31 C
Phnom Penh

សហគមន៍​ព្រៃឡង់៖ ការ​កាប់​ព្រៃឈើ​នៅតែ​កើនឡើង ទោះ​លោក ហ៊ុន សែន ធ្លាប់​ប្រកាស​កាត់​ក​ខ្លួនឯង​បើ​ការពារ​មិន​បាន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សហគមន៍​ព្រៃឡង់​អះអាង​ថា ការ​កាប់​បំផ្លាញ​ព្រៃឈើ​ក្នុង​តំបន់​អភិរក្ស​ព្រៃឡង់​ខេត្ត​ព្រះវិហារ នៅតែ​កើតឡើង​ឥត​ឈប់​ឈរ បើ​ទោះបី​លោក ហ៊ុន សែន ធ្លាប់​ប្រកាស​កាត់​ក​ខ្លួនឯង​បើ​ការពារ​ព្រៃឈើ​នៅ​កម្ពុជា​មិន​បាន​យ៉ាងណាក៏ដោយ។

បើ​តាម​របាយការណ៍​សង្កេត​របស់​សមាគម​បណ្ដាញ​យុវជន​កម្ពុជា (CYN) នៅ​ថ្ងៃទី​១៦ មករា នេះ ឲ្យ​ដឹង​ថា ប្រជា​សហគមន៍​បាន​រក​ឃើញ​បទល្មើស​ព្រៃឈើ​ចំនួន ៧៣​ករណី​នៅ​ក្នុង​តំបន់​ព្រៃឡង់​ខេត្ត​ព្រះវិហារ អំឡុង​ពេល​ចុះ​ល្បាត​ចាប់ពី​ថ្ងៃទី​១២ ដល់​ថ្ងៃទី​១៥ ខែ​មករា ឆ្នាំ​២០២៣។

បណ្ដាញ​សហគមន៍​ព្រៃឡង់​បញ្ជាក់​ថា ការ​ចុះ​ស្រាវជ្រាវ ស៊ើបអង្កេត និង​ឃ្លាំមើល​ស្ថានភាព​ព្រៃឡង់​ក្នុង​ភូមិសាស្ត្រ​ឃុំ​ធ្មា និង​ឃុំ​រៀបរយ ស្រុក​ជ័យសែន នោះ ពួកគេ​ទាំង ៣៣​នាក់​បាន​រក​ឃើញ​គល់ឈើ​ដែល​ក្រុម​ជនល្មើស​លួច​ចូល​កាត់​ចំនួន ៥៥​ករណី ដោយ​មាន​មុខកាត់​ពី​មួយ​ម៉ែត្រ​ទៅ​កន្លះ​ម៉ែត្រ រក​ឃើញ​ឈើ​អារ​ច្រៀក​មិន​ទាន់​ដឹក​ចេញ​ចំនួន ៩​ម៉ែត្រគូប (បី​ករណី​ធំៗ)។

ចំណែក​ករណី​ឈើ​អារ​ជា​ក្ដារ​ប្រវែង ៥​ម៉ែត្រ​ចំនួន ៣,៧​ម៉ែត្រគូប ហើយ​ឈើ​អារ​ធ្វើ​ឃ្នាប​ប្រវែង ៧​ម៉ែត្រ​ចំនួន ៤,៤​ម៉ែត្រគូប រួម​ទាំង​ឈើ​អារ​ជា​បន្ទះ​ប្រវែង ២​ម៉ែត្រ​ចំនួន ១​ម៉ែត្រគូប ដោយ​ឈើ​ទាំងនោះ​ជា​ប្រភេទ​ឈើ​ចម្រុះ ដូចជា​គគីរ ត្រាច តៀក ផ្ចឹក ឈើទាល និង​ឈ្លីក ជាដើម។

ឈើ​អារ​ជា​ក្ដារ​វែង ពួកគេ​រក​ឃើញ​ស្ថិត​នៅ​ចំណុច​បុសរាំង ចំណុច​ក្បាលថ្លាន់ ចំណុច​ព្រៃ​ដំណាក់កាល និង​ចំណុច​ភ្នំ​ស្រឡៅ ស្ថិត​នៅ​ក្នុង​ភូមិសាស្ត្រ​ឃុំ​ធ្មា និង​ឃុំ​រៀបរយ ស្រុក​ជ័យសែន។

ក្រៅពី​រក​ឃើញ​ឈើ​កាត់ និង​អារ​ហើយ ពួកគេ​ក៏​ឃើញ​ក្រុម​ជនល្មើស​ដែល​លួច​ចូល​ទៅ​អារ និង​ដឹក​ឈើ​ចំនួន ៨​នាក់ និង​គោយន្ត​ដឹក​ឈើ​ចំនួន ២​គ្រឿង រួម​ទាំង​ប្រេងម៉ាស៊ូត និង​សាំង​ចំនួន ៣​ប៊ីដុង​ធំ ព្រមទាំង​សម្ភារៈ​ដែល​បម្រើ​ដើម្បី​កាប់​ឈើ​ជាច្រើន​ទៀត​ផង​ដែរ។

សមាជិក​បណ្ដាញ​សហគមន៍​ព្រៃឡង់​ខេត្ត​ព្រះវិហារ លោក ស្រី ថី បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily ថា ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ បទល្មើស​ព្រៃឈើ​បាន​កើនឡើង​ខ្លាំង​ដោយសារ​មន្ត្រី​អនុវត្ត​ច្បាប់​មិន​បាន​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន។

លោក​បន្ត​ថា បើ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិត​ជា​មាន​ឆន្ទៈ​ក្នុង​ការ​ទប់ស្កាត់​មែន​នោះ ការ​កាប់​បំផ្លាញ​ព្រៃឈើ​មិន​កើនឡើង​ដូច​បច្ចុប្បន្ន​ឡើយ។

លោក ស្រី ថី បន្ត​ថា បើ​រដ្ឋាភិបាល​មិន​ហ៊ាន​ចាត់​វិធាន​ច្បាប់​លើ​មន្ត្រី​ពាក់ព័ន្ធ​នឹង​បទល្មើស​ដូច​បច្ចុប្បន្ន​នេះ ប្រាកដ​ណាស់​ព្រៃឈើ​នៅ​កម្ពុជា​នឹង​វិនាស​អស់ ខណៈ​ជនល្មើស​បាន​សូកប៉ាន់​មន្ត្រី​មួយ​ចំនួន​ដើម្បី​ងាយស្រួល​ក្នុង​ការ​ដឹកជញ្ជូន​ឈើ​ជាដើម។

ជា​រឿយៗ សមាគម CYN សហការ​ជាមួយ​សហគមន៍ តែងតែ​ធ្វើ​របាយការណ៍​របស់​ខ្លួន​បន្ទាប់ពី​ពួកគេ​បាន​ចុះ​ស៊ើបអង្កេត និង​ស្រាវជ្រាវ​អំឡុង​ពេល​ចុះ​ល្បាត​ព្រៃ​នៅ​តំបន់​ព្រៃឡង់ ដើម្បី​បង្ហាញ​ទៅ​រដ្ឋាភិបាល និង​សាធារណជន​ឲ្យ​បាន​ដឹង​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ ប៉ុន្តែ​របាយការណ៍​ដែល​ពួកគេ​រក​ឃើញ​នោះ តែង​ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​ច្រានចោល និង​បាន​ចោទប្រកាន់​ថា​សកម្មភាព​ការពារ​ព្រៃឈើ​របស់​ពួកគេ​នោះ ធ្វើឡើង​ដើម្បី​បម្រើ​ផល​ប្រយោជន៍​នយោបាយ​ទៅវិញ។

កាលពី​អំឡុង​ឆ្នាំ​២០១៥ និង​ឆ្នាំ​២០១៦ លោក ហ៊ុន សែន បាន​ប្រកាស​ក្ដែងៗ​ដោយ​ហ៊ាន​កាត់​ក​ខ្លួនឯង បើ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​មិន​បាន​ទេ​នោះ។

ក្រៅពី​ប្រកាស​បែប​នេះ បុរស​ខ្លាំង​កាន់​អំណាច ៣៨​ឆ្នាំ​នៅ​កម្ពុជា ក៏​បាន​បង្កើត​គណៈកម្មការ​ទប់ស្កាត់​បទល្មើស​ធនធាន​ធម្មជាតិ ដើម្បី​បង្ក្រាប​បទល្មើស ប៉ុន្តែ​ចាប់តាំងពី​ឆ្នាំ​២០១៥ មក​ដល់​បច្ចុប្បន្ន ព្រៃឈើ​នៅ​កម្ពុជា​កំពុង​ឈាន​ទៅ​រក​ការ​វិនាស​អស់​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ​នេះ។

ព្រៃឡង់​ត្រូវ​បាន​រដ្ឋាភិបាល​ដាក់​បញ្ចូល​ជា​តំបន់​ដែន​ជម្រក​សត្វព្រៃ «ព្រៃឡង់» កាលពី​ឆ្នាំ​២០១៦ ដែល​មាន​ទំហំ​ជាង ៤៣​ម៉ឺន​ហិកតារ។ ព្រៃ​អភិរក្ស​មួយ​នេះ​គ្របដណ្ដប់​លើ​ភូមិសាស្ត្រ​ខេត្ត​ចំនួន​៤ រួម​មាន​ខេត្ត​ព្រះវិហារ កំពង់ធំ ក្រចេះ និង​ខេត្ត​ស្ទឹងត្រែង។

ប៉ុន្តែ​ចាប់តាំងពី​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០២២ ព្រៃឡង់​ត្រូវ​បាន​ជនល្មើស​ដែល​មាន​ឧកញ៉ា​នៅ​ឈរ​កាង​ពីក្រោយ រង​ការ​កាប់​បំផ្លាញ និង​ដឹកជញ្ជូន​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​សឹង​រាល់​ថ្ងៃ ដោយ​មិន​មាន​ការ​ទប់ស្កាត់​ពី​សំណាក់​រដ្ឋាភិបាល ទោះបី​ជា​មាន​ការ​ស្នើសុំ​ពី​ប្រជា​សហគមន៍ និង​យុវជន​ក្ដី។

អង្គការ​លើកលែង​ទោស​អន្តរជាតិ (Amnesty International) បាន​ចេញ​របាយការណ៍​មួយ​នៅ​ថ្ងៃទី​២៨ ខែ​មករា ឆ្នាំ​២០២២ បាន​បង្ហាញ​ថា ព្រៃឈើ​ជាង ៦​ពាន់​ហិកតារ​ត្រូវ​បាន​កាប់​បំផ្លាញ​នៅ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ចំនួន​ពីរ ក្នុង​នោះ​ដែន​ជម្រក​សត្វ​ព្រៃឡង់ និង​ដែន​ជម្រក​សត្វព្រៃ​ព្រះរការ ដោយ​ការ​កាប់​ឈើ​ខុស​ច្បាប់​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​កំពុង​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សិទ្ធិ និង​វប្បធម៌​របស់​ជនជាតិ​ដើម​ភាគតិច៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស