ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន សច្ចាថាសហរដ្ឋអាមេរិកនឹងផ្ដល់ការគាំទ្រឥតងាករេដល់អ៊ុយក្រែន ដើម្បីតស៊ូប្រយុទ្ធប្រឆាំងនឹងសង្គ្រាមឈ្លានពានរបស់រុស្ស៊ី ដែលនឹងចូលដល់គម្រប់ខួបមួយឆ្នាំនៅថ្ងៃទី២៤ ខែកុម្ភៈ ខាងមុខនេះ។
បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ ការសច្ចារបស់លោក បៃដិន ធ្វើឡើងនៅពេលលោកថ្លែងសុន្ទរកថាស្ដីពី «ស្ថានភាពសហព័ន្ធ» ដោយលោករើសប្រធានបទសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន គឺជាចំណុចចាប់ផ្ដើមនៃសុន្ទរកថារបស់លោក។
លោក បៃដិន បញ្ជាក់ថា សហរដ្ឋអាមេរិកសច្ចាឈរនៅជាមួយប្រជាជនអ៊ុយក្រែន ដរាបណាពលរដ្ឋអ៊ុយក្រែននៅតែត្រូវការជំនួយពីអាមេរិក។ លោកថា ប្រជាជាតិអ៊ុយក្រែន កំពុងធ្វើការតស៊ូដើម្បីសេរីភាព សេចក្ដីថ្លៃថ្នូរ និងសន្តិភាព ដោយមិនមែនត្រឹមតែសម្រាប់អឺរ៉ុបប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់គ្រប់ទីកន្លែងនៅលើពិភពលោកដែលសហរដ្ឋអាមេរិកជាកម្លាំងដ៏ធំការពារអ្នកទន់ខ្សោយ។
ការថ្លែងរបស់លោក បៃដិន នៅក្នុងវត្តមានរបស់ឯកអគ្គរដ្ឋទូតអ៊ុយក្រែន ប្រចាំទីក្រុងវ៉ាស៊ីនតោន អ្នកស្រី Oksana Markarova ដែលបានចូលរួមក្នុងពិធីថ្លែងសុន្ទរកថាស្ដីពី «ស្ថានភាពសហព័ន្ធ» របស់លោក ចូ បៃដិន ផងដែរ។ លោក បៃ ដិន ថ្លែងដូចនេះនៅក្នុងវិមានកាពីតូល។
ចាប់តាំងពីសង្គ្រាមរុស្ស៊ីឈ្លានពានអ៊ុយក្រែន សហរដ្ឋអាមេរិកបានផ្ដល់ជំនួយយោធា និងជំនួយផ្សេងៗជាង ២៩ពាន់លានដុល្លារហើយទៅឱ្យអ៊ុយក្រែន ក្នុងកញ្ចប់សរុប ៨៥ពាន់លានដុល្លារសម្រាប់រយៈពេល ២ឆ្នាំ។ សព្វាវុធដែលអាមេរិកបញ្ជូនទៅឱ្យអ៊ុយក្រែន ហើយរំពឹងថានឹងទៅដល់អ៊ុយក្រែនឆាប់ៗនេះ គឺរថក្រោះរថពាសដែកជិត ២០០គ្រឿង។
ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រមួយទៀត ការិយាល័យនាយករដ្ឋមន្ត្រីអង់គ្លេស បានឱ្យដឹងថា នៅថ្ងៃពុធ ទី៨ ខែកុម្ភៈ នេះ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី ត្រូវធ្វើដំណើរមកកាន់អង់គ្លេស តាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រី លោក រីស៊ី ស៊ូណាក់។ លោក ហ្សេឡេនស្គី នឹងជួបលោក រីស៊ី ស៊ូណាក់ មុននឹងឡើងថ្លែងសុន្ទរកថាទៅកាន់សមាជិកសភាអង់គ្លេស។
នេះគឺជាទស្សនកិច្ចលើកដំបូងមកកាន់ទីក្រុងឡុងដ៍ និងជាដំណើរទស្សនកិច្ចក្រៅប្រទេសលើកទីពីររបស់លោក ហ្សេឡេនស្គី ដែលលោកបានទៅកាន់សេតវិមានកាលពីខែធ្នូ ឆ្នាំ២០២២។
អំឡុងការបំពេញទស្សនកិច្ចនេះ លោកប្រធានាធិបតីអ៊ុយក្រែន នឹងចុះសួរសុខទុក្ខកងទ័ពនៃប្រទេសរបស់លោកដែលកំពុងទទួលការហ្វឹកហាត់នៅក្នុងប្រទេសអង់គ្លេស។
ជាមួយគ្នានេះ ការិយាល័យលោក ស៊ូណាក់ បានប្រកាសពីគម្រោងដើម្បីពង្រីកបន្ថែមទៀតនូវកម្មវិធីផ្តល់ការហ្វឹកហាត់ដល់កងទ័ពរបស់អ៊ុយក្រែន មកពីក្រុមអ្នកបើកយន្តហោះចម្បាំង ហើយនិងកងម៉ារីន។
អង់គ្លេសបាននិយាយថា ការហ្វឹកហាត់ភីឡុតអ៊ុយក្រែនមានគោលដៅជាចម្បងធានាឱ្យបានថា ពួកគេនឹងមានសមត្ថភាពប្រើប្រាស់យន្តហោះចម្បាំងទំនើបៗរបស់អង្គការណាតូ ដែលរំពឹងថានឹងត្រូវបញ្ជូនទៅឱ្យអ៊ុយក្រែនឆាប់ៗនេះ។
ទស្សនកិច្ចរបស់លោក ហ្សេឡេនស្គី ធ្វើឡើងបន្ទាប់ពីលោក បូរីស ចនសុន បានទៅជួបមេដឹកនាំអ៊ុយក្រែន នៅទីក្រុងគៀវ ជាលើកទី៣ តែលើកនេះលោក ចនសុន ពុំមែនជានាយករដ្ឋមន្ត្រីអង់គ្លេស ទៀតនោះទេ។
ជុំវិញស្ថានភាពសង្គ្រាមនៅអ៊ុយក្រែន ដែលកំពុងផ្ទុះយ៉ាងខ្លាំងនៅភាគខាងកើតប្រទេសដាណឺម៉ាក អាល្លឺម៉ង់ និងហុឡង់ដ៍ ប្រកាសប្រមូលមូលនិធិដើម្បីជួសជុលរថក្រោះប្រយុទ្ធប្រភេទ Leopard-1 យ៉ាងតិចណាស់ ១០០គ្រឿងចេញពីឃ្លាំងស្តុកអាវុធរបស់ប្រទេសទាំង ៣ នេះ ដើម្បីបញ្ជូនទៅឱ្យអ៊ុយក្រែន។
ការិយាល័យរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន បានឲ្យដឹងថា ការសន្យារបស់ប្រទេស ៣ នេះធ្វើឡើងខណៈ Oleksii Reznikov រដ្ឋមន្ត្រីការពារជាតិបានជួបជាមួយរដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius ក្នុងដំណើរទស្សនកិច្ចដែលលោក Pistorius មិនបានប្រកាសជាមុនទៅកាន់ទីក្រុងគៀវ។
នៅក្នុងជំនួបនោះ លោក Pistorius បាននិយាយថា រថក្រោះរបស់អាល្លឺម៉ង់ចំនួន ២៥គ្រឿងជារថក្រោះ Leopard-2 នឹងមកដល់អ៊ុយក្រែន ក្នុងអំឡុងខែមីនា ហើយប្រហែល ៨០គ្រឿងមកដល់នៅចុងឆ្នាំ២០២៣។ ចំណែក ១០០គ្រឿងទៀតជារថក្រោះ Leopard-1 នឹងមកដល់នៅឆ្នាំ២០២៤។
ជុំវិញស្ថានភាពសង្គ្រាមនៅអ៊ុយក្រែន អគ្គលេខាធិការអង្គការសហប្រជាជាតិ អង់តូនីញូ គួតារ៉េស បានថ្លែងដោយក្ដីបារម្ភជាខ្លាំងថា សង្គ្រាមនៅឆ្នាំ២០២៣ នេះកាន់តែធ្ងន់ធ្ងរ និងអាក្រក់ឡើង។
លោក គួតារ៉េស បានថ្លែងដូចនេះទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃអង្គារ ក្នុងសប្ដាហ៍នេះ។ លោក គួតារ៉េស បានអំពាវនាវដល់ភាគីរុស្ស៊ី និងអ៊ុយក្រែន បន្ថយសង្គ្រាម ហើយស្វែងរកការបញ្ចប់ការឈឺចាប់វេទនារបស់ប្រជាជនអ៊ុយក្រែន។
គិតមកដល់ពេលនេះ សង្គ្រាមមហាអំណាចរុស្ស៊ីឈ្លានពានអ៊ុយក្រែន ជិតមួយឆ្នាំហើយដែលកងទ័ពនៃប្រទេសទាំងពីរកំពុងប្រយុទ្ធគ្នាយ៉ាងសហាវនៅភាគខាងកើតប្រទេស។ ភាគីអ៊ុយក្រែន អះអាងថា បានសម្លាប់កងទ័ពរុស្ស៊ី ជាង ១៣ម៉ឺន ៣ពាន់នាក់។ ចំណែកភាគីរុស្ស៊ី មិនបានប្រកាសអំពីភាគីអ៊ុយក្រែន ស្លាប់ទ័ពដោយសារទ័ពរុស្ស៊ីបាញ់សម្លាប់ប៉ុន្មានម៉ឺននាក់នោះទេ៕