41.3 C
Phnom Penh

ឯកអគ្គរាជទូត​ថ្មី​អង់គ្លេស​ពិភាក្សា​បញ្ហា​ប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស​ជាមួយ​លោក កឹម សុខា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ដូមីនិក វីលៀម (Dominic Williams) ឯកអគ្គរាជទូត​ថ្មី​នៃ​ចក្រភព​អង់គ្លេស​ប្រចាំ​កម្ពុជា និង​លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ជួប​ពិភាក្សា​លើ​បញ្ហា​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស។

លោក កឹម សុខា បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​២៤ មករា នេះ​ថា នៅ​ក្នុង​ជំនួប​ប្រព្រឹត្ត​ទៅ​នៅ​និវេសនដ្ឋាន​របស់​ឯកអគ្គរាជទូត​អង់គ្លេស លោក ដូមីនិក វីលៀម នៅ​ថ្ងៃ​អង្គារ​នេះ​បាន​ប្រព្រឹត្ត​ទៅ​ដោយ​ភាព​ស្និទ្ធស្នាល ការ​គោរព និង​ការ​ផ្តល់​តម្លៃ​គ្នា​ទៅវិញ​ទៅមក។

មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​សរសេរ​ថា លោក​និង​លោក ដូមីនិក វីលៀម បាន​ពិភាក្សា និង​ផ្លាស់ប្ដូរ​ទស្សនៈ​គ្នា​លើ​បញ្ហា​មួយ​ចំនួន ដូចជា​ដំណើរការ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា ជាដើម។

លោក កឹម សុខា រំលេច​សំណេរ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​ថា នា​ដើម​ឆ្នាំ​២០២៣ នេះ លោក​បាន​ទទួល​ជួប​ទូត​នៃ​ប្រទេស​មហាអំណាច និង​ទូត​នៃ​បណ្តា​ប្រទេស​នានា​ជា​បន្តបន្ទាប់។ លោក​ថ្លែង​អំណរគុណ​ចំពោះ​ទូត និង​តំណាង​បរទេស​ទាំងនោះ ដែល​បាន​ផ្តល់​កិត្តិយស​ដល់​លោក​ដោយ​បាន​ទៅ​ជួប​លោក​ដល់​គេហដ្ឋាន។

លោក កឹម សុខា អះអាង​ថា លោក​តែង​ទទួល​បាន​ពាក្យ​ពី​តំណាង​បរទេស​ខាងលើ​ថា ប្រទេស​របស់​ពួកគេ​គឺជា​មិត្ត​របស់​ពលរដ្ឋ​ខ្មែរ ហើយ​នៅតែ​ចង់​ជួយ​ប្រជាពលរដ្ឋ​ខ្មែរ ពិសេស​ក្នុង​ការ​លើក​កម្ពស់​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា។

រីឯ​លោក ដូមីនិក វីលៀម បាន​លើកឡើង​ថា ភាគី​ទាំង​ពីរ​បាន​ពិភាក្សា​គ្នា​អំពី​បញ្ហា​ជាច្រើន ដោយ​បូក​រួម​ទាំង​ដំណើរការ​កាត់ក្តី​លើ​សំណុំរឿង​របស់​លោក កឹម សុខា ផង​ដែរ។

លោក​ថា ស្ថានទូត​អង់គ្លេស​ទទួលស្គាល់​ពី​សារសំខាន់​នៃ​ការ​ចូលរួម​យ៉ាង​ទូលំទូលាយ​នៅ​ទូទាំង​សង្គម​កម្ពុជា ហើយ​លោក​ទន្ទឹង​រង់ចាំ​ការ​ពិភាក្សា​បន្ថែម​ទៀត​ជាមួយ​ឥស្សរជន​ជាន់ខ្ពស់​ក្នុង​ប៉ុន្មាន​ខែ​ខាងមុខ។

សំណុំរឿង​លោក កឹម សុខា ត្រូវ​ចំណាយ​ពេល​អស់​ជាង ៥​ឆ្នាំ ហើយ​លោក កឹម សុខា ក៏​ត្រូវ​ខាត​ពេល​ក្នុង​ការ​ធ្វើ​នយោបាយ​ផង​ដែរ​ក្នុង​សំណុំរឿង​នេះ គឺ​នៅ​រង់ចាំ​តែ​ថ្ងៃ​ប្រកាស​សាលក្រម​នៅ​ថ្ងៃទី​៣ ខែ​៣ ឆ្នាំ​២០២៣ តែប៉ុណ្ណោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស