28 C
Phnom Penh

CCIM៖ រដ្ឋាភិបាល​កំពុង​ប្រើ​យុទ្ធនាការ​យ៉ាង​អនាធិបតេយ្យ​បង្ក្រាប​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធាន​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ លើកឡើង​ថា រដ្ឋាភិបាល​កម្ពុជា​កំពុង​ប្រើ​យុទ្ធនាការ​យ៉ាង​អណាធិបតេយ្យ​បង្ក្រាប​ទៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ដោយ​ការ​ចោទប្រកាន់ ការ​ចាប់​ឃុំ​ខ្លួន​អ្នក​សារព័ត៌មាន​ដែល​កំពុង​បំពេញ​ភារកិច្ច​នៅ​កម្ពុជា។

ប្រធាន​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) លោក ប៉ា ងួនទៀង ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៩ ធ្នូ នេះ​ថា សព្វថ្ងៃ​នេះ​រដ្ឋាភិបាល​កម្ពុជា​កំពុង​ប្រើ​យុទ្ធនាការ​យ៉ាង​អណាធិបតេយ្យ​បង្ក្រាប​ទៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ដោយ​ការ​ចោទប្រកាន់​រហូត​ឈាន​ដល់​ការ​ចាប់​ឃុំ​ខ្លួន​អ្នក​សារព័ត៌មាន ដែល​ជា​ការ​គំរាមកំហែង​យ៉ាង​ធ្ងន់ធ្ងរ​ដល់​អ្នក​សារព័ត៌មាន​អាជីព​ដែល​កំពុង​បំពេញ​ភារកិច្ច​នៅ​កម្ពុជា​បច្ចុប្បន្ន​នេះ។

លោក ប៉ា ងួនទៀង លើកឡើង​ថា សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​បាន​ធ្លាក់​ចុះ​ខ្លាំង​តាំងពី​ឆ្នាំ​២០១៧ ក្រោយ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​នោះ​គឺ​មាន​ការ​រំលោភ​បំពាន​គ្រប់​បែប​យ៉ាង​ពី​សំណាក់​អាជ្ញាធរ​កម្ពុជា ដូចជា​ការ​ចាប់​យក​ឧបករណ៍​ប្រើប្រាស់​របស់​អ្នក​សារព័ត៌មាន​ទៅ​ឆែកឆេរ​ដោយ​គ្មាន​ការ​ឯកភាព​ពី​ម្ចាស់​សាមី ជាដើម ដែល​ទង្វើ​ទាំងនេះ​គឺជា​ការ​រំលោភ​បំពាន​ធ្ងន់ធ្ងរ​លើ​អ្នក​សារព័ត៌មាន​អាជីព​ទាំងនោះ។

លោក​បញ្ជាក់​ថា នៅ​ពេល​ដែល​បរិយាកាស​នៅ​កម្ពុជា​កំពុង​រឹតត្បិត​លើ​អ្នក​សារព័ត៌មាន​ឯករាជ្យ​ដូច​សព្វថ្ងៃ​នេះ ពួកគេ​នឹង​មិន​អាច​ផ្តល់​ព័ត៌មាន​ជុំវិញ​ការ​ដឹកនាំ​មិន​ត្រឹមត្រូវ​របស់​រដ្ឋាភិបាល​បាន​នោះ​ទេ សូម្បីតែ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣ ខាងមុខ​នេះ ក៏​អ្នក​សារព័ត៌មាន​ឯករាជ្យ​ទាំងនោះ​មិន​អាច​ផ្សព្វផ្សាយ​ពី​ភាព​មិន​ប្រក្រតី​នានា​បាន​ដែរ។

លោក​បន្ថែម​ថា ការ​បោះឆ្នោត​មួយ​ដែល​គ្មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ចូលរួម​តាមដាន គ្រាន់តែ​ជា​ការ​បោះឆ្នោត​ដែល​គ្មាន​តម្លាភាព​ប៉ុណ្ណោះ ខណៈ​ការ​រៀបចំ​នៃ​ការ​បោះឆ្នោត​នេះ​ត្រូវ​គេ​មើល​ឃើញ​ថា ត្រូវ​បាន​គ្រប់គ្រង​ដោយ​បក្ស​កាន់​អំណាច​ទៅ​ហើយ​នោះ ដូច្នេះ​បើ​ទោះបីជា​បក្ស​កាន់​អំណាច​អះអាង​ថា​ជា​ការ​បោះឆ្នោត​ដែល​មាន​តម្លាភាព​ក៏ដោយ ក៏​គ្រាន់តែ​ជា​ការ​ភូត​កុហក​ពលរដ្ឋ​ប៉ុណ្ណោះ។

កាលពី​ថ្ងៃទី​២៨ ខែ​ធ្នូ ឆ្នាំ​២០២២ នេះ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ លើកឡើង​ក្នុង​សិក្ខាសាលា​បណ្តុះបណ្តាល​សារព័ត៌មាន​ស្ដីពី «តួនាទី​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ការ​បោះឆ្នោត​នៅ​កម្ពុជា» ថា សារព័ត៌មាន​ឯករាជ្យ​សេរី​មាន​តួនាទី​សំខាន់​ណាស់​ក្នុង​ការ​ជួយ​ឱ្យ​សង្គម​ប្រជាធិបតេយ្យ​ដើរ​ទៅ​ជាមួយ​នឹង​ការ​បោះឆ្នោត។

លោក ខៀវ កាញារីទ្ធ លើកឡើង​ថា ដើម្បី​ឱ្យ​សង្គម​ប្រជាធិបតេយ្យ​មួយ​ដើរ​ទៅ​មុខ​បាន ទាល់តែ​មាន​ការ​ចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ជាពិសេស​ការ​ចូលរួម​ពី​អ្នក​សារព័ត៌មាន​អាជីព ត្បិត​អ្នក​សារព័ត៌មាន​អាជីព​មាន​មូលដ្ឋាន​វិជ្ជាជីវៈ​ច្បាស់លាស់​ក្នុង​ការ​ផ្តល់​ចំណេះដឹង​ដល់​ប្រជាពលរដ្ឋ ដែល​ព័ត៌មាន​ទាំងអស់​នោះ​នឹង​ក្លាយ​ជា​ធាតុ​ចូល​សំខាន់ មុន​នឹង​ពួកគេ​សម្រេច​ចិត្ត​ក្នុង​ការ​ជ្រើសរើស​មេដឹកនាំ។

ចំណែក​ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា បណ្ឌិត គិន ភា លើកឡើង​ក្នុង​សិក្ខាសាលា​នេះ​ដែរ​ថា នៅ​ឆ្នាំ​២០២៣ ខាងមុខ​នេះ កម្ពុជា​នឹង​រៀបចំ​ការ​បោះឆ្នោត​ទៅ​តាម​អាណត្តិ​របស់​ខ្លួន ហើយ​ការ​បោះឆ្នោត​នេះ​នឹង​ក្លាយ​ជា​ការ​បោះឆ្នោត​ដ៏​សំខាន់​សម្រាប់​ប្រទេស​កម្ពុជា ហើយ​ការ​បោះឆ្នោត​នេះ​ក៏​អាច​នឹង​ត្រូវ​បាន​ប្រើប្រាស់​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បស្ចិម​ប្រទេស​មួយ​ចំនួន​ធ្វើការ​ពិពណ៌នា ឬ​លាប​ពណ៌​អំពី​ប្រទេស​កម្ពុជា​នៅ​ពេល​នោះ​ផង​ដែរ។

ទាក់ទិន​នឹង​បញ្ហា​នេះ អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន បាន​ចេញ​ផ្សាយ​របាយការណ៍​របស់​ខ្លួន​ស្ដីពី​សន្ទស្សន៍​សេរីភាព​សារព័ត៌មាន​ពិភពលោក​សម្រាប់​ឆ្នាំ​២០២២ កាលពី​ពេល​ថ្មីៗ​នេះ​ថា សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​នៅតែ​មិន​អាច​ងើប​ចេញពី​ចំណាត់ថ្នាក់​មិន​ល្អ​ដដែល​ក្នុង​ឆ្នាំ​២០២២ នេះ។

អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន​លាតត្រដាង​ថា វិស័យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅ​កម្ពុជា​ត្រូវ​បាន​បំផ្លិចបំផ្លាញ និង​បោស​សម្អាត​ដោយ​រដ្ឋាភិបាល​កម្ពុជា ចាប់តាំងពី​អំឡុង​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨ មក ក្នុង​នោះ​ស្ថាប័ន​កាសែត​ខ្លះ​ត្រូវ​បិទ​ទ្វារ ខ្លះ​ទៀត​ត្រូវ​ប្តូរ​ម្ចាស់ ខណៈ​កាសែត​បរទេស​ត្រូវ​បិទ​ការិយាល័យ​របស់​ខ្លួន​ទាំងស្រុង ទន្ទឹម​គ្នា​នោះ​ក៏​មាន​ស្ថានីយ​វិទ្យុ​ឯករាជ្យ​ក្នុង​ស្រុក​ជាង ៣០​ស្ថានីយ​ផង​ដែរ​ដែល​ត្រូវ​បាន​បង្ខំ​ឱ្យ​បិទ​ទ្វារ​ទាំង​ដែល​គ្មាន​កំហុស៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស