29 C
Phnom Penh

ក្រុម​សង្គម​ស៊ីវិល​បន្ត​ទាមទារ​ឲ្យ​ដោះលែង កញ្ញា ឈឹម ស៊ីថរ ដោយ​ឥត​លក្ខខណ្ឌ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សង្គម​ស៊ីវិល​ដែល​ធ្វើការ​លើ​វិស័យ​សិទ្ធិមនុស្ស​ជាច្រើន​ស្ថាប័ន បន្ត​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​កញ្ញា ឈឹម ស៊ីថរ ដោយ​ឥត​លក្ខខណ្ឌ។

អង្គការ​ក្រៅ​រដ្ឋាភិបាល និង​សមាគម​នានា ដូចជា​សមាគម​ការពារ​សិទ្ធិមនុស្ស និង​ការ​អភិវឌ្ឍន៍​នៅ​កម្ពុជា (ADHOC) មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (CENTRAL) មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) និង​អង្គការ​ស្ថាប័ន​ជាច្រើន​ផ្សេង​ទៀត បាន​នាំគ្នា​ធ្វើ​យុទ្ធនាការ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​អំឡុង​ពេល​ដែល​កញ្ញា ឈឹម ស៊ីថរ ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​អស់​រយៈពេល ៥​សប្តាហ៍ ដោយ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​តំណាង​សហជីព​រូប​នេះ​ជាបន្ទាន់ និង​ដោយ​ឥត​លក្ខខណ្ឌ។

ក្រុម​សង្គម​ស៊ីវិល​ទាំងនេះ​អះអាង​ថា ការ​ដាក់​ទោស​លើ​តំណាង​សហជីព​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ កញ្ញា ឈឹម ស៊ីថរ ដោយសារ​មិន​បាន​អនុវត្ត​នូវ​លក្ខខណ្ឌ​ដែល​អាជ្ញាធរ​មិន​ដែល​បាន​ប្រាប់​ឲ្យ​ដឹង​ជា​មុន គឺជា​ភាព​អយុត្តិធម៌ និង​ជា​ការ​រំលោភ​បំពាន​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​លើ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​របស់​ប្រទេស​កម្ពុជា។

ការ​អះអាង​នេះ ធ្វើឡើង​ដើម្បី​ទាមទារ​ឱ្យ​តុលាការ​ដោះលែង​មេដឹកនាំ​សហជីព កញ្ញា ឈឹម ស៊ីថរ ដែល​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃុំ​ខ្លួន​ជា​លើក​ទី​២ កាលពី​ពេល​ថ្មីៗ​នេះ។

កាលពី​ថ្ងៃទី​២៩ ខែ​វិច្ឆិកា ឆ្នាំ​២០២២ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​សេចក្តី​បំភ្លឺ​ថា ការ​ចាប់​ឃុំ​ខ្លួន​កញ្ញា ឈឹម ស៊ីថរ កាលពី​ថ្ងៃទី​២៦ ខែ​វិច្ឆិកា ឆ្នាំ​២០២២ កន្លងទៅ គឺ​ដោយសារតែ​ជន​ត្រូវ​ចោទ​បាន​ចាកចេញ​ពី​ដែនដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​ចៅក្រម​ស៊ើបសួរ ដែល​អំពើ​នេះ​គឺ​បាន​បំពាន​លើ​កាតព្វកិច្ច​នៃ​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ​អំឡុង​ពេល​ខ្លួន​កំពុង​ត្រូវ​បាន​ដាក់​ឱ្យ​ស្ថិត​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន។

អ្នក​គ្រប់គ្រង​សិទ្ធិ​ការងារ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស លោក ឃុន ថារ៉ូ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២ ខែ​មករា ឆ្នាំ​២០២៣ នេះ​ថា ការ​ចាប់​ខ្លួន​សកម្មជន​សិទ្ធិ​ការងារ​ដ៏​លេចធ្លោ​រូប​នេះ គឺជា​ការ​រំលោភ​លើ​សិទ្ធិមនុស្ស និង​សិទ្ធិ​ការងារ​យ៉ាង​ធ្ងន់ធ្ងរ ត្បិត​ការ​ចោទប្រកាន់​របស់​តុលាការ​លើ​កញ្ញា ឈឹម ស៊ីថរ មិន​បាន​ផ្អែកលើ​មូលដ្ឋាន​ច្បាប់​នោះ​ឡើយ។

លោក​បន្ថែម​ថា កញ្ញា ឈឹម ស៊ីថរ គ្រាន់តែ​ប្រើប្រាស់​សិទ្ធិ​ជា​មូលដ្ឋាន​ដែល​មាន​ចែង​នៅ​ក្នុង​អនុសញ្ញា​ស្នូល​របស់​អង្គការ​អាយទ្បូ ច្បាប់​ស្ដីពី​ការងារ និង​ច្បាប់​ស្ដីពី​សហជីព ជាដើម ក្នុង​ការ​ការពារ​សិទ្ធិ និង​ផល​ប្រយោជន៍​រួម​របស់​សមាជិក​សហជីព និង​និយោជិត​កម្មករ​តែប៉ុណ្ណោះ។

គិត​ត្រឹម​ថ្ងៃទី​២ ខែ​មករា ឆ្នាំ​២០២២ នេះ កញ្ញា ឈឹម ស៊ីថរ ត្រូវ​បាន​តុលាការ​ឃុំ​ខ្លួន​ជា​លើក​ទី​២ ចំនួន ៣៧​ថ្ងៃ​ហើយ បើ​គិត​ចាប់តាំងពី​ថ្ងៃ​ដែល​សមត្ថកិច្ច​បាន​ចាប់​ខ្លួន​កាលពី​ចុង​ខែ​វិច្ឆិកា ឆ្នាំ​២០២២ មក ខណៈ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​ពី​មេធាវី​របស់​កញ្ញា ត្រូវ​បាន​តុលាការ​ច្រានចោល​ទាំងស្រុង​កាលពី​ថ្ងៃទី​២៨ ខែ​ធ្នូ ឆ្នាំ​២០២២ កន្លងទៅ។

ជុំវិញ​ការ​ចាប់​ខ្លួន​តំណាង​សហជីព​រូប​នេះ សហរដ្ឋ​អាមេរិក អូស្ត្រាលី និង​អង្គការ​សង្គម​ស៊ីវិល​ជាច្រើន ចាត់ទុក​ការ​ដាក់​ទោស​លើ​កញ្ញា ឈឹម ស៊ីថរ ដោយសារ​ការ​ខកខាន​ក្នុង​ការ​អនុវត្ត​នូវ​លក្ខខណ្ឌ​ដែល​មិន​បាន​ប្រាប់​ឲ្យ​ដឹង​មុន​ពី​សំណាក់​អាជ្ញាធរ គឺជា​ភាព​អយុត្តិធម៌ និង​ល្មើស​ទៅ​នឹង​គោលការណ៍​ជា​មូលដ្ឋាន​នៃ​នីតិរដ្ឋ​យ៉ាង​ធ្ងន់ធ្ងរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស