29.3 C
Phnom Penh

បទ​អត្ថាធិប្បាយ៖ ពិភពលោក​សម្រុក​ជួយ​អ៊ុយក្រែន​ដោយ​មើល​រំលង​ទុក្ខ​វេទនា​ប្រជាជន​ភូមា​ដែល​រស់នៅ​ក្រោម​របប​សឹក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​ថ្ងៃទី​១ ខែ​កុម្ភៈ ឆ្នាំ​២០២៣ នេះ គឺជា​ខួប ២​ឆ្នាំ​ដែល​ពួក​យោធា​ភូមា បាន​ធ្វើ​រដ្ឋប្រហារ​ប្លន់​អំណាច​ពី​រដ្ឋាភិបាល​ប្រជាធិបតេយ្យ​ដឹកនាំ​ដោយ​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ ក្រោម​ការ​ដឹកនាំ​របស់​អ្នកស្រី អ៊ុងសាន ស៊ួជី ដែល​ជា​ជើងឯក​ប្រជាធិបតេយ្យ​នៅ​អាស៊ី។

ក្នុង​រយៈពេល ២​ឆ្នាំ​នេះ របប​សឹក​ភូមា បាន​ចាប់​ឃុំ​ខ្លួន​អ្នក​ប្រឆាំង​ជាង ១​ម៉ឺន ៦​ពាន់​នាក់ និង​បាញ់​សម្លាប់​ជាង ៣​ពាន់​នាក់។ នៅ​ពេលនេះ សង្គ្រាម​ស៊ីវិល​កំពុងតែ​ផ្ទុះ​ពេញ​ប្រទេស ដែល​បណ្ដាល​ឱ្យ​មាន​ជនភៀសខ្លួន​ច្រើន​លាន​នាក់។

សង្គ្រាម​ស៊ីវិល​ផ្ទុះឡើង​រវាង​របប​សឹក និង​ក្រុម​កងកម្លាំង​របស់​រដ្ឋាភិបាល​ឯកភាព​ជាតិ ដែល​គាំទ្រ​ដោយ​កងទ័ព​ជនជាតិ​ដើម​ជិត ១០​ក្រុម។ ក្រុម​ប្រឆាំង​ដែល​សម្រេច​កាន់​អាវុធ គឺ​ដើម្បី​ផ្ដួល​រំលំ​របប​ដឹកនាំ​ដោយ​ពួក​យោធា​ដែល​នៅ​ក្រោម​មេ​រដ្ឋប្រហារ​ឧត្តមសេនីយ៍ មីន អ៊ុងឡាំង។

តែ​យ៉ាងណាក៏ដោយ អ្វី​ដែល​ធ្វើ​ឱ្យ​មាន​ការ​សោកស្ដាយ គឺ​សហគមន៍​អន្តរជាតិ​ហាក់ដូចជា​ទុក​ចោល​ប្រទេស​ភូមា ដោយ​ចាប់អារម្មណ៍​ខ្លាំង​សម្រុក​ជួយ​ប្រទេស​អ៊ុយក្រែន។

ប្រជាជន​ភូមា សឹងតែ​គ្រប់​សហគមន៍​ជនជាតិ​ដើម និង​ជនជាតិ​ភាគតិច ជាពិសេស​រដ្ឋាភិបាល​ឯកភាព​ជាតិ កំពុង​ប្រយុទ្ធ​ដើម្បី​សេរីភាព និង​ប្រជាធិបតេយ្យ​ទាំង​នៅ​ក្នុង​ប្រទេស​ផង និង​នៅ​ក្នុង​តំបន់​ផង។

ប្រជាជន​ភូមា​ក៏​មាន​ឆន្ទៈ​ផ្លាស់ប្ដូរ​របប​សឹក​ដែល​ពួក​យោធា​ធ្លាប់​គ្រប់គ្រង​ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍​មួយ​នេះ​ជាង ៦០​ឆ្នាំ ហើយ​បាន​ស្គាល់​របប​ប្រជាធិបតេយ្យ​ម្ដង​ក្នុង​រយៈពេល ៥​ឆ្នាំ ដែល​ប្រទេស​នេះ​ឆ្លងកាត់​ការ​បោះឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ខែ​វិច្ឆិកា ឆ្នាំ​២០១៥ ក្រោយពី​ពួក​យោធា​យល់ព្រម​ឱ្យ​មាន​ការ​កែទម្រង់​ប្រព័ន្ធ​ដឹកនាំ។

ការពិត បើ​មាន​ការ​បញ្ចប់​របប​រដ្ឋប្រហារ​សព្វថ្ងៃ​នេះ គឺ​ប្រទេស​នេះ​នឹង​ក្លាយ​ជា​បេះដូង​នៃ​កម្លាំង​អ្នក​ប្រជាធិបតេយ្យ​តំបន់​អាស៊ី​មួយ​ដ៏​ធំ។

អំឡុង​នៃ​សង្គ្រាម​ដើម្បី​សេរីភាព និង​ប្រជាធិបតេយ្យ កម្លាំង​ប្រឆាំង​នឹង​របប​សឹក ពួកគេ​ត្រូវការ​ជំនួយ​គ្រប់​បែប​យ៉ាង ដោយ​រាប់​ទាំង​សព្វាវុធ​ផង​ដែរ តែ​ពួក​សេរី ឬ​ក្រុម​បស្ចិម​ប្រទេស​មិន​ដែល​ប្រកាស​ថា​នឹង​ជួយ​សព្វាវុធ​ទៅ​ឱ្យ​ក្រុម​កម្លាំង​ប្រឆាំង​នឹង​ពួក​រដ្ឋប្រហារ​ម្ដង​ណា​នោះ​ទេ។ ក្រុម​ប្រទេស​លោក​ខាងលិច​បាន​ត្រឹម​ថ្កោលទោស ទាមទារ​ឱ្យ​ដោះលែង​អ្នកទោស​នយោបាយ និង​ក្រុម​ប្រឆាំង ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច និង​ទណ្ឌកម្ម​ទៅលើ​ពួក​ឧត្តមសេនីយ៍​ប៉ុណ្ណោះ។

តើ​កត្តា​អ្វី​ខ្លះ​ដែល​សហគមន៍​អន្តរជាតិ​មិន​សូវ​ចាប់អារម្មណ៍​ចំពោះ​ទុក្ខ​វេទនា​នៃ​ប្រជាជន​ភូមា?

មាន​កត្តា​ជាច្រើន​ដែល​សហគមន៍​អន្តរជាតិ​មិន​សូវ​ខ្វល់​ខ្លាំង​ចំពោះ​ប្រទេស​ភូមា ដែល​ជា​សមាជិក​មួយ​នៃ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍។ កត្តា​ទាំងនោះ​គេ​រាប់​បាន​ដូចជា​កត្តា​ភូមិសាស្ត្រ និង​ឥទ្ធិពល​តំបន់។

កត្តា​ទាំង​ពីរ​នេះ សម្រាប់​សហរដ្ឋ​អាមេរិក និង​ក្រុម​បស្ចិម​ប្រទេស គេ​អាច​ចាត់ទុក​ជា​ដំណាក់កាល​ចុងក្រោយ បើ​គេ​ប្រៀបធៀប​នឹង​សង្គ្រាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន។ មាន​ន័យ​ថា បើ​គេ​ផ្ដួល​រុស្ស៊ី​បាន គេ​ក៏​នឹង​ត្រឡប់​មក​រក​ភូមា​វិញ​ដែរ។ គេ​អាច​គិត​ថា​វិបត្តិ​នៅ​ភូមា​ស្ថិត​ក្នុង​ចំណុច​រង់ចាំ បើ​រុស្ស៊ី​ចាញ់​សង្គ្រាម គឺ​របប​សឹក​ភូមា នឹង​ចុះ​ទន់ខ្សោយ​ខ្លាំង ហើយ​វិធានការ​ជាក់ស្ដែង​នឹង​កើតមាន​ភ្លាម​ទៅ​លើ​របប​សឹក ដោយ​ត្រូវ​ស្នើ​ក្រោយ​ក្រុមប្រឹក្សា​សន្តិសុខ​សម្រេច​ចេញ​សេចក្ដី​សម្រេច​មួយ​ករណី​ទៀត ដូចជា​ត្រូវ​បញ្ជូន​ក្រុម​ស្វែងរក​ការពិត​មួយ​ក្រុម​ទៅ​កាន់​ប្រទេស​ភូមា ដោយ​បង្គាប់​ទៅ​ពួក​យោធា​ត្រូវ​សម្រប​ខ្លួន​ទទួល​យក​ក្រុម​នេះ។

ក្រុម​បេសកកម្ម​នេះ​អាច​នឹង​បំពេញ​តួនាទី​របស់​ខ្លួន គឺ​រុញ​ពួក​យោធា​ឱ្យ​ឆាប់​ផ្ទេរ​អំណាច​ទៅ​ឱ្យ​រដ្ឋាភិបាល​ស៊ីវិល។

កត្តា​មួយ​ទៀត គឺ​សមាគម​អាស៊ាន​ខ្លួនឯង​ផ្ទាល់​ក៏​មិន​សូវ​ចុះសម្រុង​គ្នា​ក្នុង​ការ​ដាក់​គំនាប​ទៅ​លើ​របប​សឹក ព្រោះតែ​មេដឹកនាំ​ប្រទេស​ខ្លះ​ក៏​មាន​ចរិត​មិន​ខុស​នឹង​មេ​រដ្ឋប្រហារ​ភូមា នេះ​ប៉ុន្មាន​នោះ​ដែរ។

មេដឹកនាំ​ប្រទេស​នោះ​មិន​ចង់​ឱ្យ​ប្រទេស​ភូមា​ទទួល​បាន​របប​ប្រជាធិបតេយ្យ​ឡើងវិញ​នោះ​ទេ។ គេ​ថា​បើ​ពួក​ប្រជាធិបតេយ្យ​ដឹកនាំ​ប្រទេស​ភូមា គឺ​ពិត​ណាស់​ការ​ដឹកនាំ​បែប​ផ្ដាច់ការ​របស់​មេដឹកនាំ​ប្រទេស​នោះ ក៏​ពិបាក​ទប់ទល់​នឹង​កម្លាំង​ប្រឆាំង​ដែល​ជា​ក្រុម​សម្ព័ន្ធភាព​នឹង​អ្នក​ប្រជាធិបតេយ្យ​ក្នុង​តំបន់។ ដូចនេះ ចំពោះ​វិបត្តិ​នៅ​ភូមា គេ​ត្រូវ​រង់ចាំ​មើល​សកម្មភាព និង​តួនាទី​របស់​ប្រធាន​អាស៊ាន​ឆ្នាំ​២០២៣ ដែល​ប្រទេស​ឥណ្ឌូនេស៊ី ជា​ប្រធាន​សមាគម​តំបន់​មួយ​នេះ ព្រោះ​ឥណ្ឌូនេស៊ី​មិន​មែន​ដូចជា​កម្ពុជា​នោះ​ទេ ដែល​ចូលចិត្ត​បោស​អង្អែល​របប​សឹក​នោះ។

កាលពី​ពេល​ថ្មីៗ​នេះ រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌូនេស៊ី បាន​បញ្ជូន​សារ​ទៅ​ប្រាប់​របប​សឹក​ថា ក្នុង​ឆ្នាំ​២០២៣ នេះ ថា​ត្រូវ​ផ្ទេរ​អំណាច​ទៅ​រដ្ឋាភិបាល​ស៊ីវិល​វិញ ហើយ​បើ​ពុំ​នោះ​ទេ របប​សឹក​នឹង​ប្រឈមមុខ​ធ្ងន់ធ្ងរ​នូវ​គំនាប​នៅ​ក្នុង​តំបន់ និង​វិធានការ​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ។

តែ​យ៉ាងណា គេ​នៅតែ​គិត​ថា បើ​សង្គ្រាម​នៅ​អ៊ុយក្រែន ឆាប់​បិទ​បញ្ចប់ ដំណើរ​ទៅ​រក​ការ​បញ្ចប់​របប​សឹក​នៅ​ភូមា ហើយ​ក៏​អាច​ដំណើរការ​បាន​លឿន។

បើ​របប​ផ្ដាច់ការ​របស់​លោក វ៉្លាឌីមៀរ ពូទីន ត្រូវ​បាន​ដួល​រំលំ​ដោយសារ​រុស្ស៊ី​ចាញ់​សង្គ្រាម​ឈ្លានពាន​អ៊ុយក្រែន គឺ​មេដឹកនាំ​ផ្ដាច់ការ​នៅ​លើ​ពិភពលោក រួម​នឹង​ក្នុង​សមាគម​អាស៊ាន ពិត​ណាស់​នឹង​ចុះថយ​ឥទ្ធិពល ហើយ​កម្លាំង​អ្នក​ប្រជាធិបតេយ្យ​នឹង​រឹងមាំ​ឡើងវិញ។

ពី​ទីក្រុង​ញូវយ៉ក សហរដ្ឋ​អាមេរិក ក៏​មាន​សេចក្ដី​ថ្លែងការណ៍​ផង​ដែរ​ពី​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក អង់តូនីញូ គូតារ៉េស។ សេចក្ដី​ថ្លែងការណ៍​របស់​លោក គូតារ៉េស ត្រូវ​បាន​ផ្សព្វផ្សាយ​តាមរយៈ​អ្នក​នាំពាក្យ​របស់​លោក​ដែល​រំលឹក​ខួប ២​ឆ្នាំ​នៃ​ទុក្ខ​វេទនា​របស់​ប្រជាជន​ភូមា រស់នៅ​ក្រោម​របប​សឹក។

សេចក្ដី​ថ្លែងការណ៍​របស់​លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ នៅតែ​រំលឹក​សេចក្ដី​សម្រេច​លេខ​២៦៦៩ របស់​ក្រុមប្រឹក្សា​សន្តិសុខ ដែល​ទាមទារ​ឱ្យ​ពួក​យោធា​ឆាប់​ផ្ទេរ​អំណាច​ទៅ​រដ្ឋាភិបាល​ស៊ីវិល ការ​បញ្ចប់​ហិង្សា ការ​ដោះលែង​អ្នកទោស​នៃ​ក្រុម​ប្រឆាំង ការ​ដោះលែង​អ្នកស្រី អ៊ុងសាន ស៊ូជី ប្រធានាធិបតី មីន វិយ្យីន រួម​ទាំង​អ្នក​នយោបាយ​ទាំងអស់។

លោក អង់តូនីញូ គូតារ៉េស បញ្ជាក់​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​លោក ដោយ​សន្យា​នៅតែ​បន្ត​ឈរ​ខាង​ប្រជាជន​ភូមា ហើយ​គាំទ្រ​ស្មារតី​របស់​ប្រជាជន​ភូមា តស៊ូ​ដើម្បី​សេរីភាព និង​ប្រជាធិបតេយ្យ។

លោក​ព្រមាន​ថា ការ​ដែល​បោះឆ្នោត​នៅ​ចុង​ឆ្នាំ​២០២៣ ដែល​ពួក​យោធា​ជា​អ្នក​រៀបចំ នឹង​មិន​អាច​យក​ជា​ផ្លូវការ​បាន​ទេ ព្រោះ​ការ​បោះឆ្នោត​ធ្វើឡើង​ក្នុង​កាលៈទេសៈ​ដែល​សង្គម​ភូមា​ធ្លាក់​ក្នុង​អំពើ​ហិង្សា និង​សង្គ្រាម​ស៊ីវិល៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស