គណបក្សភ្លើងទៀនប្រកាសធ្វើពិធីសមាជវិសាមញ្ញដើម្បីកំណត់យុទ្ធសាស្ត្រ និងគោលនយោបាយរបស់ខ្លួនសម្រាប់ការចូលរួមបោះឆ្នោតជាតិអាណត្តិទី៧ ក្នុងឆ្នាំ២០២៣ ខាងមុខនេះ ស្របពេលដែលគណបក្សនេះបានរងនូវការគំរាមកំហែងពីមេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន ជាបន្តបន្ទាប់។
គណបក្សភ្លើងទៀន ចេញសេចក្តីជូនដំណឹងកាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ ថា ខ្លួននឹងប្រារព្ធសមាជវិសាមញ្ញកំណត់យុទ្ធសាស្ត្រ និងគោលនយោបាយមុននឹងចូលរួមការបោះឆ្នោតឆ្នាំ២០២៣ ដែលនឹងធ្វើនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ មានទីតាំងស្ថិតនៅភូមិព្រៃគុយ ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
ការប្រកាសប្រារព្ធពិធីសមាជវិសាមញ្ញនេះ ធ្វើឡើងស្របពេលដែលគណបក្សនេះបានត្រៀមខ្លួនចូលរួមការបោះឆ្នោតខាងមុខនេះ ខណៈមន្ត្រីជាន់ខ្ពស់របស់ខ្លួនកំពុងរងនូវបណ្តឹងពីបក្សកាន់អំណាចជាបន្តបន្ទាប់។
ការប្រារព្ធសមាជវិសាមញ្ញរបស់គណបក្សភ្លើងទៀន នៅចុងសប្តាហ៍នេះ ត្រូវគេមើលឃើញថា មិនមែនត្រឹមតែកំណត់គោលនយោបាយ និងកំណត់យុទ្ធសាស្ត្ររបស់គណបក្សប៉ុណ្ណោះទេ ប៉ុន្តែក៏មានការប្រកាសតែងតាំងមន្ត្រីជាន់ខ្ពស់របស់បក្សនេះដែរ ក្នុងនោះគេកត់សម្គាល់ឃើញថា លោក រ៉ុង ឈុន ដែលទើបតែប្រកាសចូលរួមជីវភាពនយោបាយជាមួយគណបក្សភ្លើងទៀន កាលពីពេលថ្មីៗនេះ ក៏នឹងត្រូវប្រកាសតែងតាំងជាមន្ត្រីសំខាន់របស់បក្សនេះនៅក្នុងពិធីសមាជនោះតែម្តង។
អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៩ កុម្ភៈ នេះថា ជារឿងធម្មតាសម្រាប់គណបក្សនយោបាយដែលត្រូវធ្វើសមាជដើម្បីកំណត់គោលនយោបាយ និងយុទ្ធសាស្ត្ររបស់ខ្លួន មុននឹងចូលរួមការបោះឆ្នោត ប៉ុន្តែការចូលរួមរបស់គណបក្សភ្លើងទៀនក្នុងការបោះឆ្នោតជាតិខាងមុខនេះ មិនមានអ្វីជាសម្ពាធដល់បក្សកាន់អំណាច ឬធ្វើឲ្យមានការប្រែប្រួលដល់ស្ថានការណ៍នយោបាយនៅកម្ពុជាសព្វថ្ងៃនេះទេ។
លោក មាជ សុវណ្ណារ៉ា លើកឡើងថា អ្វីដែលសំខាន់ជុំវិញការបោះឆ្នោតជាតិខាងមុខនេះ គឺសហគមន៍អន្តរជាតិមិនទាន់ទទួលគណបក្សនយោបាយណាមួយថាជាគណបក្សប្រឆាំងក្នុងការប្រកួតប្រជែងជាមួយបក្សកាន់អំណាចឡើយ ក្រៅតែពីគណបក្សសង្គ្រោះជាតិ និងការទាមទារឲ្យរដ្ឋាភិបាលកម្ពុជាបើកលំហសេរីភាពនយោបាយជូនមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា អាចវិលចូលឆាកនយោបាយឡើងវិញ ដើម្បីធានានូវការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាទៅថ្ងៃមុខបន្តទៀត។
កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន បានព្រមានប្តឹងគណបក្សភ្លើងទៀនទៅតុលាការ បន្ទាប់ពីគណបក្សនេះបានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី១៨ ខែមករា ដោយប្រកាសប្រឆាំងដាច់ខាតលើការគាបសង្កត់ ការគំរាមកំហែង និងការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយគ្រប់រូបភាពពីគណបក្សកាន់អំណាច និងទាមទារឱ្យបញ្ឈប់សកម្មភាពទាំងនេះជាបន្ទាន់។
ប៉ុន្តែក្រោយការគំរាមកំហែងរបស់លោក ហ៊ុន សែន គណបក្សភ្លើងទៀនបានកែខ្លឹមសារសេចក្តីថ្លែងការណ៍របស់ខ្លួនវិញភ្លាមៗផងដែរ។
ការចេញសេចក្តីថ្លែងការណ៍របស់បក្សភ្លើងទៀននេះ ធ្វើឡើងបន្ទាប់ពីគណបក្សកាន់អំណាចប្ដឹងមន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀនទៅតុលាការជាបន្តបន្ទាប់ ដូចជាលោក សុន ឆ័យ លោក គង់ គាំ ដោយការរឹបអូសទ្រព្យសម្បត្តិរបស់ពួកគេផងដែរ។
ជាងនេះទៀត តុលាការក៏បានចាប់ឃុំខ្លួនលោក ថាច់ សេដ្ឋា ដោយលើកយកបទចោទមិនសមហេតុផលដែលចោទថា លោកបានចេញសែកស្អុយតាំងពីឆ្នាំ២០១៩ មកអនុវត្តនៅពេលនេះថែមទៀត។
ទាក់ទិននឹងបញ្ហានេះ អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម បណ្ឌិត មាស នី បានលើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីពេលថ្មីៗនេះថា ចាប់ពេលនេះទៅរហូតដល់ថ្ងៃបោះឆ្នោតចុងខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ នឹងមានការគំរាមកំហែង និងការបង្ក្រាបលើក្រុមអ្នកប្រជាធិបតេយ្យដែលជាបក្សក្រៅរដ្ឋាភិបាលជាមិនខាន ហើយសកម្មភាពបែបនេះ គឺតែងតែកើតមានគ្រប់អាណត្តិនៃការបោះឆ្នោតនៅកម្ពុជារហូតមក។
ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រក្នុងអាណត្តិទី៧ នេះ គណបក្សដែលមានសក្ដានុពលនៅកម្ពុជា គឺមានតែគណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន តែមួយគត់ដែលចូលរួម ខណៈគណបក្សសង្គ្រោះជាតិដែលត្រូវគេចាត់ទុកជាគណបក្សប្រឆាំងដ៏ធំនៅកម្ពុជា ត្រូវតុលាការរំលាយ ចំណែកមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា ក៏ត្រូវរងនូវបណ្តឹងតាមផ្លូវតុលាការថែមទៀត បញ្ហានេះ ពួកគេនឹងមិនអាចចូលរួមការបោះឆ្នោតខាងមុខនេះបានឡើយ។
កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បានចេញអនុក្រឹត្យស្ដីពីការកំណត់កាលបរិច្ឆេទនៃការបោះឆ្នោតជាតិអាណត្តិទី៧ ដោយកំណត់យកថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ជាថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រទៅតាមអាណត្តិរបស់ខ្លួនរយៈពេល ៥ឆ្នាំម្តង៕