38 C
Phnom Penh

សង្គម​ស៊ីវិល៖ ឫសគល់​វិវាទ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​គឺ​ការ​ប៉ុនប៉ង​រំលាយ​សហជីព

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​សង្គម​ស៊ីវិល​ធ្វើការ​លើ​វិស័យ​សិទ្ធិ​ការងារ​នៅ​កម្ពុជា លើកឡើង​ថា ឫសគល់​នៃ​បញ្ហា​របស់​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ (Naga World) មិន​ស្ថិត​នៅ​លើ​ការ​ដោះស្រាយ​សំណង​របស់​កម្មករ​និយោជិត​ដែល​ក្រុមហ៊ុន​បាន​បញ្ឈប់​នោះ​ទេ គឺ​ការ​ប៉ុនប៉ង​រំលាយ​វត្តមាន​សហជីព​ប៉ុណ្ណោះ។

អ្នក​គ្រប់គ្រង​សិទ្ធិ​ការងារ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស លោក ឃុន ថារ៉ូ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៩ ធ្នូ នេះ​ថា កន្លងមក ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ មិន​ដែល​ដោះស្រាយ​ប្រភព​បញ្ហា​ដើម​ដំបូង​ដែល​នាំ​ទៅ​ដល់​ការ​បញ្ឈប់​បុគ្គលិក​ទ្រង់ទ្រាយ​ធំ​រហូត​ដល់​រាប់​ពាន់​នាក់​នោះ​ទេ។ លោក​បន្ថែម​ថា ក្រសួង​បាន​អូស​បន្លាយ​បញ្ហា​នេះ​រហូត​ដោយ​គ្មាន​ដំណោះស្រាយ​មក​ទល់​នឹង​ពេលនេះ។

លោក ឃុន ថារ៉ូ លើកឡើង​ថា ក្រសួង​ការងារ​ត្រូវតែ​ដោះស្រាយ​វិវាទ​នេះ​ជា​ពីរ​ផ្នែក គឺ​ទី​១ ការ​ដោះស្រាយ​សំណង​ជូន​កម្មករ​និយោជិត​ដែល​ក្រុមហ៊ុន​បាន​បញ្ឈប់​ឱ្យ​បាន​ត្រឹមត្រូវ​តាម​ច្បាប់​ការងារ​របស់​ប្រទេស​កម្ពុជា។ ទី​២ ក្រសួង​ត្រូវតែ​ដោះស្រាយ​ការ​រំលោភ​សិទ្ធិ​កម្មករ​ដែល​ក្រុមហ៊ុន​ព្យាយាម​រំលាយ​សហជីព ដែល​បាន​បង្កើត​ឡើង​ដោយ​ត្រឹមត្រូវ​តាម​ច្បាប់​ក្នុង​គោលបំណង​ការពារ​សិទ្ធិ​កម្មករ​និយោជិត​រហូត​មក។

មន្ត្រី​ជាន់ខ្ពស់​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​រូប​នេះ​បញ្ជាក់​ថា ក្រសួង​ការងារ​សព្វថ្ងៃ​នេះ ព្យាយាម​រក​វិធី​យ៉ាង​ណា​ឱ្យ​កម្មករ​ទទួល​យក​ការ​ទូទាត់​សំណង​ពី​ក្រុមហ៊ុន​ប៉ុណ្ណោះ ប៉ុន្តែ​ការ​ដោះស្រាយ​បញ្ហា​ដែល​ក្រុមហ៊ុន​ព្យាយាម​រំលាយ​សហជីព ក្រសួង​មិន​ដែល​ចេញ​មុខ​ដោះស្រាយ ឬ​ដាក់​ចេញ​នូវ​វិធានការ​ណា​មួយ ដើម្បី​រក​យុត្តិធម៌​សម្រាប់​ថ្នាក់ដឹកនាំ​សហជីព​នោះ​ទេ។

លោក​បន្ត​ថា ក្រសួង​មិន​ត្រឹមតែ​មិន​រក​ដំណោះស្រាយ​ទេ តែ​បែរ​ជា​បណ្តែតបណ្តោយ​ឱ្យ​ខាង​ក្រុមហ៊ុន​ធ្វើ​ទុក្ខបុកម្នេញ​លើ​ថ្នាក់​ដឹកនាំ​សហជីព​តាម​អំពើ​ចិត្ត​យ៉ាង​ធ្ងន់ធ្ងរ។ ជាក់ស្តែង ដូចជា​ការ​ចោទ​ប្តឹង ចាប់​ឃុំ​ខ្លួន ដែល​ក្រុមហ៊ុន​បាន​ធ្វើ​លើ​កញ្ញា ឈឹម ស៊ីថរ នៅ​ពេលនេះ​ស្រាប់។

កាលពី​ថ្ងៃទី​២៨ ខែ​ធ្នូ ឆ្នាំ​២០២២ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ថា ខ្លួន​បាន​ដោះស្រាយ​ជុំវិញ​ការ​ទូទាត់​នូវ​ប្រាក់​បំណាច់​បញ្ចប់​កិច្ចសន្យា​ការងារ​រវាង​កម្មករ​និយោជិត​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​បាន ៤​នាក់​បន្ថែម​ទៀត​ហើយ។

ក្រសួង​ការងារ​បញ្ជាក់​ថា គិត​ត្រឹម​ថ្ងៃទី​២៨ ខែ​ធ្នូ នេះ មាន​អតីត​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ២៥៣​រូប​ហើយ​ដែល​បាន​យល់ព្រម​ទទួលយក​ការ​ទូទាត់​នូវ​ប្រាក់​បំណាច់​បញ្ចប់​កិច្ចសន្យា​ការងារ ដែល​ក្រុមហ៊ុន​បាន​បញ្ឈប់​ពី​ការងារ​កាលពី​ពេល​កន្លងទៅ។

កាលពី​ថ្ងៃទី​៨ ខែ​មេសា ឆ្នាំ​២០២១ ក្រុមហ៊ុន​ណាហ្គា​វើលដ៍​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ថា ក្រុមហ៊ុន​នឹង​បញ្ឈប់​កម្មករ​និយោជិត​ចំនួន ១៣២៩​នាក់ ក្រោម​មូលហេតុ​ជួប​វិបត្តិ​ហិរញ្ញវត្ថុ​ដោយសារ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ-១៩ ប៉ុន្តែ​កម្មករ​និយោជិត​អះអាង​ថា ការ​លើកឡើង​របស់​ក្រុមហ៊ុន​គ្រាន់តែ​ជា​លេស​ក្នុង​ចេតនា​ប៉ុនប៉ង​រំលាយ​ក្រុម​សហជីព ដែល​តែងតែ​ជួយ​ការពារ​សិទ្ធិ​កម្មករ​កន្លងមក​ប៉ុណ្ណោះ។

ក្រុមហ៊ុន​ណាហ្គា​វើលដ៍​បាន​ព្យាយាម​រំលាយ​សហជីព​ចំនួន ៤​លើក​រួច​មក​ហើយ ក្នុង​នោះ​នៅ​ឆ្នាំ​២០០៩ ក្រុមហ៊ុន​បាន​បញ្ឈប់​សហជីព​រាប់​រយ​នាក់​រហូត​ដល់​ឆ្នាំ​២០១៣ ក្រុមហ៊ុន​បាន​បញ្ឈប់​សមាជិក​សហជីព​បន្ត​ទៀត ប៉ុន្តែ​នៅ​ឆ្នាំ​២០១៩ ក្រុមហ៊ុន​បាន​ព្យួរ​ការងារ​ប្រធាន​សហជីព កញ្ញា ឈឹម ស៊ីថរ តែម្តង។ លុះដល់​ឆ្នាំ​២០២១ ក្រុមហ៊ុន​បាន​បញ្ឈប់​បុគ្គលិក​ចំនួន ១៣២៩​នាក់ ក្នុង​នោះ​មាន​សមាជិក ថ្នាក់​ដឹកនាំ និង​ប្រតិភូ​បុគ្គលិក​សហជីព​ដល់​ទៅ ១១០០​នាក់​ឯណោះ។

ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា ការ​បញ្ឈប់​បុគ្គលិក​នេះ ក្រុមហ៊ុន​ណាហ្គា​វើលដ៍​បាន​អនុវត្ត​បំពាន​ទៅ​នឹង​ច្បាប់​ជាតិ និង​ច្បាប់​អន្តរជាតិ​យ៉ាង​ធ្ងន់ធ្ងរ​បំផុត ព្រោះ​ថា​ក្រុមហ៊ុន​ព្យាយាម​បញ្ឈប់​បុគ្គលិក​ដែល​មាន​អតីតភាព​ច្រើន តែ​រក្សា​ទុក​បុគ្គលិក​ដែល​មាន​អតីតភាព​តិច ជាពិសេស​ក្រុមហ៊ុន​មាន​ចេតនា​បំផ្លាញ​សហជីព​តែម្តង ដែល​ទង្វើ​នេះ​ផ្ទុយ​នឹង​ខ្លឹមសារ​នៃ​មាត្រា ៩៥ នៃ​ច្បាប់​ស្ដីពី​ការងារ និង​អនុសញ្ញា​អន្តរជាតិ​លេខ​៨៧ និង ៩៨ ទាំងស្រុង។

លើស​ពី​នេះ ការ​បញ្ឈប់​ថ្នាក់​ដឹកនាំ​សហជីព និង​ប្រតិភូ​បុគ្គលិក​ទាំងនេះ ថៅកែ​ក្រុមហ៊ុន​មិន​ទទួល​បាន​ការ​អនុញ្ញាត​ពី​អធិការកិច្ច​ការងារ​ដែល​តម្រូវ​ដោយ​ច្បាប់​នោះ​ទេ ដែល​ទង្វើ​នេះ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា ពួកគេ​បាន​បំពាន​ច្បាប់​ការងារ​មាត្រា​២៩៣ និង​ច្បាប់​ស្ដីពី​សហជីព​មាត្រា​៤៣ និង​មាត្រា​៦៧ យ៉ាង​ធ្ងន់ធ្ងរ​ផង​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស