26 C
Phnom Penh

សមត្ថកិច្ច​ថា​គ្រោះថ្នាក់​ចរាចរណ៍​មាន​ការ​កាត់បន្ថយ​ក្នុង​រយៈពេល​១០​ឆ្នាំ​ចុងក្រោយ​នេះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​កម្ពុជា អះអាង​ថា ក្រោម​ការ​ដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន រយៈពេល ១០​ឆ្នាំ​ចុងក្រោយ​នេះ កម្ពុជា​បាន​កាត់បន្ថយ​អ្នក​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ជាង ៤៥០០​នាក់ ដែល​ស្មើ​នឹង ៦២% នៃ​ផែនការ​ជាតិ​ទសវត្សរ៍​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ដោយ​ធៀប​ជាមួយ​នឹង​ចំនួន​ប្រជាជន និង​ចំនួន​យានយន្ត​ដែល​កំពុង​ប្រើប្រាស់​ជាក់ស្តែង។

អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​ចេញ​សេចក្តី​ជូនដំណឹង​នៅ​ថ្ងៃទី​៨ ខែ​កុម្ភៈ ឆ្នាំ​២០២៣ នេះ​ថា គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ត្រូវ​បាន​កាត់បន្ថយ​នូវ​អត្រា​អ្នក​ស្លាប់​ពី​ចំនួន ១៣,១% មក​នៅ​ត្រឹម​ចំនួន ១០,១% ក្នុង​ចំណោម​ប្រជាជន​ចំនួន ១​សែន​នាក់ និង​បាន​កាត់បន្ថយ​អត្រា​ស្លាប់​ពី​ចំនួន ១០​នាក់ មក​នៅ​ត្រឹម​ចំនួន ២,៥% ក្នុង​យានយន្ត​ចំនួន ១​ម៉ឺន​គ្រឿង​ផង​ដែរ ដែល​នេះ​បង្ហាញ​ពី​លទ្ធផល​ដ៏​ល្អ​ប្រសើរ​ក្នុង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​របស់​កម្ពុជា។

ប្រភព​ដដែល​លើកឡើង​ថា ទន្ទឹម​នឹង​ការ​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ អគ្គស្នងការ​នគរបាល​ជាតិ​ក៏​បាន​រឹត​បន្តឹង​នូវ​ការ​អនុវត្ត​ច្បាប់ ដើម្បី​ជំរុញ​លើក​កម្ពស់​ស្មារតី​គោរព​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក​ផង​ដែរ ដោយ​ការ​រៀបចំ​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​នូវ​សណ្ដាប់ធ្នាប់​ចរាចរណ៍​ឲ្យ​បាន​សមស្រប​តាម​បទដ្ឋាន​សុវត្ថិភាព​ចរាចរណ៍ និង​រួម​ចំណែក​លើក​កម្ពស់​កិត្យានុភាព​ជាតិ​ថែម​ទៀត។

អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ អំពាវនាវ​ឲ្យ​ពលរដ្ឋ​បន្ត​ចូលរួម​គោរព​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក ដោយ​មាន​ការ​យោគយល់​អធ្យាស្រ័យ និង​បើកបរ​ដោយ​ស្មារតី​ប្រុងប្រយ័ត្ន​គ្រប់​ពេលវេលា និង​គ្រប់​ទីកន្លែង ដើម្បី​រក្សា​សុវត្ថិភាព​ផ្ទាល់ខ្លួន និង​អ្នក​ដទៃ។

កាលពី​ចុង​ខែ​សីហា ឆ្នាំ​២០២២ គណៈកម្មាធិការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន​ចេញ​របាយការណ៍​របស់​ខ្លួន​ថា មូលហេតុ​ដែល​បណ្តាល​ឱ្យ​មាន​គ្រោះថ្នាក់ គឺ​បណ្តាល​មកពី​ការ​បើកបរ​លើស​ល្បឿន​កំណត់ មិន​គោរព​សិទ្ធិ​គ្នា មិន​ប្រកាន់​ស្តាំ វ៉ា​ជែង​មិន​ត្រឹមត្រូវ បត់​រថយន្ត​គ្មាន​ការ​ប្រុងប្រយ័ត្ន បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង កត្តា​យានយន្ត និង​កត្តា​ងងុយ​ពេល​បើកបរ ជាដើម។

យ៉ាងណាក៏ដោយ មន្ត្រី​រាជការ និង​ពលរដ្ឋ​មួយ​ចំនួន​ធ្លាប់​ប្រាប់​សារព័ត៌មាន The Cambodia Daily ថា ជា​រៀងរាល់​ថ្ងៃ មន្ត្រី​នគរបាល​ចរាចរណ៍​ផ្លូវគោក​ដែល​ដាក់​ពង្រាយ​កម្លាំង​នៅ​តាម​ផ្លូវជាតិ​នានា ឬ​នៅ​តាម​ទីប្រជុំជន​ក្នុង​រាជធានី-ខេត្ត​ទូទាំង​ប្រទេស បាន​យក​ការងារ​ចុះ​ពង្រឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នេះ​សម្រាប់​តែ​រក​ប្រាក់​ចំណូល​ប្រចាំ​ថ្ងៃ ដើម្បី​ចែក​គ្នា​ចាយ​តែប៉ុណ្ណោះ។

ប្រភព​ដដែល​អះអាង​ថា ជានិច្ចកាល ពួកគេ​តែង​ឃើញ​មន្ត្រី​នគរបាល​នៅ​តាម​គោលដៅ​នីមួយៗ​ឃុបឃិត​ជាមួយ​ម្ចាស់​យានយន្ត​ល្មើស​ច្បាប់​ចរាចរណ៍​មួយ​ចំនួន ជា​ថ្នូរ​ទទួល​លុយ​ពុករលួយ​ដែល​មិន​មាន​វិក្កយបត្រ។

ជាក់ស្តែង កាលពី​ថ្ងៃទី​១២ ខែ​មេសា ឆ្នាំ​២០២២ អ្នក​សារព័ត៌មាន​ម្នាក់​ឈ្មោះ​លោក សួន វុត្ថា ធ្លាប់​ត្រូវ​មន្ត្រី​នគរបាល​ស្រុក​លើកដែក ខេត្ត​កណ្ដាល គំរាម​ចាប់​ខ្លួន​បញ្ជូន​ទៅ​តុលាការ​ផង​ដែរ ប្រសិនបើ​គាត់​មិន​លុប​រូបភាព និង​វីដេអូ​ដែល​ថត​ពី​សកម្មភាព​មន្ត្រី​នគរបាល​ទាំងនោះ​យក​លុយ​ពី​ម្ចាស់​រថយន្ត​ឈ្នួល ជា​ថ្នូរ​នឹង​ការ​អនុញ្ញាត​ឱ្យ​ដឹក​លើស​ចំណុះ​នៅ​លើ​ដងផ្លូវ​ទេ​នោះ។

ទាក់ទិន​នឹង​បញ្ហា​នេះ ប៉ូលិស​ចរាចរណ៍​មួយ​ចំនួន​ក្រោយពី​រង​នូវ​ការ​រិះគន់​ពី​ពលរដ្ឋ ត្រូវ​ស្នងការ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ដក​មក​បញ្ឈរ​ជើង និង​ខ្លះ​ឈាន​ដល់​ការ​បញ្ចប់​ក្របខ័ណ្ឌ​ថែម​ទៀត ដោយសារតែ​ពួកគេ​ធ្វើការ​ផាក​ពិន័យ​អ្នក​បើកបរ​ល្មើស​ច្បាប់ ប៉ុន្តែ​មាន​ការ​សម្រួល​ពិន័យ​ប្រាក់​ដោយ​មិន​ចេញ​ប័ណ្ណ​ផាក​ពិន័យ​អន្តរការណ៍​ជូន​ពលរដ្ឋ​ដែល​ត្រូវ​ផាក​ពិន័យ។

ក្រុម​អ្នក​សង្កេតការណ៍​រិះគន់​ថា វប្បធម៌​ដោះស្រាយ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​ឲ្យ​លុយ​បញ្ចប់​រឿង​នេះ បាន​កើតមាន​នៅ​ទូទាំង​ប្រទេស។ ជាក់ស្តែង​ករណី​ទារក​ម្នាក់​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បណ្តាល​មកពី​យុវជន​ម្នាក់ ក៏​ត្រូវ​បញ្ចប់​ត្រឹម​មាន​ស្នាម​មេដៃ​ទទួល​ប្រាក់​សំណង ស្រប​ពេល​ដែល​ជន​បង្ក​រត់​គេច​ខ្លួន​បាត់​ស្រមោល ដែល​បង្ហាញ​ឲ្យ​ឃើញ​ថា ការ​អនុវត្ត​ច្បាប់​នៅ​កម្ពុជា​មាន​ស្តង់ដារ​ពីរ​រវាង​អ្នកមាន និង​អ្នកក្រ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស