33 C
Phnom Penh

ក្រុម​អ្នកវិភាគ៖ រុស្ស៊ី​ចង់​សាកល្បង​វាយ​សន្ធប់​លើ​អ៊ុយក្រែន​មួយ​ប្រាវ​ទៀត​តែ​អាច​បរាជ័យ​ធ្ងន់ធ្ងរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សង្គ្រាម​ដែល​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន​ជា​ប្រទេស​ជិតខាង បាន​ឈាន​ចូល​ដល់ ១២​ខែ​ហើយ។ ក្នុង​ពេលនេះ រុស្ស៊ី​នៅតែ​ពុំ​មាន​ឱកាស​ដើម្បី​ឈ្នះ​សង្គ្រាម​ជាមួយ​នឹង​ការ​វាយ​រំលំ​រដ្ឋាភិបាល​ប្រធានាធិបតី​អ៊ុយក្រែន វូឡូឌីមៀ ហ្សេឡេនស្គី បាន​ឡើយ។

តែ​មហាអំណាច​នេះ​នៅតែ​រក​មធ្យោបាយ​ដើម្បី​វាយលុក និង​វាយ​កាន់កាប់​ទឹកដី​អ៊ុយក្រែន ឱ្យ​បាន​មួយ​ចម្រៀក​ណា​មួយ​ច្បាស់លាស់ ហើយ​គ្រប់គ្រង​ឱ្យ​បាន​ជា​ស្ថាពរ។

រយៈពេល​ចុងក្រោយ​នេះ រុស្ស៊ី​បង្កើន​ការ​វាយលុក​ជា​ខ្លាំង​នៅ​ក្នុង​តំបន់​ភាគ​ខាងកើត និង​ខាងត្បូង ដោយ​សំដៅ​វាយ​កាន់កាប់​ទឹកដី​ដែល​ទ័ព​អ៊ុយក្រែន​វាយ​រំដោះ​បាន​មកវិញ​កាលពី​ជិត ២​ខែ​មក​នេះ។

ក្នុង​អំឡុង​សង្គ្រាម​ដ៏​ខ្លាំង​នេះ ទ័ព​រុស្ស៊ី​មាន​ប្រៀប​ជាង​ទ័ព​អ៊ុយក្រែន​បន្តិច​នៅ​ក្នុង​តំបន់​មួយ ស្ថិត​ក្នុង​ខេត្ត​ដូណេត ក្នុង​តំបន់​ដុនបាស់។

ទីក្រុង Soledar ជា​ទីក្រុង​តូច​មួយ​ទម្រាំ​តែ​រុស្ស៊ី​វាយ​យក​បាន​មួយ​ផ្នែក​ក្នុង​តំបន់​នេះ រុស្ស៊ី​ចំណាយ​ទ័ព​រាប់​រយ​នាក់ ហើយ​មក​ដល់​ពេលនេះ អ៊ុយក្រែន​នៅតែ​វាយបក​យក​មក​វិញ។

តើ​រុស្ស៊ី​មាន​លទ្ធភាព​អ្វី​ដើម្បី​វាយ​កាន់កាប់​បាន​ទាំងស្រុង​ដែនដី​ទាំងមូល​នៃ​ប្រទេស​អ៊ុយក្រែន?

ត្រង់​នេះ​ហើយ​ដែល​ក្រុម​អ្នកវិភាគ និង​អ្នក​សង្កេតការណ៍​ជាច្រើន​មើល​ឃើញ​អំពី​ភាព​បរាជ័យ​របស់​រុស្ស៊ី អាច​នៅ​ចំពោះ​មុខ ទោះជា​រុស្ស៊ី​ពង្រីក​ចំនួន​ទ័ព និង​បង្កើន​យុទ្ធសាស្ត្រ​នៃ​សង្គ្រាម​វាយ​លើ​អ៊ុយក្រែន​ក៏ដោយ​នោះ។

បើ​តាម​ក្រុម​អ្នកវិភាគ​ទាំងនោះ នៅ​ដើម​រដូវក្ដៅ​នា​ឆ្នាំ​២០២៣ នេះ រុស្ស៊ី​អាច​នឹង​ពង្រីក​សមរភូមិ​ជាច្រើន​វាយប្រហារ​លើ​ទឹកដី​អ៊ុយក្រែន ហើយ​គោលដៅ​របស់​ក្រុង​មូស្គូ ចង់​ឱ្យ​អ៊ុយក្រែន​ទទួលស្គាល់​នូវ​វិនាសកម្ម​ដ៏​ធ្ងន់ធ្ងរ​បើ​ក្រុង​គៀវ មិន​ព្រម​បន្ទន់​ជំហរ​ចុះចាញ់​នឹង​រុស្ស៊ី។

អ្នក​នាំពាក្យ​សម្រាប់​អង្គភាព​ចារកម្ម​អ៊ុយក្រែន លោក Vadym Skibitsky បាន​ឱ្យ​ដឹង​ថា នៅ​ដើម​រដូវក្ដៅ​ខាងមុខ​នេះ រុស្ស៊ី​មិន​ត្រឹម​មាន​ផែនការ​វាយ​យក​តំបន់​ដុនបាស់​តែ​មួយ​នោះ​ទេ គឺ​រុស្ស៊ី​ចង់​យក​តំបន់​ជាច្រើន​ដែល​ទ័ព​រុស្ស៊ី វាយ​យក​បាន​តាំងពី ៣​ខែ​ដំបូង​នៃ​សង្គ្រាម ដូចជា​តំបន់​ខឺសុន និង​ខាគៀវ ជាដើម ហើយ​រុស្ស៊ី​ចង់​ពង្រីក​សមរភូមិ​នៅ​ភាគ​ខាងជើង​ប្រទេស​អ៊ុយក្រែន ដោយ​វាយ​ចេញពី​ប្រទេស​បេឡារុស ដែល​ក្នុង​ទឹកដី​នេះ ទ័ព​រុស្ស៊ី​មាន​ជាង ១​ម៉ឺន​នាក់។ តែ​អ្នក​នាំពាក្យ​រូប​នេះ​ថា​ការ​ពង្រីក​សមរភូមិ​នៅ​ភាគ​ខាងជើង​នេះ គឺ​ភាគតិច​ណាស់​ដែល​រុស្ស៊ី​អាច​មាន​លទ្ធភាព។

ចំណែក​ក្រុម​អ្នកវិភាគ​មិន​បាន​មើល​ឃើញ​អំពី​លទ្ធភាព​ដែល​ក្រុង​មូស្គូ មាន​លទ្ធភាព​ក្នុង​សង្គ្រាម​ដែល​មហាអំណាច​នេះ ចង់​ពង្រីក​សមរភូមិ​ច្រើន​ទៀត​នោះ​ទេ ហើយ​សូម្បី​ចង់​ពង្រីក​សមរភូមិ​នៅ​ភាគ​ខាងជើង ឬ​វាយ​ចេញពី​ប្រទេស​បេឡារុស​ក៏ដោយ​នោះ។

តើ​កត្តា​អ្វី​ខ្លះ​ដែល​ក្រុម​វិភាគ និង​អ្នក​សង្កេតការណ៍​ទាំងនេះ​មាន​ទស្សនៈ​ដូចនេះ?

មាន​កត្តា​ជាច្រើន​ដែល​មហាអំណាច​រុស្ស៊ី កំពុង​ប្រឈមមុខ​ដ៏​ខ្លាំង នោះ​គឺ​គេ​អាច​រាប់​ពី​សីលធម៌ និង​ស្មារតី​ប្រយុទ្ធ​របស់​កងទ័ព​រុស្ស៊ី ដែល​នៅ​មាន​ចំណុច​ខ្សោយ​ជា​ខ្លាំង​បើ​ធៀប​នឹង​កងទ័ព​អ៊ុយក្រែន ក្នុង​ការ​ប្រយុទ្ធ​ដើម្បី​ការពារ​ទឹកដី និង​សេរីភាព​របស់​ខ្លួន។ កត្តា​ស្មារតី​នេះ គឺ​ការ​កំណត់​ភាព​ខ្លាំង​របស់​កងទ័ព បើ​កងទ័ព​មិន​មាន​ភាព​ក្លាហាន ទោះ​ជា​មាន​អាវុធ​ទំនើប និង​មាន​អនុភាព​ក៏ដោយ ក៏​មិន​ងាយ​មាន​ប្រៀប​លើ​ភាគី​ម្ខាង​ទៀត​ឡើយ។

ត្រង់​នេះ​ហើយ​ដែល​រុស្ស៊ី​សម្រេច​ចាប់​បញ្ជូន​អ្នកទោស​ឧក្រិដ្ឋ​ជាង ៥​ម៉ឺន​នាក់​ឱ្យ​មក​កាន់​អាវុធ​នៅ​លើ​សមរភូមិ ដោយ​បញ្ចូល​ពួកគេ​ទៅ​ក្នុង​អង្គភាព​ទាហាន​ស៊ីឈ្នួល។ ការ​ស្លាប់​កងទ័ព​ដ៏​សម្បើម ដែល​មក​ដល់​ពេលនេះ​ជាង ១២​ម៉ឺន ២​ពាន់​នាក់ ក៏​ជា​កត្តា​មួយ​ធ្វើ​ឱ្យ​ប៉ះពាល់​ភាព​ខ្លាំង​របស់​ប្រទេស​មហាអំណាច​យោធា​លំដាប់​ទី​២ ពិភពលោក​នេះ និង​ស្មារតី​របស់​កងទ័ព។

គេ​អាច​គិត​មួយ​ទៀត គឺ​កត្តា​សព្វាវុធ និង​ការ​ផ្គត់ផ្គង់​ភស្តុភារ។ មក​ដល់​ពេលនេះ មហាអំណាច​រុស្ស៊ី​ចុះ​ខ្សោយ​ខ្លាំង ក្នុង​ការ​វាយប្រហារ​ដោយ​ទ័ព​ថ្មើរជើង​ទៅ​លើ​ទ័ព​អ៊ុយក្រែន។ ការ​ទ្រទ្រង់​ទ័ព​ថ្មើរជើង គឺ​សព្វាវុធ​រថក្រោះ រថពាសដែក ប្រព័ន្ធ​កាំភ្លើង​ធំ ជា​កត្តា​ចាំបាច់។ ការ​បាត់បង់​រថក្រោះ​រហូត​ជាង ៣១៥០​គ្រឿង រថពាសដែក​ជាង ៦២៨០​គ្រឿង និង​ប្រព័ន្ធ​កាំភ្លើង​ធំ​ជិត ២១៥០​គ្រឿង ថែមទាំង​ការ​បាត់បង់​រថយន្ត​ដឹក​ភស្តុភារ​ជិត ៥​ពាន់​គ្រឿង គឺជា​រឿង​អាម៉ាស់​របស់​ប្រទេស​មហាអំណាច​នេះ។

ការ​ថយ​ចុះ​ជា​ខ្លាំង គ្រាប់​កាំភ្លើង​ធំ​ដែល ៣​ខែ​ដំបូង រុស្ស៊ី​ធ្លាប់​បាញ់​លើ​អ៊ុយក្រែន ៦​ម៉ឺន​គ្រាប់ ៥​ម៉ឺន​គ្រាប់​ក្នុង​មួយ​ថ្ងៃ ហើយ​ធ្លាក់​មក​ត្រឹម​មួយ​ថ្ងៃ​មួយ​ម៉ឺន​គ្រាប់ ហើយ​ថ្ងៃ​ខ្លះ​មាន​ត្រឹម ៥​ពាន់​គ្រាប់។

នេះ​ក៏​ជា​កត្តា​មួយ​កំណត់​បាន​ថា រុស្ស៊ី​ជិត​អស់​គ្រាប់​កាំភ្លើង​ធំ​ក្នុង​ឃ្លាំង​ក៏​ថា​បាន​ដែរ។ ការ​ថយ​ចុះ​ចំនួន​បាញ់​គ្រាប់​មីស៊ីល ហើយ​រហូត​រុស្ស៊ី​ប្រើ​មីស៊ីល​លឿន​ជាង​សំឡេង និង​មីស៊ីល​បាល់ឡេស្ទិច ក៏​បញ្ជាក់​បាន​ថា មហាអំណាច​នេះ​ក៏​ជិត​អស់​គ្រាប់​នៃ​អាវុធ​នេះ​ផង​ដែរ។ ដូច​នេះ​ហើយ​បាន​ជា​ចារកម្ម​អាមេរិក​រក​ឃើញ​រុស្ស៊ី​ស្វែងរក​ជំនួយ​គ្រាប់​កាំភ្លើង​ធំ​ពី​ប្រទេស​ចិន កូរ៉េខាងជើង និង​អ៊ីរ៉ង់ ជាដើម។

តែ​ប្រទេស​ចិន និង​កូរ៉េខាងជើង បាន​ប្រកាស​ហើយ​ថា ខ្លួន​គេ​ពុំ​មាន​ការ​បញ្ជូន​គ្រាប់​អាវុធ​ទាំងនោះ​ទៅ​ឱ្យ​រុស្ស៊ី​នោះ​ទេ លើកលែង​អ៊ីរ៉ង់​បាន​បញ្ជូន​រួច​ហើយ​នូវ​ដ្រូន​អត្តឃាត​ជាង ៥០០​គ្រឿង​ទៅ​ឱ្យ​រុស្ស៊ី ហើយ​ចំនួន​នេះ​រុស្ស៊ី​ប្រើ​វា​សឹងតែ​អស់​ទៅ​ហើយ។

សរុប​ទៅ ការ​ដែល​រុស្ស៊ី​ជួប​វិបត្តិ​ដ៏​ធ្ងន់​បែប​នេះ ពិត​ណាស់ រុស្ស៊ី​ទំនង​ដឹង​ខ្លួន​ឯង​ថា នឹង​មិន​អាច​ឈ្នះ​សង្គ្រាម​លើ​អ៊ុយក្រែន​បាន​ទេ​នៅ​ខណៈ​ដែល​អ៊ុយក្រែន នៅតែ​មាន​គ្រាប់​កាំភ្លើង​ធំ មាន​រថក្រោះ រថពាសដែក ប្រព័ន្ធ​មីស៊ីល​ប្រើប្រាស់​ក្នុង​សមរភូមិ​ដែល​ជា​ជំនួយ​របស់​សហរដ្ឋ​អាមេរិក និង​ក្រុម​បស្ចិម​ប្រទេស ហើយ​ប្រទេស​ទាំងនោះ​កាន់តែ​បញ្ជូន​ទៅ​ឱ្យ​អ៊ុយក្រែន​ច្រើន​ថែម​ទៀត​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស