26 C
Phnom Penh

អូស្ត្រាលី អាមេរិក អង់គ្លេស និង​អឺរ៉ុប​បង្កើន​ទណ្ឌកម្ម​លើ​របប​សឹក​ភូមា​ក្នុង​ខួប​២​ឆ្នាំ​រដ្ឋប្រហារ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រទេស​ជាច្រើន​បាន​បង្កើន​ការ​ដាក់​ទណ្ឌកម្ម​ទៅ​លើ​របប​សឹក​ភូមា ដែល​បាន​ធ្វើ​រដ្ឋប្រហារ​ដោយ​ប្លន់​អំណាច​ពី​រដ្ឋាភិបាល​របស់​អ្នក​ប្រជាធិបតេយ្យ​ដឹកនាំ​ដោយ​អ្នកស្រី អ៊ុងសាន ស៊ូជី ជា​ជើងឯក​ប្រជាធិបតេយ្យ​ក្នុង​តំបន់​អាស៊ី​ក្នុង​ខួប​ពីរ​ឆ្នាំ​នៃ​ការ​គ្រប់គ្រង​ដោយ​របប​សឹក។

ក្នុង​ខួប ២​ឆ្នាំ​នេះ ប្រទេស​អូស្ត្រាលី បាន​សម្រេច​ដាក់​ទណ្ឌកម្ម​ទៅ​លើ​ពួក​យោធា​ភូមា ចំនួន ១៦​នាក់ ក្នុង​នោះ​មាន​ឧត្តមសេនីយ៍ មីន អ៊ុងឡាំង មេ​រដ្ឋប្រហារ និង​អនុប្រធាន​របស់​លោក គឺ​ឧត្តមសេនីយ៍ សរ វិន។ ទណ្ឌកម្ម​នេះ​មាន​ដូចជា ការ​បង្កក​ទ្រព្យសម្បត្តិ ការ​បិទ​ទិដ្ឋាការ​ចូល​ប្រទេស​អូស្ត្រាលី រួម​ទាំង​ការ​ដាក់​ទណ្ឌកម្ម​ទៅ​លើ​ក្រុម​សាជីវកម្ម​ប្រេង និង​ឧស្ម័ន និង​សហគ្រាស​រុករក​រ៉ែ​ដែល​ជា​ប្រាក់ចំណូល​ដ៏​ធំ​របស់​ពួក​យោធា។

នេះ​បើ​យោង​តាម​ការ​ចុះផ្សាយ​របស់​បណ្ដាញ​ផ្សាយ​ព័ត៌មាន ABC ដែល​បាន​ផ្សាយ​កាលពី​ថ្ងៃទី​១ ខែ​កុម្ភៈ ឆ្នាំ​២០២៣ នេះ។

រដ្ឋមន្ត្រី​ការបរទេស​អូស្ត្រាលី Penny Wong បាន​និយាយ​ថា រយៈពេល ២​ឆ្នាំ​មក​នេះ ប្រជាជន​ភូមា បាន​បង្ហាញ​ភាព​អង់អាច​ក្លាហាន​របស់​ពួកគេ​ក្នុង​ការ​ទាមទារ​សេរីភាព​ជា​មូលដ្ឋាន និង​ការ​គោរព​សិទ្ធិមនុស្ស ដោយ​ពួកគេ​ងើប​ឡើង​ប្រឆាំង​នឹង​របប​សឹក​យ៉ាង​ខ្លាំង។ ចំពោះ​ពួក​យោធា​បាន​ប្រតិកម្ម​ដោយ​ប្រើ​ហិង្សា​យ៉ាង​ខ្លាំង​ទៅ​លើ​ក្រុម​ប្រឆាំង។

រយៈពេល ២​ឆ្នាំ​នេះ ពួក​យោធា​បាន​ចាប់​ឃុំ​ខ្លួន​ក្រុម​ប្រឆាំង​ជាង ១​ម៉ឺន ៦​ពាន់​នាក់ និង​សម្លាប់​ជាង ៣​ពាន់​នាក់។

រដ្ឋមន្ត្រី​ការបរទេស​អូស្ត្រាលី​រូប​នេះ​បាន​ថ្លែង​ថា អូស្ត្រាលី​បាន​ដឹង​ថា ជនស៊ីវិល​រាប់​ពាន់​នាក់​បាន​ស្លាប់​ដោយ​ការ​ធ្វើ​ទារុណកម្ម និង​បាញ់​សម្លាប់​ដោយ​គ្រាប់កាំភ្លើង​របស់​ពួក​យោធា ហើយ​ក្នុង​នោះ​ក៏​មាន​កុមារ​ផង​ដែរ។ ជាមួយ​គ្នា​នេះ ពួក​យោធា​បាន​ទម្លាក់​គ្រាប់បែក​ទៅ​លើ​ភូមិដ្ឋាន​អ្នក​ស្រុក ទៅ​លើ​វត្ត​អារាម​ជាច្រើន។

កន្លងមក អូស្ត្រាលី​ប្រឈម​នឹង​ការ​រិះគន់ ព្រោះ​មិន​ព្រម​ស្ទុះស្ទា​ចូលរួម​ជាមួយ​សហគមន៍​អន្តរជាតិ​ក្នុង​ការ​ដាក់​ទណ្ឌកម្ម​ទៅ​លើ​ពួក​យោធា​ភូមា។ តែ​ក្រោយពី​ពលរដ្ឋ​របស់​ខ្លួន​ម្នាក់ គឺ​លោក Sean Turnell ជា​ទីប្រឹក្សា​របស់​អ្នកស្រី ស៊ូជី ត្រូវ​បាន​ពួក​យោធា​ដោះលែង រដ្ឋាភិបាល​កង់បេរ៉ា បាន​ដូរ​ឥរិយាបថ​ដោយ​ចូលរួម​ជាមួយ​សហគមន៍​អន្តរជាតិ​ដាក់​ទណ្ឌកម្ម​លើ​ពួក​យោធា​ភូមា។

ការ​ដាក់​ទណ្ឌកម្ម​របស់​រដ្ឋាភិបាល​អូស្ត្រាលី បាន​នាំ​ឱ្យ​មាន​ការ​សាទរ​ពី​ក្រុម​សង្គម​ស៊ីវិល​ភូមា និង​រដ្ឋាភិបាល​ឯកភាព​ជាតិ​នៃ​កម្លាំង​អ្នក​ប្រជាធិបតេយ្យ​ប្រឆាំង​នឹង​របប​សឹក។

ស្រប​ពេល​នេះ​ដែរ សហរដ្ឋ​អាមេរិក និង​សម្ពន្ធមិត្ត​ក៏​បាន​ដាក់​ទណ្ឌកម្ម​ថែម​ទៀត​លើ​របប​សឹក។

បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក រដ្ឋការ​លោក ចូ បៃដិន បាន​ដាក់​ទណ្ឌកម្ម​លើ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត លើ​ក្រុម​សហគ្រាស​រ៉ែ លើ​មន្ត្រី​ខាង​ថាមពល និង​ក្រុម​មន្ត្រី​យោធា។

អ្នក​នាំពាក្យ​ម្នាក់​នៃ​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក​បាន​និយាយ​ថា ចំណាត់ការ​នេះ​ជា​លើកដំបូង​ដែល​សហរដ្ឋ​អាមេរិក​បាន​ចាប់​យក​ពួក​មន្ត្រី​សហគ្រាស​ប្រេង និង​ឧស្ម័ន ជា​គោលដៅ​នៃ​ការ​ដាក់​ទណ្ឌកម្ម។

ប្រទេស​កាណាដា ចក្រភព​អង់គ្លេស និង​សហភាព​អឺរ៉ុប ២៧​ប្រទេស​ក៏​បាន​ប្រកាស​អំពី​ការ​ដាក់​ទណ្ឌកម្ម​របស់​ពួកគេ​ថែម​ទៀត​នៅ​ថ្ងៃទី​១ កុម្ភៈ ជា​ខួប ២​ឆ្នាំ​ដែល​ពួក​យោធា​ឡើង​កាន់​អំណាច​តាមរយៈ​រដ្ឋប្រហារ។

បើ​តាម​ប្រភព​បណ្ដាញ​ផ្សាយ​ព័ត៌មាន ABC រដ្ឋាភិបាល​អូស្ត្រាលី ក៏​បាន​ដាក់​ទណ្ឌកម្ម​ទៅ​លើ​ពួក​មន្ត្រី​ប្រទេស​អ៊ីរ៉ង់ ចំនួន ១៦​នាក់​ក្នុង​ទម្រង់​ដូច​ទៅ​លើ​របប​សឹក​ភូមា​ដែរ ហើយ​ក្នុង​នោះ​មាន​អគ្គមេបញ្ជាការ​កងទ័ព​អ៊ីរ៉ង់ ឧត្តមសេនីយ៍ Sayyed Abdolrahim Mousavi។

ទណ្ឌកម្ម​របស់​រដ្ឋាភិបាល​អូស្ត្រាលី ទៅ​លើ​ឧត្តមសេនីយ៍​អ៊ីរ៉ង់ ករណី​រំលោភ​សិទ្ធិមនុស្ស និង​ការ​សម្លាប់​បាតុករ ដែល​ពួកគេ​ទាមទារ​យុត្តិធម៌​ចំពោះ​ស្ត្រី​ម្នាក់​បាន​ស្លាប់​ដោយសារ​ការ​ធ្វើ​ទារុណកម្ម​របស់​ប៉ូលិស។

កុបកម្ម​នៅ​អ៊ីរ៉ង់ បាន​ផ្ទុះឡើង​បន្ទាប់ពី​ស្ត្រី​អ៊ីរ៉ង់​ម្នាក់​ឈ្មោះ Mahsa Amini អាយុ ២២​ឆ្នាំ​បាន​ស្លាប់​កាលពី​ថ្ងៃទី​១៦ កញ្ញា ក្រោយ​សមត្ថកិច្ច​ឃាត់​ខ្លួន​ដោយ​ចោទ​ថា​មិន​បាន​ស្លៀកពាក់ និង​គ្រប​ទូល​ក្រណាត់​លើ​ក្បាល​ឲ្យ​បាន​ត្រឹមត្រូវ​ទៅ​តាម​ច្បាប់​សាសនា​ឥស្លាម។ ការ​ស្លាប់​របស់​ស្ត្រី​រូប​នេះ បាន​ធ្វើ​ឲ្យ​ប្រជាជន​អ៊ីរ៉ង់​រាប់​ម៉ឺន​នាក់ ជាពិសេស​គឺ​ក្រុម​ស្ត្រី​បាន​ចូលរួម​ធ្វើ​បាតុកម្ម​ប្រឆាំង​ចំពោះ​អំណាច​ផ្ដាច់ការ​ដែល​បំបិទ​សិទ្ធិ គាប​សង្កត់​ស្ត្រី​ដ៏​តឹងតែង​បំផុត។ ចលនា​បាតុកម្ម​នេះ​ក៏​បាន​ទទួល​ការ​គាំទ្រ​ខ្លាំង​ពី​បណ្តា​ប្រទេស​ក្នុង​តំបន់​មជ្ឈិម​បូព៌ា និង​នៅ​អឺរ៉ុប៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស