សហគមន៍ជនជាតិដើមភាគតិចកួយ អំពាវនាវឱ្យក្រសួងបរិស្ថាន និងអាជ្ញាធរដែនដី ព្រមទាំងស្ថាប័នពាក់ព័ន្ធ បញ្ឈប់ការរំលោភសិទ្ធិសេរីភាពក្នុងការចូលរួមចំណែកការពារព្រៃឈើរបស់ពលរដ្ឋនៅតាមមូលដ្ឋាន។
យុវជន និងសហគមន៍ជនជាតិដើមភាគតិចកួយ ខេត្តព្រះវិហារ ចេញសេចក្ដីប្រកាសព័ត៌មានកាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ ថា បណ្ដាញសហគមន៍ជនជាតិដើមភាគតិចកួយ ភូមិប្រមេរុ បាននាំគ្នាចុះប្រមូលព័ត៌មាន និងធ្វើបច្ចុប្បន្នភាពអំពីដែនជម្រកសត្វព្រៃព្រះរការ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ បានប្រទះឃើញបទល្មើសព្រៃឈើចំនួន ៤០ករណីថ្មីបន្ថែមទៀត ក្នុងនោះឈើដែលត្រូវរងការកាប់បំផ្លាញមានមុខកាត់ចាប់ពី ៣៤សង់ទីម៉ែត្រដល់ ៩០សង់ទីម៉ែត្រ។ លើសពីនេះ ក៏បានរកឃើញក្តារបន្ទះចំនួន ៣៦បន្ទះផងដែរ។
ប្រភពដដែលសម្ដែងការសោកស្ដាយយ៉ាងខ្លាំងចំពោះការអនុវត្តផែនការក្នុងការល្បាតការពារព្រៃពីសំណាក់ក្រសួងបរិស្ថាន ដ្បិតបទល្មើសព្រៃឈើទាំងនេះបានឆ្លុះបញ្ចាំងឱ្យឃើញពីកង្វះសមត្ថភាព និងឆន្ទៈក្នុងការការពារព្រៃឈើ ធនធានធម្មជាតិពីសំណាក់ក្រសួងសាមី និងអាជ្ញាធរពាក់ព័ន្ធយ៉ាងជាក់ច្បាស់ ហើយបញ្ហានេះនឹងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរមកលើជីវភាពរស់នៅរបស់ពលរដ្ឋ បរិស្ថាន និងទំនៀមទម្លាប់របស់សហគមន៍ជនជាតិដើមភាគតិចកួយ ផងដែរ។
សហគមន៍ជនជាតិដើមភាគតិច ជំរុញឱ្យអាជ្ញាធរមូលដ្ឋាន និងក្រសួងបរិស្ថាន បើកលំហសិទ្ធិសេរីភាពក្នុងការចូលរួមចំណែកការពារព្រៃឈើរបស់ពួកគេ និងសាធារណជនទូទៅ ដូចមានចែងក្នុងច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ និងរដ្ឋធម្មនុញ្ញ។ ជាងនេះទៀត ក៏ត្រូវបើកទូលាយដល់អង្គការសង្គមស៊ីវិល សហគមន៍មូលដ្ឋាន ក្នុងការរួមចំណែកធ្វើសកម្មភាពការពារ ថែរក្សា និងអភិរក្សព្រៃឈើធនធានធម្មជាតិដែលជាសម្បត្តិមហាសាលរបស់ជាតិផងដែរ។
សហគមន៍ជនជាតិដើមខេត្តព្រះវិហារ ទាមទារឱ្យក្រសួងបរិស្ថាន ពង្រឹងការអនុវត្តច្បាប់របស់មន្ត្រីមូលដ្ឋានឱ្យបានហ្មត់ចត់ មានតម្លាភាព និងការទទួលខុសត្រូវខ្ពស់ ដោយបង្កើតយន្តការតាមដានការអនុវត្តច្បាប់របស់ពួកគេ និងដាក់ទោសទណ្ឌបើសិនរកឃើញថាអាជ្ញាធរមូលដ្ឋានទាំងនោះជាប់ពាក់ព័ន្ធនឹងការស៊ីសំណូកជាមួយឈ្មួញខិលខូច។
កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ សហគមន៍ជនជាតិដើមភាគតិចកួយ ភូមិប្រមេរុ ឃុំប្រមេរុ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ បានបន្តរកឃើញករណីបទល្មើសជាហូរហែក្នុងដែនជម្រកសត្វព្រៃព្រះរការ ដូចជាការកាប់បំផ្លាញដើមពពេល ដើមផ្ដៀក ដើមស្ទៀង ដើមកកោះ ដើមឈ្លីក និងដើមឈើទាល ជាដើម។
ដើមឈើដែលត្រូវបានកាប់បំផ្លាញទាំងនេះសុទ្ធសឹងតែជាប្រភេទឈើដែលសហគមន៍ទាញអនុផល តាមរយៈការប្រមូលជ័រទឹក បេះផ្លែឈើ ប្រមូលទឹកឃ្មុំព្រៃ ដើម្បីប្រកបរបរចិញ្ចឹមជីវិតជាលក្ខណៈគ្រួសារប្រចាំថ្ងៃរហូតមក។
ទាក់ទិនបញ្ហានេះ កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២ អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា រិះគន់ថា ការចោទប្រកាន់ថាព្រៃឈើនៅកម្ពុជាកំពុងបន្តរងនូវការកាប់បំផ្លាញ គឺជាចេតនាបង្កប់សារនយោបាយ និងជាយុទ្ធនាការមួយដែលប្រឆាំងនឹងកម្ពុជា ដើម្បីបំភ្លៃ បំផ្លើស និងបំប៉ោងរបស់ក្រុមអ្នកស្រឡាញ់ព្រៃឈើតែសម្បកក្រៅតែប៉ុណ្ណោះ។
យ៉ាងណាក៏ដោយ អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) បានចេញរបាយការណ៍មួយកាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ បានបង្ហាញថា ព្រៃឈើកម្ពុជាកំពុងតែត្រូវរងនូវការកាប់បំផ្លាញយ៉ាងធ្ងន់ធ្ងរ ក្នុងនោះគេរកឃើញថា ព្រៃឈើចំនួន ៦២៧១ហិកតារត្រូវបានកាប់បំផ្លាញនៅក្នុងដែនជម្រកសត្វព្រៃចំនួនពីរ គឺដែនជម្រកសត្វព្រៃព្រៃឡង់ និងដែនជម្រកសត្វព្រៃព្រះរការ ដោយការកាប់ឈើខុសច្បាប់យ៉ាងច្រើនសន្ធឹកសន្ធាប់ដែលគ្មានការទប់ស្កាត់ពីអាជ្ញាធរមានសមត្ថកិច្ចឡើយ៕