31 C
Phnom Penh

សកម្មជន​អំពាវនាវ​ឱ្យ​ក្រសួង​បរិស្ថាន​ស៊ើបអង្កេត​បទល្មើស​ព្រៃឈើ​ក្នុង​តំបន់​ព្រៃឡង់​ព្រំប្រទល់​ខេត្ត​ព្រះវិហារ​និង​កំពង់ធំ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សកម្មជន​ព្រៃឈើ អំពាវនាវ​ឱ្យ​ក្រសួង​បរិស្ថាន ចុះ​ទៅ​ស៊ើបអង្កេត និង​ចាត់​វិធានការ​ជុំវិញ​សកម្មភាព​កាប់​បំផ្លាញ​ព្រៃឈើ​ក្នុង​តំបន់​ព្រៃឡង់ ត្រង់​ចំណុច​ព្រំប្រទល់​ខេត្ត​ព្រះវិហារ និង​ខេត្ត​កំពង់ធំ ដែល​កំពុង​កើត​យ៉ាង​អនាធិបតេយ្យ​សព្វថ្ងៃ​នេះ។

មន្ត្រី​សម្របសម្រួល​សហគមន៍​នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា (CYN) លោក អូត ឡាទីន លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃ​អង្គារ ថា បទល្មើស​ព្រៃឈើ​ក្នុង​តំបន់​ព្រៃឡង់​នៅតែ​បន្ត​កើតមាន បើ​ទោះបីជា​នៅ​តាម​ច្រក​ចូល​ទៅ​ក្នុង​តំបន់​អភិរក្ស​នេះ​មាន​ទីស្នាក់ការ​ឃ្លាំមើល​នៅ​គ្រប់​ច្រក​ចេញ​ចូល​ក៏ដោយ ដូច្នេះ​គឺ​អាច​បញ្ជាក់​បាន​ថា បទល្មើស​ព្រៃឈើ​ទាំងនោះ​គឺ​មាន​ការ​ឃុបឃិត​គ្នា​រវាង​ឈ្មួញ​ទុច្ចរិត និង​មន្ត្រី​អភិរក្ស​ពុករលួយ។

លោក អូត ឡាទីន លើកឡើង​ថា បទល្មើស​ព្រៃឈើ​នៅ​តំបន់​អភិរក្ស​សត្វព្រៃ​ព្រៃឡង់​សព្វថ្ងៃ​នេះ មិន​មែន​ប្រជាពលរដ្ឋ​សាមញ្ញ​អាច​ចូល​ទៅ​កាប់​បំផ្លាញ​បាន​នោះ​ទេ ព្រោះ​ថា​អ្នក​ដែល​ចូល​ទៅ​លួច​កាប់​ឈើ​ក្នុង​តំបន់​នោះ សុទ្ធសឹងតែ​ជា​អ្នក​ស៊ីឈ្នួល​ឱ្យ​គេ​គ្រប់​គ្នា។

លោក​ថា ជាង​នេះ​ទៀត ពួកគេ​តែង​ធ្វើ​សកម្មភាព​នៅ​ពេល​យប់ ខណៈ​អាជ្ញាធរ​មិនទាន់​មាន​វិធានការ​ណា​មួយ​ដើម្បី​បង្ក្រាប​ទៅលើ​បទល្មើស​ទាំងអស់​នោះ​ទេ ស្រប​ពេល​ដែល​សហគមន៍​ដែល​នៅ​តំបន់​នោះ​ត្រូវ​បាន​ហាមឃាត់​ពី​សំណាក់​អាជ្ញាធរ​មិន​ឱ្យ​ចុះ​ល្បាត​ថែម​ទៀត។

មន្ត្រី​សម្របសម្រួល​សហគមន៍​រូប​នេះ​បញ្ជាក់​ថា ក្រៅពី​តំបន់​ព្រៃឡង់​ដែល​កំពុង​រង​នូវ​ការ​កាប់​បំផ្លាញ​ឈើ​ប្រណិត តំបន់​អភិរក្ស​សត្វព្រៃ​ព្រះរការ ក៏​កំពុង​រង​នូវ​ការ​កាប់​បំផ្លាញ​យ៉ាង​ធ្ងន់ធ្ងរ​ដែរ ក្នុង​នោះ​សំឡេង​រណារ​យន្ត​បាន​បន្លឺ​ឡើង​ទាំង​យប់​ទាំង​ថ្ងៃ ដែល​បង្ហាញ​ឱ្យ​ឃើញ​ថា អាជ្ញាធរ និង​ក្រសួង​ពាក់ព័ន្ធ​មិន​បាន​យកចិត្ត​ទុកដាក់​ក្នុង​ការ​ការពារ​សម្បត្តិ​ធនធាន​ធម្មជាតិ​ទាំងនោះ​ទេ។

កាលពី​ថ្ងៃទី​២ ខែ​ធ្នូ ឆ្នាំ​២០២២ អគ្គមេបញ្ជាការ​កងរាជ​អាវុធហត្ថ លោក សៅ សុខា បាន​អះអាង​ថា កម្លាំង​ស្រាវជ្រាវ​ព័ត៌មាន​របស់​កងរាជ​អាវុធហត្ថ​បាន​ចុះ​ដល់​ទីតាំង​ភូមិសាស្ត្រ​ខេត្ត​ព្រះវិហារ កាលពី​អំឡុង​ខែ​វិច្ឆិកា ឆ្នាំ​២០២២ កន្លងទៅ ដោយ​ធ្វើការ​ស្រាវជ្រាវ និង​ពិនិត្យ​ទីតាំង​ជាក់ស្តែង រក​ឃើញ​ថា​ពុំ​មាន​សកម្មភាព​ណា​មួយ​ដែល​បង្ក​ទៅ​ជា​បទល្មើស​កាប់​បំផ្លាញ​ព្រៃឈើ​ដូច​ការ​លើកឡើង​របស់​សកម្មជន​ព្រៃឈើ ឬ​ការ​ចុះផ្សាយ​របស់​អង្គភាព​សារព័ត៌មាន​ណា​មួយ​នោះ​ឡើយ។

យ៉ាងណាក៏ដោយ សកម្មជន​ព្រៃឈើ លោក ហេង ស្រស់ ធ្លាប់​បាន​លើកឡើង​កាលពី​ពេល​ថ្មីៗ​នេះ​ថា អាជ្ញាធរ​មាន​សមត្ថកិច្ច​ទាំងអស់​នៅ​ជុំវិញ​តំបន់​ព្រៃឡង់​សុទ្ធតែ​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ និង​ទទួល​បាន​សំណូក​ពី​ជនល្មើស​គ្រប់​គ្នា ដូច្នេះ​ហើយ​បាន​ជា​ពួកគេ​មិន​ហ៊ាន​ចាត់​វិធានការ​បង្ក្រាប និង​ដាក់​ទោសពៃរ៍​ណា​មួយ​លើ​ពួក​អ្នក​កាប់​បំផ្លាញ​ព្រៃឈើ​ទាំងនោះ។

ទាក់ទិន​នឹង​ឧក្រិដ្ឋកម្ម​បំផ្លាញ​ព្រៃឈើ​នៅ​កម្ពុជា​នេះ គេ​បាន​រក​ឃើញ​ថា មាន​ឧកញ៉ា​ដែល​ស្និទ្ធ​នឹង​លោក ហ៊ុន សែន មួយ​ចំនួន​ដែល​ប្រកប​អាជីវកម្ម​លើ​បទល្មើស​ព្រៃឈើ​នេះ ដូចជា​ម្ចាស់​ក្រុមហ៊ុន ទ្រី ភាព ហ្គ្រុប គឺ​ឧកញ៉ា ទ្រី ភាព រហស្សនាម​ស្តេច​គ្រញូង និង​យាយ​ភូ ម្ចាស់​ក្រុមហ៊ុន ភាពីម៉ិច ដែល​ជា​មិត្ត​ជិតស្និទ្ធ​នឹង​ភរិយា​លោក ហ៊ុន សែន គឺ​អ្នកស្រី ប៊ុន រ៉ានី ជាដើម ក្រៅពី​នោះ​គេ​ក៏​បាន​រក​ឃើញ​ក្រុមហ៊ុន​ជាច្រើន​ទៀត​ផង​ដែរ ដូចជា​ក្រុមហ៊ុន Angkor Plywood របស់​លោក ជា ពៅ និង​ក្រុមហ៊ុន ហ្វ័ងអាញ់ ចាឡាយ (HAGL) របស់​ជនជាតិ​វៀតណាម ជាដើម។

យ៉ាងណាក៏ដោយ កាលពី​ចុង​ឆ្នាំ​២០២១ លោក ហ៊ុន សែន ធ្លាប់​បាន​រិះគន់​ពលរដ្ឋ និង​អ្នក​ដែល​រិះគន់​លោក​រឿង​បាត់បង់​ព្រៃឈើ​ថា ពួកគេ​បាន​នាំគ្នា​ទៅ​ទិញ​ឈើ​ដើម្បី​សង់​ផ្ទះ​ដែល​ជា​ការ​លើក​ទឹកចិត្ត​ឱ្យ​មាន​ការ​កាប់​បំផ្លាញ​ព្រៃឈើ ប៉ុន្តែ​ពួកគេ​បែរ​ជា​នាំគ្នា​ទម្លាក់​កំហុស​មក​លើ​លោក​ទៅវិញ។ បញ្ហា​នេះ លោក ហ៊ុន សែន ព្រមាន​ថា លោក​នឹង​រុះរើ​ផ្ទះ​របស់​ពលរដ្ឋ​ទាំងអស់​ដែល​សាងសង់​ក្រោយ​ឆ្នាំ​១៩៧៩ ដើម្បី​ប្រមូល​ឈើ​ដែល​បាត់បង់​ទាំងនោះ​ត្រឡប់​មកវិញ​ឱ្យ​អស់។

អង្គការ​លើកលែង​ទោស​អន្តរជាតិ (Amnesty International) បាន​ចេញ​របាយការណ៍​មួយ​កាលពី​ថ្ងៃទី​២៨ ខែ​មករា ឆ្នាំ​២០២២ បាន​បង្ហាញ​ថា ព្រៃឈើ​កម្ពុជា​កំពុងតែ​ត្រូវ​រង​នូវ​ការ​កាប់​បំផ្លាញ​យ៉ាង​ធ្ងន់ធ្ងរ ក្នុង​នោះ​គេ​រក​ឃើញ​ថា ព្រៃឈើ​ចំនួន ៦២៧១​ហិកតារ​ត្រូវ​បាន​កាប់​បំផ្លាញ​នៅ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ចំនួន​ពីរ គឺ​ដែន​ជម្រក​សត្វព្រៃ​ព្រៃឡង់ និង​ដែន​ជម្រក​សត្វព្រៃ​ព្រះរការ ដោយ​ការ​កាប់​ឈើ​ខុស​ច្បាប់​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​ដែល​គ្មាន​ការ​ទប់ស្កាត់​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច​ឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស