29.3 C
Phnom Penh

ប្រមុខ​ការទូត​ឥណ្ឌូនេស៊ី​ព្រមាន​ថា​នឹង​មិន​បណ្ដោយ​ឱ្យ​របប​សឹក​ភូមា​បង្ក​អសន្តិសុខ​ក្នុង​តំបន់​ឡើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ឥណ្ឌូនេស៊ី គឺជា​ប្រទេស​ដ៏​ធំ​ជាងគេ ហើយ​ក៏​មាន​ឥទ្ធិពល​ជាងគេ​នៅ​ក្នុង​សមាគម​អាស៊ាន។ ប្រទេស​នេះ​ប្រកាន់​ប្រព័ន្ធ​នយោបាយ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ពិតប្រាកដ គឺ​មិន​ក្លែងក្លាយ​ដូច​កម្ពុជា​នោះ​ទេ។

នៅ​ពេល​នេះ រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌូនេស៊ី អ្នកស្រី រ៉េតនូ ម៉ាស៊ូឌី បាន​បញ្ជូន​សារ​បន្ទាន់​ភ្លាម​ទៅ​មេដឹកនាំ​របប​សឹក​ភូមា ថា ឆ្នាំ​២០២៣ នេះ ឥណ្ឌូនេស៊ី​គឺជា​ប្រធាន​អាស៊ាន ពិត​ណាស់​ឋានៈ​ជា​ប្រធាន​មិន​ចង់​ឃើញ​ប្រទេស​ណា​មួយ​ក្នុង​តំបន់​ធ្វើ​ឲ្យ​មាន​បញ្ហា​អសន្តិសុខ និង​ធ្វើ​ឲ្យ​ខូច​កេរ្តិ៍​ឈ្មោះ​តំបន់​នោះ​ទេ។

អ្នកស្រី​បញ្ជាក់​ថា ឥណ្ឌូនេស៊ី​នឹង​មិន​បណ្ដោយ​ឲ្យ​ពួក​យោធា​ធ្វើ​ឲ្យ​សមាគម​អាស៊ាន​ទាំងមូល​បាក់​មុខមាត់ និង​ជួប​វិបត្តិ​ដោយសារតែ​ការ​មិន​អាច​រក​ច្រក​ចេញ​ពី​វិបត្តិ​ក្រោម​រដ្ឋប្រហារ​របស់​ពួក​យោធា​នោះ​ទេ។

យ៉ាងណាក៏ដោយ ក្រសួង​ការបរទេស​ភូមា បាន​ប្រតិកម្ម​វិញ​ថា សូម​អាស៊ាន​កុំ​ពាក់ព័ន្ធ​នឹង​កម្លាំង​ភេរវកម្ម​ឲ្យ​សោះ ព្រោះ​វា​ជា​កម្លាំង​ខុស​ច្បាប់។ របប​សឹក​ភូមា​ចាត់ទុក​ក្រុម​ប្រឆាំង​នឹង​ខ្លួន​ថា​ជា​ក្រុម​ភេរវកម្ម។

សារ​លិខិត​ក្រសួង​ការបរទេស​នៃ​របប​សឹក​ភូមា បាន​ទទូច​ថា សមាគម​អាស៊ាន និង​ប្រទេស​ក្នុង​សមាគម​នេះ​ពុំ​ត្រូវ​លូក​ដៃ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​របស់​ភូមា​នោះ​ទេ។

សារ​របស់​ក្រសួង​ការបរទេស​ភូមា បាន​ឆ្លើយតប​ដូចនេះ​ទៅ​ប្រធាន​អាស៊ាន​ឆ្នាំ​២០២៣ ដែល​ទាមទារ​ថា ប្រេសិត​អាស៊ាន​ថ្មី គឺ​ឥណ្ឌូនេស៊ី​ត្រូវតែ​មាន​សិទ្ធិ​ជួប​ពាក់ព័ន្ធ​ភាគី​ជម្លោះ​ទាំងអស់ ទោះបី​ភាគី​តូច ឬ​ភាគី​ធំ​ក៏ដោយ ហើយ​ជំនួប​នោះ​គឺ​ឈាន​ទៅ​រក​ការ​សម្របសម្រួល និង​បង្កើត​ឲ្យ​មាន​ជំនួប​មួយ​ដ៏​ធំ​ឆ្ពោះ​ទៅ​រក​ការ​ធ្វើ​ឲ្យ​ប្រែប្រួល​ជា​វិជ្ជមាន​នៃ​របប​ដឹកនាំ​នៅ​ភូមា។

ប្រមុខ​ការទូត​ឥណ្ឌូនេស៊ី បញ្ជាក់​ថា គោលការណ៍​ប្រាំ​ចំណុច​របស់​អាស៊ាន​ឆ្នាំ​នេះ​ត្រូវតែ​អនុវត្ត​ឲ្យ​បាន ហើយ​ភាគី​ទាំងឡាយ​ណា​ដែល​មិន​ទទួលយក​ការ​អនុវត្ត គឺ​ភាគី​នោះ​មិន​ត្រូវ​ចាត់ទុក​ថា​មាន​ចំណែក​មួយ​នៃ​ការ​កសាង​ដំណោះស្រាយ​បញ្ចប់​ហិង្សា​នោះ​ទេ។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​ភូមា Mizzima ដែល​បាន​ចុះផ្សាយ​នៅ​ថ្ងៃទី​២៥ ខែ​មករា ឆ្នាំ​២០២៣ នេះ។

គេ​កត់សម្គាល់​ឃើញ​ថា នៅ​ពេល​ដែល​ឥណ្ឌូនេស៊ី​ទទួល​បាន​ឋានៈ​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​២០២៣ អ្នក​សង្កេតការណ៍​ជាច្រើន រួម​ទាំង​អ្នកវិភាគ​ក្នុង​តំបន់​សម្លឹង​មើល​ថា តើ​ឥណ្ឌូនេស៊ី​ជា​ប្រទេស​ដ៏​ធំ និង​មាន​ឥទ្ធិពល​ជាងគេ​នៅ​ក្នុង​សមាគម​នេះ អាច​រុញ​របប​សឹក​ភូមា​ឲ្យ​យល់ព្រម​ផ្ទេរ​អំណាច​ទៅ​ឲ្យ​រដ្ឋាភិបាល​ប្រជាធិបតេយ្យ​ដែរ​ឬ​ទេ។

តើ​កត្តា​អ្វី​ខ្លះ​ដែល​ឥណ្ឌូនេស៊ី អាច​នឹង​ធ្វើ​ឱ្យ​របប​សឹក​ភូមា​ផ្ទេរ​អំណាច​ទៅ​របប​ប្រជាធិបតេយ្យ​វិញ?

អស់​រយៈពេល​មួយ​ឆ្នាំ គឺ​នៅ​ឆ្នាំ​២០២២ កម្ពុជា​ដែល​ក្រោម​ការ​ដឹកនាំ​របស់​បុរស​ខ្លាំង គឺ​លោក ហ៊ុន សែន មិន​បាន​ធ្វើ​អ្វី​ឲ្យ​មាន​លទ្ធផល​ដុំ​កំភួន​ចំពោះ​វិបត្តិ​នៅ​ប្រទេស​ភូមា ដែល​ពួក​យោធា​ជា​អ្នក​បង្ក​ឡើង​នោះ​ទេ។ កម្ពុជា​បាន​ត្រឹម​តែ​បោស​អង្អែល ថ្នាក់ថ្នម លួងលោម​របប​សឹក​តែប៉ុណ្ណោះ ហើយ​សូម្បីតែ​សុំ​របប​សឹក​ទៅ​ជួប​ភាគី​ដ៏​ធំ​នៃ​ជម្លោះ​ដែល​ជា​ជនរងគ្រោះ​ពី​អំពើ​រដ្ឋប្រហារ​ថ្ងៃទី​១ ខែ​កុម្ភៈ ឆ្នាំ​២០២១ ក៏ដោយ ក៏​របប​សឹក​មិន​អនុញ្ញាត​ឲ្យ​ជួប​ដែរ ដែល​នាំ​ឲ្យ​ប្រេសិត​របស់​អាស៊ាន គឺ​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា លោក ប្រាក់ សុខុន ត្រឡប់​មក​ស្រុកកំណើត​វិញ​អម​ដោយ​ភាព​បរាជ័យ។

នៅ​ពេល​ទទួល​បាន​ឋានៈ​ជា​ប្រធាន​អាស៊ាន​នៅ​ថ្ងៃទី​១ ខែ​មករា ឆ្នាំ​២០២៣ គឺ​ឥណ្ឌូនេស៊ី បាន​ប្រកាស​នៅ​ចំពោះ​មុខ​លោក ហ៊ុន សែន និង​មេដឹកនាំ​អាស៊ាន​ដទៃ​ទៀត​ថា យើង​មិន​ត្រូវ​ទុក​ឲ្យ​របប​សឹក​ភូមា ធ្វើ​ឲ្យ​ស្ថានភាព​តំបន់​ធ្លាក់​ក្នុង​អំពើ​អសន្តិសុខ​បាក់​មុខ​បាក់​មាត់ រំលោភ​សិទ្ធិមនុស្ស និង​សម្លាប់​ប្រជាជន​ខ្លួនឯង​យ៉ាង​រង្គាល​នោះ​ទេ។

លោក​ប្រធានាធិបតី ចូកូ វីដូដូ បាន​ថ្លែង​ដូចនេះ​នៅ​ពេល​លោក​ទទួល​ញញួរ​ជា​និមិត្តរូប​នៃ​ប្រធាន​អាស៊ាន​ពី​បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន។

យោង​តាម​ឆន្ទៈ​របស់​មេដឹកនាំ​ឥណ្ឌូនេស៊ី ឋានៈ​ជា​ប្រធាន​អាស៊ាន​នាំ​ឲ្យ​អ្នក​សង្កេតការណ៍​ក្នុង​តំបន់​មើល​ឃើញ​ថា កត្តា​ដែល​ប្រទេស​នេះ​រុញ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​របប​សឹក​នៅ​ភូមា គឺ​អាច​មាន​ច្រើន​យ៉ាង។

គេ​អាច​រាប់​ការ​ដែល​ឥណ្ឌូនេស៊ី​រុញ​ឲ្យ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ដើរ​តួនាទី​សកម្ម​ជួយ​បញ្ចប់​វិបត្តិ​នៅ​ភូមា​ដូច​កាលពី​ថ្ងៃទី​២១ ខែ​ធ្នូ ឆ្នាំ​២០២២ ដែល​ក្រុមប្រឹក្សា​សន្តិសុខ​បាន​អនុម័ត​នូវ​សេចក្ដី​សម្រេច​មួយ​ជា​លើកដំបូង​របស់​ខ្លួន ដោយ​គ្មាន​ការ​ជំទាស់​ពី​ចិន និង​រុស្ស៊ី​នោះ​ទេ។

សេចក្ដី​សម្រេច​នេះ​បាន​រុញ​ឲ្យ​របប​សឹក​ភូមា បញ្ចប់​អំពើ​ហិង្សា និង​ដោះលែង​អ្នកទោស​នយោបាយ​ទាំងអស់។ មួយ​វិញ​ទៀត សេចក្ដី​សម្រេច​នេះ​បាន​ប្រាប់​ទៅ​របប​សឹក​ភូមា ថា ត្រូវ​រៀបចំ​ផ្ទេរ​អំណាច​ឡើងវិញ​ទៅ​ឲ្យ​រដ្ឋាភិបាល​ប្រជាធិបតេយ្យ។

ការ​ដែល​ក្រុមប្រឹក្សា​សន្តិសុខ​ឈាន​ដល់​ចំណុច​នេះ ក៏​ព្រោះតែ​ឥណ្ឌូនេស៊ី​តាមរយៈ​រដ្ឋមន្ត្រី​ការបរទេស និង​ប្រមុខ​ការបរទេស​ម៉ាឡេស៊ី និង​សិង្ហបុរី បាន​បញ្ជូន​លិខិត​របស់​ពួកគេ​ទៅ​កាន់​ក្រុមប្រឹក្សា​សន្តិសុខ​ឲ្យ​មាន​វិធានការ​ជាបន្ទាន់​ទៅ​លើ​របប​សឹក​ភូមា។

កត្តា​មួយ​ទៀត​ដែល​គេ​អាច​មើល​ឃើញ​នោះ គឺ​ភាព​ខ្លាំង​របស់​ឥណ្ឌូនេស៊ី​ដែល​នឹង​រុញ​ឲ្យ​មេដឹកនាំ​អាស៊ាន​ត្រូវតែ​ចាត់​វិធានការ​ក្នុង​តំបន់ បង្ខំ​ឲ្យ​របប​សឹក​ភូមា​បើក​ឲ្យ​ប្រេសិត​អាស៊ាន​ទៅ​ជួប​ផ្ទាល់​នឹង​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ហើយ​ធ្វើការ​សម្របសម្រួល​បញ្ឈប់​ជាបន្ទាន់​អំពើ​ហិង្សា​នៅ​ក្នុង​ប្រទេស​នេះ​ជាមួយ​នឹង​ការ​ស្នើ​ឲ្យ​មាន​បទ​ឈប់​បាញ់​គ្នា។

កត្តា​មួយ​ទៀត​នោះ បើ​បទ​ឈប់​បាញ់​គ្នា​អនុវត្ត​បាន​ទូលំទូលាយ គឺ​ភាគី​ជម្លោះ​ទាំងអស់​ពិត​ណាស់​នឹង​មក​អង្គុយ​តុ​ចរចា​ជាមួយ​គ្នា ហើយ​ជៀស​ពុំ​រួច​ទេ​នឹង​អាច​មាន​ដំណោះស្រាយ​ឈាន​ទៅ​រក​ការ​អនុវត្ត​សេចក្ដី​សម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​លេខ​២៦៦៩ ដែល​បង្គាប់​ឲ្យ​របប​សឹក​ដោះលែង​អ្នកទោស​នយោបាយ​ទាំងអស់។

សេចក្ដី​សម្រេច​២៦៦៩ នេះ​ហើយ​ដែល​គេ​ថា​ជា​ឧបករណ៍​ត្រូវ​បាន​យក​ទៅ​អនុវត្ត​នៅ​ចំពោះ​មុខ​មេដឹកនាំ​យោធា​ភូមា និង​ចំពោះ​មុខ​មេដឹកនាំ​អាស៊ាន។ សេចក្ដី​សម្រេច​នេះ​ហើយ​ជា​ការ​ឆ្លើយតប​ចំពោះ​គោលការណ៍ ៥​ចំណុច​នៃ​មេដឹកនាំ​អាស៊ាន ដែល​បាន​ធ្វើ​ឡើង​នៅ​ចំពោះ​មុខ​មេ​រដ្ឋប្រហារ​ឧត្តមសេនីយ៍ មីន អ៊ុងឡាំង កាលពី​ថ្ងៃទី​២៤ ខែ​មេសា ឆ្នាំ​២០២១ ដែល​តម្រូវ​ឲ្យ​របប​សឹក​បញ្ចប់​អំពើ​ហិង្សា​នៅ​ទូទាំង​ប្រទេស​ជាមួយ​នឹង​ភាគី​ពាក់ព័ន្ធ​ទាំងអស់។

អ្វី​ដែល​គេ​អាច​គិត​ថា​ឥណ្ឌូនេស៊ី​អាច​នឹង​សម្រេច​បាន​តាម​លទ្ធផល​នោះ គឺ​ទី​មួយ ឥណ្ឌូនេស៊ី​រុញ​ឲ្យ​របប​សឹក​ភូមា​ផ្ទេរ​អំណាច​ទៅ​រដ្ឋាភិបាល​ស៊ីវិល​តាមរយៈ​ការ​បោះឆ្នោត ដែល​មាន​ការ​ចូលរួម​សង្កេតការណ៍​ពី​ក្រុម​សមាគម​អាស៊ាន និង​អង្គការ​សហប្រជាជាតិ សហភាព​អឺរ៉ុប សហរដ្ឋ​អាមេរិក ហើយ​យន្តការ​នៃ​ការ​បោះឆ្នោត​នេះ គឺ​ស្ថិត​នៅ​ក្នុង​ប្រព័ន្ធ​មួយ​ដែល​មិន​អាច​នៅ​ក្រោម​ឥទ្ធិពល​របស់​ពួក​យោធា​ដាច់ខាត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស