្រីរបស់រដ្ឋាភិបាលវិញល្អជាង ព្រោះអ្នកដែលរកស៊ីកាប់បំផ្លាញព្រៃឈើនៅកម្ពុជាសព្វថ្ងៃនេះ មិនមែនជាពលរដ្ឋតូចតាចដែលអាចធ្វើបាននោះទេ គឺសុទ្ធតែជាអ្នកមានតួនាទីនៅក្នុងជួររដ្ឋាភិបាល អ្នកមានអំណាច និងមានងារជាឧកញ៉ា។
ចំពោះរឿងកាប់បំផ្លាញព្រៃឈើនេះដែរ អង្គការគំនិតផ្ដួចផ្ដើមសាកលប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន គ្លូបល អ៊ីននីហ្សីអេធីវ កាលខែកញ្ញា ឆ្នាំ២០២២ បានចេញរបាយការណ៍ស្រាវជ្រាវដែលបានរៀបរាប់អំពីមែកធាងនៃការកាប់ឈើដោយខុសច្បាប់នៅកម្ពុជា។
អង្គការមួយនេះបានរកឃើញដំណើរការនៃគ្រួសារលោក ហ៊ុន សែន ក្នុងការគ្រប់គ្រងលើក្រុមឧកញ៉ាដែលជាឈ្មួញរកស៊ីព្រៃឈើ ក្នុងនោះអ្នកស្រី ប៊ុន រ៉ានី ភរិយារបស់លោក ហ៊ុន សែន ធ្លាប់ជំរុញឲ្យបើកការស៊ើបអង្កេតលើឧកញ៉ា លីម ប៊ុណ្ណា ហៅខ្នា ដែលជាអ្នកសម្រួលផ្លូវរកស៊ីឈើជាមួយឧកញ៉ា សឹង សំអុល ប៉ុន្តែឧកញ៉ា លីម ប៊ុណ្ណា ហៅខ្នា ជាមនុស្សរបស់លោក ហ៊ុន ម៉ាណែត ដែលជាកូនប្រុសច្បងរបស់លោក ហ៊ុន សែន៕