30 C
Phnom Penh

កូដករ​ណាហ្គា​បន្ត​យុទ្ធនាការ​នៅ​មុខ​ពន្ធនាគារ​ព្រៃស​ទាមទារ​ឱ្យ​ដោះលែង​កញ្ញា ឈឹម ស៊ីថរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​កូដករ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ (Naga World) ជិត ១០០​នាក់ ធ្វើ​យុទ្ធនាការ​នៅ​មុខ​ពន្ធនាគារ​ព្រៃស ដើម្បី​ទាមទារ​ឱ្យ​អាជ្ញាធរ​ដោះលែង​ប្រធាន​សហជីព​កញ្ញា ឈឹម ស៊ីថរ និង​ទាមទារ​ឱ្យ​ទម្លាក់​ចោល​រាល់​បទ​ចោទប្រកាន់​ទាំងអស់។

ក្រុម​កូដករ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ធ្វើ​យុទ្ធនាការ​នៅ​ថ្ងៃទី​១០ ខែ​មករា ឆ្នាំ​២០២៣ នេះ ដោយ​បង្ហោះ​ប៉េងប៉ោង​ដែល​ភ្ជាប់​ជាមួយ​នឹង​បដា ដោយ​សរសេរ​ថា «ដោះលែង​ប្រធាន​សហជីព​កញ្ញា ឈឹម ស៊ីថរ ជាបន្ទាន់» ក្នុង​នោះ​ក្រុម​កូដករ​ក៏​បាន​ចង​ក្រណាត់​ពណ៌​ទឹកក្រូច​លើ​ក្បាល​ដោយ​សរសេរ​ថា «វិវាទ​ការងារ សូម​កុំ​លាប​ពណ៌​ទៅ​ជា​រឿង​ផ្សេង» ផង​ដែរ។

តំណាង​ក្រុម​កូដករ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ កញ្ញា សោម ចន្ទលក្ខិណា អះអាង​ថា អស់​រយៈពេល​ជាង​មួយ​ឆ្នាំ​ហើយ​ដែល​ស្ថាប័ន​ពាក់ព័ន្ធ និង​ថៅកែ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ព្យាយាម​លាប​ពណ៌​ក្រុម​កូដករ​ទៅ​ជា​រឿង​ផ្សេង ប៉ុន្តែ​តាម​ការពិត វិវាទ​នេះ​គឺ​បាន​កើត​ចេញពី​ការ​រំលោភ​ច្បាប់​ការងារ​របស់​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​តែប៉ុណ្ណោះ។

កញ្ញា សោម ចន្ទលក្ខិណា បញ្ជាក់​ថា ជុំវិញ​វិវាទ​ការងារ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​នេះ ប្រសិនបើ​ក្រុម​កូដករ​ទទួល​បាន​ដំណោះស្រាយ​សមស្រប​ណា​មួយ ពួកគេ​នឹង​មិន​បន្ត​ធ្វើ​កូដកម្ម​ទៀត​ទេ ប៉ុន្តែ​ការ​ទាមទារ​រក​យុត្តិធម៌​របស់​ជនរងគ្រោះ​ដែល​ជា​កម្មករ​ទទួល​បាន​តែ​ការ​ចាប់​ខ្លួន និង​ការ​ចោទប្រកាន់​ដែល​មិន​ត្រឹមត្រូវ​តែប៉ុណ្ណោះ នោះ​មិនមែន​ជា​ដំណោះស្រាយ​ឡើយ។

តំណាង​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ កញ្ញា ឈឹម ស៊ីថរ ត្រូវ​បាន​សមត្ថកិច្ច​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន​ជា​លើក​ទី​២ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ កាលពី​ថ្ងៃទី​២៦ ខែ​វិច្ឆិកា ឆ្នាំ​២០២២ ក្រោម​ហេតុផល​ថា តំណាង​កម្មករ​រូប​នេះ​បាន​ចាកចេញ​ពី​ប្រទេស​កម្ពុជា​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​ចៅក្រម​ស៊ើបសួរ ក្នុង​ពេល​ដែល​រូបគេ​កំពុង​ដាក់​ឱ្យ​នៅ​ក្រៅ​ឃុំ​ដែល​ត្រូវ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​របស់​តុលាការ​នៅឡើយ។

យ៉ាងណាក៏ដោយ អង្គការ​ក្រៅ​រដ្ឋាភិបាល និង​សមាគម​នានា​ដូចជា​សមាគម​ការពារ​សិទ្ធិមនុស្ស និង​ការ​អភិវឌ្ឍន៍​នៅ​កម្ពុជា (ADHOC) មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (CENTRAL) មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) និង​អង្គការ​ស្ថាប័ន​ជាច្រើន​ផ្សេង​ទៀត បាន​បដិសេធ​ថា ប្រសិនបើ​តំណាង​សហជីព កញ្ញា ឈឹម ស៊ីថរ មាន​ជាប់​បម្រាម​របស់​តុលាការ​ដូច​ការ​ចោទប្រកាន់​មែន​នោះ គឺជា​កំហុស​របស់​តុលាការ​ទាំងស្រុង មិនមែន​ជា​កំហុស​របស់​កញ្ញា ឈឹម ស៊ីថរ ឡើយ។

ទាក់ទិន​នឹង​បញ្ហា​នេះ អ្នក​គ្រប់គ្រង​សិទ្ធិ​ការងារ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស លោក ឃុន ថារ៉ូ លើកឡើង​ថា ឫសគល់​នៃ​បញ្ហា​របស់​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ពិតប្រាកដ គឺ​ការ​ប៉ុនប៉ង​រំលាយ​វត្តមាន​សហជីព ថ្នាក់​ដឹកនាំ​សហជីព និង​ប្រតិភូ​សហជីព​ពី​សំណាក់​ក្រុមហ៊ុន​ប៉ុណ្ណោះ មិនមែន​ជា​រឿង​ផ្សេង​ទេ។

លោក ឃុន ថារ៉ូ អះអាង​ថា កន្លងមក ក្រសួង​ការងារ​មិន​ដែល​ដោះស្រាយ​ពី​ប្រភព​បញ្ហា​ដើម​ដំបូង​ដែល​នាំ​ទៅ​ដល់​ការ​បញ្ឈប់​បុគ្គលិក​ទ្រង់ទ្រាយ​ធំ​រហូត​ដល់​រាប់​ពាន់​នាក់​នោះ​ទេ។ លោក​បន្ថែម​ថា ក្រសួង​បាន​អូស​បន្លាយ​បញ្ហា​នេះ​រហូត​ដោយ​គ្មាន​ដំណោះស្រាយ​អ្វី​ទាំងអស់ រហូត​មក​មក​ទល់​នឹង​ពេល​នេះ។

គិត​ត្រឹម​ថ្ងៃទី​១០ ខែ​មករា ឆ្នាំ​២០២៣ នេះ តំណាង​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ កញ្ញា ឈឹម ស៊ីថរ ត្រូវ​បាន​តុលាការ​ឃុំ​ខ្លួន​ជា​លើក​ទី​២ អស់​រយៈពេល ៤៥​ថ្ងៃ​ហើយ ខណៈ​អង្គការ​សង្គម​ស៊ីវិល​បាន​នាំគ្នា​ធ្វើ​យុទ្ធនាការ​រាល់​សប្តាហ៍ ដើម្បី​ជំរុញ​ឱ្យ​តុលាការ​ដោះលែង​កញ្ញា ឈឹម ស៊ីថរ ដើម្បី​ឱ្យ​តំណាង​កម្មករ​ខ្មែរ​រូប​នេះ​ទទួល​បាន​សិទ្ធិ​សេរីភាព​ពេញលេញ​ឡើងវិញ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស