33 C
Phnom Penh

តើ​រុស្ស៊ី អាច​ចាញ់​សង្គ្រាម​នៅ​ឆ្នាំ​២០២៣ នេះ​ដែរ​ឬ​ទេ?

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មុន​ពេល​បិទ​បញ្ចប់​ឆ្នាំ​២០២២ សង្គ្រាម​បាន​ផ្ទុះ​ពេញ​ទំហឹង​នៅ​ភាគ​ខាងកើត និង​ភាគ​ខាងត្បូង​ប្រទេស​អ៊ុយក្រែន គឺ​នៅ​ក្នុង​ខេត្ត​លូហាន់ និង​ដូណេត នៃ​តំបន់​ដុនបាស និង​តំបន់​ខឺសុន។

ដំណាក់កាល​ចុងក្រោយ​បំផុត​នៃ​សង្គ្រាម​ជាង ១​ខែ​មក​នេះ រុស្ស៊ី​បាន​ដាក់​ផែនការ​វាយ​យក​តំបន់​មួយ​ចំនួន​ពី​ទ័ព​អ៊ុយក្រែន មក​វិញ ក្នុង​នោះ​មាន​ទាំង​តំបន់ Bakhmut និង Soledar នៃ​ក្នុង​ខេត្ត​ដូណេត។

នៅ​ក្នុង​តំបន់ Bakhmut នោះ រុស្ស៊ី​បាន​បញ្ជា​ឱ្យ​ទាហាន​ស៊ីឈ្នួល​សម្រុក​វាយ​យក​ឱ្យ​បាន តែ​ទីបំផុត​មិន​ត្រឹមតែ​មិន​បាន​នោះ​ទេ គឺ​ថែមទាំង​បាក់​ទ័ព​យ៉ាង​អាណោចអាធម្ម​ថែម​ទៀត។ ចំណែក​នៅ​តំបន់ Soledar ទោះ​ជា​រុស្ស៊ី​បើក​ការ​វាយប្រហារ​ទាំង​ទ័ព​ថ្មើរជើង និង​ទ័ព​អាកាស​ក៏ដោយ តែ​នៅ​ពេលនេះ ការ​វាយ​ប្រយុទ្ធ​ជាង ២​សប្ដាហ៍​មក​នេះ​ក៏​ទ័ព​រុស្ស៊ី​នៅ​ពុំ​ទាន់​វាយ​កាន់កាប់​បាន​ទេ ខណៈ​ទ័ព​រុស្ស៊ី​ត្រូវ​បាន​រាយការណ៍​ថា​ស្លាប់​គរ​ជើង​គ្នា។

ឧត្តមសេនីយ៍​រុស្ស៊ី​ម្នាក់​ដែល​ទទួល​បន្ទុក​វាយ​យក​តំបន់ Bakhmut គឺ​លោក Yevgeny Prigozhin បាន​សុំទោស​លោក ពូទីន ព្រោះតែ​លោក​ដឹកនាំ​ទ័ព​វាយលុក​យក​តំបន់​នេះ​បរាជ័យ។ លោក​ថា តំបន់ Bakhmut អ៊ុយក្រែន​បាន​ពង្រឹង​ខ្សែ​ត្រៀម​ដល់​ទៅ ៥០០​ជាន់ ហើយ​ថា​បើ​វាយ​បាន​ខ្សែ​ត្រៀម​មួយ​ជាន់ គឺ​ត្រូវ​ផុង​ខ្លួន និង​រង​ការ​វាយបក​វិញ​របស់​កងទ័ព​អ៊ុយក្រែន ដូច​នេះ​ហើយ​ចាំបាច់​បង្ខំ​ឲ្យ​កងទ័ព​របស់​លោក​រត់​ចោល​សមរភូមិ​ប្រយុទ្ធ។

ប៉ុន្តែ​ឧត្តមសេនីយ៍​រូប​នេះ​នៅតែ​ប្រាប់​លោក ពូទីន ថា លោក​ចង់​ដឹកនាំ​ទ័ព​សាកល្បង​វាយ​យក Bakhmut ម្ដង​ទៀត​នៅ​ពេល​វាយ​យក​បាន​តំបន់ Soledar តែ​ត្រូវការ​អន្តរាគមន៍​យ៉ាង​ខ្លាំង​ពី​ទ័ព​អាកាស និង​ការ​បាញ់​គ្រាប់​មីស៊ីល។ នេះ​បើ​យោង​តាម​សារព័ត៌មាន​រុស្ស៊ី RIA NOVOSTI ដែល​បាន​ស្រង់​សម្ដី​ឧត្តមសេនីយ៍​ម្នាក់​នេះ​នៅ​ក្នុង​បទសម្ភាសន៍​ដែល​បាន​ចុះផ្សាយ​កាលពី​ពេល​ថ្មីៗ​នេះ។

យ៉ាងណា ឧត្តមសេនីយ៍​រូប​នេះ​មិន​បាន​ប្រាប់​ថា ទាហាន​ស៊ីឈ្នួល​ដែល​បញ្ជា​ឱ្យ​វាយ​យក​តំបន់ Bakhmut នេះ​ស្លាប់​ប៉ុន្មាន​នាក់​នោះ​ទេ។

ទស្សនាវដ្ដី News Week របស់​អាមេរិក​ចុះផ្សាយ​ថា សង្គ្រាម​រយៈពេល​ជាង​មួយ​ខែ​នៅ​ភាគ​ខាងកើត​ប្រទេស​អ៊ុយក្រែន បណ្តាល​ឲ្យ​ទ័ព​រុស្ស៊ី​បាត់បង់​ជីវិត​នៅ​លើ​សមរភូមិ​ដល់​ទៅ ១​ម៉ឺន​នាក់ ហើយ​មាន​ថ្ងៃ​ខ្លះ​ទ័ព​រុស្ស៊ី​ស្លាប់​ពី ៦០០​នាក់​ទៅ​ជាង ៨០០​នាក់។ តែ​យ៉ាងណា រដ្ឋមន្ត្រី​ការពារ​ជាតិ​រុស្ស៊ី លោក Sergei Shoigu អះអាង​ថា កងទ័ព​រុស្ស៊ី​ស្លាប់​មិន​ដល់ ៦០០០​នាក់​នោះ​ទេ​ក្នុង​អំឡុង​ឆ្នាំ​២០២២។

ប៉ុន្តែ​ចារកម្ម​របស់​អង់គ្លេស ក៏ដូចជា​នាយសេនាធិការ​កងទ័ព​សហរដ្ឋ​អាមេរិក លោក​ឧត្តមសេនីយ៍ Mark Milley ទទួលស្គាល់​តួលេខ​របស់​ក្រសួង​ការពារ​ជាតិ​អ៊ុយក្រែន ដែល​ថា​កងទ័ព​រុស្ស៊ី​ស្លាប់​នៅ​លើ​ទឹកដី​អ៊ុយក្រែន មាន​ជាង ១១​ម៉ឺន​នាក់​ចាប់តាំងពី​រុស្ស៊ី​លើក​ទ័ព​ឈ្លានពាន​ទឹកដី​អ៊ុយក្រែន​នៅ​ថ្ងៃទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០២២ មក​ម្ល៉េះ។

លោក​បញ្ជាក់​ថា សព្វាវុធ​របស់​រុស្ស៊ី រថក្រោះ រថពាសដែក ដែល​ត្រូវ​បាន​កងទ័ព​អ៊ុយក្រែន​បាញ់​ឆេះ គឺ​ឃើញ​នៅ​ពាសពេញ​សមរភូមិ​ទាំងអស់ ដែល​នេះ​បញ្ជាក់​ថា​ទាហាន​រុស្ស៊ី ដែល​ស្ថិត​នៅ​ក្នុង​រថក្រោះ គឺ​ស្លាប់​ទាំងអស់ ទោះបីជា​ពួកគេ​មាន​គ្នា​ពី ៥ ទៅ ៧​នាក់​ក៏ដោយ។

បើ​តាម​ក្រសួង​ការពារ​ជាតិ​អ៊ុយក្រែន ឲ្យ​ដឹង​ថា រុស្ស៊ី​បាន​បាត់បង់​រថក្រោះ​ដល់​ទៅ​ជាង ៣១០០​គ្រឿង និង​រថពាសដែក​ជិត ៧​ពាន់​គ្រឿង។

ឥឡូវ​នេះ សំណួរ​សួរ​ថា បើ​រុស្ស៊ី​បាត់បង់​កងទ័ព​យ៉ាង​សម្បើម និង​សព្វាវុធ​ទ័ព​ថ្មើរជើង​ដ៏​ច្រើន​ដូច​នេះ តើ​រុស្ស៊ី​អាច​ឈ្នះ​សង្គ្រាម ឬ​ក៏​ចាញ់​សង្គ្រាម​នៅ​ឆ្នាំ​២០២៣ នេះ?

ប្រធាន​ចារកម្ម​ប្រទេស​អ៊ុយក្រែន លោក Kyrylo Budanov បាន​និយាយ​នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​បណ្ដាញ​ផ្សាយ​ព័ត៌មាន ABC News របស់​អាមេរិក​ថា អ៊ុយក្រែន​នឹង​បើក​ទ្វារ​សង្គ្រាម​ទ្រង់ទ្រាយ​ធំ​នៅ​ខែ​មីនា ខាងមុខ​នេះ ហើយ​សង្គ្រាម​នេះ​គឺ​អ៊ុយក្រែន​នឹង​វាយ​រុល​ចូល​ឧបទ្វីប​គ្រីមៀរ ជា​អតីត​ដែនដី​របស់​អ៊ុយក្រែន ដែល​រុស្ស៊ី​យក​បាន​នៅ​ខែ​មីនា ឆ្នាំ​២០១៤ ដោយសារ​ប្រធានាធិបតី​អ៊ុយក្រែន ម្នាក់​ឈ្មោះ វិចទ័រ យ៉ាណាកូវីច ចុះហត្ថលេខា​ប្រគល់​ទឹកដី​នេះ​ទៅ​ឱ្យ​រុស្ស៊ី​កាលពី​ឆ្នាំ​២០១៤ តាមរយៈ​ការ​បោះឆ្នោត​ប្រជាមតិ។

ប្រធាន​ចារកម្ម​អ៊ុយក្រែន​រូប​នេះ​បញ្ជាក់​ថា នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​នេះ អ៊ុយក្រែន​នឹង​មាន​សព្វាវុធ​ធុន​ធ្ងន់​ថែម​ទៀត​ពី​ក្រុម​បស្ចិម​ប្រទេស​ដែល​ជា​សមាជិក​អង្គការ​ណាតូ (NATO) មាន​ដូចជា​អាមេរិក អាល្លឺម៉ង់ អង់គ្លេស បារាំង កាណាដា អ៊ីតាលី រួម​ទាំង​ហ្វាំងឡង់ និង​ស៊ុយអែត។

ប្រទេស​ទាំងនោះ​កំពុង​រៀបចំ​បញ្ជូន​សព្វាវុធ​ធុន​ធ្ងន់​ទាំងនោះ​មាន​រថពាសដែក រថក្រោះ ប្រព័ន្ធ​កាំភ្លើងធំ និង​ប្រព័ន្ធ​មីស៊ីល​មក​ឱ្យ​អ៊ុយក្រែន​ថែម​ទៀត។ លោក​ថា ពេល​នោះ អ៊ុយក្រែន​នឹង​វាយ​យក​ទឹកដី​របស់​ខ្លួន​មក​វិញ​បាន​ទាំងអស់។

ស្រប​ពេល​ជាមួយ​គ្នា​នេះ ឧត្តមសេនីយ៍​ចូល​និវត្តន៍​របស់​សហរដ្ឋ​អាមេរិក លោក បេន ហូដ យល់​ឃើញ​ថា សង្គ្រាម​នឹង​ចូល​ដំណាក់កាល​ផ្ដាច់ព្រ័ត្រ គឺ​ចាប់ពី​ខែ​មីនា រហូត​ដល់​ខែ​ឧសភា ដែល​ពេល​នោះ អ៊ុយក្រែន​នឹង​បើក​ប្រតិបត្តិការ​វាយ​ចូល​តំបន់​គ្រីមៀរ តែម្តង។

បើ​តាម​ឧត្តមសេនីយ៍​អាមេរិក​ចូល​និវត្តន៍​រូប​នេះ ឲ្យ​ដឹង​ថា អ៊ុយក្រែន​នឹង​មាន​លទ្ធភាព​វាយ​ចូល​តំបន់​គ្រីមៀរ ដោយ​ប្រើប្រាស់​ប្រព័ន្ធ​រ៉ុក្កែត Himars របស់​សហរដ្ឋ​អាមេរិក​ដែល​កងទ័ព​អ៊ុយក្រែន​កំពុង​មាន​នៅ​ក្នុង​ដៃ គឺ​ចំនួន ២០​គ្រឿង។ លោក​ថា អាមេរិក​នឹង​បញ្ជូន​រ៉ុក្កែត Himars ចំនួន ១៨​គ្រឿង​ថែម​ទៀត​ទៅ​ឱ្យ​អ៊ុយក្រែន​ក្នុង​ពេល​ឆាប់ៗ​នេះ។

លោក​បញ្ជាក់​ថា ដូច្នេះ​អាវុធ​ដ៏​មាន​ប្រសិទ្ធភាព​នេះ​នឹង​វាយ​រុញច្រាន​ទ័ព​រុស្ស៊ី​មិន​ឱ្យ​មាន​លទ្ធភាព​បើក​ប្រតិបត្តិការ​ទ័ព​ថ្មើរជើង​វាយ​ចូល​ទឹកដី​អ៊ុយក្រែន​បាន​ជា​ថ្មី​ម្ដង​ទៀត​នោះ​ទេ ហើយ​ដំណើរ​ដែល​រុស្ស៊ី​កំពុង​ទៅ​រក​ការ​ចាញ់​សង្គ្រាម​ក៏​អាច​មាន​ក្នុង​ឆ្នាំ​២០២៣ នេះ​ដែរ។

តាម​ដំណឹង​ចុងក្រោយ​ដែល​ទទួល​បាន​ដោយសារ​ព័ត៌មាន News Week បាន​ឱ្យ​ដឹង​ថា រុស្ស៊ី​បាន​ប្រកាស​ថា​ខ្លួន​កំពុង​វាយ​រុល​ចេញពី​ទីក្រុង Soledar ទៅ​ទីក្រុង Bakhmut តែ​អ៊ុយក្រែន​បាន​ច្រានចោល​ព័ត៌មាន​នេះ​ដោយ​ចាត់ទុក​ថា Soledar មិនទាន់​ត្រូវ​បាន​រុស្ស៊ី​វាយ​កាន់កាប់​ទាំងស្រុង​បាន​ទេ ហើយ​រុស្ស៊ី​ក៏​មិនទាន់​អាច​វាយ​រុល​ចូល​តំបន់ Bakhmut បាន​នោះ​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស