នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ សង្គ្រាមរុស្ស៊ីឈ្លានពានអ៊ុយក្រែនចូលដល់ខួប ១ឆ្នាំហើយ។ ក្នុងដំណាក់កាលចុងក្រោយនេះ គេសង្កេតឃើញសហរដ្ឋអាមេរិកនៅក្រោមរដ្ឋកាលរបស់លោក ចូ បៃដិន ដោះដូរយុទ្ធសាស្ត្ររបស់ខ្លួនដោយសម្លឹងទៅរកការយកឧបទ្វីបគ្រីមៀរពីរុស្ស៊ីមកវិញ។
យ៉ាងណាក៏ដោយ មិនថាឡើយសហរដ្ឋអាមេរិកដែលចង់ឲ្យអ៊ុយក្រែន យកគ្រីមៀរ មកវិញនោះទេ សូម្បីតែពួកបស្ចិមប្រទេស និងប្រទេសនៅអឺរ៉ុបខាងកើតជាច្រើនក៏យល់ឃើញដូចនេះដែរ។
ដូច្នេះ គេសង្កេតឃើញសហរដ្ឋអាមេរិកដឹកមុខគេក្នុងការបញ្ជូនសព្វាវុធធុនធ្ងន់ៗដែលធ្វើឲ្យមានតុល្យភាពនៃការប្រើប្រាស់អាវុធក្នុងសមរភូមិរវាងអ៊ុយក្រែន និងរុស្ស៊ី។
ការបញ្ជូនសព្វាវុធទំនើបៗរបស់ពួកបស្ចិមប្រទេសដែលដឹកមុខដោយសហរដ្ឋអាមេរិក គឺមានសព្វាវុធដែលរុស្ស៊ីពិបាកនឹងទប់ទល់ ដូចជារថក្រោះអាមេរិក Abram M1 និងរថក្រោះ Leopard-2 របស់អាល្លឺម៉ង់ ដែលប្រទេសសមាជិកណាតូជាច្រើនប្រទេសមានរថក្រោះប្រភេទនេះកំពុងបញ្ជូនទៅឲ្យអ៊ុយក្រែន។
តាមដំណឹងមកថា រថក្រោះ Leopard និងរថក្រោះអាមេរិក Abram ត្រូវបានរាយការណ៍ថាបានទៅដល់ទឹកដីប៉ូឡូញ ហើយ ដោយកំពុងបញ្ជូនចូលទៅទឹកដីអ៊ុយក្រែន។ បើដូចនេះ គេរំពឹងថាអាវុធទាំងនេះវាជាផ្នែកមួយយ៉ាងពិតប្រាកដធ្វើឱ្យមានការប្រែប្រួលសង្គ្រាមនៅលើទឹកដីអ៊ុយក្រែន។
បន្ថែមលើនេះ នៅពេលដែលប្រព័ន្ធមីស៊ីល Patriot និងប្រព័ន្ធរ៉ុក្កែត HIMARS ចំនួន ១៨គ្រឿងដែលរដ្ឋការរបស់លោក បៃដិន ត្រៀមបញ្ជូនទៅឲ្យអ៊ុយក្រែន ក្នុងពេលឆាប់ៗនេះ វានឹងអាចធ្វើឲ្យអ៊ុយក្រែន កាន់តែមានប្រៀបក្នុងសមរភូមិវាយលុកចូលទៅទីតាំងរបស់កងទ័ពរុស្ស៊ី ពីព្រោះរ៉ុក្កែត HIMARS ជំនាន់ក្រោយនេះ បើតាមប្រភពរបស់ក្រសួងការពារជាតិអាមេរិក ឲ្យដឹងថា វាអាចបាញ់បានចម្ងាយ ២៦០គីឡូម៉ែត្រដែលខុសពី HIMARS ជំនាន់មុនចំនួន ២០គ្រឿងដែលអ៊ុយក្រែន កំពុងប្រើប្រាស់ គឺវាបាញ់បានចម្ងាយតែ ៨០គីឡូម៉ែត្រប៉ុណ្ណោះ។
ជាមួយនឹងការបញ្ជូន Patriot ជាមីស៊ីលការពារដែនអាកាសបាញ់ទម្លាក់យន្តហោះ និងបាញ់ទម្លាក់គ្រាប់មីស៊ីល វារឹតតែបង្ហាញអានុភាពទៅឲ្យកងទ័ពអ៊ុយក្រែន។
ឧត្តមសេនីយ៍ចូលនិវត្តន៍របស់អាមេរិក ដែលធ្លាប់ជាមេបញ្ជាការរបស់កងទ័ពអាមេរិកប្រចាំអឺរ៉ុប គឺលោក បេន ហូដ បានផ្ដល់អនុសាសន៍ថា គ្រីមៀរជាសមរភូមិចុងក្រោយដែលអ៊ុយក្រែន ត្រូវសម្រេចវាយចូលតំបន់នេះ ទោះបីជារុស្ស៊ីព្រមានថាដើរជាន់បន្ទាត់ក្រហមក៏ដោយ។
លោកថា អ៊ុយក្រែនប្រើប្រាស់អាវុធចុងក្រោយរបស់អាមេរិក និងរបស់សមាជិកណាតូ គឺជាកម្លាំងចលករដ៏ធំលើកទឹកចិត្តឲ្យរដ្ឋាភិបាលអ៊ុយក្រែនក្រោមការដឹកនាំរបស់លោក ហ្សេឡេនស្គី សម្រេចវាយលុកចូលគ្រីមៀរ។ បើតាមឧត្តមសេនីយ៍រូបនេះ ឲ្យដឹងថា អ៊ុយក្រែនវាយចូលគ្រីមៀរ គឺជាការសាកល្បងដ៏ស្រួចស្រាល់បំផុត ថាតើរុស្ស៊ីនឹងឆ្លើយតបដូចម្ដេចចំពោះជំហររបស់អ៊ុយក្រែន ដែលព្យាយាមវាយរំដោះអតីតទឹកដីរបស់ខ្លួនមកវិញនោះ។
លោក បេន ហូដ មើលឃើញថា រុស្ស៊ីអាចនឹងឆ្លើយតបដោយការប្រើប្រាស់អាវុធនុយក្លេអ៊ែរក៏ថាបាន ប៉ុន្តែភាគតិចណាស់ដែលរុស្ស៊ីអាចប្រើអាវុធប្រភេទនេះ ព្រោះណាតូបានប្រាប់រួចស្រេចទៅហើយថា បើរុស្ស៊ីប្រើអាវុធប្រល័យលោកដូចនេះ គឺណាតូចាំបាច់ហក់ចូលសង្គ្រាមលើទឹកដីអ៊ុយក្រែនហើយ។
អតីតឧត្តមសេនីយ៍រូបនេះមើលឃើញថា បើណាតូហក់ចូលក្នុងសង្គ្រាមជួយអ៊ុយក្រែន គឺគ្រីមៀរនេះហើយដែលណាតូ ជាពិសេសសហរដ្ឋអាមេរិក នឹងបើកទ្វារសង្គ្រាមយ៉ាងសន្ធោសន្ធៅនៅសមុទ្រខ្មៅ ហើយវាយយកគ្រីមៀរមកឱ្យអ៊ុយក្រែនវិញទាល់តែបាន។
តើគ្រីមៀរ មានអត្ថប្រយោជន៍បែបណាដែលអាមេរិកចង់ឲ្យអ៊ុយក្រែនវាយយកមកវិញ?
គ្រីមៀរ គឺជាឧបទ្វីបដ៏ធំមួយនៅសមុទ្រខ្មៅ។ វាជាតំបន់ឧស្សាហកម្មសមុទ្រដ៏ធំបំផុតរបស់អ៊ុយក្រែន។ តែគ្រីមៀរ ត្រូវបានរុស្ស៊ីយកបានពីអ៊ុយក្រែន នៅខែមីនា ឆ្នាំ២០១៤ តាមរយៈការបោះឆ្នោតផ្ដាច់ខ្លួនក្រោមការអនុញ្ញាតរបស់ប្រធានាធិបតីអ៊ុយក្រែននៅសម័យនោះ គឺលោក វិចទ័រ យ៉ាណាគូវ៉ិច។
ឥឡូវ អតីតប្រធានាធិបតីនេះ រួមទាំងគ្រួសាររបស់គាត់កំពុងស្ថិតនៅទីក្រុងមូស្គូនៅឡើយ ហើយក្លាយជាពលរដ្ឋរុស្ស៊ីទៅហើយ។ អតីតមេដឹកនាំរូបនេះត្រូវបានប្រជាជនអ៊ុយក្រែន ដេញទម្លាក់ពីអំណាចដោយចោទថាបានកាត់ទឹកដីទៅឲ្យរុស្ស៊ី ដោយមិនឆ្លងកាត់មតិរបស់ប្រជាជនអ៊ុយក្រែន។
គ្រីមៀរ ជាតំបន់កំពង់ផែសមុទ្រខ្មៅដ៏សំខាន់បំផុត ព្រោះវាជាច្រកទ្វារគមនាគមន៍ជើងទឹករបស់អ៊ុយក្រែន និងបណ្ដាប្រទេសនៅអឺរ៉ុបខាងកើត។ នៅពេលបាត់បង់គ្រីមៀរ ក្រោមការគ្រប់គ្រងរបស់រុស្ស៊ី គេឃើញសហរដ្ឋអាមេរិកដឹកមុខគេថ្កោលទោសរុស្ស៊ី។
យ៉ាងណាក៏ដោយ គ្រីមៀរនៅតែស្ថិតក្នុងផែនទីរបស់ប្រទេសអ៊ុយក្រែននៅឡើយ ដែលអ៊ុយក្រែនបានតម្កល់ទុកនៅអង្គការសហប្រជាជាតិ។
យុទ្ធសាស្ត្រចុងក្រោយ គឺដូចអតីតឧត្តមសេនីយ៍ បេន ហូដ មើលឃើញថា គ្រីមៀរអាចក្លាយជាសង្គ្រាមផ្ដាច់ព្រ័ត្រនៃសង្គ្រាមរុស្ស៊ីឈ្លានពានអ៊ុយក្រែន ហើយពួកបស្ចិមប្រទេស ជាពិសេសគឺសហរដ្ឋអាមេរិក អាចនឹងសាកល្បងរុញឱ្យអ៊ុយក្រែនវាយចូលគ្រីមៀរ ដោយប្រើប្រាស់អាវុធរបស់អាមេរិក និងពួកបស្ចិមប្រទេស។ ដូច្នេះ គ្រីមៀរនឹងក្លាយជាយុទ្ធសាស្ត្រដែលរដ្ឋការរបស់លោក បៃដិន កំណត់ក្នុងការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន។
បើដូច្នេះមែន មានន័យថា អ៊ុយក្រែនទោះជាវាយយកបានតំបន់ដុនបាស់នៅភាគខាងកើត និងតំបន់ភាគខាងត្បូងប្រទេសពីរុស្ស៊ីក៏ដោយ គឺចាំបាច់ណាស់ត្រូវសាកល្បងវាយចូលគ្រីមៀរ ដើម្បីរំដោះទឹកដីដ៏មានសារសំខាន់នេះពីរុស្ស៊ីមកវិញ៕