31 C
Phnom Penh

អាមេរិក​ផ្ដល់​ពាន​អ្នក​ការពារ​សិទ្ធិមនុស្ស​ដល់​កញ្ញា ឈឹម ស៊ីថរ មេដឹកនាំ​សហជីព​ណាហ្គា​វើលដ៍

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក ផ្ដល់​រង្វាន់​អ្នក​ការពារ​សិទ្ធិមនុស្ស​ប្រចាំ​ឆ្នាំ​២០២២ ដល់​ថ្នាក់​ដឹកនាំ​សហជីព​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ (Naga World) កញ្ញា ឈឹម ស៊ីថរ ក្នុង​ចំណោម​ម្ចាស់​ពាន ១០​រូប​នៅ​ជុំវិញ​សកលលោក​នៅ​អំឡុង​ពេល​ដែល​កញ្ញា​កំពុង​ជាប់​ពន្ធនាគារ​ព្រៃស។

កញ្ញា ឈឹម ស៊ីថរ ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​ជា​ថ្មី​ម្តង​ទៀត​ពី​បទល្មើស​បម្រាម​តុលាការ ក្រោយ​ពេល​កញ្ញា​បាន​ធ្វើ​ដំណើរ​ត្រឡប់​មកពី​ប្រជុំ​នៅ​ប្រទេស​អូស្ត្រាលី វិញ កាលពី​ថ្ងៃទី​២៦ ខែ​វិច្ឆិកា ឆ្នាំ​២០២២។ កញ្ញា​ត្រូវ​អាជ្ញាធរ​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​ម្តង​កាលពី​ខែ​មីនា ឆ្នាំ​២០២២។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា ចុះ​ថ្ងៃទី​២ ខែ​កុម្ភៈ ឆ្នាំ​២០២៣ ឲ្យ​ដឹង​ថា មេដឹកនាំ​សហជីព​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ កញ្ញា ឈឹម ស៊ីថរ បាន​ទទួល​ពានរង្វាន់​អ្នក​ការពារ​សិទ្ធិមនុស្ស​ប្រចាំ​ឆ្នាំ​២០២២ ក្នុង​ចំណោម​ម្ចាស់​ពាន ១០​រូប​នៅ​ជុំវិញ​សកលលោក។

ស្ថានទូត​អាមេរិក​បញ្ជាក់​ថា ពានរង្វាន់​ដ៏​មាន​កិត្យានុភាព​មួយ​នេះ​ទទួលស្គាល់​បុគ្គល​ក្លាហាន​ទាំងឡាយ​ណា​ដែល​បង្ហាញ​ពី​ភាព​ក្លាហាន​យ៉ាង​ពិសេស និង​ភាព​ជា​អ្នក​ដឹកនាំ​ក្នុង​ការ​តស៊ូ​មតិ​ដើម្បី​លើក​កម្ពស់ និង​ការពារ​សិទ្ធិមនុស្ស ដែល​គេ​ទទួលស្គាល់​ជា​សកល និង​សេរីភាព​ជា​មូលដ្ឋាន ខណៈ​កញ្ញា​គឺជា​មនុស្ស​ទី​មួយ​នៅ​កម្ពុជា​ដែល​ទទួល​បាន​ពានរង្វាន់​នេះ។

ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា លោក Patrick Murphy បាន​លើកឡើង​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន ដោយ​សម្ដែង​ការ​អបអរ និង​ទទួលស្គាល់​ថា កញ្ញា ស៊ីថរ ជា​អ្នក​ការពារ​សិទ្ធិមនុស្ស​ឆ្នាំ​២០២២ ម្នាក់។ លោក​បញ្ជាក់​ថា កញ្ញា ស៊ីថរ ជា​ថ្នាក់​ដឹកនាំ​សហជីព​ការងារ​ដ៏​ក្លាហាន និង​អត់ធ្មត់​ដែល​តស៊ូ​មតិ​ដោយ​សន្តិវិធី​ដើម្បី​សិទ្ធិ​របស់​កម្មករ​កម្ពុជា។

បន្ថែម​ពី​នេះ លោក​ថា​ការ​ការពារ និង​គាំទ្រ​អ្នក​ការពារ​សិទ្ធិមនុស្ស គឺជា​អាទិភាព​ចម្បង​នៃ​គោល​នយោបាយ​ការបរទេស​របស់​សហរដ្ឋ​អាមេរិក ហើយ​ស្ថានទូត​អាមេរិក​នៅ​កម្ពុជា​អបអរ​សាទរ​ដល់​កញ្ញា ឈឹម ស៊ីថរ និង​អ្នក​ទទួល​ទាំងអស់​នៃ​ពានរង្វាន់​អ្នក​ការពារ​សិទ្ធិមនុស្ស​ឆ្នាំ​២០២២។

បើ​តាម​ក្រសួង​ការបរទេស​អាមេរិក ឲ្យ​ដឹង​ថា ទោះបីជា​មាន​ការ​បៀតបៀន​រូប​កាយ និង​ការ​ចាប់​ខ្លួន​កាលពី​ខែ​មករា ឆ្នាំ​២០២២ ក្នុង​ពេល​ធ្វើ​កូដកម្ម​រក​ដំណោះស្រាយ​វិវាទ​ការងារ​ជាមួយ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ក៏ដោយ ក៏​កញ្ញា ស៊ីថរ បាន​បន្ត​ចេញ​មុខ​និយាយ​អំពី​សិទ្ធិ​ការងារ។

ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក បញ្ជាក់​ថា បច្ចុប្បន្ន​កញ្ញា​ត្រូវ​បន្ត​ឃុំ​ខ្លួន​ដោយ​រង់ចាំ​ការ​កាត់ទោស​ដែល​មិនទាន់​កំណត់​ពេល ហើយ​មិន​អាច​ធ្វើ​ដំណើរ​ទៅ​ចូលរួម​យក​ពានរង្វាន់​នៅ​រដ្ឋធានី​វ៉ាស៊ីនតុន ជាមួយ​អ្នក​ទទួល​ពាន​ដទៃ​ទៀត​នោះ​ទេ។ តែ​យ៉ាងណា ពានរង្វាន់​អ្នក​ការពារ​សិទ្ធិមនុស្ស​នេះ ត្រូវ​បាន​ប្អូនប្រុស​របស់​កញ្ញា ឈឹម ស៊ីថរ ទៅ​ទទួល​ជំនួស។

កញ្ញា ឈឹម ស៊ីថរ ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន និង​ចោទប្រកាន់​ពី​បទ «ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ» បន្ទាប់ពី​ថ្នាក់​ដឹកនាំ​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គា​វើលដ៍ បាន​ដឹកនាំ​បុគ្គលិក​កម្មករ​ក្រុមហ៊ុន​នេះ​ធ្វើ​កូដកម្ម​ដោយ​សន្តិវិធី ដើម្បី​ទាមទារ​ឱ្យ​ក្រុមហ៊ុន​ដំឡើង​ប្រាក់ខែ និង​ទទួល​យក​បុគ្គលិក​ជា​សមាជិក​សហជីព​រាប់​រយ​នាក់​កាលពី​ចុង​ឆ្នាំ​២០២១ អំឡុង​ពេល​ក្រុមហ៊ុន​ល្បែង​នៅ​កណ្ដាល​រាជធានី​ភ្នំពេញ បាន​បណ្តេញ​បុគ្គលិក​ចេញពី​ការងារ​ទាំង​អយុត្តិធម៌។

ការ​ចាប់​ខ្លួន​កញ្ញា ឈឹម ស៊ីថរ ជា​ថ្មី​នេះ ទាំង​មេធាវី និង​កញ្ញា​បាន​អះអាង​ថា ការ​ចេញ​ទៅ​ក្រៅ​ប្រទេស​នេះ ដោយសារ​កញ្ញា​មិន​បាន​ទទួល​ដីកា​ដាក់​ឱ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួតពិនិត្យ​របស់​តុលាការ​ចាប់តាំងពី​តុលាការ​ដោះលែង​កាលពី​ខែ​មីនា ឆ្នាំ​២០២២ ខណៈ​សមត្ថកិច្ច​ក៏​មិន​ដែល​ហៅ​កញ្ញា​ទៅ​បង្ហាញ​ខ្លួន និង​ប្រាប់​ពី​ដីកា​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​ដែរ។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា ឲ្យ​ដឹង​ថា ក្រៅពី​កញ្ញា ឈឹម ស៊ីថរ ក៏​នៅ​មាន​ថ្នាក់​ដឹកនាំ​សហជីព​ជាង ១០​រូប​កំពុង​ប្រឈម​នូវ​ការ​ចោទប្រកាន់​បទល្មើស​ព្រហ្មទណ្ឌ បន្ទាប់ពី​ពួកគេ​បាន​នាំគ្នា​ធ្វើ​កូដកម្ម​ដើម្បី​ទាមទារ​ដំណោះស្រាយ​វិវាទ​ការងារ​នៅ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស