30 C
Phnom Penh

ប្រធាន​សភា​អឺរ៉ុប​អំពាវនាវ​សុំ​ឱ្យ​ជួយ​អ៊ុយក្រែន​រហូត​ដល់​ឈ្នះ​សង្គ្រាម​ដែល​រុស្ស៊ី​ឈ្លានពាន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធាន​សភា​សហភាព​អឺរ៉ុប អ្នកស្រី Roberta Metsola អំពាវនាវ​សុំ​ឱ្យ​មាន​ការ​គាំទ្រ​ហិរញ្ញវត្ថុ និង​យោធា​ទៅ​ឱ្យ​អ៊ុយក្រែន ក្នុង​ការ​ធ្វើ​សង្គ្រាម​ប្រឆាំង​នឹង​ការ​ឈ្លានពាន​ពី​សំណាក់​រុស្ស៊ី។

ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ថ្ងៃទី​១៨ ធ្នូ ប្រធាន​សភា​សហភាព​អឺរ៉ុប Metsola បាន​ទទូច​ថា គេ​ត្រូវតែ​រួម​គ្នា​បញ្ចប់​សង្គ្រាម​នៅ​លើ​ទឹកដី​អ៊ុយក្រែន តែ​ត្រូវ​ជួយ​អ៊ុយក្រែន​ឱ្យ​ឈ្នះ​សង្គ្រាម។

ទីភ្នាក់ងារ​សារព័ត៌មាន Reuters បាន​ដកស្រង់​សម្ដី​អ្នកស្រី Metsola ប្រធាន​សភា​អឺរ៉ុប ចុះផ្សាយ​នៅ​ថ្ងៃទី​១៩ ធ្នូ នេះ​ថា នៅ​ពេលនេះ អ៊ុយក្រែន​ត្រូវការ​ជំនួយ​ថែម​ទៀត ទាំង​ជំនួយ​សព្វាវុធ ជំនួយ​ហិរញ្ញវត្ថុ និង​ជំនួយ​មនុស្សធម៌។ អ្នកស្រី​ថា ការ​ផ្ដល់​ជំនួយ​ទាំងនេះ គឺជា​ការ​បង្ហាញ​នូវ​កម្លាំង​សាមគ្គី​ដើម្បី​ប្រឆាំង​អ្នក​បំផ្លាញ​សណ្ដាប់ធ្នាប់​ពិភពលោក។

អ្នកស្រី Metsola ក៏​បាន​ទទូច​ឱ្យ​រួម​គ្នា​ថែម​ទៀត​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​រុស្ស៊ី។

បើ​តាម​អ្នកស្រី អ៊ុយក្រែន​កំពុង​តែ​មាន​មោទកភាព​ជា​រដ្ឋ​អធិបតេយ្យ ដែល​កំពុង​ការពារ​អធិបតេយ្យ និង​សេរីភាព​របស់​ខ្លួន​បាន​ចំពោះ​ការ​ឈ្លានពាន​ពី​ប្រទេស​រុស្ស៊ី។

អ្នកស្រី​ក៏​បាន​ថ្លែង​ថា សហភាព​អឺរ៉ុប​កំពុង​រៀបចំ​កម្លាំង​អន្តរជាតិ​ធំ​មួយ​ក្នុង​ការ​បង្កើត​សាលាជំនុំ​ជម្រះ​ក្ដី​ពិសេស​កាត់ទោស​របប​ក្រុង​មូស្គូ ករណី​ឧក្រិដ្ឋកម្ម​សង្គ្រាម និង​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍។

បើ​តាម​អ្នកស្រី​ឲ្យ​ដឹង​ថា គេ​ត្រូវ​បង្កើត​សាលាក្ដី​ពិសេស​នេះ​ឱ្យ​បាន ហើយ​យក​ទៅ​អនុម័ត​នៅ​ក្នុង​មហាសន្និបាត​អង្គការ​សហប្រជាជាតិ។ អ្នកស្រី​ថា​ការ​ដែល​ត្រូវ​បង្កើត​សាលាក្ដី​នេះ ព្រោះតែ​រុស្ស៊ី​បាន​វាយប្រហារ​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​លើ​ហេដ្ឋារចនាសម្ព័ន្ធ និង​រោងចក្រ​ថាមពល​បណ្ដាល​ឱ្យ​ប្រជាជន​អ៊ុយក្រែន​រាប់​លាន​នាក់​ដែល​រស់នៅ​យ៉ាង​វេទនា ដោយ​ពុំ​មាន​ប្រព័ន្ធ​ថាមពល​កម្ដៅ​ក្នុង​លំនៅឋាន។ មិន​តែប៉ុណ្ណោះ កងទ័ព​រុស្ស៊ី​បាន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ទៅ​លើ​ជនស៊ីវិល​នៅ​តំបន់​ណា​ដែល​រុស្ស៊ី​វាយ​កាន់កាប់។

នៅ​ពេល​ជាមួយ​គ្នា​នេះ ក្រុមប្រឹក្សា​អឺរ៉ុប កាលពី​សប្ដាហ៍​មុន​នេះ បាន​ប្រកាស​ជំនួយ ១៨​ពាន់​លាន​អឺរ៉ុប​សម្រាប់​ឆ្នាំ​២០២៣ ដើម្បី​ជួយ​ស្ដារ​សេដ្ឋកិច្ច​អ៊ុយក្រែន។

ការ​ថ្លែង​របស់​ប្រធាន​សហភាព​អឺរ៉ុប អ្នកស្រី Roberta Metsola ដែល​ថា​ត្រូវ​សាមគ្គី​គ្នា​ជួយ​ឱ្យ​អ៊ុយក្រែន​ឈ្នះ​សង្គ្រាម​លើ​រុស្ស៊ី​ឈ្លានពាន​នោះ ធ្វើឡើង​មួយ​ថ្ងៃ​បន្ទាប់ពី​លោក​ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បាន​បើក​កិច្ចប្រជុំ​ជាមួយ​មន្ត្រី​យោធា​កំពូលៗ​របស់​លោក ស្ដីពី​យុទ្ធសាស្ត្រ​សង្គ្រាម​នៅ​អ៊ុយក្រែន ខណៈ​ទីក្រុង​មូស្គូ កំពុង​បង្កើន​យុទ្ធនាការ​ទម្លាក់​គ្រាប់បែក​ក្នុង​រដូវរងា​នេះ​លើ​ទីក្រុង​ជាច្រើន​នៅ​អ៊ុយក្រែន។

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ចេញ​ផ្សាយ​ដោយ​វិមាន​ក្រឹមឡាំង បាន​ឱ្យ​ដឹង​ថា ជំនួប​រវាង​លោក ពូទីន និង​មេទ័ព​កាលពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មក​នេះ លោក​ប្រធានាធិបតី​បាន​ចំណាយ​ពេល​ពេញ​មួយ​ថ្ងៃ។ ជំនួប​របស់​លោក ពូទីន ជាមួយ​ក្រុម​មេទ័ព​ពាក់ព័ន្ធ​នឹង​ប្រតិបត្តិការ​យោធា​ពិសេស​នៅ​អ៊ុយក្រែន ក្នុង​នោះ​រួម​មាន​រដ្ឋមន្ត្រី​ការពារ​ជាតិ លោក Sergei Shoigu និង​នាយសេនាធិការ លោក Valery Gerasimov ហើយ​ក៏​មាន​ជំនួប​ដាច់ដោយឡែក​ជាមួយ​មេបញ្ជាការ​មកពី​គ្រប់​កង​អង្គភាព​យោធា​ទាំងអស់​ដែល​មកពី​សមរភូមិ​នៅ​អ៊ុយក្រែន។

បើ​តាម​ការ​ចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន AFP លោក ពូទីន ក៏​បាន​កត់សម្គាល់​ដែរ​ថា លោក​ចង់​ស្ដាប់​ការ​លើកឡើង​នូវ​សំណើ​របស់​មេទ័ព​ចំពោះ​សកម្មភាព​របស់​កងទ័ព​រុស្ស៊ី ថា​តើ​ត្រូវ​បញ្ចប់​សង្គ្រាម ឬ​ត្រូវ​បន្ត​ទៅ​មុខ​ទៀត។

រយៈពេល​ពេញ​មួយ​សប្ដាហ៍​មក​នេះ រុស្ស៊ី​បាន​បើក​ការ​វាយប្រហារ​តាម​ផ្លូវ​អាកាស ដោយ​បាញ់​ស្រោច​មីស៊ីល​លើ​ទីក្រុង​ជាច្រើន​របស់​អ៊ុយក្រែន​ដែល​កំពុង​ប្រឈមមុខ​នឹង​ការ​ដាច់​ចរន្ត​អគ្គិសនី ខ្វះខាត​ទឹក និង​ប្រព័ន្ធ​កម្ដៅ​នៅ​ចំពោះ​មុខ​សីតុណ្ហភាព​ដ៏​ត្រជាក់។

កាលពី​វេលា​ទៀបភ្លឺ​ថ្ងៃ​ចន្ទ​នេះ យន្តហោះ​ដ្រូន​អត្តឃាត​រុស្ស៊ី​ចំនួន ៣៥​គ្រឿង បាន​បើក​ការ​វាយប្រហារ​លើ​ទីក្រុង​គៀវ និង​តំបន់​ជុំវិញ​នោះ ដែល​ជា​ការ​វាយប្រហារ​តាម​ផ្លូវ​អាកាស​ជា​លើក​ទី​៣ របស់​ទីក្រុង​មូស្គូ មក​លើ​រដ្ឋធានី​របស់​ប្រទេស​អ៊ុយក្រែន។

កងទ័ព​អាកាស​របស់​អ៊ុយក្រែន​បាន​អះអាង​ថា ប្រព័ន្ធ​ការពារ​ដែនអាកាស​របស់​ខ្លួន​បាន​បាញ់​ស្កាត់​យន្តហោះ​ដ្រូន​របស់​រុស្ស៉ី​បាន​ប្រហែល ៣០​គ្រឿង​នៅ​ក្នុង​ការ​វាយប្រហារ​ជុំ​ចុងក្រោយ​នេះ ខណៈ​អាជ្ញាធរ​នៅ​ទីក្រុង​គៀវ​បាន​អះអាង​ថា ដ្រូន​ប្រមាណ​ជា ១៨​គ្រឿង​ក្នុង​ចំណោម ៣៥​គ្រឿង​នេះ ត្រូវ​បាន​បាញ់​ទម្លាក់​ពី​លើ​ផ្ទៃ​អាកាស​របស់​ទីក្រុង។

អភិបាល​តំបន់​គៀវ លោក Oleksiy Kuleba ដែល​រាប់​បញ្ចូល​ទីក្រុង​គៀវ និង​តំបន់​ជុំវិញ​នោះ បាន​និយាយ​ថា ការ​វាយប្រហារ​ដោយ​ដ្រូន​របស់​រុស្ស៊ី​នៅ​ថ្ងៃ​ចន្ទ​នេះ បាន​បង្ក​ការ​ខូចខាត​ធ្ងន់ធ្ងរ ខណៈ​កន្លែង​មួយ​ចំនួន​បាន​ដាច់​ចរន្ត​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី។

កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​កន្លងទៅ រុស្ស៊ី​បាន​បាញ់​មីស៊ីល​សរុប​ជាង ៧០​គ្រាប់​ស្រោច​លើ​តំបន់​ជាច្រើន​របស់​អ៊ុយក្រែន រួម​ទាំង​រដ្ឋធានី​គៀវ។ ក្នុង​ស្ថានភាព​នេះ នាយករដ្ឋមន្ត្រី​អង់គ្លេស លោក ស៊ូណាក់ ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​ឡេតូនី នៅ​ថ្ងៃ​ចន្ទ​នេះ ដើម្បី​ចូលរួម​ក្នុង​កិច្ចប្រជុំ​ពិភាក្សា​ពី​ការ​បន្ត​កិច្ចប្រឹងប្រែង​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឈ្លានពាន​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែន។

បើ​តាម​សេចក្ដី​ថ្លែងការណ៍​ចេញ​ផ្សាយ​ដោយ​ការិយាល័យ​របស់​លោក ស៊ូណាក់ គឺ​នាយករដ្ឋមន្ត្រី​អង់គ្លេស​រូប​នេះ​នឹង​អំពាវនាវ​ឱ្យ​បណ្ដា​ប្រទេស​លោក​ខាងលិច​បង្កើន​ការ​គាំទ្រ និង​ផ្ដល់​ជំនួយ​ដល់​អ៊ុយក្រែន។ ចំពោះ​អង់គ្លេស​វិញ លោក ស៊ូណាក់ នឹង​ប្រកាស​ផង​ដែរ​ពី​ការ​ផ្ដល់​ជំនួយ​អាវុធ​មាន​ទំហំ ៣០៤​លាន​ដុល្លារ ដែល​ក្នុង​នោះ​រួម​មាន​គ្រាប់កាំភ្លើង​ធំ ដែល​លោក​ថា​សំដៅ​រក្សា​ឱ្យ​បាន​នូវ​ការ​ផ្គត់ផ្គង់​គ្រាប់​សម្រាប់​កាំភ្លើង​ធំ​ដល់​អ៊ុយក្រែន​ក្នុង​ឆ្នាំ​២០២៣៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស